មន្រ្តីគណបក្សភ្លើងទៀតមួយរូបត្រូវ​បានជនមិនស្គាល់មុខដែលមានគ្នាចំនួន៤នាក់ ប្រើប្រាស់​​ហិ​​ង្សា​មកលើខ្លួន ​​ដោយដំបង​​បង្កឱ្យ​​មាន​​រ​​បួ​​សស្នាមដែលជំរុញឱ្យស្ថានភាពនេះ កាន់តែ​​រង់​​​នូវ​​ការ​​​រិះ​គន់ពីសហគមន៍ជាតិ និងអន្តរជាតិថាជាការយាយី និងធ្វើទុក្ខបុកម្នេញខាងនយោបាយ មកលើ​​គ​​ណ​​​បក្សជំទាស់ ជាពិសេសនេះជា​​ការគំរាម​​កំហែងនៅមុន​​ការបោះឆ្នោត​​ជ្រើសតាំងតំ​ណាង​រាស្រ្ត​​ម​ក​ដល់។

លោក ធន ច័ន្ធថា ជាសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន នៅសង្កាត់ផ្សារដេប៉ូ២ ក្នុងខណ្ឌទួ​​ល​គោ​ក ធ្លាប់ជាប់ពន្ធនាគារ ព្រោះតែហ៊ានរិះគន់ការប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដែល​​ទ​​ទួល​បា​​នការឧបត្ថម្ភពីសាធារណៈរដ្ឋប្រជាមានិតចិន។លោកត្រូវបានជនមិនស្គាល់មុខ ដែលមានគ្នា​​ចំ​​នួន ៤នាក់ ប្រើប្រាស់មធ្យោបាយដោយម៉ូតូ បានលប់វាយរូបលោកដោយដំបង កា​​ល​ពីសប្តា​​ហ៍​​មុ​ន​​។

បើតាមលោក ធន ច័ន្ធថា ការប្រើប្រាស់ហិង្សាប្រឆាំងរូបលោកនេះ ខណៈដែលខ្លួនកំពុងធ្វើ​​ដំ​​ណើ​​រដោ​​យ​ម៉ូតូដែរ ចេញពីតំបន់បឹងតាមោក ឆ្ពោះទៅលំនៅឋាន នៅខាងក្រោយអង់តែនទួលគោក ក៏​​ត្រូ​វ​​ជនបង្កចំនួន៤នាក់ ប្រើប្រាស់ហិង្សា ដោយមិនដឹងពីមូលហេតុតែម្តង។ប្រភពដដែលបន្តថា កា​​រ​​​​លបវាយដោយជនមិនស្គាល់មុខនេះ គឺរូបលោកត្រូវរងរបួសស្ទើរសបសាច់ និងត្រូវចូល​​ពេទ្យ​​ដើ​​ម្បី​​​ស​​ង្រ្គោះបឋមផង។

លោកបន្តថា៖«ត្រូវក្បាល ថ្គាមសងខាងដេរសរុបទាំងអស់១២ថ្នេរ មួយតួខ្លួន[ត្រូវ]ទាំងអស់ ទាំងខ្នងទាំងអីត្រូវទាំងអស់»។

លោក ច័ន្ធថា បន្តថា លោកនឹងដាក់ពាក្យប្ដឹងជុំវិញករណីនេះវាយដំនេះទៅកាន់សមត្ថកិច្ចមូលដ្ឋា​​ន​និងបណ្ដាអង្គការនានា ខណៈលោកធ្លាប់រងការវាយដំជាច្រើនលើករួចមកហើយ និងបានចាត់ទុ​ក​​ករណីវាយដំទាំងអស់នេះគឺជារឿងនយោបាយ។

លោកបន្តថា៖ «អារម្មខ្ញុំវាតក់ស្លុត តែធ្វើឱ្យខ្ញុំនៅតែមានកម្លាំងចិត្តតស៊ូទៅមុខទៀត គឺខ្ញុំអត់បាក់ទឹ​ក​ចិត្តព្រោះខ្ញុំនៅតែបន្តទៅមុខទៀត»។

