ក្រុមយុវជនស្រឡាញ់បរិស្ថានដែលមានគ្នាប្រមាណ ៣០នាក់ បានប្រមូលផ្តុំគ្នាដាក់ញត្តិជាថ្មី​​ទៀ​​ត​ ដោយស្នើ​​​​ឱ្យក្រ​​សួ​ង​​យុត្តិធម៌ អន្តរាគមន៍ និងជំរុញឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យឡើងវិញ ទៅ​​លើសំ​​ណុំ​​រឿង​​​​អ្នក​​ការពា​​​រ​​ប​​​រិ​ស្ថា​​ន​​ដ៏​​ល្បីល្បាញ ដែ​ល​​ត្រូ​វ​​​បានគេបាញ់សម្លាប់ កាលពី១១ឆ្នាំមុន នៅ​​ស្រុកថ្មបាំង ខេត្ត​​កោះ​​កុ​​ង​​។

តំណាងក្រុមយុវជនស្រឡាញ់បរិស្ថាន កញ្ញា ហេង គឹមសួ ឱ្យដឹងថា មូលហេតុដែលក្រុមយុវជន ស​​ម្រេចចិត្តដាក់ញត្តិជាថ្មីទៀត នៅឆ្នាំនេះ ដោយសារសង្កេតឃើញយុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី នៅមិនទាន់មាននៅឡើយ។ ប្រភពដដែល​បន្តថា ហេតុនេះទើបក្រុមយុវជនដែលមាន​​ភក្តីភាព​​ចំពោះ​​កា​​រ​លះ​​បង់របស់ អ្នកការពារបរិស្ថានរូបនេះ នឹងនៅតែបន្តទាមទារឱ្យក្រសួងយុត្តិធម៌ ជួយ​​ព​​ន្លឿន​​នី​​តិ​​វិ​​ធី និងបើកការស៊ើប​​ឡើងវិញ ដើម្បីប្រាកដថាលោក ឈុត វុទ្ធី នឹងទទួលបាន​​យុត្តិធម៌ដោយ​​ពិត​​​ប្រាក​​​ដ​។ 

កញ្ញាបន្តថា«ក្នុងញត្តិហ្នឹង ពួកយើងចង់ទាមទារឱ្យក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌​ឱ្យលោក ឈុត វុទ្ធី ដោយសារតែឃើញថាកង្វះយុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី នៅមានកម្រិតនៅឡើយ។ខ្ញុំឃើ​ញ​ថាយុត្តិធម៌សម្រាប់លោក ឈុត វុទ្ធី គឺនៅមិនទាន់មានពិតប្រាកដទេ»។

បន្ថែមពីលើនេះ កញ្ញា ហេង គឹមសួ អះអាងថា រូបគាត់​ចង់ដើរតាមលំអានលោក ឈុត វុទ្ធី ព្រោះអ្វី​​ដែល​​អ្នកការពារបរិស្ថានរូបនោះ​លះបង់ គឺពិតជាវីរៈភាព ដែលមិន​អាច​កាត់​ថ្លៃ​បាន។ ជាង​នេះ​ទៅ​ទៀត ក្នុងនាមជាអ្នកជំនាន់ក្រោយ ក៏នឹងបន្តស្មារតីនេះ ហើយចង់ឱ្យមាន ឈុត វុទ្ធី ច្រើននាក់ទៀតរួម​​​ទាំ​ងរូបគេផងដែរ ដើម្បីរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិ ដែលនៅសេស​​សល់​​ចុ​ង​ក្រោយដែរ។

កញ្ញាបន្តថា៖ «ខ្ញុំក៏ចង់ធ្វើជា ឈុត វុទ្ធី ទី២ដែលអាចលះបង់សម្រាប់សង្គមមួយនេះដែរដោយសារ​តែខ្ញុំរស់នៅទឹកដីកម្ពុជា ហើយខ្ញុំក៏ចង់លះបង់សម្រាប់កម្ពុជាដូចជាគាត់ដែរ»។

