សហគមន៍ដូនឪចំនួន ៦០នាក់ តំណាងឱ្យ ១០១គ្រួសារ ក្នុងខណ្ឌដង្កោ ដែលបារម្ភពីការបណ្ដេញចេញដោយបង្ខំ បានដាក់ញត្តិកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដោយស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយពន្លឿននីតិវីធីក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេឱ្យបានឆាប់ ប្រយោជន៍ដើម្បីមានភាពរឹងម៉ាំតាមផ្លូវច្បាប់។
អ្នកស្រី សុក ប៊ុនណា អាយុ៥៧ឆ្នាំ រស់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ និយាយថា អ្នកស្រីរស់នៅទីនោះជាង ២៣ឆ្នាំហើយ ប៉ុន្តែអាជ្ញាធរពុំព្រមធ្វើប្លង់កម្មសិទ្ធិឱ្យនោះទេ។ អ្នកស្រី និងអ្នកភូមិផ្សេងទៀតដែលរស់នៅក្នុងសហគមន៍ដូនឪនៃភូមិជើងឯកនេះ ត្រូវការប្លង់កម្មសិទ្ធិដែលបញ្ជាក់ដោយអាជ្ញាធរសង្កាត់ឱ្យបានឆាប់។
ប្រភពដដែលបានបង្ហាញក្ដីបារម្ភពីការបណ្ដេញចេញអ្នកភូមិដោយបង្ខំនៅថ្ងៃណាមួយ ស្របពេលដែលក្រុមហ៊ុនឯកជនមួយចំនួន កំពុងតែបន្តចាក់ដីលុបបឹងជើងឯកកាន់ខិតជិតមកកាន់ផ្ទះរបស់ពួកគាត់ណាស់ទៅហើយ។ ផ្ទុយទៅវិញ អ្នកស្រីថា អាជ្ញាធរមូលដ្ឋាន មិនបានអើពើនឹងកង្វល់របស់ពលរដ្ឋ បែរជាបានណែនាំប្រជាពលរដ្ឋកុំឱ្យសាងសង់អ្វីបន្តទៀតទៅវិញ។
បើតាមអ្នកស្រី សុក ប៊ុនណា មូលហេតុចម្បងដែលពលរដ្ឋចង់បានប្លង់កម្មសិទ្ធិនេះ គឺដើម្បីឱ្យមានភាពរឹងម៉ាំតាមផ្លូវច្បាប់ និងងាយទទួលបានប្រាក់កម្ចីពីធនាគារដែរ ដើម្បីយកដើមមកធ្វើទុនរកស៊ី នៅបន្ទាប់ពីបឹងជើងឯកដែលអ្នកភូមិដាំត្រកួន និងកញ្ឆែតលក់រាល់ថ្ងៃនេះ ត្រូវបានក្រុមហ៊ុនចាក់ដីស្ទើរតែលុបផ្ទៃបឹងទាំងមូលទៅហើយ។
អ្នកស្រីបន្តថា៖«បានប្លង់ទៅខ្ញុំបានទៅខ្ចីលុយពីធនាគារមក ខ្ញុំអាចប្រកបរបរតទៅមុខទៀត ព្រោះអីមុខរបរខ្ញុំនេះបាត់បង់អស់ហើយ នៅដាំ តែដាំបានតិច»។
មិនខុសគ្នាទេ អ្នកស្រី លីម ឈុនអេង វ័យ ៥១ឆ្នាំ ក៏និយាយដែរថា នៅពេលដែលក្រុមហ៊ុនទទួលបានដីនៅបឹងជើងឯក ពួកគេបានចាក់លុបបឹងជាបន្តបន្ទាប់ នាំឱ្យទឹកជន់លិចផ្ទះរបស់អ្នកស្រីនៅពេលរដូវភ្លៀងចូលមក ហើយអ្នកស្រីក៏មិនខុសពីអ្នកភូមិផ្សេងទៀតដែរ គឺចង់បានប្លង់កម្មសិទ្ធិដើម្បីខ្ចីប្រាក់ពីធនាគារសម្រាប់សាងសង់ផ្ទះកុំឱ្យលិចទឹក។
អ្នកស្រីបន្តថា៖«ខ្ញុំចង់បានប្លង់ ព្រោះថាវាមានការលំបាកច្រើន ទី១ ដល់ពេលខែវស្សាទឹកលិចហើយវាប៉ះពាល់ដល់ក្មេង ខ្លាចក្មេងលង់ទឹក ខ្លាចខ្សែភ្លើងវាឆក់អី»។
ក្រុមអ្នកតវ៉ាបានលើកឡើងដូចៗគ្នាថា អ្នកភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោះនេះ បាននាំគ្នាតវ៉ាជាហូរហែកន្លងមកហើយ។ពួកគេបានប្រើប្រាស់លទ្ធភាព ក្នុងការសំដែងមតិដោយសន្តិវិធី ដើម្បីទាមទារឱ្យអាជ្ញាធរសង្កាត់ ចេញប្លង់កម្មសិទ្ធិ ដើម្បីយកទៅប្រើប្រាស់ក្នុងហេតុផលផ្សេងៗ ដើម្បីបានជាប្រយោជន៍។
គេសង្កេតឃើញថា ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងទៅ ពលរដ្ឋដាក់ញត្តិផង ធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីផង ទាំងនៅថ្នាក់ខណ្ឌ រហូតដល់ក្រុង ក៏ប៉ុន្តែនៅមិនទទួលបានលទ្ធផល។ជាថ្មីម្តងទៀត កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ ពួកគេបានដាក់ញត្តិសារឡើងវិញ ដោយទាមទារក្នុងគោលបំណងដូចគ្នា ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបបែបណា ពីរដ្ឋបាលសាលារាជធានីភ្នំពេញ។
