យុវតីពិការភាពម្នាក់តស៊ូរៀន និងជំនះការរើសអើង ដើម្បីបំពេញក្ដីស្រមៃរបស់​ខ្លួ​ន​ ទោះបីជាពេលខ្លះត្រូវ​រង​សម្ពាធ​ពី​មជ្ឈ​ដ្ឋា​ន​ជុំវិញយ៉ាងណា ក៏នៅតែបន្ដពុះពារឧបសគ្គ រហូតទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។

យុវតី ស៊ិន ស្រីហង្ស អាយុ២០ឆ្នាំ និងមានពិការភាពតាំងពីកំណើត​ ដោយមិនមានកាយសម្បទាគ្រប់គ្រាន់ (ពិការដៃ និងជើង​ទាំងសង្ខាង) បាន​រៀប​រាប់​ពី​ខ្សែ​ជីវិត និង​ការ​តស៊ូ​របស់​ខ្លួ​ន​ថា ខ្លួនមានស្រុកកំណើតនៅភូមិ​សឹង្ហ១ ឃុំសឹង្ហ ស្រុកសំឡូត ខេត្ដបាត់ដំបង ហើយ​ដោយសារតែមាននិស្ស័យជាអ្នកចង់រៀនចង់សូត្រ រូបនាង​ត្រូវងើបពីព្រឹកមុនគេដើម្បីរៀបចំខ្លួន និង​ជិះម៉ូតូទៅសាលារៀន ដោយមានម្ដាយជាអ្នកជូនទៅ​ជា​រៀងរាល់ថ្ងៃ​។ ដោយមានការតស៊ូនេះ បានធ្វើឱ្យកញ្ញា ប្រលងជាប់បាក់ឌុបនៅឆ្នាំ២០២០ និងបានបន្ដការសិក្សានៅរាជធានី​ភ្នំពេញ។

អង្គុយ​លើរទេះ ទឹក​មុខ​ពោរពេញដោយក្ដីសង្ឃឹម កញ្ញាបានរៀបរាប់ពីដំណើរជីវិតបន្ដថា ការផ្លាស់ប្ដូរ​ពី​ស្រុ​កស្រែជន​បទ​មករស់នៅរាជធានី​ភ្នំពេញ រឹតតែធ្វើឱ្យកញ្ញាកាន់តែជួបការលំបាកបន្ថែមទៀត នោះ​គឺត្រូវទទួលរងនូវការរើសអើងជាច្រើ​នពីមនុស្សជុំវិញខ្លួន ដោយគេមើលងាយថាទោះប្រឹង​ដល់ណា ក៏មិនអាចទទួលបានការងារដូចមនុស្សមានរាងកាយគ្រប់គ្រាន់ដែរ។

យុវតីដែលមានសម្បុរស ស្លៀកសំពត់ពណ៌ខ្មៅ និងពាក់អាវពណ៌ផ្ទៃមេឃរូបនេះ បានបន្ដថា ពេលលឺពាក្យមើលងាយរបស់​មនុស្​សជុំវិញខ្លួនបែបនេះ រឹតតែធ្វើឱ្យកញ្ញាមានកម្លាំងចិត្ដបន្ថែមទៀត ក្នុងការតស៊ូរៀនសូត្រ​ ជាពិសេសមិនព្រម​ចុះ​ចាញ់នឹង​ព្រហ្មលិខិតនោះទេ រហូតកញ្ញាទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យមួយក្នុងរាជធានី​ភ្នំពេញ។

យុវតីមកខេត្ដបាត់ដំបងរូបនេះ បន្ដថា៖ «ទោះបីជាខ្ញុំមានពិការភាព​ពិតមែន តែខ្ញុំមិនបោះបង់ខ្លួន​ឯង​ចោលឡើយ។ ឪពុក​ម្ដាយខ្ញុំ មិនព្រមក៏មិនបានដែរ ព្រោះខ្ញុំចង់សម្រេចក្ដីបំណងខ្ញុំ»

