តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចាត់ទុកថាសង្គមប្រជាធិបតេយ្យមួយដែលអវត្តមាននៃសារព័ត៌មានឯករាជ្យគឺគ្រាន់តែជាសង្គមប្រជាធិបតេយ្យស្រមោល ខណៈអង្គការសង្គមស៊ីវិលនានាជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិសេរីភាពអ្នកសារព័ត៌មានក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅមុន និងអំឡុងពេលបោះឆ្នោតខាងមុខ ដោយពួកគេអះអាងថា សេរីភាពរបស់អ្នកសារព័ត៌មានស្ថិតក្នុងហានិភ័យ និងភាពភ័យខ្លាចដែលត្រូវការផ្ដល់សេវាគាំពារនិងជួយសង្គ្រោះជាបន្ទាន់។
ការលើកឡើងនេះក្នុងពេលអង្គការសង្គមស៊ីវិលជួបជុំគ្នាប្រារព្ធ ខួបលើកទី៣០នៃទិវាសេរីភាពសារព័ត៌មានពិភពលោកនៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Sardar Umar Alam នាឱកាសនោះថាសារព័ត៌មានឯករាជ្យបាត់បង់នូវសិទ្ធិក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន បន្ទាប់ពីមានការដាក់ចេញនូវច្បាប់មួយចំនួនដើម្បីយាយី បំភិតបំភ័យ និងដាក់សម្ពាធលើអ្នកសារព័ត៌មាន។
លោក Sardar និយាយថា៖ «
ប្រសិនបើមិនមានសារព័ត៌មាន ប្រជាធិបតេយ្យគ្រាន់តែជាស្រមោលតែប៉ុណ្ណោះ។ ដូច្នេះហើយទិវានេះដើម្បីរំលឹកយើងអំពីសកម្មភាពទាំងអស់នេះ. សេរីភាពសារព័ត៌មានរងនូវការវាយប្រហារហើយជាពិសេសគឺវាលុកលុយទៅដោយព័ត៌មានក្លែងបន្លំ»។
លោក Sardar អំពាវនាវឱ្យបញ្ឈប់ការវាយប្រហារណាមួយនិងការដាក់គោលដៅលើអ្នកសារព័ត៌មានដោយពួកគាត់គ្រាន់តែអនុវត្តនូវតួនាទីរបស់ខ្លួន។
លោក Sardar និយាយថា៖ «នៅក្នុងទិវាសារព័ត៌មានពិភពលោកគឺយើងធ្វើយ៉ាងណាឈប់ធ្វើការឃុំ វាយប្រហារទៅលើអ្នកសារព័ត៌មានដោយសារការងាររបស់ពួកគេ។ បញ្ចប់នូវការកំណត់គោលដៅទៅលើអ្នកសារព័ត៌មាន អ្នកសារព័ត៌មានគឺយើងត្រូវតែក្រោកឈរឡើងដើម្បីបញ្ចប់ការងារ [ការវាយប្រហារ]ទាំងអស់នេះ»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងក្នុងពិធីនោះដែរថា ការបាត់បង់នូវស្ថាប័នសារព័ត៌មានឯករាជ្យនឹងនាំឱ្យមានកង្វះនៃតម្លាភាពនិងការទទួលខុសត្រូវជុំវិញការអនុវត្តការងាររបស់មន្រ្តីរដ្ឋាភិបាល។
លោក ណុប វី និយាយថា៖ «ស្ថាប័នសារព័ត៌មាន សិទ្ធិនិងសេរីភាព ជាឆ្អឹងខ្នងមួយសំខាន់ នៅក្នុងដំណើរការប្រជាធិបតេយ្យបើសិនជាយើងមិនអាចធានាបាននូវឆ្អឹងខ្នងហ្នឹងឬសសរស្ដម្ភហ្នឹង ចឹងយើងពិបាកនៅក្នុងការធានាឱ្យមានការទទួលខុសត្រូវក្នុងសង្គមរបស់យើង»។
កញ្ញា សុវណ្ណ ស្រីពេជ្យ ជាអ្នកសារព័ត៌មាននៅសមាគមខេមបូចា បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនថា មន្រ្តីរដ្ឋាភិបាលមួយចំនួនធ្លាប់ស្រែកសម្លុតដាក់កញ្ញាអំឡុងពេលសម្ភាសតាមទូរសព្ទ និងពេលខ្លះត្រូវអាជ្ញាធរបណ្ដេញចេញពីកន្លែងចុះយកព័ត៌មានផងដែរ។
