បណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត មានបំណងចុះល្បាតព្រៃឡើងវិញ ខណៈពួកគេមើលឃើញថាបទល្មើសកាប់ឈើនិងដឹកឈើចេញពីតំបន់ព្រៃឡង់កំពុងកើតមានឡើងឥតស្រាកស្រាន្ត។
បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី មានប្រសាសន៍ថា បច្ចុប្បន្នដោយមើលឃើញអំពីទិដ្ឋភាពករណីកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ឥតស្រាកស្រាន្ត ទើបបណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្តទទូចស្នើឱ្យមន្រ្តីឧទ្យានុរក្ស ឬមន្រ្តីពាក់ព័ន្ធ គួរបើកសិទ្ធិឱ្យសហគមន៍អាចចុះល្បាតដោយសេរី ដើម្បីចូលរួមការពារនិងទប់ស្កាត់ធនធានធម្មជាតិរបស់ដូនតា។ លោកបន្តថា ការចូលរួមការពារព្រៃឈើជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរទាំងអស់គ្នា។
លោកថា៖ «បើកសិទ្ធិទូលាយដល់ប្រជាពលរដ្ឋ សហគមន៍ ពិសេសបណ្តាញព្រៃឡង់ដែលគាត់បានដើរល្បាតតាំងពី ២០ឆ្នាំមុន តាំងពីក្រសួងបរិស្ថានអត់ទាន់នឹងបានចួលប្រឡូកនៅក្នុងដែនអភិរក្សមួយនេះទេ»។
លោកបន្ថែមថា៖ «មន្រ្តីបរិស្ថាន គួរបើកសិទ្ធិឱ្យប្រជាពលរដ្ឋល្បាតដូចដើម បើកសិទ្ធិឱ្យទូលាយ ហើយឱ្យមហាជនគេបានចូលរួម ចូលមើលព្រៃ ព្រោះព្រៃឡង់មិនមែនជាព្រៃរបស់នរណាម្នាក់ទេ ជាព្រៃខ្មែរយើងទាំងអស់គ្នា»។
ជាអ្នកភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ បុរសមានវ័យ ៣៩ឆ្នាំរូបនេះ បានរៀបរាប់អំពីទិដ្ឋភាពនៃការកាប់បំផ្លាញព្រៃឈើ និងរូបភាពនៃការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ដែលពលរដ្ ឋនិងបណ្តាញសហគមន៍ បានប្រទះឃើញជាក់ស្តែងជារៀងរាល់ថ្ងៃ មិនថាថ្ងៃមិនថាយប់ឥតស្រាកស្រាន្តទាល់តែសោះ។ លោកបន្ថែមថា ព្រៃឡង់ខាងខេត្តព្រះវិហារ មានការដឹកជញ្ជូនឈើចូលទៅក្រុមហ៊ុន មួយថ្ងៃមិនក្រោមពី៥០គោយន្តនោះទេ ហើយមួយគោយន្តមិនទាបជាង ៥ដើមទេ ដោយភាគច្រើនសុទ្ធតែជាប្រភេទឈើល្អៗនៅក្នុងដែនអភិរក្សមួយនេះ។
លោក ខេម សុឃី និយាយថា៖ «ខាងស្រុករវៀង ក្នុងមួយថ្ងៃៗបើថាគោយន្តក្រុមហ៊ុនម៉ាខលឡូជីស្ទីកដឹកជញ្ជូនចេញហ្នឹងមិនក្រោមពី ៥០គ្រឿងទេក្នុងមួយថ្ងៃ។ ក្នុងមួយថ្ងៃហ្នឹងមួយគោយន្តយ៉ាងទាប ដាច់៥ដើមក្នុងមួយថ្ងៃ អ៊ីចឹងយើងសាកគុណមើល ៥គុណ៥០ដងមើលអស់ប៉ុន្មានដើម!»។
លោកបន្ថែមថា៖ «ក្នុងមួយគោយន្តដឹកចេញពីក្នុងព្រៃឡង់យ៉ាងតិច៥ដើមមុខកាត់៣០, ៣៥ឡើង ហើយជាប្រភេទឈើឈ្លីច សុក្រំ ប្រវែងពី៣ម៉ែត្រទៅ៥,៦ម៉ែត្រ»។
ព្រៃឡង់ មានផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។
បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ បានបង្ហាញការសោកស្តាយជាខ្លាំងដែលអាជ្ញាធរមូលដ្ឋាននិងមន្រ្តីបរិស្ថាន តែងតែរកវិធីសាស្រ្តហាមឃាត់ និងរារាំងសហគមន៍ និងបណ្តាញព្រៃឡង់ទាំង ៤ខេត្ត មិនឱ្យចុះល្បាតដូចមុន។ លោកបន្តថា ប្រសិនបើមន្រ្តីបរិស្ថានសម្រេចចិត្តបើកឱកាសឱ្យសហគមន៍ និងបណ្តាញព្រៃឡង់ បានចួលរួមចុះល្បាតរួមគ្នានោះ លោកសង្ឃឹមថា ព្រៃឈើអាចនឹងនៅគង់វង្សបន្តទៀត។
