អង្គការសង្គមស៊ីវិល និងក្រុមសកម្មជនបរិស្ថានអះអាងដូចៗគ្នាថាក្រោយពីមានឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី ករណីការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង។

ប្រធានសមាគមបណ្តាញយុវជនកម្ពុជា(CYN)លោក អ៊ុល វ៉ាន់ មានប្រសាសន៍ថាក្រោយពីឃាតកម្មបាញ់សម្លាប់អ្នកក្លាហានក្នុងបុព្វហេតុការពារបរិស្ថានលោក ឈុត វុទ្ធី កាលពីឆ្នាំ២០១២ ករណីបទល្មើសការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាហាក់មានការកើនឡើងខ្លាំង។ លោកបន្តថាបញ្ហាបទល្មើសព្រៃឈើនៅកម្ពុជាចេះតែបន្តកើតមានឡើងដោយជនល្មើសបានប្រព្រឹតិ្តអំពើខុសច្បាប់និងមានអំពើពុករលួយជាប្រព័ន្ធ ជាពិសេសសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនោះទៀតសោតបង្កឡើងដោយក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលក្នុងការយកទៅអភិវឌ្ឍ។

លោកថា៖«រយៈពេលជាង១០ឆ្នាំនៃមរណភាពលោក ឈុត វុទ្ធី ព្រៃឈើរបស់ប្រទេសកម្ពុជានៅតែទទួលរងការបំផ្លិចបំផ្លាញនិងការកាប់បំផ្លាញដោយខុសច្បាប់និងត្រូវបានបំផ្លាញយ៉ាងគំហុកពីសំណាក់ជនទុច្ចរិតនិងឈ្មួញខុសច្បាប់ជាដើម»។

ប្រធានសមាគមបណ្តាញយុវជនកម្ពុជា(CYN) រូបនេះបានបន្ថែមថាវីរភាពរបស់លោក ឈុត វុទ្ធីក្នុងបុព្វហេតុការពារព្រៃឈើធ្វើឱ្យក្រុមយុវជនស្រឡាញ់បរិស្ថាន អង្គការសង្គមស៊ីវិលនិងបណ្តាញសហគមន៍ព្រៃឈើនៅតែបន្តចងចាំការលះបង់ដ៏ខ្ពង់ខ្ពស់របស់លោក ហើយពួកគេនៅតែបន្តទាមទាររកយុត្តិធម៌បន្ថែមទៀត បើទោះបីជាតុលាការខេត្តកោះកុងបានបញ្ចប់សំណុំរឿងនេះហើយយ៉ាងណាក៏ដោយ។

លោក អ៊ុល វ៉ាន់ និយាយថា៖«វីរភាពលោក ឈុត វុទ្ធី ជាគំរូដល់ពលរដ្ឋនិងយុវជនជំនាន់ក្រោយ ជាពិសេសភាពក្លាហាននិងសកម្មភាពរបស់លោកក្នុងការការពារធនធានធម្មជាតិក្នុងការធ្វើការងារគាំទ្រសហគមន៍ដើម្បីការពារព្រៃឈើដែលនៅសេសសល់នៅកម្ពុជា»។

ស្រដៀងគ្នានេះ សកម្មជនបរិស្ថានលោក ហេង​ ស្រស់ មើលឃើញថាក្រោយពីបាត់បង់លោក ឈុត វុទ្ធី ដែលលោកចាត់ទុកថាជាវីរបុរសការពារព្រៃឈើដ៏ឆ្នើម បញ្ហាកាប់បំផ្លាញព្រៃឈើពិតជាមានការកើនយ៉ាងខ្លាំង​។ លោកបន្តថា ជាក់ស្តែងបច្ចុប្បន្ននេះសេរីភាពនៃការចួលរួមការពារព្រៃឈើហាក់ឆ្ងាយដូចនៅជើងមេញ ដោយមន្រ្តីរដ្ឋាភិបាលនិងមន្រ្តីបរិស្ថានផ្ទាល់ហាក់ព្យាយាមបិទសិទ្ធិសេរីភាពសហគមន៍និងសកម្មជនព្រៃឈើមិនឱ្យចុះល្បាត ទាំងនេះអាចនឹងធ្វើឱ្យអនាគតព្រៃឈើបាត់បង់ជាក់ជាមិនខាន។

