សំឡេងស្រែកទាមទាររកយុត្តិធម៌ ដោយមិនទទួលយកការដោះដូរដីថ្មី បានបន្លឺឡើងកងរំពងនៅក្នុងភូមិសំរោងត្បូង ជាប់បឹងតាមោក នៅម៉ោង ៨ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ស្របពេលគ្រឿងចក្របានដឹកក្រួស និងដី ចាក់លុបបឹងធម្មជាតិមួយនេះ កាន់តែខិតជិតដល់សសរផ្ទះរបស់ពលរដ្ឋ។
«បើសិនជាអាជ្ញាធរនៅតែបំពានពួកយើង! គឺពួកយើងសុំតស៊ូប្តូរដោយជីវិតការពារ លំនៅឋានរបស់ពួកយើង!»។ នេះជាការស្រែកបន្លឺឡើងរបស់ស្រ្តីម្នាក់ដែលជាតំណាងសហគមន៍។
ការបន្តធ្វើកូដកម្មរបស់ប្រជាសហគមន៍សំរោងត្បូង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ តែងតែធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ក្នុងបំណងទាមទាររស់នៅលើដីចាស់ ដែលកាន់កាប់ប្រមាណ ៣០ឆ្នាំមកហើយ។ ពួកគេប្តេជ្ញាមិនព្រមចាកចេញទៅកាន់ទីតាំងថ្មីដែលអាជ្ញាធរបានរៀបចំឱ្យនោះទេ ដោយថាមិនអាចប្រកបរបរចិញ្ចឹមជីវិតបាន ។
អ្នកស្រី ប្រាក់ សុភា ជាតំណាងសហគមន៍សំរោងត្បូង កំពុងឈរនៅពីមុខប្រជាពលរដ្ឋប្រមាណ ៤០នាក់ មានទាំងក្មេងចាស់ប្រុសស្រី ហើយក្នុងដៃកាន់បដាមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសរសេរអក្សរថា អរគុណសន្តិភាព នៅលើផ្ទាំងបដាពណ៌ទឹកប៊ិច។
ពាក់អាវខ្មៅ មួកខ្មៅ វែនតាខ្មៅ អ្នកស្រី ប្រាក់ សុភា បានប្រាប់ថា មានផ្ទះរបស់ពលរដ្ឋចំនួន ៧៧ខ្នង ស្មើនឹងប្រមាណ ១៨០គ្រួសារ គិតជាផ្ទៃដីប្រមាណ ៣ហិកតា ដែលមិនព្រមទទួលយកការដោះដូរដី។ អ្នកស្រីបន្ថែមថា ដីរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ គឺកាន់កាប់តាំងពីឆ្នាំ១៩៩០ មកម្លេះ ដែលដំបូងឡើយអាស្រ័យផលដោយធ្វើស្រែប្រាំង និងនេសាទនៅលើផ្ទៃបឹងនេះ។ អ្នកស្រីបន្តថា បឹងតាមោក ឬបឹងកប់ស្រូវនេះ គឺជាជម្រុកត្រី ដែលបានផ្តល់ឱ្យពលរដ្ឋអាចនេសាទត្រី រាវខ្យង រាវលាស ដកដើមក្រអៅឈូក ដើម្បីលក់យកចំណូលចិញ្ជឹមជីវិត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ផ្ទៃបឹងកាន់តែរួមតូច ទឹកបឹងមានសភាពល្អក់កខ្វក់ ដែលមិនផ្តល់ទិន្នផលត្រីឱ្យពលរដ្ឋនេសាទបានដូចមុនឡើយ។
អ្នកស្រីបន្ថែមថា៖ «បើសិនជាតំបន់អភិវឌ្ឍន៍ [មិន] ឱ្យពលរដ្ឋនៅអ៊ីចឹង! បណ្តេញយើងពីតំបន់សេដ្ឋកិច្ច ដូចបណ្តេញយើងឱ្យទៅស្លាប់! យើងនៅសល់តែជីវិតសម្រាប់ប្តូរជាមួយអាជ្ញាធរដែលឱ្យពួកយើងដោះដូរ [ទៅទីតាំងថ្មី] »។
តំណាងសហគមន៍រូបនេះ រៀបរាប់បន្តថា ក្រោយបាត់បង់មុខរបរ ដែលធ្លាប់តែអាស្រ័យផលលើបឹង ប្រជាពលរដ្ឋមួយចំនួនបានចំណាកស្រុករកការងារធ្វើ និងខ្លះធ្វើជាកម្មករសំណង់នៅក្នុងរាជធានីភ្នំពេញដើម្បីបានចំណូលចិញ្ជឹមជីវិត។