លោកថា៖ «ខ្ញុំចង់ចួលរួមទប់ស្កាត់ដែរ ប៉ុន្តែដោយសារតែមន្រ្តីបរិស្ថានគេមិនឱ្យយើងចូលល្បាតការពារទេ ពេលពួកខ្ញុំទៅម្តងៗមានការភ័យខ្លាច មានការបារម្ភ ទាក់ទងនឹងសុវត្ថិភាព។ អ៊ីចឹងខ្ញុំគិតថាព្រៃនេះ ប្រសិនជាបើកឱកាសឱ្យសហគមន៍ចួលរួមការពារជាមួយមន្រ្តីបរិស្ថាននោះ ព្រៃឈើអាចនឹងនៅសេសសល់ខ្លះ»។
បុរសវ័យ ៥០ឆ្នាំ ជាអ្នកភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រូបនេះ និយាយថា ករណីកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ខាងខេត្តស្ទឹងត្រែង ក៏កំពុងកើតឡើងដូចគ្នា ហើយអាចឈានរហូតដល់វិនាសសកម្មព្រៃឈើនាពេលខាងមុខផងដែរ។ លោកបន្ថែមថា ការទទូចស្នើសុំ និងការព្យាយាមខ្នះខ្នែងចង់ចូលរួមចុះល្បាតព្រៃរបស់សហគមន៍ ជាការបញ្ជាក់នូវទឹកចិត្តស្រឡាញ់ និងចង់ការពារបរិស្ថាន មិនមានគោលបំណងអ្វីផ្សេងនោះទេ និងធ្វើដើម្បីជាប្រយោជន៍ដល់សង្គម និងកូនចៅជំនាន់ក្រោយតែប៉ុណ្ណោះ។
លោក ខេង ខូ និយាយថា៖ «ព្រៃឈើកាន់តែបាត់បង់ កាន់តែរេចរឹល អ៊ីចឹងបានជាប្រជាពលរដ្ឋមួយចំនួន ដែលមានសិទ្ធិស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិ តែងតែចង់ចូលរួមការពារ»។
មិនខុសគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព លើកឡើងថា សព្វថ្ងៃចំណាត់ការរបស់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងក្រសួងផ្សេងៗទៀត ដែលមានតួនាទីការពារធនធានធម្មជាតិ ចេះតែបណ្តែតបណ្តោយឱ្យជនល្មើសលួចចូលកាប់បំផ្លាញព្រៃឈើឥតល្ហែ ហើយការអនុវត្តច្បាប់វិញ ហាក់គ្មានប្រសិទ្ធភាពនៅឡើយក្នុងការទប់ស្កាត់បទល្មើស។ លោកបន្ថែមថា ការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ខេត្តកំពង់ធំ មិនខុសគ្នាទៅនឹងតំបន់ព្រៃឡង់ផ្សេងទៀតនោះទេ គឺដឹកឥតស្រាកស្រាន្តដូចគ្នា ដូច្នេះអនាគតព្រៃឡង់ទាំង ៤ខេត្ត នឹងរងការបាត់បង់ជាក់ជាមិនខាន។
លោកថា៖ «ខ្ញុំគិតថា វាមិនអាចនៅសល់បានទេអនាគតព្រៃឈើ វានឹងអស់ បើអត់មានចំណាត់ការអីសោះអ៊ីចឹង»។
លោកបន្ថែមថា៖ «បញ្ហានេះដែលកើតឡើងគឺ១ យើងឃើញមន្រ្តីឧទ្យានុរក្ស និងមន្រ្តីបរិស្ថាន គាត់នៅតែបណ្តែតបណ្តោយគាត់នៅតែមិនអនុវត្តច្បាប់។ អ៊ីចឹងគឺបណ្តោយឱ្យគោយន្តចូលកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់»។
បុរសវ័យ ៤៦ឆ្នាំ ជាអ្នកភូមិស្រែចឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំរូបនេះ ស្នើទៅរដ្ឋាភិបាល និងមន្រ្តីបរិស្ថាន គួរមានការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពជាងនេះ ព្រោះកន្លងមក ការអនុវត្តច្បាប់ព្រៃឈើនៅមានភាពចន្លោះប្រហោងច្រើន ដូច្នេះរដ្ឋាភិបាលគួរយកចិត្តទុកដាក់ឡើងវិញជុំវិញការអនុវត្តច្បាប់ព្រៃឈើ។
លោក ហឿន សុភាព ស្នើថា៖ «សូមឱ្យរដ្ឋាភិបាលមានការអនុវត្តច្បាប់ជាធំ ទាក់ទងនឹងការអនុវត្តច្បាប់ព្រៃឈើនេះ គឺមានភាពធូរលុងខ្លាំងមែនទែន ដូច្នេះសូមឱ្យយកចិត្តទុកដាក់ធ្វើការគោរពច្បាប់ការអនុវត្តច្បាប់ សូមឱ្យរឹតបន្តឹងទៅលើអ្នកដែលមានមុខសញ្ញាក្នុងការជួញដូរព្រៃឈើ»។
