នៅមុនពេលការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តអាណត្តិទី៧ ខែ​កក្កដា ឆ្នាំ២០២៣ កាន់តែជិតចូលមកដល់ គេសង្កេតឃើញថា ក្រសួង ស្ថាប័នខ្លះដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាន​បង្ហោះ​ពី​សកម្មភាពចុះមូលដ្ឋាន និងខ្លឹមសារនានា​ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែល​បង្ហា​ញ​ពីសមិទ្ធផលរបស់គណបក្សកាន់អំណាច និង​បាន​អំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។

ក្រសួង ស្ថាប័នរដ្ឋទាំងនោះ មានដូចជា ក្រសួងការពារជាតិ ដែលមាន លោក ទៀ បាញ់ ជារដ្ឋមន្រ្តី និង​ក្រសួងមុខ​ងារ​សាធារណៈ​ ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ព្រុំ សុខា។

ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់ក្រសួងមុខងារសាធារណៈ បានបង្ហោះរូបភាពដែលបង្ហាញ​ពី​លោក ព្រុំ សុខា ដែលគេដឹងថាជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តក្រចេះ។ 

កំពុងឈរថ្លែងក្នុងពិធីដាក់បញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារនិងរបងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ រូបភាពដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងនោះ បានរំលេចនិមិត្តសញ្ញារបស់គណបក្សប្រជាជនកម្ពុជាលើផ្ទាំងប៉ាណូ អាវ និងមួករបស់អ្នកចូលរួមជាច្រើន។

សារដែលបង្ហោះសរសេរថា៖ «ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានក្រើនរំលឹកប្អូនៗ យុវវ័យជំនាន់ក្រោយថា បើទោះបីពេលវេលាបានកន្លងផុតទៅយ៉ាងយូរប៉ុណ្ណាក្តី ពោលគឺតាំងពីមុនកំណើតប្អូនៗទៅទៀតក៏ដោយក្តី ការចងចាំជាប់ជានិច្ចនូវព្រឹត្តិការណ៍សច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា នឹងក្លាយជាតម្លៃថ្លៃថ្លានៃគុណប្រយោជន៍សម្រាប់អនាគតរបស់ប្អូនៗ។ មនុញ្ញផលនៃម្លប់សុខសន្តិភាព និងការអភិវឌ្ឍដែលសង្គមជាតិ និងយើងទាំងអស់ទទួលបាននៅពេលបច្ចុប្បន្ន និងទៅអនាគត ច្បាស់ប្រាកដជាកើតចេញពីលទ្ធផលនៃការតស៊ូមុះមុត ប្រកបដោយវីរភាព និងពលីកម្មរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោជាប្រមុខ»។

ក្រៅពីការបង្ហោះរូបភាពជាមួយនឹងខ្លឹមសារដែលសំដៅលើសមិទ្ធផលរបស់បក្សកាន់អំណាច ក្រសួងមុខងារសាធារណៈ ថែមទាំងបង្ហោះជាឃ្លីបវីដេអូ រៀបរាប់ពីសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខប្រជា​ពលរដ្ឋទៀត​ផង។

ចំណែក​ ទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិ បានបង្ហោះរូបភាពមួយកាលពីថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២៣ ដោយបង្ហាញ​ពីវត្តមានរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំ​នាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានានៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សារដែលត្រូវបានបង្ហោះនោះបានសរសេរថា៖ «លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់បងប្អូនទាំងអស់គ្នាត្រូវ៖ […]ទី៦៖ រួមគ្នានាំជីដូន ជីតា ឪពុក ម្តាយ បងប្អូនញាតិសណ្ដាន អ្នកភូមិជាមួយទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ នៅថ្ងៃ២៣ កក្កដា ២០២៣ ខាងមុខនេះ»។

អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក ឈឿន ប៊ុណ្ណារ័ត្ន ពុំបានថ្លែងបញ្ជាក់ជុំវិញមូលហេតុដែលក្រសួងមុខងារសាធារណៈ បង្ហោះសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជានេះ​ឡើយ គ្រា​ន់តែ​ឆ្លើយតបថា រាល់សកម្មភាពរបស់​លោក ព្រុំ សុខា រដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈ គឺមានគោលបំណងបម្រើប្រជាពលរដ្ឋ និង​ដោះ​ស្រាយ​បញ្ហាប្រឈម​នានាដែលកើតមានឡើងនៅតាមមូលដ្ឋាន។

ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា លោកពុំទាន់មានយោបល់អ្វីទាក់ទិននឹងការ​បង្ហោះរូបភាពគណបក្សប្រជាជនកម្ពុជា លើទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិឡើយ ដោយរង់ចាំការពិនិត្យមើល​ជាមុន។

លោក សុជាតិ បញ្ជាក់ថា៖ «ខ្ញុំអត់ទាន់បានមើលផេក [Page] ខ្ញុំផង ចាំខ្ញុំមើលសិន អត់ទាន់មានខមិន[យោបល់] អីចាំខ្ញុំមើលសិន»។

ទាក់ទិននឹងករណីនេះ អ្ន​កសិក្សាផ្នែកច្បាប់លោក វន់ ចាន់ឡូត ថ្លែងថា ជាគោលការណ៍នៃច្បាប់ពាក់ព័ន្ធនានាតម្រូវ​​ឱ្យមន្រ្តីរាជការនៅដាច់ដោយឡែកពីគណបក្សនយោបាយណាមួយ ដោយមិនត្រូវធ្វើសកម្មភាព ឬបង្ហាញការគាំទ្រជាសាធារណៈដែល​អាចប៉ះពាល់ដល់អព្យាក្រឹតរបស់មន្រ្តីរដ្ឋាភិបាល។

លោក ចាន់ឡូត មានប្រសាសន៍ថា៖ «ព្រោះវាប៉ះពាល់ដល់អព្យាក្រឹតភាព ហើយបើកាលណាអ្នកទាំងអស់ហ្នឹងមានទំនោរ​ទៅកាន់​បក្សណាមួយហើយ មានន័យថា វាពាក់ព័ន្ធនឹងការរើសអើង ឬប៉ះពាល់ទៅដល់គណបក្សដទៃឯទៀតដែលមិនកាន់អំណាច។ ចឹងវាប៉ះពាល់ដល់ដំណើរប្រជាធិបតេយ្យ ហើយនឹងការធានាបានអព្យាក្រឹតភាព ដូចជាការមិនរើសអើងផ្នែកនយោបាយ»។ 

អ្នកស្រាវជ្រាវ​ពីការអភិវឌ្ឍ​សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ​ ច្បាប់​បានកំណត់​យ៉ាងច្បាស់ពីអ្វីដែលហៅថារដ្ឋាភិបាល និង​គណបក្សនយោបាយ។ លោកបន្ថែមថា ការប្រើយុទ្ធសាស្ត្រដើម្បីកេងចំណេញ​ផ្នែកនយោបាយរបស់គណបក្សណាមួយ គប្បីធ្វើឡើងឱ្យស្របតាមច្បាប់។

លោកនិយាយថា៖ «នៅពេលយើងនៅជាគណបក្សនយោបាយ គឺយើងមានស មានខ្មៅ បានន័យថា យើងមានបក្សយើង បក្សគេ ក៏ប៉ុន្តែនៅពេលគណបក្សណាមួយឡើង​ទៅកាន់អំណាច គឺគណបក្សបក្សនោះដឹកនាំប្រទេស កាលណាយើង​ដឹកនាំប្រទេសយើងមានតួនាទីគ្រប់គ្រង»។ 

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការ​បោះឆ្នោត​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានប្រសាសន៍ថា ការប្រើប្រាស់ធនធានរដ្ឋដើម្បីគាំទ្រ និងឃោសនាឱ្យគណបក្សនយោបាយណាមួយ គឺជាការរំលោភលើច្បាប់។

មាត្រា ៣៧ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ចែងថា​ មន្រ្តីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ ឋដើម្បីបម្រើសកម្មភាពនយោ​បាយ ដូច​ជា ​ធ្វើការ​ដើម្បីផលប្រយោជន៍ដល់បេក្ខជននយោបាយ ឬប្រឆាំងនឹងបេក្ខជននយោបាយណាមួយ ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ហើយការប្រព្រឹត្តផ្ទុយនឹងមាត្រានេះចាត់ទុកជាកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ៕