ក្រុមយុវជនចលនាមាតាធម្មជាតិ បង្ហាញការព្រួយបារម្ភពីការបាត់បង់ឧទ្យានជាតិគិរីរម្យ ក្រោយរដ្ឋាភិបាលអនុញ្ញាតឱ្យ​​បុគ្គល និងក្រុមហ៊ុនឯកជន បានកាន់កាប់ដីមួយចំណែក​ធំ​នៃ​តំបន់​​ឧទ្យាន​ជាតិនេះ។

យុវតីចលនាមាតាធម្មជាតិ កញ្ញា ស៊ុន រដ្ឋា បានឱ្យដឹងថា នៅតំបន់​ការ​ពារ​ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​កាន់កាប់មួយចំណែកធំដោយបុគ្គលឯកជន ឬក្រុមហ៊ុនឯកជនរបស់អ្នកមាន​អំណាច ដែលគេគ្រប់គ្នាដឹងថាជាខ្សែស្រឡាយរបស់លោកស្រី ជឹង សុភាព (ហៅយាយភូ)។ ប្រភពដដែល បន្តថា ក្រុមហ៊ុនមួយដែលមានឈ្មោះថា One More ជាក្រុមហ៊ុនរបស់កូនស្រីបង្កើតរបស់លោកស្រី ជឹង សុភាព នោះគឺលោកស្រី ជឹង សុគន្ធាវី និងជាបុគ្គល​ដែលបានទទួលកាន់កាប់ដីមួយចំណែកធំនៅតំបន់ឧទ្យានជាតិគិរីរម្យមួយនេះ។

កញ្ញាថា៖ «ដីដែលនៅឧទ្យានជាតិគិរីរម្យដែលត្រូវបានកាត់ហ្នឹងមានចំនួនប្រមាណ ២២១ហិកតា ដែល[រដ្ឋាភិបាល​]កាត់ទៅឱ្យបុគ្គលឯកជនហ្នឹង»។

កញ្ញាបន្ថែមថា៖ «ឧទ្យានជាតិគិរីរម្យហ្នឹង ត្រូវបានកាត់ទៅឱ្យក្រុមហ៊ុនឯកជនដែលមានឈ្មោះថា One More Co.LTD កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២»។

ជាអ្នកខេត្ត​បាត់​ដំបង យុវតីមានវ័យ ២៨ឆ្នាំរូបនេះ បានបង្ហាញក្តីបារម្ភពី​អនាគតតំបន់ការពារ​ឧទ្យានជាតិគិរីរម្យ ថា​អាចនឹងមានវាសនាដូចទៅនឹងតំបន់អភិរក្សភ្នំតាម៉ៅ ខេត្តតាកែវ ដែលធ្លាប់ត្រូវបាន​ទន្រ្ទាន និងកាប់ឈើយ៉ាងអាណាធិបតេយ្យ។

កញ្ញា ស៊ុន រដ្ឋា និយាយថា៖ «យើងមានក្តីបារម្ភថាឧទ្យានជាតិគិរីរម្យ នឹងត្រូវបានបំផ្លាញ ឬក៏អាចនឹងមានវាសនាដូចភ្នំតាម៉ៅ ទើបយើងបង្ហាញពីក្តីបារម្ភ ហើយយើងក៏ចង់ទាមទារឱ្យដីទាំងអស់ហ្នឹងក្លាយទៅជាឧទ្យានជាតិវិញ»។

ក្តីបារម្ភនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាល កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានចេញអនុក្រឹត្យ កំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាពផ្ទៃដីទំហំជាង ២២១ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យ ក្នុងភូមិសាស្ត្រ​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់ផ្តល់ជូនក្រុមហ៊ុនវ័នម៉រ (One More Ltd.)។​

យុវតីចលនាមាតាធម្មជាតិម្នាក់ទៀតគឺកញ្ញា ធូន ស្រីពៅ វ័យ២២ឆ្នាំ បានឱ្យដឹងថា រមណីយដ្ឋានឧទ្យានជាតិគិរីរម្យនេះ សម្បូរទៅដោយទេសភាពធម្មជាតិស្រស់បំព្រង និង​ជាកន្លែង​​ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ ព្រោះលម្អដោយដើមស្រល់និងមានទឹកជ្រោះធ្លាក់ជាច្រើនអន្លើ ហើយមានប្រភេទសត្វជាច្រើនអំបូររស់នៅទីនោះផងដែរ។ ករណីនេះ កញ្ញាបារម្ភពីការបាត់បង់ធនធានធម្មជាតិ និងសត្វព្រៃកម្រនៅតំបន់ការពារ​មួយនេះ ក្រោយរដ្ឋាភិបាល ផ្តល់ទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជនកាន់កាប់។​