ក្រុមយុវជន និងអ្នកស្រឡាញ់បរិស្ថាន ដែលមានគ្នាប្រមាណ ៣០​នាក់ កាល​ពី​ថ្ងៃទី​២៦ ខែ​មេសា បា​​​​នប្រារព្វខួប១១ឆ្នាំ នៃឃាតកម្មទៅលើលោក ឈុត វុទ្ធី។ ការរំលឹកខួបជាថ្មីទៀតនេះ ពួក​គេ​បាន​​​ហែ​​​​ជាក្បួន ចេញពីសួនច្បារមុខវត្តបទុមវតី ឆ្ពោះទៅក្រសួងយុត្តិធម៌ ក្នុងបំណងដើម្បី​​ដាក់​ញត្តិ។ ​ម្នាក់​​ៗ​ ក្នុង​​ចំណោមពួកគេ មានពាក់ស្រោមមុខដែលមានរូបលោក ឈុត វុទ្ធី អមដោយ​ស្លឹក​​ឈើ និងមានកាន់ប​​ដាដែល​​មាន​ខ្លឹមសារ និងអត្ថន័យថា យុត្តិធម៌ត្រូវតែមានចំពោះរូបលោក ឈុត វុទ្ធី​​ ជា​ដើម។

ប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនព្រៃឈើដ៏ឆ្នើមលោក ឈុត វុទ្ធី ត្រូវបាន​​ម​ន្រ្តី​​​កងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា ដែលស៊ីឈ្នួលឱ្យក្រុមហ៊ុន ធីមបើហ្រ្គីន(Timber Gree​​n​)​ បាញ់សម្លាប់កាលពីចុងខែ​មេសា ឆ្នាំ២០១២។ សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​មួយ​នេះ ត្រូវបាន​​តុលាកា​​រ​​ខេត្តកោះកុង បិទបញ្ចប់ដោយធ្វើសេចក្តីសន្និដ្ឋានថា អ្នកការពារបរិស្ថានដ៏ល្បីល្បាញរូបនេះ ត្រូ​វ​រង​ការបាញ់ប្រហារពីមន្រ្តីកងរាជអាវុធហត្ថ ដែលឈរជើងការពារឱ្យក្រុមហ៊ុនមួយនេះ ហើយ​​ក្រោ​​យ​មកជនបង្ក ក៏បានបាញ់​​សម្លាប់​ខ្លួន​​ឯង​​តា​ម​ក្រោយដែរ។

ចាប់តាំងពីសំណុំរឿងនេះ បានបិទបញ្ចប់ទៅ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ហើយចុងក្រោយ​​នេះ​ ក្រុមយុវជនដែលស្រឡាញ់បរិស្ថាន តែងតស៊ូមតិជានិច្ច ដោយទាមទារឱ្យស្ថាប័នពាក់ព័ន្ធ​​រប​​ស់​​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេតដោយ​ឯករាជ្យ​​ឡើង​​វិញ។ ​​ពួ​​ក​​​គេ​យល់ឃើញថា ការបិទបញ្ចប់​​ទៅ​​ដោយធ្វើ​​សេចក្តី​​សន្និដ្ឋានបែបនេះ វាហាក់នៅ​​មានមន្ទិល​​ស​​ង្ស័​យ​ជាច្រើនចំណុចបន្ថែមទៀត។

ក្រោយហេតុការណ៍កើតឡើង ម្ចាស់ជំនួយរបស់អង្គការ​​ការពារធនធានធម្មជាតិ បានបង្ហាញ​​ពី​​រ​បា​​យ​​​ការណ៍ស៊ើបអង្កេតរបស់ខ្លួនមួយ ដោយរកឃើញថា ក្រុមហ៊ុន ធីមបើហ្រ្គីន នេះជាកម្មសិទ្ធិ​​រប​ស់​​​​​លោក ឧកញ៉ា ទ្រី ភាព ដែលជាមនុស្សស្និទរបស់រដ្ឋាភិបាល។ តម្រុយដែលប្រមូល​​បានរក​​ឃើ​​ញ​​​​​ថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី នេះគឺជាការបិទបាំងព័ត៌មាន ដែលអ្នកការពារ​​ព្រៃឈើ​​រូប​​នេះ រួមទាំងអ្នកការសែត២រូបទៀត ថតបានពីរូបភាពនៃការធ្វើអាជីវកម្ម​​វល្លិ៍រមៀត ដើម្បី​​ចម្រា​ញ់ឱ្យទៅជាសារធាតុម្យ៉ាងដែលអាចផ្សំជាថ្នាំ អមហ្វេតាមីន ឬជាសារធាតុញៀន។

