សហគមន៍ដូនឪចំនួន ៦០​នាក់ តំណាងឱ្យ ១០១គ្រួសា​រ ក្នុងខណ្ឌ​ដ​ង្កោ​ ​ដែល​បារម្ភ​ពី​កា​​របណ្ដេ​​ញ​​​ចេ​​​ញ​ដោយបង្ខំ បានដាក់ញត្តិកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដោយ​ស្នើ​ឱ្យ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ជួយ​​​ព​​ន្លឿ​​ន​​​នី​​​តិ​​​​​វីធី​ក្នុងកា​​រផ្ដល់​​ប័ណ្ណកម្ម​​សិទ្ធិ​ដី​ធ្លីជូនពួកគេឱ្យបានឆាប់ ​ប្រយោជន៍ដើម្បី​មានភាពរឹ​​ងម៉ាំតា​ម​​ផ្លូវច្បាប់​​​​​។

អ្នកស្រី សុក ប៊ុនណា អាយុ៥៧ឆ្នាំ រស់នៅភូមិ​ជើង​ឯក សង្កាត់​ជើង​ឯក ខណ្ឌដង្កោ និយាយ​ថា អ្ន​ក​​​ស្រីរស់នៅទីនោះជាង ២៣ឆ្នាំហើយ ប៉ុន្តែអាជ្ញាធរពុំព្រមធ្វើប្លង់កម្មសិទ្ធិឱ្យនោះទេ។ អ្នកស្រី និង​​អ្នក​​ភូមិ​ផ្សេងទៀតដែលរស់នៅក្នុង​សហគមន៍ដូនឪនៃភូមិជើងឯកនេះ ត្រូវការប្លង់កម្មសិទ្ធិដែល​​ប​​ញ្ជា​​ក់ដោយអាជ្ញាធរសង្កាត់ឱ្យបានឆាប់។

ប្រភពដដែលបានបង្ហាញក្ដីបារម្ភ​​ពីការបណ្ដេញ​ចេ​​ញអ្នកភូមិដោយបង្ខំនៅថ្ងៃណាមួយ ស្របពេល​​ដែ​ល​ក្រុមហ៊ុនឯកជ​​នមួយចំនួន កំពុងតែបន្តចាក់​ដីលុបបឹងជើងឯកកាន់ខិតជិតមក​កា​​ន់​​ផ្ទះរបស់​ពួក​​​​​​គាត់ណាស់ទៅហើយ។ ផ្ទុយទៅវិញ អ្នកស្រីថា ​អាជ្ញាធរមូលដ្ឋាន មិនបាន​អើពើ​នឹង​កង្វល់​របស់​ពលរដ្ឋ បែ​​​​រ​​ជា​​បានណែនាំ​​ប្រជាពលរដ្ឋកុំឱ្យ​​សាងសង់អ្វីបន្តទៀតទៅវិញ។

បើតាម​អ្ន​កស្រី សុក ប៊ុនណា មូលហេតុចម្បងដែ​ល​ពលរដ្ឋចង់បានប្លង់កម្មសិទ្ធិនេះ គឺ​ដើម្បីឱ្យមា​​ន​ភា​ពរឹង​​ម៉ាំតាមផ្លូវច្បាប់ និង​​ងាយ​ទទួលបានប្រាក់កម្ចីពី​ធនា​​គា​​​រដែរ ដើ​​ម្បី​យកដើមមកធ្វើទុនរកស៊ី នៅបន្ទា​ប់​ពី​​​បឹងជើង​​ឯកដែលអ្នកភូមិដាំត្រកួន​​ និងកញ្ឆែត​​ល​​ក់​រាល់ថ្ងៃនេះ ត្រូវបានក្រុមហ៊ុនចាក់ដី​​ស្ទើរតែ​​លុ​ប​​ផ្ទៃ​​បឹងទាំងមូលទៅហើយ។

អ្នកស្រីបន្តថា៖«បានប្លង់ទៅខ្ញុំបានទៅខ្ចីលុយពីធនាគារមក ខ្ញុំអាចប្រកបរបរតទៅ​​មុខ​​ទៀត ព្រោះ​​អី​​មុខរបរខ្ញុំនេះបាត់បង់អស់ហើយ នៅដាំ តែដាំបានតិច»។