កញ្ញាធួន ស្រីពៅ និយាយថា៖ «គិរីរម្យជាដីដែលសម្បូរទៅដោយព្រៃឈើ ជាកន្លែងដែលសម្បូរដោយធនធានធម្មជាតិ ហើយតំបន់ហ្នឹងសុទ្ធតែជាតំបន់ដែលកំពុងបម្រើដល់វិស័យទេសចរណ៍ខ្លាំងមែនទែន។ យើងគិតមើលគិរីរម្យអាចរកចំណូលជូនជាតិបានច្រើន មានទាំងពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ក៏តែងតែទៅលេងកម្សាន្តនៅទីនោះ»។

មិនខុសគ្នានេះដែរ យុវជនចលនាមាតាធម្មជាតិម្នាក់ទៀតគឺកញ្ញា ឡុង គន្ធា ក៏បានបង្ហាញការខកចិត្តជាខ្លាំងផងដែរ ចំពោះការផ្តល់ដីកម្មសិទិ្ធរបស់រដ្ឋ ឱ្យទៅឯកជនកាន់កាប់មួយចំណែកធំបែបនេះ។ ប្រភពបន្ថែមថា តំបន់ឧទ្យានជាតិគិរីរម្យមួយនេះ បាននិងកំពុងស្ថិតនៅក្រោមរូបភាពគម្រោងនៃការអភិវឌ្ឍ​របស់ក្រុមហ៊ុនឯកជន ដែលក្រុមយុវជនរបស់កញ្ញាបារម្ភថា វានឹងមានវាសនាដូចទៅនឹងគម្រោងនៃការអភិវឌ្ឍតំបន់អភិរក្សភ្នំតាម៉ៅ។

កញ្ញាថា៖ «ខ្ញុំមានការព្រួយបាម្ភការកាត់ដីឧទ្យានជាតិគិរីរម្យទៅឱ្យឯកជនដើម្បីធ្វើការអភិវឌ្ឍ យើងបារម្ភវាសនាឧទ្យានជាតិគិរីរម្យថាអាចនឹងមានវាសនាដូចជាភ្នំតាម៉ៅដែលយើងឃើញហើយគម្រោងនៃការអភិវឌ្ឍ តែងតែមានការបំផ្លាញធនធានធម្មជាតិ»។

យ៉ាងណាមិញ កញ្ញាស្នើទៅដល់រដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ គួរដកហូតដីដែលបានប្រគល់ឱ្យក្រុមហ៊ុនឯកជនកាន់កាប់មួយចំណែកធំនៅតំបន់គិរីរម្យនោះ មកទុកជាប្រយោជន៍សម្រាប់សង្គមជាតិឡើងវិញ។

កញ្ញាឡុង គន្ធា ស្នើថា៖ «គួរទុកតំបន់ទាំងអស់ហ្នឹង ទុកជាប្រយោជន៍ដល់ប្រទេសជាតិ និងសម្រាប់ប្រជាជនទូទៅទេសចរណ៍​លេងកម្សាន្ត មិនគួរកាត់ទៅឱ្យឯកជនកាន់កាប់នោះទេ ណាមួយវាជាសម្បត្តិជាតិ ហើយក៏សម្បូរធនធានធម្មជាតិទៀត»។

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ជាតំបន់ខ្ពង់រាបមួយដែលស្ថិតនៅទិសខាងត្បូងឆៀងខាងលិចប្រទេសកម្ពុជា។ ឧទ្យានជាតិនេះ ត្រូវមានចាត់ទុកជាតំបន់ព្រៃស្រល់ធំជាងគេនៅប្រទេស​កម្ពុជា។ តំបន់គិរីរម្យ ត្រូវបានកំណត់ជាតំបន់ឧទ្យានជាតិ នៅឆ្នាំ១៩៩៣ ដោយ​ព្រះរាជក្រឹត្យរបស់សម្តេចព្រះបាទនរោត្តម សីហនុ និងត្រូវ​បានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដែល​​មានផ្ទៃដីទំហំជាង ៣០ ០០០ (៣ម៉ឺនហិកតា)។

ពាក់ព័ន្ធនឹងរឿងនេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោក ឱម ម៉ាក់ធារី ឆ្លើយបតយ៉ាងខ្លីថា ការលើកឡើងរបស់យុវជនមាតាធម្មជាតិ ជាសិទ្ធិរបស់ពួកគេ ខណៈអាជ្ញាធរអនុវត្តទៅតាមច្បាប់ និងអនុក្រឹត្យ។

