សាច់ញាតិជនជាប់ឃុំម្នាក់ដែលត្រូវមន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំ ប្រើហិង្សាបណ្តាលឱ្យពិការភ្នែកម្ខាង បានអំពាវនាវឱ្យអាជ្ញាធរដាក់ទោសលើមន្រ្តីបង្កហេតុ និងទាមទារសំណងថ្លៃព្យាបាល ក្រោយមិនទាន់មានចំណាត់ការផ្លូវច្បាប់ជុំវិញករណីនេះ។
បងប្រុសបង្កើតរបស់ជនជនរងគ្រោះ គឺលោក សុត ស៊ីណាក់ វ័យ ៣៧ឆ្នាំ រស់នៅក្នុងភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រាប់ Newsroom Cambodia ថា មានមន្រ្តីពន្ធនាគារម្នាក់ឈ្មោះ ផុន តុលា បានវាយប្អូនរបស់គាត់ពីក្រោយខ្នង រហូតប៉ះពាល់ដល់សរីរាង្គភ្នែក។ លោកប្រាប់ថា ការប្រើហិង្សានេះ គឺមន្រ្តីពន្ធនាគាររូបនោះ បានដាក់ពិន័យទៅលើអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ ដែលបានស្រែកហ៊ោខ្លាំងៗ ក្នុងពេលរៀបចំពិធីជប់លៀង ខណៈជិតបានដោះលែងចេញពីពន្ធនាគារ។
លោកថា ការដាក់ពិន័យនេះ បណ្តាលឱ្យប្អូនរបស់គាត់រងរបួសភ្នែកធ្ងន់ធ្ងរ និងមិនមានការយកចិត្តទុកដាក់ព្យាបាលពីមន្រ្តីពន្ធនាគារខេត្តត្បូងឃ្មុំនោះទេ ទើបគាត់សម្រេចចិត្តស្នើសុំឱ្យមានការដោះលែងប្អូនរបស់គាត់ដើម្បីយកមកព្យាបាល។ ប្រភពដដែលបន្តថា ក្នុងពេលបច្ចុប្បន្ននេះ ភ្នែកប្អូនរបស់គាត់ខាងស្តាំត្រូវពិការមើលលែងឃើញ ចំណែកម្ខាងទៀតកំពុងស្ថិតក្នុងការព្យាបាលបន្ថែម។
លោកបន្តថា៖ «តាំងពី [មន្រ្តីពន្ធនាគារ] វាយហ្នឹងមក! គេមិនឱ្យយើងព្យាបាលផងហ្នឹង! គេទុកចោល ទម្រាំតែសុំ [យកមកព្យាបាល] បាន! ចូលជិត ១ខែ បានធ្ងន់ពេកទៅ បានគេឱ្យយកមកព្យាបាល បើមើលភ្លាមៗ អត់អីទេភ្នែកហ្នឹង»។
បើតាមលោក សុត ស៊ីណាក់ ករណីនេះ កើតឡើងក្នុងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកថា ជនរងគ្រោះដែលជាប្អូនរបស់គាត់មានឈ្មោះ សុត ម៉ានិត វ័យ ២៩ឆ្នាំ ត្រូវជាប់ឃុំរយៈពេល៣ឆ្នាំ ដែលនឹងត្រូវដោះលែងចេញពីពន្ធនាគារនៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
យ៉ាងណាក្តី សាច់ញាតិជនរូបគ្រោះរូបនេះ ថាការចំណាយព្យាបាលក្នុងរយៈពេលប្រមាណ ២ខែមកនេះ អស់ទឹកប្រាក់ប្រមាណ ៣ ០០០ដុល្លារ ហើយលោកមិនទាន់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការនៅឡើយទេ ដោយថាមិនមានថវិកាគ្រប់គា្រន់។ លោកថា បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមការថែទាំពីរូបលោកផ្ទាល់ និងម្តាយរបស់លោក។
លោក សុត ស៊ីណាក់ បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយករណីនេះឱ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ប្អូនរបស់ខ្លួន។
លោកថា៖ «យើងត្រូវតែឱ្យមានសំណង បើមនុស្សឡើងខូចអនាគតអស់ហើយហ្នឹង! ហើយការចាយវាយចំណាយអស់ច្រើនដែរ។ ចង់ដាក់ពាក្យបណ្តឹង ប៉ុន្តែមិនដឹងដាក់ទៅខាងណា! យើងខ្លាចតែពឹងមេធាវីទៅយើងអស់លុយ អត់បានផល»។
មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ត្រូវហាមឃាត់ និងត្រូវផ្ដន្ទាទោសតាមច្បាប់។ ចំណែកមាត្រា២១០ នៃក្រមព្រហ្មទណ្ឌ ចែងថា ទារុណកម្ម ឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ ១៥ឆ្នាំ។
ជុំវិញករណីនេះ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ លោក ម៉ៅ ឌុន បានបដិសេដផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន ដោយជំរុញទៅសាកសួរបន្ថែមពីប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ វិញ។
លោកថា ៖ «ចាំអូនឯងសួរទៅខាងប្រធានពន្ធនាគារទៅច្បាស់ជាង»។
Newsroom Cambodia មិនទាន់អាចរកការឆ្លើយតបបន្ថែមពីប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ លោក ភិន យ៉ាន បាននៅឡើយទេ គិតត្រឹមសប្តាហ៍នេះ។
ចំណែកលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ទទួលស្គាល់ថា ពិតជាមានករណីមន្រ្តីពន្ធនាគារខេត្តត្បូងឃ្មុំវាយទៅលើជនជាប់ឃុំឈ្មោះ សុត ម៉ានិត ពិតប្រាកមែន។ លោកថា មន្រ្តីជំនាញបានបើកការស៊ើបអង្កេតរកឃើញថា មានមន្រ្តីពន្ធនាគារខេត្តត្បូងឃ្មុំម្នាក់ឈ្មោះ ផុន តុលា បានដាក់ពិន័យយកដៃទះក្បាលជនរងគ្រោះ និងទណ្ឌិតផ្សេងៗទៀត ក្រោយពេលពួកគេជួបជុំគ្នាស្រែកសប្បាយ នៅពាក់កណ្តាលអធ្រាត្រ។លោកបញ្ជាក់ថា តាមការស្រាវជ្រាវបង្ហាញថា ជនរងគ្រោះឈ្មោះ សុត ម៉ានិត ធ្លាប់មានបញ្ហាស្រវាំងភ្នែកជាប្រចាំ បូករួមទាំងកម្លាំងដែលមន្រ្តីពន្ធនាគារទះក្បាលជនរងគ្រោះផងនោះ ទើបនាំឱ្យមានបញ្ហាភ្នែកបែបនេះ។
លោកថា៖ «អ្វីដែលយើងកត់សម្គាល់គឺគ្នាអត់មានចេតនានឹងវាយដំអី បង្ករបួសស្នាមទេតាមពិតទៅគ្រាន់តែជាលក្ខណៈទះក្បាលព្រមាន! ហើយក៏មិនមែនមានតែគាត់ហ្នឹងមួយដែរ ដែលមន្រ្តីគាត់វាយហ្នឹង! ពេលដែលចាក់សោចេញ គឺគាត់ទះក្បាលម្នាក់មួយដៃតែប៉ុណ្ណឹងឯង»។
យ៉ាងណាក្តី លោក នុត សវនា បានច្រានចោលករណីដែលសាច់ញាតិជនរងគ្រោះ ចោទថា មន្រ្តីពន្ធនាគារខេត្តត្បូងឃ្មុំមិនយកចិត្តទុកដាក់ព្យាបាលដល់ជនរងគ្រោះ ដោយថា ខាងពន្ធនាគារខេត្តត្បូងឃ្មុំបានព្យាយាមបញ្ជូនជនរងគ្រោះទៅរកសេវាព្យាបាលជាបន្តបន្ទាប់នៅមន្ទីរពេទ្យឯកជន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យអង្គដួង ជាបន្តបន្ទាប់ផងដែរ។ បន្ថែមលើនេះ លោកថា មន្រ្តីជំនាញក៏កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះរួចរាល់ហើយដែរ។
លោកបន្ថែមថា៖ «ចំពោះការដាក់ទណ្ឌកម្ម ដាក់ពិន័យអីហ្នឹង! យើងបាន ហៅគាត់ [ជនបង្កហេតុ] ទៅសួរនាំនៅក្រុមប្រឹក្សាវិន័យ នៅពន្ធនាគារខេត្តត្បូងឃ្មុំហ្នឹង ហើយចំពោះការដាក់ពិន័យហ្នឹងយើងអត់ទាន់អនុវត្តទេ ដោយសារត្រូវការប្រឹក្សាវិន័យអីពីអគ្គនាយកដ្ឋានហ្នឹង ដើម្បីពិនិត្យកិច្ចការហ្នឹង ឱ្យបានសព្វជ្រុងជ្រោយដែរ»។
ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេតជុំវិញករណីនេះប្រកបដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ។ លោកសង្កេតឃើញថា ករណីប្រើប្រាស់ហិង្សាលើជនជាប់ឃុំក្នុងខេត្តត្បូងឃ្មុំនេះ ជាការធ្វេសប្រហែសមួយរបស់មន្រ្តីពន្ធនាគារ ដែលទុកឱ្យជនរងគ្រោះមានបញ្ហាភ្នែកធ្ងន់ធ្ងរ ដោយមិនផ្តល់សេវាព្យាបាលឱ្យទាន់ពេលវេលា។ លោកបន្ថែមថា ជនដែលកំពុងជាប់ឃុំ គឺនៅតែទទួលបានការគាំពារដោយច្បាប់ដូចទៅនឹងប្រជាពលរដ្ឋទូទៅដែរ ហើយការប្រើទារុណកម្មណាមួយ គឺត្រូវបានហាមឃាត់។
លោកថា៖ «សរុបមក ទោះបីជាជនជាប់ឃុំក៏ដោយ ក៏មានសិទ្ធិមិនត្រូវ [ទទួល] បានរាល់នៃការប្រើអំពើឃោរឃៅគ្រប់ទម្រង់ ឬក៏អំពើហិង្សាណាមួយទេ។ បុគ្គលដែលប្រើប្រាស់ហិង្សាត្រូវតែទទួលទោសទៅតាមផ្លូវច្បាប់»។
កាលពីឆ្នាំ២០១៤ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយស្តីពី «អំពើទារុណកម្ម និងការធ្វើបាប ការផ្តល់ចម្លើយពីខាងក្នុងពន្ធនាគារ និងប៉ុស្តិ៍នគរបាលរបស់កម្ពុជា» ដែលបានសម្ភាសអ្នកជាប់ឃុំ និងអ្នកដែលទើបដោះលែងជាង ១១ ០០០នាក់ ក្នុងនោះមាន ៥០០នាក់ ប្រាប់ថា ពួកគេទទួលរងការធ្វើទារុណកម្មក្នុងពេលឃុំឃាំង។ ប្រភពដដែលបន្តថា អំពើហិង្សានៅពេលជាប់ឃុំ បង្កឡើងដោយមន្ត្រីរដ្ឋាភិបាល ហើយករណីខ្លះទៀតបង្កដោយការបំពានពីអ្នកជាប់ឃុំដូចគ្នា នៅក្រោមការបញ្ជាផ្ទាល់ និងដឹងឮពីអាជ្ញាធរ ប៉ុន្តែគ្មានសកម្មភាពទប់ស្កាត់ និងស៊ើបអង្កេតឱ្យបានច្បាស់នោះទេ។
របាយការណ៍ដដែល ឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលសំណុំរឿងជាង ៥០០ករណី នៃការអះអាងយ៉ាងលម្អិតអំពីការធ្វើទារុណកម្ម បង្កដោយមន្ដ្រីនៅក្នុងប៉ុស្តិ៍នគរបាល និងពន្ធនាគារកម្ពុជា រួមមាន ការប្រើអំពើហិង្សាលើអ្នកទោសជាស្រ្តី អនីតិជន និងអ្នកដែលធ្លាប់មានបញ្ហាផ្លូវចិត្តជាដើម។ ក្នុងនោះនៅ៤ខែដំបូងនៃឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលលិខិតចោទប្រកាន់ចំនួន ៤៩ករណី អំពីការធ្វើទារុណកម្ម ឬការធ្វើបាប ក្នុងអំឡុងពេលចាប់ខ្លួន ឬនៅក្នុងការឃុំឃាំងរបស់នគរបាល។
ទិន្នន័យរបស់អង្គការលីកាដូ បង្ហាញថា មនុស្សភាគច្រើនបានរាយការណ៍ពីអំពើព្រៃផ្សៃដោយនគរបាល ឬមន្ត្រីពន្ធនាគារ តាំងពីឆ្នាំ២០០៨មក រៀបរាប់ថា ពួកគេត្រូវបានវាយ ទាត់ ទះ ឬដាល់ រហូតដល់ហូរឈាម ហើយបាត់បង់ស្មារតី ក្នុងនោះមានមនុស្សជាច្រើន ត្រូវបានវាយគ្រប់កន្លែងលើខ្លួនរបស់ពួកគាត់ ព្រមទាំងក្បាល និងក ហើយ អ្នកខ្លះត្រូវបានគេយកក្បាលរបស់គាត់ទៅជល់ជាមួយនឹងជញ្ជាំង ជាដើម៕