នៅមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ខែកក្កដា ឆ្នាំ២០២៣ កាន់តែជិតចូលមកដល់ គេសង្កេតឃើញថា ក្រសួង ស្ថាប័នខ្លះដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហោះពីសកម្មភាពចុះមូលដ្ឋាន និងខ្លឹមសារនានា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលបង្ហាញពីសមិទ្ធផលរបស់គណបក្សកាន់អំណាច និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
ក្រសួង ស្ថាប័នរដ្ឋទាំងនោះ មានដូចជា ក្រសួងការពារជាតិ ដែលមាន លោក ទៀ បាញ់ ជារដ្ឋមន្រ្តី និងក្រសួងមុខងារសាធារណៈ ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ព្រុំ សុខា។
ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់ក្រសួងមុខងារសាធារណៈ បានបង្ហោះរូបភាពដែលបង្ហាញពីលោក ព្រុំ សុខា ដែលគេដឹងថាជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តក្រចេះ។
កំពុងឈរថ្លែងក្នុងពិធីដាក់បញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារនិងរបងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ រូបភាពដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងនោះ បានរំលេចនិមិត្តសញ្ញារបស់គណបក្សប្រជាជនកម្ពុជាលើផ្ទាំងប៉ាណូ អាវ និងមួករបស់អ្នកចូលរួមជាច្រើន។
សារដែលបង្ហោះសរសេរថា៖ «ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានក្រើនរំលឹកប្អូនៗ យុវវ័យជំនាន់ក្រោយថា បើទោះបីពេលវេលាបានកន្លងផុតទៅយ៉ាងយូរប៉ុណ្ណាក្តី ពោលគឺតាំងពីមុនកំណើតប្អូនៗទៅទៀតក៏ដោយក្តី ការចងចាំជាប់ជានិច្ចនូវព្រឹត្តិការណ៍សច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា នឹងក្លាយជាតម្លៃថ្លៃថ្លានៃគុណប្រយោជន៍សម្រាប់អនាគតរបស់ប្អូនៗ។ មនុញ្ញផលនៃម្លប់សុខសន្តិភាព និងការអភិវឌ្ឍដែលសង្គមជាតិ និងយើងទាំងអស់ទទួលបាននៅពេលបច្ចុប្បន្ន និងទៅអនាគត ច្បាស់ប្រាកដជាកើតចេញពីលទ្ធផលនៃការតស៊ូមុះមុត ប្រកបដោយវីរភាព និងពលីកម្មរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោជាប្រមុខ»។
ក្រៅពីការបង្ហោះរូបភាពជាមួយនឹងខ្លឹមសារដែលសំដៅលើសមិទ្ធផលរបស់បក្សកាន់អំណាច ក្រសួងមុខងារសាធារណៈ ថែមទាំងបង្ហោះជាឃ្លីបវីដេអូ រៀបរាប់ពីសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខប្រជាពលរដ្ឋទៀតផង។
ចំណែក ទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិ បានបង្ហោះរូបភាពមួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយបង្ហាញពីវត្តមានរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានានៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សារដែលត្រូវបានបង្ហោះនោះបានសរសេរថា៖ «លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់បងប្អូនទាំងអស់គ្នាត្រូវ៖ […]ទី៦៖ រួមគ្នានាំជីដូន ជីតា ឪពុក ម្តាយ បងប្អូនញាតិសណ្ដាន អ្នកភូមិជាមួយទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ នៅថ្ងៃ២៣ កក្កដា ២០២៣ ខាងមុខនេះ»។
អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក ឈឿន ប៊ុណ្ណារ័ត្ន ពុំបានថ្លែងបញ្ជាក់ជុំវិញមូលហេតុដែលក្រសួងមុខងារសាធារណៈ បង្ហោះសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជានេះឡើយ គ្រាន់តែឆ្លើយតបថា រាល់សកម្មភាពរបស់លោក ព្រុំ សុខា រដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈ គឺមានគោលបំណងបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅតាមមូលដ្ឋាន។
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា លោកពុំទាន់មានយោបល់អ្វីទាក់ទិននឹងការបង្ហោះរូបភាពគណបក្សប្រជាជនកម្ពុជា លើទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិឡើយ ដោយរង់ចាំការពិនិត្យមើលជាមុន។
លោក សុជាតិ បញ្ជាក់ថា៖ «ខ្ញុំអត់ទាន់បានមើលផេក [Page] ខ្ញុំផង ចាំខ្ញុំមើលសិន អត់ទាន់មានខមិន[យោបល់] អីចាំខ្ញុំមើលសិន»។
ទាក់ទិននឹងករណីនេះ អ្នកសិក្សាផ្នែកច្បាប់លោក វន់ ចាន់ឡូត ថ្លែងថា ជាគោលការណ៍នៃច្បាប់ពាក់ព័ន្ធនានាតម្រូវឱ្យមន្រ្តីរាជការនៅដាច់ដោយឡែកពីគណបក្សនយោបាយណាមួយ ដោយមិនត្រូវធ្វើសកម្មភាព ឬបង្ហាញការគាំទ្រជាសាធារណៈដែលអាចប៉ះពាល់ដល់អព្យាក្រឹតរបស់មន្រ្តីរដ្ឋាភិបាល។
លោក ចាន់ឡូត មានប្រសាសន៍ថា៖ «ព្រោះវាប៉ះពាល់ដល់អព្យាក្រឹតភាព ហើយបើកាលណាអ្នកទាំងអស់ហ្នឹងមានទំនោរទៅកាន់បក្សណាមួយហើយ មានន័យថា វាពាក់ព័ន្ធនឹងការរើសអើង ឬប៉ះពាល់ទៅដល់គណបក្សដទៃឯទៀតដែលមិនកាន់អំណាច។ ចឹងវាប៉ះពាល់ដល់ដំណើរប្រជាធិបតេយ្យ ហើយនឹងការធានាបានអព្យាក្រឹតភាព ដូចជាការមិនរើសអើងផ្នែកនយោបាយ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ច្បាប់បានកំណត់យ៉ាងច្បាស់ពីអ្វីដែលហៅថារដ្ឋាភិបាល និងគណបក្សនយោបាយ។ លោកបន្ថែមថា ការប្រើយុទ្ធសាស្ត្រដើម្បីកេងចំណេញផ្នែកនយោបាយរបស់គណបក្សណាមួយ គប្បីធ្វើឡើងឱ្យស្របតាមច្បាប់។
លោកនិយាយថា៖ «នៅពេលយើងនៅជាគណបក្សនយោបាយ គឺយើងមានស មានខ្មៅ បានន័យថា យើងមានបក្សយើង បក្សគេ ក៏ប៉ុន្តែនៅពេលគណបក្សណាមួយឡើងទៅកាន់អំណាច គឺគណបក្សបក្សនោះដឹកនាំប្រទេស កាលណាយើងដឹកនាំប្រទេសយើងមានតួនាទីគ្រប់គ្រង»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានប្រសាសន៍ថា ការប្រើប្រាស់ធនធានរដ្ឋដើម្បីគាំទ្រ និងឃោសនាឱ្យគណបក្សនយោបាយណាមួយ គឺជាការរំលោភលើច្បាប់។
មាត្រា ៣៧ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ចែងថា មន្រ្តីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ ឋដើម្បីបម្រើសកម្មភាពនយោបាយ ដូចជា ធ្វើការដើម្បីផលប្រយោជន៍ដល់បេក្ខជននយោបាយ ឬប្រឆាំងនឹងបេក្ខជននយោបាយណាមួយ ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ហើយការប្រព្រឹត្តផ្ទុយនឹងមាត្រានេះចាត់ទុកជាកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ៕