បណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត មានបំណងចុះល្បាតព្រៃឡើង​វិញ ខណៈពួកគេមើលឃើញថាបទល្មើសកាប់ឈើនិង​ដឹកឈើចេញពីតំបន់ព្រៃឡង់កំពុងកើតមានឡើងឥតស្រាកស្រាន្ត។

បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី មានប្រសាសន៍ថា បច្ចុប្បន្នដោយមើលឃើញអំពីទិដ្ឋភាពករណីកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ឥតស្រាកស្រាន្ត ទើបបណ្តាញសហគមន៍ព្រៃឡង់ទាំង ៤​ខេត្ត​ទទូច​ស្នើឱ្យមន្រ្តីឧទ្យានុរក្ស ឬមន្រ្តីពាក់ព័ន្ធ គួរបើកសិទ្ធិឱ្យសហគមន៍អាចចុះល្បាតដោយសេរី ដើម្បីចូលរួមការពារនិង​ទប់​ស្កាត់​ធនធានធម្មជាតិរបស់ដូនតា។ លោកបន្តថា ការចូលរួមការពារព្រៃឈើជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរទាំងអស់គ្នា។

លោកថា៖ «បើកសិទ្ធិទូលាយដល់ប្រជាពលរដ្ឋ សហគមន៍ ពិសេសបណ្តាញព្រៃឡង់ដែលគាត់បានដើរល្បាតតាំងពី ២០​ឆ្នាំ​មុន តាំងពីក្រសួងបរិស្ថានអត់ទាន់​នឹងបានចួលប្រឡូកនៅក្នុងដែនអភិរក្សមួយនេះទេ»។

លោកបន្ថែមថា៖ «មន្រ្តីបរិស្ថាន គួរបើកសិទ្ធិឱ្យប្រជាពលរដ្ឋល្បាតដូចដើម បើកសិទ្ធិឱ្យទូលាយ ហើយឱ្យមហាជនគេបាន​ចូល​រួម ចូលមើលព្រៃ ព្រោះព្រៃឡង់មិនមែនជាព្រៃរបស់នរណាម្នាក់ទេ ជាព្រៃខ្មែរយើងទាំងអស់គ្នា»។

ជាអ្នកភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ បុរសមានវ័យ ៣៩ឆ្នាំរូបនេះ បានរៀបរាប់អំពីទិដ្ឋភាពនៃការកាប់​បំផ្លាញព្រៃឈើ និងរូបភាពនៃការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ដែល​ពលរដ្ ឋនិងបណ្តាញសហគមន៍ បានប្រទះ​ឃើញ​ជាក់​ស្តែ​ងជារៀងរាល់ថ្ងៃ មិនថាថ្ងៃមិនថាយប់ឥតស្រាកស្រាន្តទាល់តែសោះ។ លោកបន្ថែមថា ព្រៃឡង់ខាងខេត្ត​ព្រះវិហារ មានការដឹកជញ្ជូនឈើចូលទៅក្រុមហ៊ុន មួយ​ថ្ងៃមិនក្រោមពី៥០គោយន្តនោះទេ ហើយមួយគោយន្តមិនទាបជាង ៥ដើមទេ ដោយភាគច្រើនសុទ្ធតែជាប្រភេទឈើល្អៗនៅក្នុងដែនអភិរក្សមួយនេះ។

លោក ខេម សុឃី និយាយថា៖ «ខាងស្រុករវៀង ក្នុងមួយថ្ងៃៗបើថាគោយន្តក្រុមហ៊ុន​ម៉ាខល​ឡូជីស្ទីកដឹកជញ្ជូនចេញហ្នឹង​មិនក្រោមពី ៥០​គ្រឿងទេក្នុងមួយថ្ងៃ។ ក្នុងមួយថ្ងៃហ្នឹងមួយគោយន្តយ៉ាងទាប ដាច់៥ដើមក្នុងមួយថ្ងៃ អ៊ីចឹងយើង​សាក​គុណ​មើល ៥គុណ៥០​ដងមើលអស់ប៉ុន្មានដើម!»។

