សង្គមស៊ីវិល និងអ្នកជំនាញផ្នែកច្បាប់ក្រៅរដ្ឋាភិបាល ជំរុញឱ្យស្ថាប័នរដ្ឋ ពង្រឹងវិធានការច្បាប់ចំពោះមន្ត្រីដែលបានប្រើអាវុធបង្ករបួសដល់ពលរដ្ឋពេលចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែងនៅខេត្តព្រៃវែង ដើម្បីគោរពសិទ្ធិមនុស្ស និងទប់ស្កាត់កុំឱ្យករណីនេះ កើតឡើងជាថ្មីទៀត បើទោះបីជនសង្ស័យត្រូវបានចាប់ឃុំខ្លួន។

កាលពីសប្តាហ៍មុន ពោលគឺនៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ កម្លាំងនរគបាលស្រុកបាភ្នំ ខេត្តព្រៃវែងបានចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែង នៅក្នុងភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ តែការចុះបង្ក្រាបនោះ ធ្វើឱ្យបុរសឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំ រងរបួសត្រង់ពោះដោយគ្រាប់កាំភ្លើងខ្លី ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅប្រទេសវៀតណាម។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការបង្រ្កាបបទល្មើសអ្វីមួយសម្ថកិច្ចគួរមានការប្រុងប្រយ័ត្នចៀសវាងការបង្កស្នាមរបួសដល់ពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុ។

លោក ជ័យ និយាយថា៖ «យើងអំពាវនាវ ឱ្យមានការស៊ើបអង្កេតស៊ីជម្រៅមួយដើម្បីឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ទៅលើការបង្រ្កាបមួយដែលបង្កការរបួសដល់មនុស្សនៅឯទីកន្លែងដែលមានការប្រព្រឹត្តិបទល្មើស»

អ្ន​កសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត និយាយថា ការប្រើប្រាស់អាវុធ ក្នុងករណីចុះបង្រ្កាបបទល្មើស សមត្ថកិច្ចអាចប្រើបានតែក្នុងករណីដែលជនល្មើស មានអាវុធក្នុងដៃ ដែលអាចបង្កការរបួស ឬស្លាប់ដល់កងកម្លាំង ។

លោក​ ចាន់ឡូត ថា៖ « ការប្រើប្រាស់អាវុធរបស់សម្ថកិច្ចនៅទីនេះ គឺមិនមានសមាមាត្រនៃជនល្មើស ដែលគាត់កំពុងតែប្រព្រឹត្តិ ឬទាក់ទិននឹងស្ថានភាពជាក់ស្ដែង»

តែយ៉ាងណា ក្រោយផ្ទុះអាវុធ និងមានអ្នករងរបួស អធិការរង លោក ស៊ាង ប៊ុនណាស់ ដែលចុះបង្ក្រាបបទល្មើសផ្ទាល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។

អ្នកសារព័ត៌មានNewsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីស្នងការរងនគរបាលខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌ លោក ពៅ ជីវី បានទេ គិតត្រឹមថ្ងៃសុក្រនេះ ដោយពុំមានអ្នកលើកទូរសព្ទ។

ប៉ុន្តែបើតាមប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង លោក ញ៉ែម សៅគ្រី អះអាងថា ករណីរងរបួសកើតឡើងពីការរាលកៃ ក្រោយលោក ស៊ាង ប៊ុនណាល់ ដកកាំភ្លើងខ្លីគាំរាម កុំឃាត់កុំឱ្យបុរសនោះបើម៉ូតូរត់ តែចៃដន្តម៉ូតូដួល រួចក៏ផ្ទុះអាវុធ។

លោក សៅគ្រី និយាយថា៖ « ប៉ូលិសទាញម៉ូតូកុំឱ្យទៅក៏ដួលម៉ូតូដួលអីចឹងទៅ ក៏រាកៃវាប៉ះ។ នៅពេលចាប់គ្នាកុំឱ្យទៅ[…]វាដួលទាំងម៉ូតូទាំងមនុស្សទាំងអស់គ្នាក៏វារាកៃផ្ទុះត្រូវចង្កេះ[…] មែនគាត់បាញ់ទេ»