ទាក់ទិននឹងការដាក់ញត្តិនេះ អ្នកស្រី អាន សុខឃីម និយាយថា អាជ្ញាធរបានរុញច្រានដាក់គ្នាទៅវិញទៅមកចំពោះលិខិតស្នើសុំធ្វើប្លង់កម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ។ អ្នកស្រីបន្តថា ពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងសហគមន៍ដូនឪនេះ បានដាក់លិខិតស្នើសុំជាបន្តបន្ទាប់ចំនួន៩ដងរួចហើយដោយជំរុញឱ្យអាជ្ញាធរខណ្ឌ និងសាលារាជធានីភ្នំពេញ រួមទាំងក្រសួងរៀបចំដែនដីផង ជួយពន្លឿននីតិវិធី សម្រាប់អ្នកភូមិឱ្យបានឆាប់ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ អស់រយៈពេល៣ឆ្នាំមកនេះ។
អ្នកស្រីបន្តថា៖ «ពេលខ្ញុំឡើងទៅសាលាក្រុង គាត់តែងតែឱ្យខ្ញុំមកជួបសង្កាត់ ខណ្ឌ។ សង្កាត់ និងខណ្ឌគាត់ក៏អត់មានដំណោះស្រាយជូនពួកខ្ញុំដែរ គាត់គ្រាន់តែថា គ្មានអ្នកណាធ្វើអីពួកយើងទេ រស់បានចេះតែរស់ទៅ នៅបានចេះតែនៅទៅ»។
អ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បដិសេធនឹងការចោទប្រកាន់របស់អ្នកភូមិ ដែលលើកឡើងពីផែនការរារាំងរបស់អាជ្ញាធរ មិនអនុញ្ញាតឱ្យពលរដ្ឋ សាងសង់សំណងអ្វីបន្តទៀត នៅក្នុងសហគមន៍ដូនឪ។ បើតាមអភិបាលខណ្ឌរូបនេះ នៅចំពោះមុខការតវ៉ារបស់អ្នកភូមិ គឺភាគីពាក់ព័ន្ធ ជាពិសេសសាលារាជធានីភ្នំពេញ កំពុងតែរកវិធីដើម្បីជួយដោះបញ្ហាហើយ។
អ្នកស្រីបន្តថា៖«ខ្ញុំមិនដឹងឆ្លើយថាម៉េចទេ អរគុណច្រើនហើយ។ គេរាល់ថ្ងៃគេកំពុងតែធ្វើការហើយ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ»។
មិនខុសគ្នាទេ លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ អះអាងដោយខ្លីថា ក្នុងនាមសាលារាជធានីភ្នំពេញ គឺកំពុងតែពិនិត្យពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋហើយ។
លោកបន្តថា៖ «ទុកលទ្ធភាពឱ្យខ្ញុំពិនិត្យរឿងហ្នឹងអត់អីទេ ខ្ញុំពិនិត្យជូនគាត់ហើយ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា អាជ្ញាធរគួរតែអនុវត្តនូវតួនាទីរបស់ខ្លួន ក្នុងការផ្ដល់កម្មសិទ្ធិឱ្យប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ ដើម្បីឱ្យពួកគេអាចយកទៅប្រើប្រាស់សម្រាប់ការដោះស្រាយជីវភាពគ្រួសារឱ្យប្រសើរជាងនេះ។
លោកបន្តថា៖«បើករណីហ្នឹងមិនមានបញ្ហាវិវាទណាមួយដែលមិនប៉ះពាល់ដល់គាត់ ហើយប្រសិនបើគាត់ជាកម្មសិទ្ធិករស្របច្បាប់ ដែលជាដីស្របច្បាប់ទាំងអស់នេះ គួរតែពិនិត្យធ្វើម៉េចពន្លឿន នីតិវិធីក្នុងការផ្ដល់ប័ណ្ណជូនពួកគាត់ ចៀសវាងការអូសបន្លាយ»។
សហគមន៍ដូនឪ នៅតែបន្តប្តេជ្ញាតស៊ូមតិដោយសន្តិវិធីទៀត ប្រសិនបើការតវ៉ាដើម្បីសុំប្លង់កម្មសិទ្ធិជាថ្មីទៀតនេះ មិនទទួលបានដំណោះស្រាយទេ។ សហគមន៍ដូនឪ មានទីតាំងនៅបឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានពលរដ្ឋចំនួន ១០១គ្រួសារ បានចាប់ផ្តើមដាក់ញត្តិជំរុញឱ្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជួយដោះស្រាយជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២០មក ប៉ុន្តែលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងនេះ បានរុញបញ្ហានេះ ឱ្យសាលារាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកដោះស្រាយវិញ។ បើទោះជាវិវាទនេះ ធ្លាក់មកលើសាលារាជធានីភ្នំពេញដោះស្រាយក្តី អ្នករងផលប៉ះពាល់នៅតែ មិនអាចស្វែងរកលទ្ធភាព ដើម្បីដោះបញ្ចប់បញ្ហាបានដដែល អស់រយៈពេល៣ឆ្នាំមកហើយ៕