លោកបន្ថែមថា៖ «ក្នុងមួយគោយន្តដឹក​ចេញពីក្នុងព្រៃឡង់យ៉ាងតិច៥ដើមមុខកាត់៣០, ៣៥ឡើង ហើយជាប្រភេទឈើឈ្លីច សុក្រំ ប្រវែងពី៣ម៉ែត្រទៅ៥,៦ម៉ែត្រ»។

ព្រៃឡង់​ ​មាន​ផ្ទៃដី​ប្រមាណ ​៥០​​ម៉ឺន​ហិកតា ​គ្របដណ្ដប់​ខេត្ត​ចំនួន​៤ ​គឺខេត្ត​​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា​ ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។​

បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ បានបង្ហាញការសោកស្តាយជាខ្លាំងដែលអាជ្ញាធរមូលដ្ឋាននិង​មន្រ្តីបរិស្ថាន តែងតែរកវិធីសាស្រ្តហាមឃាត់ និងរារាំងសហគមន៍ និងបណ្តាញព្រៃឡង់ទាំង ៤ខេត្ត មិន​ឱ្យចុះល្បាតដូចមុន។ លោកបន្តថា ប្រសិនបើមន្រ្តីបរិស្ថានសម្រេចចិត្តបើកឱកាសឱ្យសហគមន៍ និងបណ្តាញព្រៃឡង់ បានចួលរួមចុះល្បាតរួមគ្នានោះ លោកសង្ឃឹមថា ព្រៃឈើអាចនឹងនៅគង់វង្សបន្តទៀត។

លោកថា៖ «ខ្ញុំចង់ចួលរួមទប់ស្កាត់ដែរ ប៉ុន្តែដោយសារតែមន្រ្តីបរិស្ថានគេមិនឱ្យយើងចូលល្បាតការពារទេ ពេល​ពួកខ្ញុំទៅ​ម្តងៗ​មានការភ័យខ្លាច មានការបារម្ភ ទាក់ទងនឹងសុវត្ថិភាព។ អ៊ីចឹងខ្ញុំគិតថាព្រៃនេះ ប្រសិនជាបើកឱកាស​ឱ្យ​សហគមន៍​ចួលរួមការពារជាមួយមន្រ្តីបរិស្ថាននោះ ព្រៃឈើអាចនឹងនៅសេសសល់ខ្លះ»។

បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ កំពុងវាស់ប្រវែងឈើដែលរងការកាប់បំផ្លាញពីក្រុមជនល្មើស នៅពេលចុះល្បាតព្រៃ។ រូបថតពីសហគមន៍ព្រៃឡង់

បុរសវ័យ ៥០ឆ្នាំ ជាអ្នកភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រូបនេះ និយាយថា ករណី​កាប់បំផ្លាញ​ព្រៃឈើនៅតំបន់ព្រៃឡង់ខាងខេត្តស្ទឹងត្រែង ក៏កំពុងកើតឡើងដូចគ្នា ហើយអាចឈានរហូតដល់វិនាសសកម្មព្រៃឈើនាពេលខាងមុខផងដែរ។ លោកបន្ថែមថា ការទទូចស្នើសុំ និងការព្យាយាមខ្នះខ្នែងចង់ចូលរួមចុះល្បាតព្រៃរបស់​សហគមន៍ ជាការបញ្ជាក់នូវទឹកចិត្តស្រឡាញ់ និងចង់ការពារបរិស្ថាន មិនមានគោលបំណងអ្វីផ្សេងនោះទេ និងធ្វើដើម្បីជាប្រយោជន៍ដល់សង្គម និងកូនចៅជំនាន់ក្រោយតែប៉ុណ្ណោះ។

លោក ខេង ខូ និយាយថា៖ «ព្រៃឈើកាន់តែបាត់បង់ កាន់តែរេចរឹល អ៊ីចឹងបានជាប្រជាពលរដ្ឋមួយចំនួន ដែលមានសិទ្ធិ​ស្រឡាញ់ព្រៃឈើ​ ធនធានធម្មជាតិ តែងតែចង់ចូលរួមការពារ»។

មិនខុសគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព លើកឡើងថា សព្វថ្ងៃចំណាត់ការរបស់​រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងក្រសួងផ្សេងៗទៀត ដែលមានតួនាទីការពារធនធានធម្មជាតិ ចេះតែបណ្តែត​បណ្តោយឱ្យជនល្មើសលួចចូលកាប់បំផ្លាញព្រៃឈើឥតល្ហែ ហើយការអនុវត្តច្បាប់វិញ ហាក់គ្មានប្រសិទ្ធភាពនៅ​ឡើយ​ក្នុង​ការទ​ប់​ស្កា​ត់​បទល្មើស។​ លោកបន្ថែមថា ការកាប់បំផ្លាញព្រៃឈើ​ និងការដឹកជញ្ជូនឈើ​ចេញពីតំបន់ព្រៃឡង់ខេត្តកំពង់ធំ មិនខុសគ្នា​ទៅនឹងតំបន់ព្រៃឡង់ផ្សេងទៀតនោះទេ គឺដឹកឥតស្រាកស្រាន្តដូចគ្នា ដូច្នេះអនាគតព្រៃឡង់ទាំង ៤ខេត្ត នឹងរងការបាត់បង់ជាក់ជាមិនខាន។

លោកថា៖ «ខ្ញុំគិតថា វាមិនអាចនៅសល់បានទេ​អនាគតព្រៃឈើ វានឹងអស់ បើអត់មានចំណាត់ការអីសោះអ៊ីចឹង»។

លោកបន្ថែមថា៖ «បញ្ហានេះដែលកើតឡើងគឺ១ យើងឃើញមន្រ្តីឧទ្យានុរក្ស និងមន្រ្តីបរិស្ថាន គាត់នៅតែបណ្តែត​បណ្តោយ​គាត់​នៅតែ​មិន​អនុវត្តច្បាប់។ អ៊ីចឹងគឺបណ្តោយឱ្យគោយន្តចូលកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់»។

បុរសវ័យ ៤៦ឆ្នាំ ជាអ្នកភូមិស្រែចឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំរូបនេះ ស្នើទៅរដ្ឋាភិបាល និងមន្រ្តីបរិស្ថាន គួរមានការអនុវត្ត​ច្បាប់ឱ្យមានប្រសិទ្ធភាពជាងនេះ ព្រោះកន្លងមក ការអនុវត្តច្បាប់ព្រៃឈើនៅមានភាពចន្លោះប្រហោងច្រើន ដូច្នេះ​រដ្ឋាភិបាលគួរយកចិត្តទុកដាក់ឡើងវិញជុំវិញការអនុវត្តច្បាប់ព្រៃឈើ។

លោក ហឿន សុភាព ស្នើថា៖ «សូមឱ្យរដ្ឋាភិបាលមានការអនុវត្តច្បាប់ជាធំ ទាក់ទងនឹងការអនុវត្តច្បាប់ព្រៃឈើនេះ គឺ​មាន​ភាពធូរលុងខ្លាំងមែនទែន ដូច្នេះសូមឱ្យយកចិត្តទុកដាក់ធ្វើការគោរពច្បាប់ការអនុវត្តច្បាប់ សូមឱ្យរឹតបន្តឹងទៅ​លើអ្នកដែលមានមុខសញ្ញាក្នុងការជួញដូរព្រៃឈើ»។

ចំណែកប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង ឆ្លើយតបយ៉ាងខ្លីថា បណ្តាញព្រៃឡង់ណាដែលស្របច្បាប់មន្ទីរបរិស្ថានខេត្តធ្វើការសហការ តែបើបណ្តាញព្រៃឡង់ណាមិនស្របច្បាប់ទេ សូមធ្វើសំណើមកមន្ទីរដើម្បីធ្វើកិច្ចព្រមព្រៀង​ធ្វើការរួមគ្នា។

លោកថា៖ «ព្រោះអីមន្រ្តីខ្ញុំធ្វើការរាល់ថ្ងៃ អត់មានទំនេរទេ ចុះល្បាតរហូតគ្រប់ច្រកល្ហកទាំងអស់»។