ការក្រាញននៀលទាមទាររស់នៅលើទីតាំងចាស់របស់ក្រុមប្រជាពលរដ្ឋ ក៏មានបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ផងដែរ។ សម្រាប់អ្នកស្រី ប្រាក់ សុភា អ្នកស្រីបានរងការចោទប្រកាន់ពីអាជ្ញាធរមូលដ្ឋានពីបទរារាំងអាជ្ញាធរសាធារណៈចំនួន ២បណ្តឹង ដែលកំពុងដំណើរការនៅតុលាការ។
អ្នកស្រីបន្តថា៖ «យើងតស៊ូសុំសិទ្ធិរស់នៅយើងខុសដែរមែន! ចង់និយាយថា យើងអស់ជំនឿទៅលើច្បាប់ហើយ យើងក៏មានការសោកស្តាយ ដែលដីកាតុលាការ ដាក់សម្រាប់តែពលរដ្ឋរងគ្រោះ ចំពោះអាជ្ញាធរដែលបំពានលើពួកយើង បែរជាគាត់រួចខ្លួន»។
បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំមួយឋិតនៅភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញ មានផ្ទៃដីសរុប៣ ២៣៩ហិកតា។ បឹងនេះ ជាអាងស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់យកបឹងធម្មជាតិមួយនេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។
បច្ចុប្បន្នបឹងកប់ស្រូវ កំពុងត្រូវបានលុបបន្តិចម្តងៗ ចេញពីផែនទីរាជធានីភ្នំពេញ ហើយជំនួសមកវិញនូវសំណង់បុរី លំនៅដ្ឋាន បង្គោលដីឡូតិ៍ ក្រោយពេលរដ្ឋាភិបាលបានកំណត់ផ្ទៃបឹង និងដាក់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋនៅឆ្នាំ២០១៦។
អង្គការសមាគមធាងត្នោត កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញផ្សាយរបាយការណ៍មួយបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ផ្ទៃបឹងតាមោក ត្រូវបានកាត់យ៉ាងហោចណាស់ ៥៦ដង ដែលមានទំហំសរុបជាង ២ ០០០ហិកតា (២ ១៥២,៦២ ហិកតា) ឬប្រមាណជិត៧០% នៃផ្ទៃបឹងទាំងមូល។ បឹងតាមោក ឬបឹងកប់ស្រូវ ត្រូវបានរដ្ឋាភិបាលកាត់ឆ្វៀលទៅឱ្យឧកញ៉ា ក្រុមហ៊ុនឯកជន និងស្ថាប័នសាធារណៈ ជាពិសេសពុះច្រៀកទៅឱ្យបុគ្គលស្និទ្ធជាមួយបក្សកាន់អំណាច ជាបន្តបន្ទាប់។
អនុក្រឹតនានា បានកាត់ផ្ទៃបឹងតាមោក ឱ្យទៅបុគ្គលឯកជនបានចេញជាបន្តបន្ទាប់ រួមមាន តារាចម្រៀងមានងារជាឧកញ៉ា គឺលោក ព្រាប សុវត្ថិ ទទួលបានដីជិត ៣ហិកតា, អ្នកស្រី សាយ សោភា ភរិយាមេបញ្ជាការរងកងពលតូចលេខ៧០ លោក ភឿន ផល្លា ទទួលបានជិត ១០០ហិកតា និងអ្នកស្រី ជា សុផាម៉ាដែន កូនស្រីលោក លោក ជា សុផារ៉ា ទទួលបានដីបឹងជាង ១០ហិកតា ជាដើម ហើយជាមួយគ្នានោះក៏មាន ស្ថាប័នរដ្ឋ និងឯកជន បានទទួលផ្នែកខ្លះនៃបឹងតាមោកជាច្រើនហិកតាផងដែរ។
