សហគមន៍ជនជាតិដើមភាគតិចកួយ និងសកម្មជនបរិស្ថានចោទប្រកាន់ថាមន្រ្តីឧទ្យានុរក្សខេត្តព្រះ​​​វិហារបានរារាំង និងបន្តរឹតត្បិតពួកគេមិនឱ្យចុះល្បាតព្រៃ ខណៈពួកគេបារម្ភពីការបាត់បង់ព្រៃឈើ​នៅដែនជម្រកសត្វព្រៃព្រះរកាដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។      

តំណាងសហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារលោក ងន់ ហ៊ីម បានឱ្យដឹងថាកាលពីថ្ងៃទី២១ ខែមេសា កន្លងទៅមន្រ្តីឧទ្យានុរក្សបានរារាំងសហគមន៍ និងសកម្មជ​នបរិស្ថានចំនួន ១​​៥ នាក់មិនឱ្យចុះល្បាតព្រៃ នៅត្រង់ចំណុចអូរតាមាក់ក្នុងដែនជម្រកសត្វព្រៃព្រះរកា។

លោកបន្តថាមន្រ្តីឧទ្យានុរក្សទាំងនោះ បានព្យាយាមហាមឃាត់ និងបិទសកម្មភាពសហគមន៍ រួម​ទាំងសកម្មជនបរិស្ថានផងស្ទើរគ្រប់មធ្យោបាយ។ប្រភពដដែលចោទប្រកាន់ថា ការធ្វើដូចនេះ រប​ស់​​​​​​មន្រ្តី​​ឧ​​ទ្យា​​​​​​នុរក្ស គឺជាការការពារ និងកាងផលប្រយោជន៍​​សម្រាប់អ្នកប្រព្រឹត្តបទ​ល្មើសជា​ជាង​​អ​ភិ​​រក្សព្រៃឈើ ជា​ពិ​​សេ​​ស​​នេះ​​ជា​​កា​រជួយការពារអ្នកកាប់បំផ្លាញព្រៃឈើទៅវិញទេ។

 លោកបន្តថា៖«សម្រាប់ខ្ញុំគិតថាដូចជាពួកគាត់ហ្នឹង(មន្រីឧទ្យានុរក្ស)ព្យាយាមការពារបទល្មើសមិនមែនជាអ្នកការពារព្រៃឈើទេ។មន្រ្តីបរិស្ថានក៏ដូចជាមន្រ្តីឧទ្យានុរក្សគាត់អត់មានឆន្ទៈធ្វើកិច្ចការងារហ្នឹងឱ្យល្អប្រសើរ ឬការពារព្រៃហ្នឹងឱ្យបានគង់វង្សសោះ»។

បើតាមតំណាងសហគមន៍ជនជាតិដើមភាគតិចកួយរូបនេះ ការល្បាតរបស់សហគមន៍ គឺធ្វើ​​ឡើ​ង​​ក្នុ​ងបំណងដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិមិនឱ្យបាត់បង់តែប៉ុណ្ណោះ។តែផ្ទុយ​​ទៅ​​វិញ សកម្មភាពរបស់អ្នកជួយឈឺឆ្អាលរឿងបរិស្ថាន និងព្រៃឈើ បែរជាត្រូវរងការ​​ចោទប្រកាន់ និ​ង​ទប់ស្កាត់ទៅវិញ។

ច្បាប់ស្តីពីព្រៃឈើមាត្រា ៤០ ចែងថាចំពោះសហគមន៍មូលដ្ឋានរស់នៅក្នុង ឬក្បែរដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ រដ្ឋត្រូវទទួលស្គាល់ និងធានាសិទ្ឋិប្រើប្រាស់ជាប្រពៃណីរបស់សហគមន៍មូលដ្ឋាននោះសម្រាប់គោលបំណងទំនៀមទំលាប់ ជំនឿ សាសនា និងការរស់នៅដូចមានចែងក្នុងមាត្រានេះ​​។ សិទ្ធិប្រើប្រាស់ជាប្រពៃណីលើផល និងអនុផលព្រៃឈើដោយសហគមន៍មូលដ្ឋានមិនតម្រូវឱ្យមានលិខិតអនុញ្ញាតប្រមូលផលឡើយ។

មិនខុសគ្នានេះដែរ សហគមន៍ជនជាតិដើមភាគតិចកួយម្នាក់ទៀតគឺលោក ខាន់ ភារិទ្ធិម៉ាស៊ី  ចោ​​ទ​ប្រកាន់ថាការរារាំងរបស់មន្រ្តីឧទ្យា​នុរក្សមកលើសហគមន៍ និងសកម្មជនបរិស្ថាននេះ វាជាការរំលោភសិទ្ធិពលរដ្ឋ និងកំពុងចូលរួមការពារបទល្មើសព្រៃឈើទៅវិញទេ។