ស្ថិតក្នុងវ័យប្រមាណ ៤៥ ឆ្នាំ សមាជិកប្រតិបត្តិនៃគណបក្សភ្លើងទៀនរូបនេះ បញ្ជាក់ថា ហេតុ​​ការ​​ណ៍​នេះកើតឡើង កាលពីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៣ នៅចំណុចបុរីអង្គរ ស្ថិតក្នុង​​ខណ្ឌ​​ទួល​​គោល រាជធានីភ្នំពេញ។ប្រភពបញ្ជាក់ទៀតថា ក្នុងពេលកើតហេតុ ប្រសិនបើគ្មានសុខសន្តិបុរី និងពលរដ្ឋធ្វើដំណើរតាមផ្លូវ ជួយ​​អន្តរាគមន៍ទាន់ពេលទេ រូបគេអាច​​នឹងជួបគ្រោះថ្នាក់​​ធ្ងន់ធ្ងរ​​ជាង​​នេះ​​។

ចំណែក អ្នកនាំពាក្យគណបក្សភ្លើងទៀត លោក គឹមសួរ ភិរិទ្ធ មានប្រសាសន៍ថា ក្នុងរយៈពេលត្រឹម២ខែបន្ទា​​ប់ពីសមាជគណបក្សភ្លើងទៀន មានមន្រ្តី និងសកម្មជនគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញចំនួន៦នាក់ហើយដែលរងការវាយដំលើរាងកាយដោយជនមិនស្គាល់មុខ ហើយសមត្ថកិច្ចមិនដែ​​ល​​ស្វែងរកឃើញជនល្មើសមកផ្ដន្ទាទោសបាននៅឡើយទេ។

ក្នុងនាមគណបក្សជំទាស់លោកស្នើឱ្យអាជ្ញាធរត្រូវស្វែងរកជនដៃដល់មកដា​​ក់ទោសតាមច្បាប់ និងការពារសុវត្ថិភាពដល់សកម្មជនគ្រប់គណបក្សនយោបាយដើម្បីឱ្យបរិយា​​​កា​ស នៅមុនការបោះឆ្នោ​​តខាងមុខមានភាពល្អប្រសើរ។

លោកបន្តថា៖«យើងនៅតែទទូចសូមឱ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចដែលមានភារកិច្ចស្វែងរកជនដៃ​​ដល់ហើយនិងការពារសុវត្ថិភាពដល់សកម្មជនគ្រប់គណបក្សនយោបាយមេត្តាពង្រឹងការពារប​​ញ្ហា​នេះកុំឱ្យកើតមាន បន្តបន្ទាប់ទៀតដើម្បីធ្វើម៉េចឱ្យបរិយាកាសនយោបាយមុនការបោះឆ្នោតវាល្អ​​ប្រសើរដើម្បីឱ្យការបោះឆ្នោតមួយសេរីនិងយុត្តិធម៌»។

ឆ្លើយតបរឿងនេះ លោក នីថា ហ្ស៊ី នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ លើកឡើងថាខ្លួននៅមិនទាន់ឃើញជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅឡើយនោះទេ។លោកអះ​​អា​​ង​​ថា ចំពោះសំណុំរឿងនេះសមត្ថកិច្ចនឹងស៊ើបអង្កេតដោ​​យមិនប្រកាន់និន្នាការនយោបាយនោះ​។

លោកបន្តថា៖«បើសិនជាគាត់ឡើងមកដាក់ពាក្យបណ្ដឹងយើងស៊ើបអង្កេតតាមហ្នឹងទៅ។ ចាំមើ​​ល​​ខ្ញុំពិនិត្យមើលកម្លាំងខ្ញុំទៀតក្រែងលោគាត់បានព័ត៌មានផ្ដល់ពីណាមកចឹង»។

បើទោះជាបែបណា លោក អំ​ សំអាត  នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ លីកាដូ សង្កេ​​ត​ឃើ​ញថា រាល់ស​កម្ម​​​​​ជនគណបក្សភ្លើងទៀនដែលរងការវាយដំដោយជនមិនស្គាល់មុខ ចំណាត់កា​​រ​របស់សម្ថកិច្ចក្នុ​​ង​ការស្វែងរកជនបង្កដើម្បីយកមកផ្ដន្ទាទោសហាក់មិនទាន់ឃើញមាននៅឡើយ ហេតុនេះទើបបណ្ដាលឱ្យសកម្មជនទាំងនោះចាត់ទុកថានេះការវាយដំក្រោមហេតុផលនយោបាយ។