ពលរដ្ឋរងគ្រោះពីការកាត់ច្រៀកផ្ទៃបឹងតាមោក អ្នកស្រី ញៀន ឆេន វ័យ ៦០ឆ្នាំ ប្រាប់ថា គាត់មានដីនៅជាប់បឹងតាមោកទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ១០០ម៉ែត្រ បានមករស់នៅក្នុងឆ្នាំ១៩៩០។ អ្នកស្រីថា កាលពីមិនទាន់ចាក់លុបបឹង គាត់អាចរកចំណូលពីរបរ រាវលាស និងនេសាទត្រី បានចំណូចន្លោះពី៥០ ០០០ ទៅ ៦០ ០០០រៀល ប៉ុន្តែបច្ចុប្បន្ន បានត្រឹម ១៥ ០០០រៀលប៉ុណ្ណោះ ឬអត់ចំណូលសោះក៏មាន។ ស្រ្តីរូបនេះថា ស៊ូស្លាប់ មិនដោះដូរដីទៅកាន់ទីតាំងថ្មីដែលអាជ្ញាធររៀបចំឱ្យនោះទេ ដោយថា ផ្ទះថ្មីដែលអាជ្ញាធររៀបចំឱ្យគឺនៅកណ្តាលព្រៃគ្មានហេដ្ឋារចនាសម្ព័ន្ធ មិនអាចប្រកបរបរចិញ្ចឹមជីវិតបាន។
អ្នកស្រីនិយាយថា៖ «អត់ចង់ទៅ កូនចៅវាច្រើន ៥គ្រួសារ ហើយឱ្យដីតែមួយឡូត៍រស់នៅអត់បាន ហើយគ្មានមុនរបររកអីកើតទេ! នៅព្រៃហោងព្រៃហែង គ្មានទេ!»។
បើតាម អ្នកស្រី ញៀន ឆេន ដីដែលអាជ្ញាធរដោះដូរឱ្យប្រជាពលរដ្ឋ ក្នុងមួយខ្នងផ្ទះទទួលបានដីមួយឡូតិ៍មានទទឹង ៤ម៉ែត្រកន្លះ និងបណ្តោយ ១៨ម៉ែត្រ និងថវិកាចំនួន ១ម៉ឺនដុលា្លរ។ ស្រ្តីរូបនេះថាក្នុងផ្ទះរបស់គាត់មានសមាជិកចំនួន២៥នាក់ ស្មើនឹង៥គ្រួសារ ដូចនេះការដោះដូរមិនមានតម្លាភាព។
កំពុងឈរក្នុងចំណោមជនរងគ្រោះធ្វើកូដកម្មផ្សេងទៀត អ្នកស្រី អំ ភឿន វ័យ៥៣ឆ្នាំ បានប្រាប់ថា គាត់រស់នៅជាប់បឹងតាមោកក្នុងឆ្នាំ១៩៩៣ ដែលមានលិខិតកាន់កាប់ដីទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ៣៥ម៉េត្រ ដែលទទួលស្គាល់ដោយចៅសង្កាត់សំរោង។ ក្រោយមានការចាក់លុបបឹង អ្នកស្រីបានសម្រចចិត្តធ្វើការងារជាកម្មករសំណង់ ដើម្បីរកចំណូលដោះបំណុលធនាគារ ដែលត្រូវបង់ក្នុង១ខែ ជាង១លានរៀល។ អ្នកស្រីស្នើទៅកាន់អាជ្ញាធរឱ្យចេញប្លង់កម្មសិទ្ធិស្របច្បាប់នៅដីបឹងតាមោក ដោយថា មិនចង់ទៅរស់នៅទីតាំថ្មីទេ។
អ្នកស្រីថា៖ «បើឱ្យខ្ញុំទៅដោះដូរទីតាំងថ្មី ខ្ញុំមានចំណូលអី មានចៅរៀន ឬបង់ធនាគារ បាត់ចំណូល បាត់ច្រើនមែនទែន និយាយពីលុបបឹងហ្នឹង បាត់មែន ប៉ុន្តែខ្ញុំអត់មានសិទ្ធិ ហាមឃាត់ ដែលគាត់អភិវឌ្ឍន៍ទេ»។
ជុំវិញករណីនេះ អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានឆ្លើយតបថា ប្រជាពលរដ្ឋដែលកំពុងតវ៉ា គឺពួកគេបានមករស់នៅលើដីចំណីផ្លូវសាធារណៈ ដូចនេះ មិនអាចចេញប្លង់កម្មសិទ្ធិឱ្យនោះទេ។ លោកថា អាជ្ញាធរបានដោះស្រាយតាមនីតិវិធីច្បាប់ ដោយដោះដូរទៅទីតាំងដីថ្មី ដែលមានចម្ងាយជិត ២គីឡូម៉ែត្រ ពីតាំងទីចាស់ និងកំពុងរៀចចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយដែរ។
