សាច់ញាតិ​ជន​ជាប់​ឃុំ​ម្នាក់​​ដែលត្រូវមន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំ ប្រើហិង្សាបណ្តាលឱ្យពិការភ្នែក​ម្ខាង បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​​ដាក់​ទោស​លើ​មន្រ្តីបង្កហេតុ និងទាមទារសំណងថ្លៃព្យាបាល ក្រោយមិនទាន់មានចំណាត់ការផ្លូវច្បាប់ជុំវិញករណីនេះ។

បងប្រុសបង្កើតរបស់ជនជនរងគ្រោះ គឺលោក សុត ស៊ីណាក់ វ័យ ៣៧ឆ្នាំ រស់នៅក្នុងភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រាប់ Newsroom Cambodia ថា មានមន្រ្តីពន្ធនាគារម្នាក់ឈ្មោះ ផុន តុលា បានវាយប្អូនរបស់គាត់ពីក្រោយខ្នង រហូតប៉ះពាល់ដល់សរីរាង្គភ្នែក។ លោក​ប្រាប់​ថា ការ​ប្រើ​ហិង្សានេះ គឺ​មន្រ្តីពន្ធនាគាររូបនោះ បានដាក់ពិន័យ​ទៅលើអ្នក​ជាប់ឃុំក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ ដែលបានស្រែកហ៊ោខ្លាំងៗ ក្នុងពេលរៀបចំពិធីជប់លៀង ខណៈជិតបានដោះលែងចេញពីពន្ធនាគារ។

លោកថា ការដាក់ពិន័យនេះ បណ្តាលឱ្យប្អូនរបស់គាត់រងរបួសភ្នែកធ្ងន់ធ្ងរ និងមិនមានការយកចិត្តទុកដាក់ព្យាបាលពីមន្រ្តីពន្ធនាគារខេត្តត្បូងឃ្មុំនោះទេ ទើបគាត់សម្រេចចិត្តស្នើសុំឱ្យមានការដោះលែងប្អូនរបស់គាត់ដើម្បីយកមកព្យាបាល។ ប្រភពដដែលបន្តថា ក្នុងពេលបច្ចុប្បន្ននេះ ភ្នែកប្អូនរបស់គាត់ខាងស្តាំត្រូវពិការមើលលែងឃើញ ចំណែកម្ខាងទៀតកំពុងស្ថិតក្នុងការព្យាបាលបន្ថែម។

លោកបន្តថា៖ «តាំងពី [មន្រ្តីពន្ធនាគារ] វាយហ្នឹងមក! គេមិនឱ្យយើងព្យាបាលផងហ្នឹង! គេទុកចោល ទម្រាំតែសុំ [យកមកព្យាបាល] បាន! ចូលជិត ១ខែ បានធ្ងន់ពេកទៅ បានគេឱ្យយកមកព្យាបាល បើមើលភ្លាមៗ អត់អីទេភ្នែកហ្នឹង»

បើតាមលោក សុត ស៊ីណាក់ ករណីនេះ កើតឡើងក្នុងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកថា ជនរងគ្រោះដែលជាប្អូនរបស់គាត់មានឈ្មោះ សុត ម៉ានិត វ័យ ២៩ឆ្នាំ ត្រូវជាប់ឃុំរយៈពេល៣ឆ្នាំ ដែលនឹងត្រូវដោះលែងចេញពីពន្ធនាគារនៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

យ៉ាងណាក្តី សាច់ញាតិជនរូបគ្រោះរូបនេះ ថាការចំណាយព្យាបាលក្នុងរយៈពេលប្រមាណ ២ខែមកនេះ អស់ទឹកប្រាក់ប្រមាណ ៣ ០០០ដុល្លារ ហើយលោកមិនទាន់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការនៅឡើយទេ ដោយថាមិនមានថវិកាគ្រប់គា្រន់។ លោកថា បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមការថែទាំពីរូបលោកផ្ទាល់ និងម្តាយរបស់លោក។

លោក សុត ស៊ីណាក់ បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយករណីនេះឱ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ប្អូនរបស់ខ្លួន។

លោកថា៖ «យើងត្រូវតែឱ្យមានសំណង បើមនុស្សឡើងខូចអនាគតអស់ហើយហ្នឹង! ហើយការចាយវាយចំណាយអស់ច្រើនដែរ។ ចង់ដាក់ពាក្យបណ្តឹង ប៉ុន្តែមិនដឹងដាក់ទៅខាងណា! យើងខ្លាចតែពឹងមេធាវីទៅយើងអស់លុយ អត់បានផល»

មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ត្រូវហាមឃាត់ និងត្រូវផ្ដន្ទាទោសតាមច្បាប់។ ចំណែកមាត្រា២១០ នៃក្រមព្រហ្មទណ្ឌ ចែងថា ទារុណ​កម្ម ឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ ១៥ឆ្នាំ។

ជុំវិញករណីនេះ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ លោក ម៉ៅ ឌុន បានបដិសេដផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន ដោយជំរុញទៅសាកសួរបន្ថែមពីប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ វិញ។

លោកថា ៖ «ចាំអូនឯងសួរទៅខាងប្រធានពន្ធនាគារទៅច្បាស់ជាង»។

Newsroom Cambodia មិនទាន់អាចរកការឆ្លើយតបបន្ថែមពីប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ លោក ភិន យ៉ាន បាននៅឡើយទេ គិតត្រឹមសប្តាហ៍នេះ។

ចំណែកលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ទទួលស្គាល់​ថា ពិត​ជា​មានករណីមន្រ្តីពន្ធនាគារខេត្តត្បូងឃ្មុំវាយទៅលើជនជាប់ឃុំឈ្មោះ សុត ម៉ានិត ពិតប្រាកមែន។ លោកថា មន្រ្តីជំនាញបានបើកការស៊ើបអង្កេតរកឃើញថា មានមន្រ្តីពន្ធនាគារ​ខេត្តត្បូងឃ្មុំម្នាក់ឈ្មោះ ផុន តុលា បានដាក់ពិន័យយកដៃទះក្បាលជនរងគ្រោះ និងទណ្ឌិតផ្សេងៗទៀត ក្រោយពេលពួកគេជួបជុំគ្នាស្រែកសប្បាយ នៅពាក់កណ្តាលអធ្រាត្រ។លោកបញ្ជាក់ថា តាមការស្រាវជ្រាវបង្ហាញថា ជនរងគ្រោះឈ្មោះ សុត ម៉ានិត ធ្លាប់មានបញ្ហាស្រវាំងភ្នែកជាប្រចាំ បូករួមទាំងកម្លាំងដែលមន្រ្តីពន្ធនាគារទះក្បាលជនរងគ្រោះផងនោះ ទើបនាំឱ្យមានបញ្ហាភ្នែកបែបនេះ។

លោកថា៖ «អ្វីដែលយើងកត់សម្គាល់គឺគ្នាអត់មានចេតនានឹងវាយដំអី បង្កបួសស្នាមទេតាមពិតទៅគ្រាន់តែជាលក្ខណៈទះក្បាលព្រមាន! ហើយក៏មិនមែនមានតែគាត់ហ្នឹងមួយដែរ ដែលមន្រ្តីគាត់វាយហ្នឹង! ពេលដែលចាក់សោចេញ គឺគាត់ទះក្បាលម្នាក់មួយដៃតែប៉ុណ្ណឹងឯង»

យ៉ាងណាក្តី លោក នុត សវនា បានច្រានចោលករណីដែលសាច់ញាតិជនរងគ្រោះ ចោទថា មន្រ្តីពន្ធនាគារខេត្តត្បូងឃ្មុំមិនយកចិត្តទុកដាក់ព្យាបាលដល់ជនរងគ្រោះ ដោយថា ខាងពន្ធនាគារខេត្តត្បូងឃ្មុំបានព្យាយាមបញ្ជូនជនរងគ្រោះទៅរកសេវាព្យាបាលជាបន្តបន្ទាប់នៅមន្ទីរពេទ្យឯកជន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យអង្គដួង ជាបន្តបន្ទាប់ផងដែរ។ បន្ថែមលើនេះ លោកថា មន្រ្តីជំនាញក៏កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះរួចរាល់ហើយដែរ។

លោកបន្ថែមថា៖ «ចំពោះការដាក់ទណ្ឌកម្ម ដាក់ពិន័យអីហ្នឹង! យើងបាន ហៅគាត់ [ជនបង្កហេតុ] ទៅសួរនាំនៅក្រុមប្រឹក្សាវិន័យ នៅពន្ធនាគារខេត្តត្បូងឃ្មុំហ្នឹង ហើយចំពោះការដាក់ពិន័យហ្នឹងយើងអត់ទាន់អនុវត្តទេ ដោយសារត្រូវការប្រឹក្សាវិន័យអីពីអគ្គនាយកដ្ឋានហ្នឹង ដើម្បីពិនិត្យកិច្ចការហ្នឹង ឱ្យបានសព្វជ្រុងជ្រោយដែរ»។

ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក ​អំ សំអាត ​បាន​ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេតជុំវិញករណីនេះប្រកបដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ។ លោកសង្កេតឃើញថា ករណីប្រើប្រាស់ហិង្សាលើជនជាប់ឃុំក្នុងខេត្តត្បូងឃ្មុំនេះ​ ជាការធ្វេសប្រហែសមួយរបស់មន្រ្តីពន្ធនាគារ ដែលទុកឱ្យជនរងគ្រោះមានបញ្ហាភ្នែកធ្ងន់ធ្ងរ ដោយមិនផ្តល់សេវាព្យាបាលឱ្យទាន់ពេលវេលា។ លោក​បន្ថែមថា ជនដែលកំពុងជាប់ឃុំ គឺនៅតែទទួលបានការគាំពារដោយច្បាប់ដូចទៅនឹងប្រជាពលរដ្ឋទូទៅ​ដែរ ហើយការប្រើទារុណកម្មណាមួយ គឺត្រូវបានហាមឃាត់។

លោកថា៖ «សរុបមក ទោះបីជាជនជាប់ឃុំក៏ដោយ ក៏មានសិទ្ធិមិនត្រូវ [ទទួល] បានរាល់នៃការប្រើអំពើឃោរឃៅគ្រប់ទម្រង់ ឬក៏អំពើហិង្សាណាមួយទេ។ បុគ្គលដែលប្រើប្រាស់ហិង្សាត្រូវតែទទួលទោសទៅតាមផ្លូវច្បាប់»

កាលពីឆ្នាំ២០១៤ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយស្តីពី «អំពើទារុណកម្ម និងការធ្វើបាប ការផ្តល់ចម្លើយពីខាងក្នុងពន្ធនាគារ និងប៉ុស្តិ៍នគរបាលរបស់កម្ពុជា» ដែលបានសម្ភាសអ្នកជាប់ឃុំ និងអ្នកដែលទើបដោះលែងជាង ១១ ០០០នាក់ ក្នុងនោះមាន ៥០០នាក់ ប្រាប់ថា ពួកគេទទួលរងការធ្វើទារុណកម្មក្នុងពេលឃុំឃាំង។ ប្រភពដដែលបន្តថា អំពើហិង្សានៅពេលជាប់ឃុំ បង្កឡើងដោយមន្ត្រីរដ្ឋាភិបាល ហើយករណីខ្លះទៀតបង្កដោយការបំពានពីអ្នកជាប់ឃុំដូចគ្នា នៅក្រោមការបញ្ជាផ្ទាល់ និងដឹងឮពីអាជ្ញាធរ ប៉ុន្តែគ្មានសកម្មភាពទប់ស្កាត់ និងស៊ើប​អង្កេតឱ្យ​បាន​​ច្បាស់នោះទេ។

របាយការណ៍ដដែល ឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលសំណុំរឿងជាង ៥០០ករណី នៃការអះអាងយ៉ាងលម្អិតអំពីការធ្វើទារុណកម្ម បង្កដោយមន្ដ្រីនៅក្នុងប៉ុស្តិ៍នគរបាល និងពន្ធនាគារកម្ពុជា រួមមាន ការប្រើអំពើហិង្សាលើអ្នកទោស​ជា​ស្រ្តី អនីតិជន និងអ្នកដែលធ្លាប់មានបញ្ហាផ្លូវចិត្តជាដើម។​ ក្នុងនោះនៅ៤ខែដំបូងនៃឆ្នាំ២០១៤ អង្គការលីកាដូ បានទទួលលិខិតចោទប្រកាន់ចំនួន ៤៩​ករណី អំពីការធ្វើទារុណ​កម្ម ឬការធ្វើបាប ក្នុងអំឡុងពេលចាប់ខ្លួន ឬនៅក្នុងការឃុំឃាំងរបស់នគរបាល។

ទិន្នន័យរបស់អង្គការលីកាដូ បង្ហាញថា មនុស្សភាគច្រើនបានរាយការណ៍ពីអំពើព្រៃផ្សៃដោយនគរបាល ឬមន្ត្រីពន្ធនាគារ តាំងពីឆ្នាំ២០០៨មក រៀបរាប់ថា ពួកគេត្រូវបានវាយ ទាត់ ទះ ឬ​ដាល់ រហូត​ដល់​ហូរ​ឈាម ហើយ​បាត់​បង់​ស្មារតី ក្នុងនោះមានមនុស្ស​ជាច្រើន ត្រូវ​បាន​វាយគ្រប់​កន្លែង​លើខ្លួន​របស់ពួកគាត់ ព្រមទាំងក្បាល និងក ហើយ អ្នកខ្លះត្រូវបានគេយកក្បាលរបស់គាត់ទៅជល់ជាមួយនឹងជញ្ជាំង ជាដើម៕