បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ អះអាងថា មាន​ករណី​ជន​ឆក់​ឱកាស​លួច​ចូល​កាប់បំផ្លាញ​ព្រៃឈើ និងដឹកឈើចេញពីតំបន់ព្រៃឡង់ អំឡុង​ពេល​ប្រជាពលរដ្ឋ​កំពុង​រវល់​ប្រារព្ធពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជា​តិ​ខ្មែរ។

បណ្តាញ​សហគមន៍​​ព្រៃឡង់​ រស់នៅ​ភូមិ​អាជេន ឃុំ​កំពង់​ចាម ស្រុកសំបូរ ខេត្តក្រចេះ លោក ប៉ោក ខន បានឱ្យដឹងថា ក្នុង​រយៈកាល​ចូលឆ្នាំ​ខ្មែរ រយៈ​ពេល ៣ថ្ងៃកន្លងមក​​នេះ លោក​ឃើញមាន​​​​ជន​ល្មើស​មួយ​ចំនួន​ នៅតែបន្តឆក់ឱកាស​លួច​ចូល​ទៅ​កាប់​ឈើ​បំផ្លាញព្រៃឈើ និងដឹកឈើ​ចេញពីតំបន់​ព្រៃ​ឡង់ ខណៈ​មន្រ្តី​បរិស្ថាន​និង​ប្រជាសហគមន៍​រវល់​ដើរ​លេងកម្សាន្ត។

លោកថា៖ «ពួកវា[ជនល្មើស]ឆ្លៀត​ពេល​គេ​ចូល​ឆ្នាំ ណាមួយ​ខាង​សមត្ថកិច្ច​អត់​សូវឡើង[ល្បាត]ម្នាក់ៗ ជាប់​រវល់​ចូលឆ្នាំ​ហើយ ជន​ល្មើសគេឆក់​ឱកាស​តាម​ហ្នឹង[ដឹកឈើ] ហើយណាមួយបណ្តាញសហគមន៍ព្រៃឡង់យើងមិនបានសូវឡើង[ចុះល្បាត] អ៊ីចឹង​គេ​បាន​ឱកាសគេល្អនោះហើយដឹកឈើចេញពីតំបន់ព្រៃឡង់យើង»។

បុរសមានវ័យ ៦៧ ឆ្នាំរូបនេះ បានរាប់រៀបថា ជនល្មើសមានគ្នាពីរទៅបីនាក់ក្នុងមួយ​គោយន្តបាន​នាំគ្នាសម្រុកដឹកឈើយ៉ាងសស្រាក់សស្រាំ ចេញពីតំបន់ព្រៃឡង់ក្នុងមួយថ្ងៃ មិនក្រោមពី១០គោយន្តនោះទេ ខណៈប្រជាពលរដ្ឋមួយចំនួន និងបណ្តាញសហគមន៍ព្រៃឡង់ កំពុងមមាញឹកជួបជុំបងប្អូនកម្សាន្តលេងសប្បាយនារដូវកាលចូលឆ្នាំខ្មែរ។ បន្ថែមពីនេះ លោកសង្កេតឃើញថា ប្រភេទឈើដែលជនល្មើសលួចដឹកចេញពីតំបន់ព្រៃឡង់សុទ្ធតែជាឈើប្រណិតមានមុខកាត់ចាប់ពី ២៥​សង់ទីម៉ែត្រឡើង និងមានប្រវែងចាប់ពី ៥ ទៅ ១០​ម៉ែត្រ។

លោកស្វាយ សុង និយាយថា៖ «មួយ​គោយន្ត​យ៉ាង​តិច ២គីប មាន​ឈ្លីក ដួង​ចែម ឈើទាល ស្រឡៅ សុក្រំ មានប្រវែងឈើខ្លះ ៥​ម៉ែត្រ ហើយដូចឈើទាលអីប្រវែង ៩​ម៉ែត្រ ហើយឈ្លីកនិងស្រឡៅហ្នឹង​និយាយ​ទៅ​អាច​ចាប់​ពី ១០ម៉ែត្រ​ចុះ មុខ[មុខឈើ]អាចចាប់ពី ២៥ឡើងដែរ»។