រីឯ ប្រធាន​មន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា លើកឡើងថា ការចុះល្បាត ឬការចូលរួមល្បាតរបស់​សហគមន៍​មិនមាន​ការ​ហាម​ឃាត់​អី​ទេ ប៉ុន្តែដោយសារបណ្តាញសហគមន៍ខ្លះជា​បណ្តាញក្រៅច្បាប់ ពួកគេមិនបានចុះបញ្ជី​នៅក្រសួងមហាផ្ទៃ។ លោកបន្ថែមថា កន្លងមក រឿងថាចង់ចុះល្បាត ឬចង់ចូលរួមការពារនៅក្នុងតំបន់ព្រៃឡង់នោះ មន្រ្តីបរិស្ថានស្វាគមន៍ជានិច្ច ប៉ុន្តែសុំឱ្យគោរពទៅតាមបទដ្ឋានគតិយុត្តិច្បាប់នៃតំបន់ការពារព្រៃឡង់នេះ។

លោកថា៖ «គាត់បង្កើតថាគាត់បណ្តាញសហគមន៍ព្រៃឡង់ សួរថានរណាក្បាលម៉ាស៊ីនគាត់? នរណាជាអ្នកដឹកនាំ? នរណាជាអ្នកទទួលខុសត្រូវ? ហើយគាត់អត់មានចុះបញ្ជីនៅក្រសួងមហាផ្ទៃផងហ្នឹង កន្លងមក យើងណែនាំគាត់ច្រើនហើយតែគាត់អត់ធ្វើតាមទេ»។

យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញ​ថា មន្រ្តី​រដ្ឋាភិបាលគួរមានឆន្ទៈឱ្យពិតប្រាកដ ក្នុងការការពារធនធានធម្មជាតិ និងត្រូវពង្រឹងការអនុវត្តច្បាប់ដល់មន្រ្តីថ្នាក់ក្រោមរបស់ខ្លួន ដើម្បីធានាបានថាព្រៃឈើមិនត្រូវបានកាប់បំផ្លាញ មិនមានការដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់​ត​ទៅ​ទៀត។ លោកបន្ថែមថា មន្រ្តីរដ្ឋាភិបាលចំបាច់ណាស់ ត្រូវបើកសិទ្ធិឱ្យសហគមន៍ និងបណ្តាញព្រៃឡង់អាច​ចូល​រួមចុះល្បា​តឡើងវិញ ដើម្បីចូលរួមទប់ស្កាត់បញ្ហាបទល្មើសព្រៃឈើទាំងអស់គ្នា។

លោកថា៖ «រដ្ឋត្រូវមានឆន្ទៈក្នុងការការពារធនធានធម្មជាតិ បើសិនមិនមានឆន្ទៈក្នុងការការពារធនធានធម្មជាតិទេ​ ទោះបីជាមានច្បាប់ច្រើនប៉ុណ្ណា ទោះបីជាមានគោលការណ៍ច្រើនប៉ុណ្ណា ក៏បញ្ហាធនធានធម្មជាតិនៅតែបន្តកើតមានជា​ហូរហែ​ដែរ»។

លោកបន្ថែមថា៖ «រដ្ឋត្រូវពង្រឹងការអនុវត្តច្បាប់ បើកសិទ្ធិ​ឱ្យមានការចូលរួមពីប្រជាពលរដ្ឋពីសាធារណជន សង្គមស៊ីវិល ពីសកម្មជនក្នុងការចូលរួមការពារទើបធ្វើឱ្យធនធានធម្មជាតិនៅកម្ពុជាមាននិរន្តរភាព»។

Newsroom Cambodia មិនអាចសុំការឆ្លើយតបជុំវិញការស្នើសុំចុះល្បាតព្រៃរបស់សហគមន៍ ពីប្រធាន​មន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ស៊ុង ចន្ទសុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ដោយទូរសព្ទចូលជាច្រើនដងគ្មានអ្នកទទួល។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២២ បង្ហាញ​ថា ព្រៃឈើចំនួន ៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ ក្នុងនោះមាន​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈ​សកម្មភាពចុះទៅស៊ើប​អង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