ដោយឡែក កញ្ញា ឡុង គន្ធា ដែលបានចូលរួមដាក់ញត្តិសម្រាប់ខួប ១១ឆ្នាំ នៅឆ្នាំនេះដែរ បានបង្ហា​​ញសោកស្តាយចំពោះការបាត់បង់វីរៈបុរសការពារព្រៃឈើដែលហ៊ានលះបង់រហូតដល់អាយុជីវិតដើម្បីការពារសម្បត្តិធម្មជាតិ។ កញ្ញា​បន្ថែមថា ការលះបង់របស់លោក ឈុត វុទ្ធី នេះពិតជាធ្វើឱ្យយុវជ​​ន​កាន់តែស្រ​ឡា​​ញ់បរិស្ថានជាងនេះបន្ថែមទៀត ហើយវីរភាពមួយនេះបានកប់ជ្រៅនៅក្នុងអា​​​​រម្មណ៍រប​ស់យុវជន។

កញ្ញាបន្តថា៖​ «ការបាត់បង់រូបលោក[ឈុត វុទ្ធី] វាជារឿងមួយដែលគួរឱ្យសោកស្តាយ ហើយទោះជារូប​លោក​ស្លាប់​បាត់បង់ជីវិតហើយក្តី ប៉ុន្តែវីរភាពរបស់រូបលោក គឺនៅតែស្ថិតក្នុងក្រអៅបេះដូងរបស់យុវជនខ្មែរគ្រប់ៗគ្នា។ យើងនៅតែបន្តជំរុញឱ្យស្វែងរកយុត្តិធម៌ចំពោះរូបលោក[ឈុត វុទ្ធី] បន្ត​ទៀត»។

មិនខុសគ្នាទេ សម្រាប់យុវជន ហៀម ផេត លើកឡើងថា ចាប់តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ រហូ​​​​តមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ នៃឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី ប៉ុ​​ន្តែ​​​​យុត្តិធម៌នៅ​ទាន់មាននៅឡើយសម្រាប់គ្រួសាររបស់លោក។ ប្រភពបន្ថែមថា ដើម្បីឱ្យគ្រួសារ​លោ​​​កអាចទ​​ទួ​ល​​យកបាន ក្រសួងពាក់ព័ន្ធត្រូវតែជួយរកយុត្តិធម៌ជូនពួកគេ ដើម្បីឱ្យពួកគាត់បានស្ងប់ចិត្ត។

លោកបន្តថា«អស់រយៈពេលរហូតដល់ ១១​ឆ្នាំ យូរមែនទែន ហើយនៅតែមិនទាន់មានភាពយុត្តិ​​ធម៌សម្រាប់គាត់ និងគ្រួសាររបស់គាត់ ចង់ឱ្យខាងក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌ជូនរូបគាត់និងក្រុមគ្រួសារគាត់ហ្នឹងឱ្យទទួលបានយុត្តិធម៌។ សូមឱ្យភាគីពាក់ព័ន្ធហ្នឹង ពន្លឿន​ការស៊ើបអង្កេតឡើងវិញ​ករណីឃាតកម្មរបស់លោក ឈុត វុទ្ធី ហ្នឹង ឱ្យជួយធ្វើការស៊ើបអង្កេតឡើងវិញដើម្បីជួយវែកមុខរកជនល្មើសដែលបានធ្វើឃាត[បាញ់សម្លាប់]គាត់​ហ្នឹង»។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន លើកឡើងថា ករណីឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី នេះតុលាការខេត្តកោះកុងបានសម្រេចបិទបញ្ចប់សំណុំរឿងរួច​​រាល់​អស់​​ហើយ។

បើតាមលោក ជិន ម៉ាលីន ប្រសិនបើក្រុមយុវជនទាំងនោះ មានភស្តុតាងបន្ថែមជុំវិញ​រឿងឃាតកម្ម​ទៅលើលោក​ ឈុត វុទ្ធី នេះក្រសួងយុត្តិធម៌ មិនបដិសេធក្នុងការអនុវត្តនីតិវិធីបន្តទេ ប៉ុន្តែ​ស្នើឱ្យពួកគេផ្តល់​​ត​ម្រុ​យថ្មីណាមួយ ដែលរកឃើញថាសំណុំ​​រឿង​​មួ​យ​​នេះ នៅ​មាន​ចំណែក​ដែល​ត្រូវ​​​បើក​ការ​​ស៊ើប​អ​​ង្កេ​​តបន្ថែមទៀតដែរ។