មិនខុសគ្នាទេ អ្នកស្រី លីម ឈុនអេង វ័យ ៥១ឆ្នាំ ក៏និយាយដែរថា នៅ​​ពេ​ល​​ដែ​លក្រុម​​ហ៊ុន​​ទ​​ទួ​​ល​បាន​ដី​នៅ​បឹង​ជើង​ឯក ពួកគេបាន​​ចាក់លុបបឹងជាបន្តបន្ទា​​ប់ នាំឱ្យទឹកជន់​​លិចផ្ទះរ​​ប​​ស់​​អ្ន​ក​​ស្រី​នៅ​ពេ​​​ល​រដូវភ្លៀងចូលមក ហើយអ្នកស្រីក៏មិនខុសពីអ្នកភូមិផ្សេងទៀតដែរ គឺចង់បានប្លង់​កម្ម​សិទ្ធិ​ដើម្បី​ខ្ចី​ប្រាក់​ពីធនាគារ​​​សម្រា​​ប់​​​សាង​សង់​​​ផ្ទះ​​កុំ​​ឱ្យ​លិចទឹក។

អ្នកស្រីបន្តថា៖«ខ្ញុំចង់បានប្លង់ ព្រោះថាវាមានការលំបាកច្រើន ទី១ ដល់ពេលខែវ​​ស្សា​ទឹក​​លិចហើ​​យ​​​​វាប៉ះពាល់ដល់ក្មេង ខ្លាចក្មេងលង់ទឹក ខ្លាចខ្សែភ្លើងវាឆក់អី»។

ក្រុមអ្នកតវ៉ាបានលើកឡើងដូចៗគ្នាថា អ្នកភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោះនេះ បាន​​នាំ​​គ្នា​​​​​តវ៉ាជាហូរហែកន្លងមកហើយ។​​ពួក​​គេ​​បាន​​ប្រើប្រាស់លទ្ធភាព ក្នុងការសំដែងមតិដោយសន្តិវិធី ដើ​​ម្បីទា​ម​​​​ទារឱ្យ​​អាជ្ញាធរ​​ស​​​​ង្កាត់ ចេញប្លង់​​កម្ម​សិទ្ធិ ដើម្បីយកទៅប្រើប្រាស់ក្នុងហេតុផលផ្សេងៗ ដើម្បីបា​​ន​​ជាប្រយោជន៍។

គេសង្កេតឃើញថា ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងទៅ ពលរដ្ឋដាក់ញត្តិផង ធ្វើលិខិតស្នើ​​សុំ​​​កិច្ច​អ​​ន្តរាគមន៍ពីផង ទាំងនៅថ្នាក់ខណ្ឌ រហូតដល់ក្រុង ក៏ប៉ុន្តែនៅមិនទទួលបានលទ្ធ​​ផល។​​​ជាថ្មី​ម្តង​ទៀត កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ ពួកគេបានដាក់ញត្តិសារឡើងវិញ ដោយ​​ទាមទារ​​ក្នុ​ង​គោលបំណងដូចគ្នា ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបបែបណា ពីរដ្ឋបាលសាលា​​រាជធា​នី​​ភ្នំពេ​​ញ​។

ទាក់ទិននឹងការដាក់ញត្តិនេះ អ្នកស្រី អាន សុខឃីម និយាយថា អាជ្ញាធរបាន​​រុញច្រាន​​ដាក់​​គ្នា​​ទៅ​​វិ​ញ​​ទៅមកចំពោះលិខិតស្នើសុំធ្វើប្លង់កម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ។ អ្នកស្រីបន្តថា ពលរដ្ឋដែល​​រង​ផ​​​​លប៉ះពាល់នៅក្នុងសហគមន៍​​ដូន​​ឪនេះ ​​​បានដាក់លិខិត​​ស្នើសុំជាបន្តបន្ទាប់ចំនួន​​៩ដងរួច​​ហើយ​ដោ​យជំរុញឱ្យអាជ្ញាធរខណ្ឌ និងសាលារាជធានីភ្នំពេញ រួមទាំងក្រសួងរៀបចំ​ដែនដីផង ជួយពន្លឿ​​ន​​នី​តិ​​វិ​​ធី សម្រាប់អ្នកភូមិឱ្យបានឆាប់ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ អស់រយៈពេល៣ឆ្នាំមកនេះ។

អ្នកស្រីបន្តថា៖ «ពេលខ្ញុំឡើងទៅសាលាក្រុង គាត់តែងតែឱ្យខ្ញុំមកជួបសង្កាត់ ខណ្ឌ​។ សង្កាត់​​ និង​​​ខ​​ណ្ឌ​គាត់ក៏អត់មានដំណោះស្រាយជូនពួកខ្ញុំដែរ គាត់គ្រាន់តែថា គ្មានអ្នកណា​​​ធ្វើអី​​​ពួ​ក​យើងទេ រស់​​បាន​ចេះតែរស់ទៅ នៅបានចេះតែនៅទៅ»។