យុវតី ស៊ិន ស្រីហង្ស មកដល់ពេលនេះ បានក្លាយជានិមិត្ដរូបនៃការតស៊ូរបស់យុវវ័យជាច្រើ​ន​ ព្រោះបើ​ទោះ​រូបនាង​មាន​ពិការ​ភាព​ក៏ពិតមែន តែនាងមិនព្រមបោះបង់ក្ដីស្រមៃឡើយ ហើយនេះក៏ជាការបង្ហាញទៅដល់មនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ ត្រូវចេះតស៊ូ និងមិនត្រូវទុកខ្លួនឯងចោលនោះទេ។

កញ្ញា ស្រីហង្ស បន្ដថា ពេលខ្លួនមករៀននៅរាជធានី​ភ្នំពេញ ម្ដាយរបស់កញ្ញា បានមកជួយជ្រោមជ្រែង និង​​មើលថែរូបនាង​ ដោយសារតែម្ដាយរបស់នាងពេញចិត្តចំពោះការតស៊ូរបស់នាង។

អង្គុយលើរទេះរុញ​នៅមុខសកលវិទ្យាល័យកម្ពុជា យុវតី ស្រីហង្ស និយាយថា៖ «ពេលនៅភ្នំពេញ ម៉ែគាត់មកមើល ហើយគាត់ត្រូវដកឃ្លាចេញពីការងាររបស់គាត់មករស់នៅភ្នំពេញជាមួយនាងខ្ញុំ។ ពេលខ្ញុំមករៀនមានការលំបាកច្រើនដោយ​សារ​ខ្ញុំ​មិន​អាច​ចូល​បន្ទ​ប់ទឹក ឬក៏ទៅណាបាន គឺមានមិត្ដរៀនជាមួយគ្នាគេចាំជួយជូនទៅ ដោយសារគេអាណិតខ្ញុំ»

ស្រីហង្ស បន្ដថា បើនិយាយពីការរើសអើងមានច្រើន កាលពីតូចគេមិនសូវលើកតម្កើងជនពិការប៉ុន្មានទេ គេថារៀនបានតែរៀនទេ អត់អាចធ្វើការងារអ្វីបាន ពេលខ្លះគេមិនចង់ឱ្យខ្លួនចូលរៀនផង ដោយសារតែគេគិតអវិជ្ជមាន។ មួយវិញទៀត កញ្ញាថា គេមិនសូវយកចិត្ដទុកដាក់ជាមួយ ប៉ុន្ដែខ្លួនមិនដែលបាក់ទឹកចិត្ដឬក៏តូចចិត្ដទេ។

ស្រីហង្ស បន្ដថា៖ «នៅពេលខ្ញុំពិបាកចិត្ដចឹង គឺខ្ញុំដកឃ្លានូវការងារអ្វីៗ​ដែលខ្ញុំស្មុគស្មាញហ្នឹង ដូចជាទៅចំការជាមួយ​ម៉ែ​ ទៅស្រូបខ្យល់អាកាស ឬក៏ស្ដាប់បទចម្រៀង និងធ្វើអ្វីដែលខ្ញុំចូលចិត្ដអ៊ីចឹងទៅ អាភាពស្មុគស្មាញខ្ញុំវាបាត់ ហើយខ្ញុំក៏បន្ដការសិក្សាទៀតទៅ»

សព្វថ្ងៃនេះ យុវតី ស៊ិន ស្រីហង្ស កំពុងរៀនជំនាញសិល្បៈ និងការសិក្សាអំពីព័ត៌មាន នៅសកលវិទ្យាល័យកម្ពុជា ឆ្នាំ​ទី​១ ដោយ​ទទួល​បាន​អាហារូបករណ៍ ១០០% ពីសាលាផ្ទាល់តែម្ដង។ កញ្ញាថា នាពេល​អនាគត កញ្ញាចង់ក្លាយជាអ្នកសារព័ត៌​មាន​​ដ៌ល្បីម្នាក់ ដើម្បីជាចំណែកមួយនៅក្នុងវិស័យ​​ព័ត៌មាន។

ស្រីហង្ស និយាយ​​ថា៖ «យើងគិតថា យើងកើតពិបាក ចុះមានអ្នកខ្លះគាត់ពិបាកជាងយើងទៀត ម៉េចគេអាចតស៊ូបាន រឿងអីខ្ញុំមិនតស៊ូ អ៊ីចឹងកុំចុះចាញ់អី យើងត្រូវតស៊ូទាំងអស់គ្នា»