លោក សំអាត ជំរុញឱ្យមានការស៊ើបអង្កេតស្វែងរកជនដៃដល់មកផ្ដន្ទាទោសដើម្បីផ្ដល់យុត្តិធម៌ឱ្យ​ជ​​​នរងគ្រោះ និងចៀសវាងការចោទប្រកាន់ថាជាប់ទាក់ទិននឹងរឿងនយោបាយបន្តទៀត។

លោកបន្តថា៖ «អាជ្ញាធរត្រូវចាត់វិធានការដើម្បីស្វែងរកជនដៃដល់យកទៅអនុវត្តតាមផ្លូវច្បាប់។ ទី១ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ទី២ គឺការទប់ស្កាត់កុំឱ្យមានអំពើហិង្សាតទៅទៀត។ ទី៣ កុំ​ឱ្យមានការចោទប្រកាន់ថាមានការើសអើងនិន្នាការនយោបាយ ឬក៏វាទាក់ទងរឿងនយោបាយ»

គេសង្កេតឃើញថា រូបភាពនៃអំពើហិង្សានេះច្រើនកើតឡើងចំពោះអ្នកគាំទ្រ និងសកម្មជនន​​យោ​​បា​​​យគណ​​​បក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយ។ប៉ុន្តែសកម្មភាពដូចគ្នានេះ បានកើត​​ឡើង​​ជាថ្មីទៀត មកលើអ្នកគាំទ្រ គណបក្សភ្លើងទៀនវិញម្តង ជាពិសេសនៅមុនការបោះ​​ឆ្នោត​​ជ្រើ​​ស​​​តាំងតំណាងរាស្រ្តនីតិកាលទី៧មកដល់។

អង្គការផ្នែកការពារសិទ្ធិមនុស្ស លីកាដូ បានចេញ​​របា​​យ​​ការណ៍របស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ​​​២០​២​៣ បង្ហាញថាមន្រ្តីសំខាន់ៗមួយចំនួន ដែលជា​​ក្បា​​ល​​ម៉ា​​​​ស៊ីនដឹកនាំ​​របស់គណបក្សភ្លើ​ងទៀន ត្រូ​​វរ​ង​​ការយាយីខាងនយោបាយ មិនចប់មិនហើយ។បញ្ហានេះ គេនៅមិនទាន់គិតដល់ សកម្មជន​​នៅ​​​តា​ម​​មូលដ្ឋាន និងអ្នកគាំទ្រដៃទៀតដែលរងនូវអំបើហិង្សា និងសម្លុតគំរាមកំហែងនៅឡើយផង។

របាយការណ៍អង្គការ លីកាដូ ដដែលបង្ហាញទៀតថា លោក សុន ឆ័យ ដែលជាអនុ​​ប្រធា​​ន​​គណ​​បក្ស ត្រូវបានតុលាការកាត់ឱ្យមានទោស តាមបណ្តឹង​​របស់​​គណបក្សប្រជាជនកម្ពុជា និងស្ថាប័ន​ជា​​​តិរៀប​​ចំការបោះឆ្នោត ព្រោះតែលោ​​កហ៊ាន​​រិះគន់​​ពីដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ មា​​នភាពមិនប្រក្រតីមួយចំនួនបានកើតឡើង។ក្នុងពេលតែមួយ សហការីម្នាក់ទៀតរបស់លោក គឺ​​លោ​ក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្សដែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ កាល​​ពី​​ខែ មករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងសំណុំរឿងកាលពីមួយឆ្នាំមុន ក្រោមហេតុ​​ផលចេញ​​សែក​​ក្លែង​​ក្លា​យ​​។ លើសពីនេះទៀត អង្គការ លីកាដូ ឱ្យដឹងទៀតថា នៅក្នុងខែ មករា ដដែលមន្រ្តីចាស់វស្សា​​មួយ​​រូប​​ទៀ​​​ត គឺលោក គង់ គាំ ត្រូវបង្ខំចិត្តប្រគល់ដី និងផ្ទះនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ​​មនទៅ​រដ្ឋា​ភិបាលវិញ នៅពេលរងបណ្តឹង​​ពីគណ​​បក្សប្រ​​ជា​​​​​ជនកម្ពុជា តែក្រោយមកបណ្តឹងនោះត្រូវដកវិញ ប​​ន្ទា​​ប់ពីរូបលោកគ្មាន​​ជម្រើសដែលត្រូ​​វដើរ​​ចេ​​ញ​​​ពី​គណបក្សជំទាស់មួយនេះ៕