កញ្ញា ស្រីពេជ្យ និយាយថា៖ «ខ្ញុំធ្លាប់ចាំបានថាពេលមួយគាត់ [អាជ្ញាធរ] សម្លុតគំរាមថាបើអត់ចេញ [ពីកន្លែងចុះយកព័ត៌មាន] ទេគាត់ចាប់ដាក់ឡានទៅជាមួយកូដករ[ណាហ្គាវើលដ៍]»។
អង្គការសង្គមស៊ីវិលជាង១០ស្ថាប័ន នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានចេញលិខិតរួមគ្នាមួយដោយទទូចស្នើឱ្យរដ្ឋាភិបាល បើកលម្ហសេរីភាព និងសុវត្ថិភាពពេញលេញដល់អ្នកសារព័ត៌មានដើម្បីបំពេញការងារប្រកបដោយវិជ្ជាជីវៈដោយមិនមានការរឹតត្បិតនិងការភ័យខ្លាច។ ពួកគេទទូចឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ប្រភេទលើស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ពីបញ្ហាអសកម្មផ្សេងៗនៅក្នុងសង្គម និងដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ ជាពិសេសបញ្ឈប់ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌដាក់ទោសទណ្ឌលើអ្នកសារព័ត៌មាន។
លិខិតដដែលបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាកំពុងស្ថិតក្នុងហានិភ័យ ដោយសារការបំពេញវិជ្ជាជីវៈរបស់ពួកគេដែលត្រូវការការផ្ដល់សេវាការពារនិងការជួយសង្រ្គោះជាបន្ទាន់។
ឆ្លើយតបទៅនឹងករណីនេះ លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងប្រាប់អ្នកសារព័ត៌មាន Newsroom Cambodia ថា ប្រទេសកម្ពុជាបានទទួលស្គាល់សិទ្ធិរបស់អ្នកសារព័ត៌មានដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់ស្ដីពីរបបសារព័ត៌មាន។ លោកបានអះអាងថា អ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសកម្ពុជាមានឯករាជ្យក្នុងការចុះយកព័ត៌មានដោយអនុវត្តនូវវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការគាបសង្កត់នោះទេ។
លោក មាស សោភ័ណ្ឌ និយាយថា៖ «តែអនុវត្តសិទ្ធិសេរីភាពអ្នកសារព័ត៌មានក៏ត្រូវតែអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន គោរពតាមច្បាប់នឹងមិនធ្វើការផ្សព្វផ្សាយព័ត៌មានណាដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃផងដែរ»។
ទោះជាបែបនេះក្តី សង្គមស៊ីវិលលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះខ្លាំងចាប់តាំងពីឆ្នាំ២០១៧ មកគឺក្រោយពេលមានការបង្រ្កាបរបស់រដ្ឋាភិបាលទៅលើសា្ថប័នសារព័ត៌មានឯករាជ្យធំៗមួយចំនួន។ លំហសេរីភាពនេះ ត្រូវបានគេមើលឃើញថា កាន់តែធ្លាក់ចុះថែមទៀត ក្រោយពីក្រសួងព័ត៌មាន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ បានលុបអាជ្ញាបណ្ណផ្សព្វផ្សាយរបស់សារព័ត៌មាន VOD ដែលត្រូវបានគេចាត់ទុកថាជាសារព័ត៌មានឯករាជ្យចុងក្រោយបំផុតមួយនៅក្នុងប្រទេសកម្ពុជា៕