ក្នុង​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើក​កម្ពស់​សិទ្ធិ​ជនពិការ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម កាល​ពី​ខែកក្កដា​ឆ្នាំ​២០០៩ ត្រង់​មាត្រា២៩ ​ចែង​ថា ​ក្រសួង​ទទួល​បន្ទុក​វិស័យអប់រំ​ ​ត្រូវ​រៀបចំ​កម្មវិធី​សម្រាប់​គ្រឹះស្ថាន​សិក្សា​នានា ​ក្នុ​ង​​ការសម្រប​សម្រួល​ដល់​សិស្ស-និស្សិត​ពិការ​នូវ​ផ្នែក​មួយចំនួន ​ដូចជា អគារ​ បន្ទប់ និង​កន្លែង​សិក្សា ភាសា​សញ្ញា និង​អក្សរ​ស្ទាប បច្ចេកទេស​អប់រំ និង​គរុកោសល្យ ស្រប​ទៅ​តាម​ប្រភេទ​ពិការភាព សម្ភារៈ​សិក្សា ឬ​ឧបករណ៍​ផ្សេងៗ​សម្រាប់​ជំនួយ​ដល់​សិស្ស-និស្សិត​ពិការ សម្ភារៈ​ឧបទេស​សម្រាប់​គ្រូបង្រៀន ឬ​សាស្ត្រាចារ្យ និង​ផ្នែក​ផ្សេងៗ​ទៀត តាម​ការ​ជាក់​ស្ដែង​របស់​សិស្ស-និស្សិត​ពិការ​ម្នាក់ៗ។

មាត្រា៣០​​​នៃច្បាប់ដដែលនេះ ចែងថា ​ក្រសួង​ទទួល​បន្ទុក​វិស័យ​អប់រំ ​ត្រូវ​យក​ចិត្ត​ទុកដាក់​ជាពិសេស​ដល់​សេចក្ដី​ត្រូវ​ការ​​ផ្នែក​​អប់រំ​របស់​សិស្ស-​និស្សិត​ពិការ។ ទោះបីជា​មាន​ច្បាប់​ចែងបែប​នេះ​ក្តី ប៉ុន្តែ​ក្រុមសិស្ស​និស្សិត​ជា​ជនពិការ ​នៅ​តែ​មាន​បញ្ហាប្រឈមមួយចំនួន​​ ហើយ​ពួកគេ​លើក​ឡើង​ថា ដោយសារ​តែខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួងអប់រំ និង​រដ្ឋាភិបាល។

ស្រដៀងគ្នានេះដែរ អ្នកស្រី ឈឺន ឈុនលី អាយុ៥០ឆ្នាំ ត្រូវជាម្ដាយរបស់យុវតី ស៊ិន ស្រីហង្ស បាននិយាយថា ដោយ​សារ​តែ​កូន​ស្រី​កើត​មាន​ពិការភាព​ ហើយចង់រៀនចង់សូត្រ ដូច្នេះអ្នកស្រីមិនចង់ជំទាស់ចិត្ដកូនខ្លួននោះទេ ទោះបីជាកូនខ្លួនទៅដល់ណាក៏តាមមើលថែដែរ ដោយសារតែអាណិត និងស្រឡាញ់កូន។ បើនិយាយពីអត្ដចរិតវិញ អ្នកស្រីថា យុវតី​ ​ស្រីហង្ស ជាមនុស្សម្នាក់ដែលមិនងាយនឹងបោះបង់ក្ដីស្រមៃចោលឡើយ ហើយតែងតែជួយពន្យល់មេរៀនដល់មិត្ដរួមថ្នាក់តាំងពីតូចមកម្ល៉េះ។

អ្នកស្រីថា៖ «ពេលនាំកូនមករៀននៅភ្នំពេញ មានអ្នករើសអើងច្រើនដែរ ដោយសារគេឃើញយើងពិការ មិនដឹងគេគិត​អាម៉េច​ចឹង។ ប៉ុន្ដែខ្ញុំអត់ខ្វល់ ដោយសារទម្លាប់ខ្ញុំប៉ុណ្ណឹង​ហើយ កូនធ្លាប់ដើរឆ្ងាយៗដែរ ចឹងខ្ញុំអត់ខ្វល់គេពីការរើស​អើង គេអត់​និយាយ​រក​យើង យើងធ្វើមិនដឹងមិនឮទៅ ខ្ញុំមិនដែលបាក់ទឹកចិត្ដទេ»