លោកថា៖ «បើមិនព្រម [ដោះដូរដី] រស់នៅ [ទីតាំងចាស់] ហ្នឹងទៅ! ហើយបើរស់នៅ [ជាប់បឹងតាមោក]ហ្នឹង! គឺអត់មានអីស្របច្បាប់ទេ ព្រោះ អត់មានលិខិតស្នាមអីផងហ្នឹង! ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ មកយកដីដែលមានទំហំ [ទទឹង] ៤ [ម៉ែត្រ]កន្លះ គុណនឹង [បណ្តោយ] ១៨ [ម៉ែត្រ] ដែលមិនឆ្ងាយពីទីតាំងចាស់ទេ»។
បើតាមលោក ធឹម សំអាន គ្រួសាររងផលប៉ះពាល់សរុប ១០៨ ខ្នងផ្ទះ ហើយមានប្រមាណ ៣០ខ្នងផ្ទះ បានទទួលយកការដោះដូរដីថ្មីរួចរាល់ហើយ។
ចំណែកអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត មិនអាចសុំការឆ្លើយតបបានទេ ជុំវិញករណីនេះ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។
យ៉ាងណាក្តី នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន មានប្រសាសន៍ថា តាមគោលការណ៍ច្បាប់ រាល់សំណងដែលត្រូវផ្តល់ទៅកាន់ភាគីដែលរងផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ណាមួយ ត្រូវតែឆ្លើយតបទៅនឹងតម្លៃនៅក្នុងទីផ្សារជាក់ស្តែង ដែលអាចឱ្យប្រជាពលរដ្ឋរងគ្រោះទទួលយកបាន។ លោកបានជំរុញឱ្យអាជ្ញាធរ គួរជជែកជាមួយភាគីរងគ្រោះដោយសន្តិវិធី រកដំណោះស្រាយសមស្របមួយដល់ពលរដ្ឋជាប់បឹងតាមោក ដើម្បីអាចពួកគេទទួលយកបាន និងបញ្ចប់វិវាទដីធ្លីនេះ។
លោកថា៖ «ជារួមជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយជារួម ហើយនឹងដំណោះស្រាយដែលវាជាការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាសហគមន៍»។
ច្បាប់ភូមិបាលឆ្នាំ២០០១ បញ្ជាក់ថា ពលរដ្ឋក្រីក្រ ឬខ្វះខាតដីធ្លី គ្រួសារខ្វះទីលំនៅដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការ និងកម្មករធ្វើការក្នុងចំការដីសម្បទានសេដ្ឋកិច្ចធំៗ អាចទទួលបានដីស្របច្បាប់តាមរយៈយន្តការ ដីសម្បទានសង្គមកិច្ច។
អង្គការសមាគមធាងត្នោត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញផ្សាយរបាយការណ៍ មួយបានសម្ភាសគ្រួសារចំនួន ៩៥៨គ្រួសារ កំពុងរស់នៅសហគមន៍ក្រីក្រ ចំនួន៤២ ក្នុងរាជធានីភ្នំពេញ បានរកឃើញថា គ្រួសារមួយចំនួនកំពុងរស់នៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញប្រឈមនឹងការបណ្តេញចេញដោយបង្ខំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
យ៉ាងណាក្តី ត្រលប់ទៅកាន់អ្នកស្រី ញៀន ឆេង ដែលជាពលរដ្ឋរស់នៅសហគមន៍សំរោងត្បូង ជាប់បឹងតាមោក ជាង ៣០ឆ្នាំមកហើយ ស៊ូលះបង់ជីវិតនៅលើទីតាំងចាស់ បើនៅតែមិនមានដំណោះស្រាយសមស្របដែលអាចឱ្យគាត់ទទួលយកបាន ដោយថាគាត់មិនយកដីថ្មីដែលអាជ្ញាធរដោះដូរឱ្យជាដាច់ខាត។
អ្នកស្រីថា៖ «បើគ្មានដំណោះស្រាយទេឱ្យយក [ដី] ចុះយកទទេ! [ខ្ញុំ] ដើរដេកលើថ្នល់ហ្មង សុំចឹង សុំអភិវឌ្ឍនៅនឹងកន្លែង [ចាស់] »៕