ព្រៃឡង់ មានផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។

ស្រដៀងគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះម្នាក់ទៀត លោក ស្វាយ សុង មានប្រសាសន៍ថា ក្រុមជនល្មើសទាំងនេះ តែងតែឆ្លៀតឱកាសធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ខណៈ​​​ពេល​​ប្រជាពលរដ្ឋ និង​បណ្តាញសហគមន៍​ព្រៃឡង់ រវល់មិនបានចុះល្បាត ឬរវល់ជាប់កម្មវិធីបុណ្យទានផ្សេងៗ។

លោកនិយាយថា«នៅរដូវកាលចូលឆ្នាំហ្នឹង ខ្ញុំឃើញគេដឹកតាមផ្លូវហ្នឹងមានគោយន្តដឹកក្តារផង ដឹកឈើផងហើយ នឹងមាន​អារ៉ឺម៉ក​ទាញ​ឈើ​វែងៗ​ប្រភេទឈើសន្លឹកហ្នឹងមួយថ្ងៃពីរឃើញម្តងៗ តែមិនសូវហូរហែដូចមុនចូលឆ្នាំទេ»។

លោកបន្ថែមថា៖«ម្យ៉ាងទៀតវាខ្លាំងត្រង់តាលេថង[ត្រាក់ទ័រ]ដឹកអុសឡរហ្នឹង គឺរាល់ថ្ងៃរាល់យប់ហើយគ្មានទំនេរទេ ឈើពីព្រៃឡង់ហ្នឹងម៉ង»។

បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះម្នាក់ទៀត លោក កឹម សុខន បង្ហាញការ​សោកស្តាយ​ក្រោយ​ឃើញជនល្មើស​បានឆ្លៀតឱកាសសំរុក​​កាប់បំផ្លាញព្រៃឈើនៅរដូវបុណ្យទាន​បែបនេះ។ លោក​ថា​​ បច្ចុប្បន្ន អាកាសធាតុ​ប្រែប្រួលខ្លាំ​ង​ អាចបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ ដូច្នេះគួររួមគ្នាទប់​ស្កាត់បទល្មើសព្រៃឈើឱ្យបាន ដើម្បីបញ្ចៀសការប្រែប្រួលអាកាសធាតុបន្តទៀត។

លោកថា៖ «ចិត្តខ្ញុំ ខ្ញុំស្រឡាញ់ព្រៃឈើស្មើនឹង​ជីវិត​ខ្ញុំ​អ៊ីចឹង។ បើការពារព្រៃឈើបានបរិស្ថាន ក៏វានៅស្ថិតថេរជួយការពារអាកាសមិនឱ្យក្តៅ មិនមានគ្រោះទឹកជំនន់ មិនមានការបម្រែបម្រួលអាកាស ពលរដ្ឋណាមិនចង់បាន»។

លោកបន្ថែមថា៖ «សព្វថ្ងៃនេះ អស់ពីព្រៃឈើ ឃើញអត់ អាកាសធាតុ​ក្តៅ ព្យុះ​កណ្តាក់ ទឹកជំនន់​បម្រែបម្រួលអាកាស​ធាតុរហូត។ អ៊ីចឹងហើយបានជាខ្ញុំមានការសោកស្តាយណាស់ ខំការពារព្រៃឈើដែរ តែបើគេនៅតែកាប់បំផ្លាញអ៊ីចឹង។ ធ្វើម៉េច! មានតែតាមហ្នឹង»។

លោកបាន​ស្នើទៅមន្រ្តីរាជរដ្ឋាភិបាល ជាពិសេសមន្រ្តីបរិស្ថាន គួរមានវិធានការច្បាប់ឱ្យបានតឹងរឹងជាងនេះបន្ថែមទៀត ដើម្បីធានាបានថាព្រៃឈើអាចនៅគង់វង្សដល់កូនចៅជំនាន់ក្រោយ។

លោកបន្ថែមទៀតថា៖ «ប្រសិនបើយើងបំផ្លាញប៉ុណ្ណឹងហើយ យើងឈប់បំផ្លាញបន្តទៅទៀតទៅឈើទាំងអស់ហ្នឹងវាអាចដុះឡើងវិញ ចាត់វិធានការបន្ថែមទៅការពារបានហើយព្រៃឈើ»។

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ដួងសាវុធ បាន​បដិសេធ​យ៉ាង​ខ្លីថា មិន​មាន​ករណីជនល្មើសចូលកាប់បំផ្លាញព្រៃឈើនៅរដូវបុណ្យចូលឆ្នាំ ដូច​ការលើកឡើងរបស់បណ្តាញសហគមន៍ព្រៃឡង់នោះទេ។