យុវតី ស៊ិន ស្រីហង្ស និងម្តាយរបស់នាង។ (រូបភាព៖ ស៊ិន​ ស្រីហង្ស)

អ្នកស្រី​​បន្ដថា​ ការរើសអើងដល់ជនពិការភាព ជារឿង​មិនគួរឱ្យ​​កើតមាននោះ​ទេ ពីព្រោះសុទ្ធតែជាមនុស្សដូចគ្នា។ អ្នកស្រីថា ជនពិការគួរទទួលបានការលើកទឹកចិត្ដ និងការគោរពស្រឡាញ់ពីមនុស្សទូទៅដូចគ្នា។

យុវតីម្នាក់ជាមិត្ដភក្ដិរបស់យុវតី ស្រីហង្ស ឈ្មោះ ពោង​ ស្រីរ៉ា បានបង្ហាញពីអារម្មណ៍ និងការស្រឡាញ់របស់ខ្លួនទៅកាន់មិត្ដភក្ដិ ដោយថាកញ្ញាមិនដែលចាត់ទុកស្រីហង្ស ជាជនពិការទេ ហើយ​ខ្លួន​តែងតែជួយ​ពេល​នៅ​ក្នុងសាលា ដូចជា​ជួយ​រុញ​រទេះ និង​បញ្ចុកបាយដល់ស្រីហង្សជាដើម។

កញ្ញា​​បន្ដថា ស្រីហង្ស ជាមនុស្សតស៊ូណាស់ ទោះបីគាត់មានពិការភាពមែន ប៉ុន្ដែគាត់រៀនពូកែ​ជាង​​អ្នក​មាន​កាយសម្បទា​គ្រ​ប់គ្រាន់ទៅទៀត ហើយគាត់យកចិត្ដទុកដាក់នឹងការសិក្សា ជាពិសេសពេលគ្រូដាក់មេរៀនឱ្យធ្វើ គឺគាត់ធ្វើបានលឿន អត់យូរដូចសិស្ស​​ផ្សេង​ទេ។

ស្រីរ៉ា និយាយថា៖ «ខ្ញុំមានតែអាណិតគាត់ ដោយសារគាត់អត់មានកាយសម្បទាដូចយើង​ ប៉ុន្ដែអត់មានការរើសអើងទេ»

ជុំវិញរឿងនេះដែរ លោក កៅ គឹមហួន សកលវិទ្យាធិការនៃសកលវិទ្យាល័យកម្ពុជា មានប្រសាសន៍ថា មូលហេតុដែលខាងសាលាផ្ដល់អាហារូបករណ៍ដល់យុវតី ស៊ិន ស្រីហង្ស ដោយសារតែមើលឃើញពីការតស៊ូរបស់យុវតីម្នាក់។ លោកបន្ដថា ខាង​សាលាតែងតែលើកទឹកចិត្ដដល់យុវជនគ្រប់រូប ដែលមានបំណងចង់បន្ដការសិក្សា ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ជាពិសេសជនមានពិការភាព គឺខាងសាលាតែងតែលើកទឹកចិត្ដ។ លោកថា យុវតី ស៊ិន ស្រីហង្ស គឺជាសិស្សមា្នក់ដែលពូកែ និងមានអត្ដចរិតស្លូតបូត និងឧស្សាហ៍រៀនណាស់។

លោកបន្ដថា៖ «ពួកខ្ញុំរីករាយនឹងយុវតីម្នាក់ហ្នឹងណាស់។ យើងបន្ដផ្ដល់អាហារូបករណ៍បន្ដទៀតដល់សិស្ស ដែលគាត់គ្មាន​លទ្ធភាព​ និងមានពិការភាព គឺយើងតែងតែផ្ដល់ឱកាសឱ្យ។ ស្រីហង្ស គាត់ពិការភាពមែន ប៉ុន្ដែគាត់រៀនឆ្លាត ហើយគាត់ក៏បានក្លាយជានិស្សិតគម្រូដល់យុវជនផ្សេងទៀតឱ្យចេះតស៊ូដូចគាត់ដែរ»៕