គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលយកឯកសារនានារបស់គណបក្សភ្លើងទៀន ក្នុងការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្ត សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខ ដើម្បីពិនិត្យជុំវិញភាពមិនប្រក្រតីណាមួយក្នុងរយៈពេលមួយសប្ដាហ៍មុននឹងសម្រេចទទួលស្គាល់ជាផ្លូវការ។

កាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែឧសភា ក្រុមការងាររបស់គណបក្សភ្លើងទៀនក្រោមការដឹកនាំរបស់ លោក រ៉ុង ឈុន អនុប្រធានគណបក្ស បានយកបញ្ជីឈរឈ្មោះតំណាងរាស្រ្តទាំង២៥ខេត្ត-ក្រុង របស់គណបក្សនេះដាក់ជូន គជប ដើម្បីទទួលស្គាល់និងយល់ព្រមឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងមុខ គជប ថា គណបក្សភ្លើងទៀននៅខ្វះឯកសារចំនួនពីរទៀតដែលត្រូវដាក់ទៅកាន់ស្ថាប័នរៀបចំការបោះឆ្នោត ក្នុងនោះមាន បង្កាន់ដៃធនាគារដែលត្រូវការបញ្ជាក់ពីរតនាគារជាតិ និងលិខិតបញ្ជាក់ពីក្រសួងមហាផ្ទៃដែលទទួលស្គាល់ពីភាពស្របច្បាប់របស់គណបក្សភ្លើងទៀន។

លោកបន្តថា លិខិតបញ្ជាក់ពីភាពស្របច្បាប់នៃការចុះបញ្ជីគណបក្សភ្លើងទៀននេះ ខាងគណបក្សភ្លើងទៀនទើបតែទទួលបានពីក្រសួងមហាផ្ទៃកាលពីល្ងាចម្សិលមិញ និងត្រូវយកទៅបញ្ជាក់នៅការិយាល័យច្រកចេញចូលតែមួយនៅថ្ងៃទី៩ ខែឧសភា ។

អនុប្រធានគណបក្សភ្លើងទៀនរូបនេះ អះអាងថា សមាជិកគណបក្សភ្លើងទៀនចំនួនពីររូបដែលជាមន្រ្តីរាជការត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌ ក្នុងនោះមានមួយរូបធ្វើការនៅរដ្ឋបាលខេត្តកណ្ដាលនិងម្នាក់ទៀតធ្វើការនៅរដ្ឋសភា បន្ទាប់ពីពួកគេដាក់ពាក្យស្នើសុំច្បាប់ពិសេសនៃច្បាប់មន្រ្តីរាជការទាក់ទិននឹងការឈរឈ្មោះតំណាងរាស្រ្តឱ្យគណបក្សភ្លើងទៀន។

លោក ឈុន និយាយថា៖ «វាជារឿងមួយអយុត្តិធម៌មិនត្រូវឱ្យកើតមានទេ។ យើងត្រូវតែធ្វើការប្រកួតប្រជែងហើយបើកលំហធ្វើម៉េចដើម្បីឱ្យគណបក្សបង្កលក្ខណៈដល់គណបក្សនយោបាយនីមួយៗ មានសិទ្ធិពេញលេញក្នុងការប្រកួតប្រជែង ដោយសេរីត្រឹមត្រូវយុត្តិធម៌។ អ្នកឈ្នះ ឈ្នះដោយកិត្តិយស ចាញ់ ចាញ់ដោយអស់ចិត្តអាចទទួលយកបានទាំងអស់គ្នា ហើយអ្នកដែលបានផលគឺពលរដ្ឋខ្មែរទាំងអស់គ្នា។ តែបើយើងប្រកួតប្រជែងហើយគណបក្សមួយទទួលរងសម្ពាធគ្នានសេរីភាពពេញលេញ អាហ្នឹងឈ្នះទៅក៏អត់មានតម្លៃអីដែរ»។

លោក រ៉ុង ឈុន បិទបាំងបេក្ខភាពនាយករដ្ឋមន្រ្តីនៃគណបក្សភ្លើងទៀន ដោយលោកគ្រាន់តែបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន៣រូបនឹងឈរឈ្មោះលេខរៀងទី១តាមមណ្ឌលបោះឆ្នោតមួយចំនួន មានដូចជា លោក ទាវ​ វណ្ណុល ប្រធានគណបក្សភ្លើងទៀនឈរនៅមណ្ឌលខេត្តកំពង់ចាម, លោក សុន ឆៃ នៅមណ្ឌលរាជធានីភ្នំពេញ, លោក សុក ហាច នៅមណ្ឌលខេត្តបាត់ដំបង និងរូបលោកផ្ទាល់​ នៅមណ្ឌលខេត្តកណ្ដាល។ លោក រ៉ុង ឈុន បានលើកឡើងថា លោកពុំជាប់បម្រាមពីតុលាការក្នុងការឈរឈ្មោះជាតំណាងរាស្រ្តនោះទេ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ថ្លែងថា បន្ទាប់ពីគណបក្សនយោបាយដាក់បញ្ជីឈរឈ្មោះបេក្ខជនតំណាងរាស្រ្ត គជប ត្រូវការពេលវេលាចំនួន៧ថ្ងៃដើម្បីពិនិត្យលើបញ្ជីឈរឈ្មោះបេក្ខជននិងឯកសារនានាដែលបានដាក់មក។

លោកបន្ថែមថា ក្នុងករណីរកឃើញថាមានកំហុសណាមួយខាង គជប នឹងជូនដំណឹងដល់គណបក្សនោះ ហើយគណបក្សមានរយៈពេល៥ថ្ងៃដើម្បីធ្វើការកែតម្រូវ។ លោក ក៏បានគូសបញ្ជាក់ដែរថា គណបក្សនយោបាយពុំអាចផ្លាស់ប្ដូរឈ្មោះបេក្ខជនតំណាងរាស្រ្តបានទេ បន្ទាប់ពីបានចុះបញ្ជីឈ្មោះបេក្ខជននិងទទួលស្គាល់ដោយ គជប។

លោក ពុទ្ធា បញ្ជាក់ថា៖ «ពេលដាក់បេក្ខជនមកហើយគជបត្រូវការពេល៧ថ្ងៃដើម្បីពិនិត្យឈ្មោះកុំឱ្យជាន់ឈ្មោះបេក្ខជននៅគណបក្សដទៃផងនិងភាពត្រឹមត្រូវនៃអង្គច្បាប់អង្គហេតុ។ បើសិនជាមានបញ្ហាខុសពីហ្នឹងគណបក្សមានពេលវេលា៥ថ្ងៃដែលគជបជូនដំណឹងឱ្យកែសម្រួលនអ្វីដែលជាឯកសាររបស់ខ្លួនហ្នឹង។ ផ្លាស់ប្ដូរបេក្ខជនឈរឈ្មោះបន្ទាប់ពីដាក់ឯកសាររួច?) ចំណុចហ្នឹងអត់បានទេ នៅពេលដែលគជបប្រកាសបេក្ខជនហើយ (ទទួលស្គាល់)»