អ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បដិសេធនឹងការចោទប្រកាន់របស់អ្នកភូមិ ដែលលើក​​​ឡើង​ពីផែនការរារាំងរបស់អាជ្ញាធរ មិនអនុញ្ញាតឱ្យពលរដ្ឋ សាងសង់សំណងអ្វីបន្តទៀត នៅក្នុង​​ស​​ហ​គ​​​មន៍​ដូនឪ។ បើតាមអភិបាលខណ្ឌរូបនេះ នៅចំពោះមុខការតវ៉ារបស់អ្នកភូមិ គឺភាគីពាក់ព័ន្ធ ជាពិ​​សេ​ស​សាលារាជធានីភ្នំពេញ កំពុងតែរកវិធីដើម្បីជួយដោះបញ្ហាហើយ។

អ្នកស្រីបន្តថា៖​«ខ្ញុំមិនដឹងឆ្លើយថាម៉េចទេ អរគុណច្រើនហើយ។ គេរាល់ថ្ងៃ​​​គេកំពុងតែធ្វើ​ការ​​​​ហើ​​យ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ»។

មិនខុសគ្នាទេ លោក ឃួង ស្រេង អភិបាលសាលា​រាជធានីភ្នំពេញ អះអាងដោយខ្លីថា ក្នុង​នាម​សាលា​រា​​ជធា​​នី​ភ្នំពេញ គឺកំពុងតែពិនិត្យពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវ​​ការចាំបាច់របស់​​ពល​​រដ្ឋ​​​ហើ​យ​​។

លោកបន្តថា៖ «ទុកលទ្ធភាពឱ្យខ្ញុំពិនិត្យរឿងហ្នឹងអត់អីទេ ខ្ញុំពិនិត្យជូនគាត់ហើយ»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា អា​​ជ្ញា​ធ​​រ​គួរតែអនុវត្ត​​នូវ​តួនាទីរបស់ខ្លួន ក្នុងការផ្ដល់​​កម្មសិទ្ធិឱ្យប្រជាព​​​លរដ្ឋដែលរស់​នៅស្រ​​បច្បា​​ប់ ​​ដើម្បី​​ឱ្យ​​ពួ​កគេអាចយក​ទៅប្រើប្រាស់សម្រាប់​ការ​ដោះស្រាយជីវភាពគ្រួសារឱ្យប្រសើរជាងនេះ។

លោកបន្តថា៖«បើករណីហ្នឹងមិនមានបញ្ហាវិវាទ​​ណាមួយដែលមិន​ប៉ះពាល់​ដល់​គាត់ ហើយប្រ​សិ​​ន​​​​បើ​​គាត់ជាកម្មសិទ្ធិ​ករស្របច្បាប់ ដែលជាដី​​ស្របច្បាប់ទាំងអស់​នេះ គួរតែពិ​និត្យ​​ធ្វើ​​​​ម៉េចពន្លឿន នី​​តិ​វិធី​ក្នុង​​​ការផ្ដល់ប័ណ្ណជូនពួកគាត់ ចៀសវាង​ការអូសបន្លាយ»។

សហគមន៍ដូនឪ នៅតែបន្តប្តេជ្ញាតស៊ូមតិ​​ដោយសន្តិវិធីទៀត ប្រសិនបើការតវ៉ាដើម្បីសុំប្លង់កម្ម​​សិទ្ធិ​​ជា​​ថ្មីទៀតនេះ មិនទទួលបានដំណោះស្រាយទេ។ សហគមន៍ដូនឪ មានទីតាំងនៅបឹង​​ជើង​​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែល​មានពលរដ្ឋ​ចំនួន ១០១​​គ្រួ​សារ បានចាប់ផ្តើម​​ដាក់​​ញត្តិ​​ជំ​​រុញ​​ឱ្យក្រសួងរៀបចំ​ដែនដី នគររូបនីយកម្ម និងសំណង់ ជួយដោះស្រាយជា​​ប​ន្ត​​​បន្ទាប់ចាប់តាំងពីឆ្នាំ​​២០​​២​០​​មក ប៉ុន្តែលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងនេះ បានរុញបញ្ហានេះ ឱ្យសាលារាជធានី​ភ្នំពេញ​​ ជាអ្នកទ​​ទួល​​​បន្ទុក​ដោះស្រាយ​វិញ​​។ បើទោះជាវិវាទនេះ ធ្លាក់មកលើសាលារាជធានី​ភ្នំពេញដោះស្រាយក្តី អ្នករងផលប៉ះពាល់នៅតែ មិន​​អា​​ច​​ស្វែងរកលទ្ធភាព ដើម្បីដោះបញ្ចប់បញ្ហាបានដដែល អស់រយៈពេល៣ឆ្នាំមកហើយ៕