លោកថា៖«សព្វថ្ងៃសេរីភាពក្នុងការចូលរួមការពារនូវធនធានធម្មជាតិ សេរីភាពការចូលរួមទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាហាក់បីដូចជាកាន់តែតូចទៅៗ»។

បន្ថែមពីនេះ សកម្មជនបរិស្ថានដែលធ្វើការសកម្មទៅលើបញ្ហាព្រៃឈើរូបនេះបានរៀបរាប់ថាបេសកកម្មនិងគោលបំណងរបស់លោក ឈុត វុទ្ធី ដែលលោកហ៊ានទាំងលះបង់អាយុជីវិតនោះគឺចង់ឃើញរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធអនុវត្តច្បាប់ព្រៃឈើឱ្យមានប្រសិទ្ធភាពនិងចង់ឱ្យបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនណាដែលរំលោភដីសហគមន៍និងបំផ្លិចបំផ្លាញព្រៃឈើនៅកម្ពុជាបន្តទៀត។

លោក ហេង ស្រស់ និយាយថា៖«អ្វីដែលជាគោលបំណងរបស់លោក ឈុត វុទ្ធី ជាចុងក្រោយនោះគឺគាត់ចង់ឃើញរដ្ឋាភិបាលគោរពច្បាប់ ចង់ឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ»។

លោកបន្ថែមថា៖«ចង់ឱ្យរដ្ឋាភិបាលបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុននិងត្រូវចាត់វិធានការទៅលើជនទាំងឡាយណាដែលរកស៊ីបំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា»។

មិនខុសគ្នានេះដែរ សកម្មជនបរិស្ថានលោក អូត ឡាទីន បានបង្ហាញការព្រួយបារម្ភថាអស់ពីលោក ឈុត វុទ្ធី ឬក្រោយពីអវត្តមានលោកឈុត វុទ្ធីទៅ ការបាត់បង់ព្រៃឈើដូចជាបញ្ហាការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបានធ្វើឱ្យព្រៃឈើនៅប្រទេសកម្ពុជាមួយចំណែកធំត្រូវទទួលរងការកាប់បំផ្លាញជាខ្លាំង។ លោកបន្ថែមថាក្រុមហ៊ុនមួយចំនួនដែលទទួលបានសិទ្ធិដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់ការពារព្រៃឈើភាគច្រើនបានទន្រ្ទានយកដីព្រៃបន្ថែមនិងបានកាប់បំផ្លាញព្រៃឈើយ៉ាងគំហុក។

លោកថា៖«ការកាប់ឈើដោយខុសច្បាប់ក្នុងតំបន់ការពារឬតំបន់អភិរក្សនៅបន្តកើតមានជាហូរហែដែលបញ្ហាទាំងនេះជាក្តីកង្វល់រហូតមកដល់បច្ចុប្បន្ននេះ»។

យ៉ាងណាមិញ សកម្មជនបរិស្ថានដែលតែងតែឃ្លាំមើលនិងតាមដានពីបញ្ហាព្រៃឈើរូបនេះបានស្នើទៅរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធគួរតែផ្តល់ឱកាសឱ្យសហគមន៍និងសកម្មជនអាចចូលរួមចុះល្បាតដោយសេរីដើម្បីចូលរួមការពារនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិទាំងអស់គ្នា។

លោក អូត ឡាទីន ស្នើថា៖«រាជរដ្ឋាភិបាលធ្វើយ៉ាងណាផ្តល់ឱកាសនិងបើកចំហសិទ្ធិសេរីភាពដល់ប្រជាជន សហគមន៍ សកម្មជនគ្រប់គ្នាឱ្យបានចូលរួមចំណែកក្នុងការការពារធនធានធម្មជាតិ»។