លោកថា៖ «ខ្ញុំអត់ដឹងដែរ ខ្ញុំដឹងតែរឿងធ្វើតាមតែអនុក្រឹត្យរបស់សម្តេចនាយក ខ្ញុំអនុវត្តតាមតែផ្លូវច្បាប់ រាជរដ្ឋាភិបាលលោកឱ្យធ្វើអី យើងធ្វើតាមហ្នឹងទៅ ខ្ញុំចង់ជម្រាបជូនប៉ុណ្ណឹង។ បើក្រុមយុវជនគាត់យល់អី​យល់ទៅ ជាសិទ្ធិរបស់គាត់ យើងមានសិទ្ធិអីទៅហាមឃាត់មិនឱ្យយល់ គាត់ចង់យល់ថាម៉េច យល់ទៅ»។

ចំណែក អភិបាលខេត្តកំពង់ស្ពឹ លោក វ៉ី សំណាង ក៏បានប្រាប់សារព័ត៌មាន Newsroom Cambodiaយ៉ាងខ្លីថា ក្រុមយុវជនយល់ឃើញយ៉ាងណាជារឿងរបស់ពួកគេ ហើយ​រដ្ឋអំណាច​អនុវត្តយ៉ាងណាជារឿងរបស់រដ្ឋអំណាច ដោយការងាររបស់រដ្ឋអំណាចបានអនុវត្ត ក៏មានការ​វាយតម្លៃ​ដោយឯករាជ្យ និងត្រឹមត្រូវ។ លោកបន្ថែមថា ក្រុមការងារវាយតម្លៃរបស់រដ្ឋ បានគិតគូរយ៉ាង​ម៉ត់ចត់ ហើយបើសិនក្រុមការងារដ្ឋ​​ពិនិត្យឃើញ​ថា ការផ្តល់ដីនៅតំបន់នោះទៅឱ្យក្រុមហ៊ុនឯកជន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាជាងប្រយោជន៍សេដ្ឋកិច្ចនោះ គឺរដ្ឋនឹងមិនអនុវត្តនោះទេ។

លោកថា៖ «ការយល់ឃើញរបស់គាត់[ក្រុមយុវជន]​ គាត់មិនមែនជាអ្នកខាងបច្ចេកទេស ឬអ្នកគិតគូរផ្នែកវិស័យអស់ទាំងហ្នឹងណា៎។ គាត់គិតរឿងវិស័យដែលគាត់ត្រូវធ្វើ គឺការពារ អភិរក្ស​ ហើយរដ្ឋអំណាចក៏គិតរឿងការពារ និងអភិរក្សដូចគ្នា ប៉ុន្តែអភិរក្សក៏យើងមិនភ្លេចការអភិវឌ្ឍ​ដែរ អាណាត្រូវទុក អាណាត្រូវអភិវឌ្ឍន៍»។

យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេត​​ឃើញ​ថា ការកាត់ដីឧទ្យានជាតិគិរីរម្យ ឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់នោះ អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅដល់បរិស្ថាន ជាពិសេសប៉ះពាល់ទៅដល់សក្តានុពលអេកូទេស​ចរណ៍​របស់ប្រទេសជាតិ និង​ការប្រកបមុខរបរទទួលទានរបស់សហគមន៍រស់នៅទីនោះ។

លោកថា៖ «ការផ្តល់តំបន់ដែលមានសក្តានុពលទៅឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ និង​ធ្វើការគ្រប់គ្រងនេះ វាធ្វើឱ្យមានការប៉ះពាល់ដល់បរិស្ថានធម្មជាតិ ជាពិសេសដល់តំបន់គិរីរម្យដែលជាតំបន់មានសក្តានុពលខ្លាំងផ្នែកទេសចរណ៍[…] វាអាចធ្វើឱ្យបាត់បង់ចំណូលរបស់សហគមន៍ ដែលគាត់ធ្លាប់អាស្រ័យផលពីតំបន់អេកូទេសចរណ៍ហ្នឹងផងដែរ»។

កាលពីឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) មួយ ដោយស្នើបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់ ស្ថិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ហើយក្រោយមក រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញលិខិតមួយស្នើដកហូតលិខិតសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងការទន្ទ្រានកាន់កាប់ដីព្រៃក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈមកវិញដែរ។

គួររំឭកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើចំនួន ២៦៦,៣១​ហិកតា ស្ថិតនៅ៩ទីតាំង​ផ្សេងៗគ្នា ក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោយពីមានជនខិលខូចមួយចំនួនបានទៅទន្ទ្រាន​យក​ធ្វើជាកម្មសិទ្ធិដោយ​ខុសច្បាប់៕