បើតាមលោក ខាន់ ភារិទ្ធិម៉ាស៊ី លើកឡើងការទប់ស្កាត់មិនឱ្យសហគមន៍ចុះល្បាត ដើម្បីត្រួតពិ​​និ​ត្យ​​បទល្មើសព្រៃឈើនេះ វាហាក់ជាមន្ទិលសង្ស័យទៅវិញថា មន្រ្តីឧទ្យានុរក្សទាំងនោះ ទំនងមាន​​ជា​​ប់​​ទាក់ទិននឹងផលប្រយោជន៍ ទើបប្រឹងការពារ និងរារាំងមិនឱ្យមានកា​​រត្រួតពិនិត្យត្រង់​​តំបន់​​គោ​​​​​លដៅ ដែលមានការកាប់បំផ្លាញ់ព្រៃឈើបែបនេះ។

លោកបន្តថា«ខ្ញុំគិតថាការរារាំងរបស់គាត់(មន្រ្តីឧទ្យានុរក្ស)ប្រហែលជាគាត់មិនចង់ឱ្យយើងឃើញបទល្មើសច្រើន។ […] គេដេញពួកខ្ញុំចេញពីព្រៃហើយខ្ញុំក៏បានសួរទៅគាត់ដែរថាម៉េចបានជាដេញអ៊ីចឹង!។ ប៉ុន្តែគេ(មន្រ្តីឧទ្យានុរក្ស)ថាខុសច្បាប់»។

ចំណែក សកម្មជនបរិស្ថានលោក ម៉ា ចិត្រា ដែលត្រូវបានមន្រ្តីឧទ្យានុរក្សហាមឃាត់ដែរនោះលើកឡើងថាមន្រ្តីបរិស្ថានគួរតែបើកចិត្តឱ្យទូលាយ និងផ្តល់ឱកាសឱ្យសហគមន៍ព្រមទាំងសកម្មជនកា​​រ​​ពារបរិស្ថាន អាចចួលរួមចុះល្បាតឡើងវិញដើម្បីធានាបានថាព្រៃឈើនៅកម្ពុជាមិនបាត់បង់ប​​ន្តទៀ​តទៅ ជាពិសេសកុំព្យាយាមបិទសិទ្ធិពលរដ្ឋ និងសហគមន៍បែបនេះទៀត។

លោកបន្តថា«ក្រសួងបរិស្ថានឬមន្រ្តីឧទ្យានុរក្សគួរតែឬត្រូវតែបើកឳកាសឱ្យប្រជាពលរដ្ឋក៏ដូចជាសកម្មជនបរិស្ថានហ្នឹងចូលរួមក្នុងការពារកុំបិទសិទ្ធិ។កាលណាដែលមានវត្តមានសហគមន៍ឬក៏យុវជនទៅចូលរួមការពារ យ៉ាងហោចណាស់ក៏បានចូលរួមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើហ្នឹងបានច្រើនដែរ ហើយមន្រ្តីឧទ្យានុរក្សខ្លួនឯងដឹងច្បាស់ណាស់នៅពេលមានវត្តមានសហគមន៍ចុះទៅហ្នឹងជនល្មើសអត់ហ៊ានកាប់បំផ្លាញព្រៃឈើនោះទេ»។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារលោក ស៊ុង ចន្ទសុជាតិ បដិ​​​សេធ​​ចំពោះការចោទប្រ​​កាន់​​នេះ​​ដោ​​យ​​អះអាងថាវាមិនមានសកម្មភាព នៃការរារាំង និងហាមឃាត់ក្នុងការចុះល្បាតនេះទេ។លោកប​​ញ្ជា​​​​​ក់ថាមន្រ្តីបរិស្ថានតែងបើកសិទ្ធិ​ និងចង់ចូ​ល​រួមសហការជាមួយសហគមន៍ជានិច្ច ក្នុងន័យ​ដើ​​ម្បី​​​​ចូលរួមទប់ស្កាត់បទល្មើស សំខាន់ឱ្យតែសហគមន៍ផ្តល់កិច្ចសហការជាមួយមន្រ្តីឧទ្យានុរក្ស។

លោកបន្តថា៖«ការចូលល្បាតព្រៃរបស់សហគមន៍យើងមិនដែលឃាត់ទេ ជាក់ស្តែងពីខែបីថ្ងៃទី២​​០​​ជា​ងនេះគាត់ចូលទៅបំបួសព្រៃឈើនៅក្នុងព្រៃព្រះរកា យើមិនបានឃាត់ឃាំងគាត់ណា៎»។