ពាក់ព័ន្ធរឿងនេះអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា មានប្រសាសន៍ថាសកម្មជនបរិស្ថាននិងអង្គការសង្គមស៊ីវិលមួយចំនួនដែលតែងតែលើកឡើងអំពីស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាជាការបម្រើផលប្រយោជន៍ឱ្យបរទេសនិងបានទទួលថវិកាពីបរទេសដើម្បីយកមកធ្វើសកម្មភាពនៅកម្ពុជាតែប៉ុណ្ណោះ។ លោកបន្ថែមថាសកម្មជនទាំងនោះគួរតែខ្មាស់ខ្លួនឯងដែលយកលុយមកបម្រើបរទេសដោយមិនគិតអំពីអ្វីដែលជាស្ថានភាពជាក់ស្តែង ហើយក្រុមសកម្មជនមួយចំនួនដែលធ្លាប់តែធ្វើការងារជាមួយខ្លួនកន្លងទៅក៏បានចេញមកបកអាក្រាតសកម្មភាពរបស់ខ្លួនវាគ្រប់គ្រាន់សម្រាប់បង្ហាញសាធារណជនថាតើក្រុមសកម្មជនទាំងអស់ហ្នឹងគាត់ធ្វើការងារបម្រើឱ្យនរណាឱ្យពិតប្រាកដហើយ។

លោកថា៖«កម្ពុជាគឺប្រទេសមួយដែលយើងបានខិតខំប្រឹងប្រែងក្នុងការកសាងនិងការការពារនូវធនធានធម្មជាតិរបស់យើងដែលបច្ចុប្បន្ននេះកម្ពុជាមានមោទនភាពដែលយើងបានទទួលចំណូលពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូននិងតាមរយៈទេសចរណ៍ធម្មជាតិ»។

លោកបន្ថែមថា៖«ដូច្នេះសកម្មជនទាំងអស់ហ្នឹងកុំព្យាយាមនៅក្នុងការយកតែអ្វីដែលជាចំណុចអវិជ្ជមានដែលជាកម្មវត្ថុនៃការឱ្យរបស់បរទេសនៃការធ្វើសកម្មភាព»។

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មិនអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងបាននោះទេ ដោយទូរស័ទ្ទចូលជាច្រើនដង គ្មានអ្នកទទួល។

អ្នកការពារព្រៃឈើនិងធនធានធម្មជាតិលោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទី២៦ ខែមេសា ឆ្នាំ២០១២ នៅក្នុងតំបន់សាងសង់ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនចិន នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

​នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំ​​អាត យល់ឃើញថាការលះបង់របស់លោក ឈុត វុទ្ធី ក្នុងបុព្វហេតុការពារព្រៃឈើជាវីរភាពមួយដ៏អស្ចារ្យសម្រាប់កូនខ្មែរជំនាន់ក្រោយយកជាគំរូតាម ជាពិសេសមន្រ្តីរដ្ឋាភិបាលគួរល្មមដល់ពេលបើកសិទ្ធិសេរីភាពឡើងវិញឱ្យសកម្មជននិងសហគមន៍អាចចូលរួមចុះល្បាតព្រៃដោយសេរី ដើម្បីរួមគ្នាការពារធនធានធម្មជាតិទាំងអស់គ្នាឱ្យបានគង់វង្ស។

លោកថា៖«ការទប់ស្កាត់បទល្មើសព្រៃឈើ ធនធានធម្មជាតិ បរិស្ថានហ្នឹងគឺត្រូវមានការចូលរួមអំពីយុវជន និងប្រជាពលរដ្ឋវាជារឿងសំខាន់ក្នុងការចូលរួមទប់ស្កាត់នូវបទល្មើសព្រៃឈើកម្ពុជា»។

លោកបន្ថែមថា៖«អង្គការសង្គមស៊ិវិលនៅតែទទូចឱ្យរដ្ឋាភិបាលផ្តល់ឱកាសនិងលើកចិត្តទឹកឱ្យមានការចូលរួមអំពីក្រុមយុវជននិងពលរដ្ឋដើម្បីល្បាតឬក៏ការពារនូវព្រៃឈើនិងធនធានធម្មជាតិ»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង៕