លោកថា៖ «ជាជំហររបស់ខ្ញុំ[ប្រធានមន្ទីរបរិស្ថាន]ត្រូវ​តែ​បង្រ្កាប​បទ​ល្មើស​ទាំង​អស់ មិនឱ្យឮតែគេថាទេ ប្រាប់មកបទល្មើសកន្លែងណា យើងទៅបង្រ្កាប នេះជាជំហររបស់ខ្ញុំប្រធានមន្ទីរ»។

ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា មិនអាច​សុំកា​រ​បក​ស្រាយ​ជុំវិញ​រឿង​នេះបាន​ទេ ដោយទូរស័ទ្ទចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេត​​ឃើញ​ថា បទល្មើសព្រៃឈើ​នៅតំបន់ព្រៃឡង់​ នៅខាងភូមិសាស្រ្តខេត្តក្រចេះ ពិតជារងការកាប់បំផ្លាញដូចការលើកឡើងរបស់បណ្តាញ​​​សហគមន៍ព្រៃឡង់ពិត​មែន។ លោក​បន្ត​ថា បញ្ហាបទល្មើសព្រៃឈើនៅតំបន់នេះ កំពុងរងការបំផ្លិតបំផ្លាញជាខ្លាំង ជាពិសេសប្រភេទ​ឈើល្អៗ ដូចជា ឈ្លីក ឈើ​ទាល សុក្រំ ជាដើម។

លោកថា៖ «បញ្ហាបទល្មើសនៅក្នុងតំបន់ព្រៃឡង់ភូមិសាស្រ្តខេត្តក្រចេះនេះ ស្ថិតនៅក្នុងស្ថានភាពគំរាមគំហែង​ខ្លាំងមែនទែន មិនថាប្រភេទឈើឈ្លីក ដើមឈើទាល និងដើមសុក្រំដូចគ្នា គឺកំពុងរងការគំរាមគំហែងខ្លាំង»។

បន្ថែមពីនេះ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជន​កម្ពុជា (CYN) រូបនេះចង់ឃើញការអនុវត្តច្បាប់របស់រដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធឱ្យមានប្រសិទ្ធិភាពជាងនេះបន្ថែមទៀត និងផ្តល់សិទ្ធិសេរីភាពឱ្យក្រុមសកម្មជន ពលរដ្ឋ និង​អង្គការសង្គមស៊ីវិល ជាពិសេស​បណ្តាញសហគមន៍​ព្រៃឡង់ផ្ទាល់ បានចូលរូមចុះល្បាត និងចូលរួមថែរក្សាការពារបរិស្ថានទាំងអស់គ្នា។ លោកបន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ ជាខែលការពារដ៏រឹងម៉ាំ និងមានប្រសិទ្ធិភាពក្នុងការចូលរួមទប់ស្កាត់បទល្មើសជាក់ស្តែងក្នុងតំបន់ព្រៃឡង់នេះ។

លោកអូត ឡាទីន និយាយថា៖ «ច្បាប់គឺជាខែល និងជារនាំងដ៏មានប្រសិទ្ធភាព ប្រសិនជាយើងធ្វើការអនុវត្តវាឱ្យបានចំគោលដៅ មានភាពល្អប្រសើរនោះ វាជាខែលមានប្រសិទ្ធិភាពក្នុងការការពារព្រៃឈើហើយ[…]ខែលមួយទៀតគឺបណ្តាញសហគមន៍ព្រៃឡង់ និងប្រជាពលរដ្ឋមូលដ្ឋានដែលគាត់រស់នៅជុំវិញនោះផ្តល់សិទ្ធិសេរីភាពឱ្យគាត់ឱ្យបានពេញលេញ គាត់ចូលរួមចំណែកនៃការការពារ រួមចំណែកធ្វើការរាយការណ៍ពីបញ្ហា​ដែល​កំពុងតែកើតមាន ហើយអាជ្ញាធរ​ត្រូវចុះធ្វើកិច្ចអន្តរាគមន៍ឱ្យបានទាន់ពេល​ទៅ ទាំងនេះជាខែលការពារព្រៃឡង់ហើយ»។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២២ បង្ហាញ​ថា ព្រៃឈើ​ចំនួន ៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែន​ជម្រកសត្វព្រៃចំនួន២ ក្នុងនោះមាន​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈ​សកម្មភាពចុះទៅស៊ើប​អង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