លោកបន្តថា«ករណីលោកឈុត វុទ្ធី នេះគឺសំណុំរឿងបានបិទបញ្ចប់រួចទៅហើយ ការស៊ើបអង្កេត ដំណើរការនិតីវិធីការផ្តន្ទាទោសជនដៃដល់ និង​អ្នកពាក់ព័ន្ធហ្នឹង គឺបានបិទបញ្ចប់រួចអស់ហើយ។ ប្រ​​សិនបើគាត់[ក្រុមយុវជន]មិនអាចទទួលយកការសម្រេចសេចក្តីហ្នឹងបាន ដោយ​គាត់គិតថាមានជនជនដៃដល់អ្នកពាក់ព័ន្ធផ្សេងទៀត សូមឱ្យគាត់ចូលរួមសហការ និងផ្តល់សក្ខីកម្មមូល​ដ្ឋាន​រឹងម៉ាំ បង្ហាញភស្តុតាងផ្ទុយ​ថាការសម្រេចរបស់តុលាការហ្នឹងមិនត្រឹមត្រូវ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំ​​អាត យល់ឃើញថា ទាំងស្ថាប័នមិនមែនរដ្ឋាភិបាល រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត នៅតែមិន​​អ​ស់​​​​​ចិត្ត ចំពោះការបិទបញ្ចប់ទៅ នៃសំណុំរឿងដ៏ចម្រូង​ចម្រាស់​មួយ​​​នេះ។ ក្នុងនាមជាអ្នក​​ការពារ​សិ​​ទ្ធិ​​​​​​​មនុ​​ស្ស លោកស្នើឱ្យស្ថាប័នជំនាញ ជាពិសេសក្រសួងយុត្តិធម៌ ត្រូវ​បើកការស៊ើប​​អ​​ង្កេ​​ត ដោ​យ​ឯករាជ្យឡើងវិញ ដើម្បីប្រាកដថា ជនបង្ក និងអ្នកបញ្ជានៅពីក្រោយខ្នងត្រូ​​វបានអនុវត្ត​​ទោ​ស​ដោយពិតប្រាកដ។

លោកបន្តថា«យើងឃើញថា មានមន្ទិលសង្ស័យជាច្រើនទាក់ទងសំណុំរឿងលោកឈុត វុទ្ធី  ដូច្នេះអង្គការសង្គមស៊ីវិលយើងនៅតែទទូចឱ្យបើកការស៊ើបអង្កេតឡើងវិញ ដើម្បីស្វែររកយុត្តិធម៌ជូនលោក ឈុត វុទ្ធី»។

ស្របពេលមានការទាមទារមិនចប់មិនហើយ និងជំរុញឱ្យមានការស៊ើបអង្កេតឡើងវិញ ចំពោះ​ការ​​បិទបញ្ចប់ទៅដោយមិនស្ងប់ចិត្ត ពីអង្គការ-សមាគមនោះ​ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលឆ្នាំ២០​​១​​៩ បានបង្ហាញពីដំណើរការ​ក្ដីដែលចេញដោយតុលាការខេត្តកោះកុង រកឃើញថា កាលពីខែតុ​លា ឆ្នាំ២០១២ សាលាដំបូងខេ​ត្ត​នេះ បានបិទសំណុំរឿងនេះត្រឹមសម្អាងហេតុថាលោក ឈុត វុទ្ធី ត្រូ​វ​បានសម្លាប់ដោយទាស់ពា​ក្យ​សម្តីគ្នាជាមួយមន្ត្រីកងរាជអាវុធហត្ថ និងសន្តិសុខដែលស៊ីឈ្នួលឱ្យ​ក្រុមហ៊ុន ធីមបើហ្រ្គីន ក្នុងពេលដែលពួកគេទា​មទារឱ្យ​​លោក ឈុត វុទ្ធី ប្រគល់កាមេរ៉ាដែលមានផ្ទុ​​ករូបភាព នៃទីតាំងក្រុមហ៊ុន។ បើទោះបែបណា ច្រើនឆ្នាំមកនេះ ការទាមទាររបស់ស្ថាប័នក្រៅរដ្ឋាភិបាលទាំងនោះ មិនត្រូវ​​បាន​ធ្វើ​​​​​​ឡើងដោយភ្នាក់ងាររដ្ឋទេ ផ្ទុយទៅវិញទាំងមន្រ្តីនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួង​​យុត្តិ​​ធ​ម៌ អះអាងដូចៗគ្នាថា សំណុំរឿងព្រហ្មទណ្ឌនេះ ត្រូវបានបិទបញ្ចប់​​រួចរាល់​​អស់​​ហើ​​យ ដោ​​​យ​សា​​ល​​ក្រុមតុលាការខេត្តកោះកុង៕