លោកបន្ថែមថា«សំខាន់ឱ្យតែសហគមន៍ផ្តល់កិច្ចសហការជាមួយយើងល្អទៅ យើងចាត់បញ្ជូនមន្រ្តីយើងចូលរួមការងារជាមួយគាត់»។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា មិនអាចសុំការអត្ថាធិប្បាយរឿងនេះបានភ្លាមៗទេ ដោយទូរស័ទ្ទចូលជាច្រើនដង តែគ្មានអ្នកទទួលនៅថ្ងៃនេះ។

បើទោះបែបណា ក្រសួងបរិស្ថាន កាលពីខែ កញ្ញា ឆ្នាំ២០២១ បានចេញផ្សាយ​​របាយ​​កា​​រណ៍​រប​​ស់​​ខ្លួ​​ន ដោយអះអាងថា គម្រប់ព្រៃឈើកម្ពុជានៅសេសសល់ប្រមាណ ៤៧ភាគរយ គិតត្រឹម​​ឆ្នាំ២​​០​​១​​​​៨។ក៏ប៉ុន្តែការរកឃើញនេះ ត្រូវរង់ការសើចចម្អកពីក្រុមអ្នកការពារបរិស្ថាន មកពីអង្គការមិន​​មែន​​រ​ដ្ឋា​​​​ភិបាលទៅវិញ។ពួកគេស្នើឱ្យក្រសួងបរិស្ថាន គួរមានតម្លាភាព និងហ៊ានបង្ហាញ​​ពីស្ថាន​​ភាព​​ព្រៃ​​ឈើ នៅតំបន់ណាខ្លះ ដែលនៅសេសសល់ និងតំបន់ណាខ្លះទៀត ដែលកំពុងតែសឹ​ករេចរឹល​​នោះ​​ឱ្យបានច្បាស់ជាងនេះ ព្រោះអ្វីដែលក្រសួងបរិស្ថាន ចេញផ្សាយនេះ វានៅមិនទាន់មាន​​ភាព​​ច្បាស់​​លាស់ និងប្រាកដនិយមនៅឡើយទេ។

យ៉ាងណា សម្រាប់អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុ​ណា យល់ឃើញថាមន្រ្តីបរិស្ថានល្មមបញ្ឈប់ការរារាំង និងហាមឃាត់សហគមន៍ រួមទាំងសកម្មជ​ន​​ប​រិស្ថានបន្តទៀត។លោកបន្តថាទាំងនោះ ធ្វើកិច្ចការគ្រាន់តែដើម្បីចង់ចូលរួមចំណែកការពារធ​​នធានធម្មជាតិមិនឱ្យបា​ត់​បង់តែប៉ុណ្ណោះ។លើសពីនេះទៅទៀត លោកចាត់ទុកថា មានតែមន្រ្តីប​​រិ​​ស្ថានទៅវិញទេ ដែលគួរតែមានវិធានការទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធិ ជាជាងមករារាំងសកម្ម​​ភា​​​ព​សហគមន៍ និងសកម្មជនមិនឱ្យចុះល្បាតបែបនេះ។

លោកបន្តថា«បញ្ហាទាំងអស់នេះយើងឃើញថាប្រសិនជាខាងមន្រ្តីឧទ្យានុរក្សធ្វើសកម្មភាពទប់ស្កាត់បទល្មើសនិងមានវិធានការទៅលើជនប្រព្រឹត្តិបទល្មើសដែលបំផ្លិតបំផ្លាញព្រៃឈើនោះជារឿងល្អប្រសើរជាងមករារាំងសហគមន៍។ផ្ទុយទៅវិញបែរជាមន្រ្តីឧទ្យានុរក្សមកធ្វើការរារាំង ហាមឃាត់អ្នកដែលចុះល្បាតនិងចុះស្រាវជ្រាវពីបទល្មើសព្រៃឈើទៅវិញជារឿងមិនសមរម្យសោះ»។

រដ្ឋាភិបាលបានដាក់បញ្ចូលព្រៃព្រះរការដែលមានទំហំជិត១០ម៉ឺនហិកតា ជាតំបន់ដែនជម្រកសត្វព្រៃ កាលពីឆ្នាំ២០១៦។ ព្រៃអភិរក្សមួយនេះ គ្របដណ្ដប់លើភូមិសាស្ត្រប្រជុំស្រុកចំនួន៣ រួមមាន ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ៕