តែយ៉ាងណាលោក សួន​ ភក្ដី អាយុ ៤៧ឆ្នាំ ដែលអះអាងថា ឃើញហេតុការណ៍នេះ បាននិ​យា​​យថា នៅថ្ងៃកើតហេតុ វេលាម៉ោងជិត១រសៀល មានប្រជាពលរដ្ឋជាង១០នាក់ កំពុងរៀ​​បចំលេង​ល្បែងជល់មាន់ ។

លោកបន្តថា ក្រោយមកមានប៉ូលិសស្លៀកស៊ីវិលចំនួន៤នាក់ ក្នុងនោះម្នាក់ស្ពាយកាំភ្លើង និងម្នាក់ទៀតមានកាំភ្លើងខ្លី ដាក់ជាប់ចង្កេះបានមកដល់។

 បុរស់ អាយុ៤៧ឆ្នាំរូបនោះបញ្ជាក់ថា ក្រោយពលរដ្ឋដឹងថាមានវត្តមានមន្ត្រីនគរបាល ពួកគេក៏រត់ចេញពីកន្លែងជល់មាន់ ហើយសល់តែជនរងគ្រោះឈ្មោះសាន វិច្ឆិកា ដែលមានម៉ូតូកំពុងរៀបចំជិះម៉ូតូចេញ។

លោកបន្តថាពេលនោះ ប៉ូលិសបានដកកាំភ្លើងពីចង្កេះមកបាញ់ដោយចម្ងាយត្រឹមជាង១ម៉ែត្រប៉ុណ្ណោះ ហើយជនរងគ្រោះបានដួលលើដីជាមួយម៉ូតូ។

លោកបន្តថា លុះក្រោយមកប្រជាពលរដ្ឋដែលរត់គេចទាំងនោះ បានត្រលប់មកវិញ ដើម្បីឃាត់ប៉ូលិសដែលបាញ់ជនរងគ្រោះកុំឱ្យជិះម៉ូតូរត់ រហូតទាល់តែមានកម្លាំងសម្ថកិច្ចមកវាយខ្នោះយកទៅ។

លោក ភក្ដី និយាយថា៖«[គ្រាប់កាំភ្លើង]វានៅក្នុងខ្លួនមនុស្ស រត់ពីឆ្អឹងខ្នងទៅរកថ្លើម បាញ់ចំចង្កេះឆ្វេងរត់ទៅថ្លើមវះអត់បាន ខ្ញុំនៅផ្ទាល់ជាមួយពេទ្យពេលវះនៅពេទ្យជោរៃ ពេទ្យថាវះអត់បាន​ ឡូវបញ្ជូនទៅវៀតណាម»។

ជុំវិញករណីនេះ ក្រោយកើតហេតុ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានបញ្ជាឱ្យផ្អាកតួនាទីអធិការរងស្រុកបាភ្នំរូបនោះ និងបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ។

យោងតាមមាត្រា ២២ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ឱ្យដឹងថា មន្រ្តីដែលក្រសួងមានសម្ថកិច្ច ប្រគល់ឱ្យចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ តែការផ្ដល់ប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់នោះ ពុំបានត្រឹមត្រូវខុសសម្ថកិច្ចរបស់ខ្លួនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣លានរៀល ដល់ ៦លានរៀល។

យ៉ាងណា អ្ន​កសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត បង្ហាញការព្រួយបារម្ភថា បញ្ហានេះនឹងកើតឡើងជាថ្មីទៀត បើអាជ្ញាធរពាក់ព័ន្ធមិនបើកការស៊ើបអង្កេតករណីបង្ករបួសនេះឱ្យបានស៊ីជ​ម្រៅ ក្នុ​​ងការចាត់វិធានការច្បាប់ចំពោះមន្ត្រីពាក់ព័ន្ធដែលមានសិទ្ធិកាន់អាវុធនោះ ។