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង ឆ្លើយតបយ៉ាងខ្លីថា បណ្តាញព្រៃឡង់ណាដែលស្របច្បាប់មន្ទីរបរិស្ថានខេត្តធ្វើការសហការ តែបើបណ្តាញព្រៃឡង់ណាមិនស្របច្បាប់ទេ សូមធ្វើសំណើមកមន្ទីរដើម្បីធ្វើកិច្ចព្រមព្រៀងធ្វើការរួមគ្នា។
លោកថា៖ «ព្រោះអីមន្រ្តីខ្ញុំធ្វើការរាល់ថ្ងៃ អត់មានទំនេរទេ ចុះល្បាតរហូតគ្រប់ច្រកល្ហកទាំងអស់»។
រីឯ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា លើកឡើងថា ការចុះល្បាត ឬការចូលរួមល្បាតរបស់សហគមន៍មិនមានការហាមឃាត់អីទេ ប៉ុន្តែដោយសារបណ្តាញសហគមន៍ខ្លះជាបណ្តាញក្រៅច្បាប់ ពួកគេមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ លោកបន្ថែមថា កន្លងមក រឿងថាចង់ចុះល្បាត ឬចង់ចូលរួមការពារនៅក្នុងតំបន់ព្រៃឡង់នោះ មន្រ្តីបរិស្ថានស្វាគមន៍ជានិច្ច ប៉ុន្តែសុំឱ្យគោរពទៅតាមបទដ្ឋានគតិយុត្តិច្បាប់នៃតំបន់ការពារព្រៃឡង់នេះ។
លោកថា៖ «គាត់បង្កើតថាគាត់បណ្តាញសហគមន៍ព្រៃឡង់ សួរថានរណាក្បាលម៉ាស៊ីនគាត់? នរណាជាអ្នកដឹកនាំ? នរណាជាអ្នកទទួលខុសត្រូវ? ហើយគាត់អត់មានចុះបញ្ជីនៅក្រសួងមហាផ្ទៃផងហ្នឹង កន្លងមក យើងណែនាំគាត់ច្រើនហើយតែគាត់អត់ធ្វើតាមទេ»។
យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា មន្រ្តីរដ្ឋាភិបាលគួរមានឆន្ទៈឱ្យពិតប្រាកដ ក្នុងការការពារធនធានធម្មជាតិ និងត្រូវពង្រឹងការអនុវត្តច្បាប់ដល់មន្រ្តីថ្នាក់ក្រោមរបស់ខ្លួន ដើម្បីធានាបានថាព្រៃឈើមិនត្រូវបានកាប់បំផ្លាញ មិនមានការដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់តទៅទៀត។ លោកបន្ថែមថា មន្រ្តីរដ្ឋាភិបាលចំបាច់ណាស់ ត្រូវបើកសិទ្ធិឱ្យសហគមន៍ និងបណ្តាញព្រៃឡង់អាចចូលរួមចុះល្បាតឡើងវិញ ដើម្បីចូលរួមទប់ស្កាត់បញ្ហាបទល្មើសព្រៃឈើទាំងអស់គ្នា។
លោកថា៖ «រដ្ឋត្រូវមានឆន្ទៈក្នុងការការពារធនធានធម្មជាតិ បើសិនមិនមានឆន្ទៈក្នុងការការពារធនធានធម្មជាតិទេ ទោះបីជាមានច្បាប់ច្រើនប៉ុណ្ណា ទោះបីជាមានគោលការណ៍ច្រើនប៉ុណ្ណា ក៏បញ្ហាធនធានធម្មជាតិនៅតែបន្តកើតមានជាហូរហែដែរ»។
លោកបន្ថែមថា៖ «រដ្ឋត្រូវពង្រឹងការអនុវត្តច្បាប់ បើកសិទ្ធិឱ្យមានការចូលរួមពីប្រជាពលរដ្ឋពីសាធារណជន សង្គមស៊ីវិល ពីសកម្មជនក្នុងការចូលរួមការពារទើបធ្វើឱ្យធនធានធម្មជាតិនៅកម្ពុជាមាននិរន្តរភាព»។
Newsroom Cambodia មិនអាចសុំការឆ្លើយតបជុំវិញការស្នើសុំចុះល្បាតព្រៃរបស់សហគមន៍ ពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ស៊ុង ចន្ទសុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ដោយទូរសព្ទចូលជាច្រើនដងគ្មានអ្នកទទួល។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បង្ហាញថា ព្រៃឈើចំនួន ៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ ក្នុងនោះមានដែនជម្រកសត្វព្រៃព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។
លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