គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទបញ្ចប់នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្តនីតិកាលទី៧ ក្រោមអវត្តមានអតីតមេដឹកនាំបក្សប្រឆាំងចំនួនពីររូប ដែលអ្នកវិភាគមើលឃើញថា​​ គណបក្សកាន់អំណាចបានរារាំងដៃគូប្រកួតរបស់ខ្លួនដែលមានសក្ដានុពលដោយទុកតែគណបក្សតូចៗ ឱ្យជ្រកក្រោមស្លាកសេរីពហុបក្សដើម្បីបំភាន់ក្រសែភ្នែកសហគមន៍អន្តរជាតិ។

នៅថ្ងៃទី០៨ ខែឧសភានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្ត ក្នុងនោះមានគណបក្សនយោបាយចំនួន២០បានចុះបញ្ជីនិងដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ទោះជាបែបនេះក្ដី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការកំពូលរំលាយ លោក កឹម សុខា និង លោក សម រង្ស៊ី ដែលរុំព័ទ្ធដោយបណ្តឹងបទឧក្រិដ្ឋនានាក្រោមការកាត់ទោសពីតុលាការក្រុងភ្នំពេញ ពុំឃើញលេចវត្តមានឈរឈ្មោះតំណាងរាស្រ្តនៅក្នុងបញ្ជីគណបក្សនយោបាយណាមួយនោះទេ។

មេធាវីការពារក្ដីលោក កឹម សុខា គឺលោកស្រី ម៉េង សុភារី មានប្រសាសន៍ថា

ឥរិយាបថនយោបាយរបស់លោក កឹម សុខា ក្នុងពេលនេះ លោកស្រីពុំអាចកត់សម្គាល់បានឡើយ ក្រោយខកខានជួបកូនក្ដីរបស់ខ្លួនតាំងពីចុងខែមីនាបន្ទាប់ពីសាកសួរលើបណ្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍។ ចំណែកមនុស្សជំនិតលោក សម រង្ស៊ី  និងជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយ លោក ម៉ែន សុថាវរិន្រ្ទ លើកឡើងថា វាមិនចោទជាបញ្ហានោះទេដែលអវត្តមានរបស់ពួកលោកក្នុងឆាកនយោបាយនៅកម្ពុជា ខណៈអ្នកស្រលាញ់ប្រជាធិបតេយ្យមួយចំនួននៅបន្តការចូលរួមប្រកួតប្រជែង។

លោក សុថាវរិន្រ្ទ និយាយថា៖ «មិនអីទេឱ្យតែមានអ្នកប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជាយើងធ្វើការនៅក្រៅប្រទេសសម្រាប់យុវជនជំនាន់ក្រោយរឿងនយោបាយអាចសន្ទនាគ្នាបានទេរវាងខ្មែរនិងខ្មែរប៉ុន្តែមានអន្តរជាតិជាសាក្សី»។

ខុសពីបក្សប្រឆាំង ក្នុងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ឃើញមានអ្នកនយោបាយចាស់វស្សាជាច្រើននាក់នៅបន្តមានវត្តមានឈរឈ្មោះតំណាងរាស្រ្តជាធម្មតាដែលក្នុងនោះមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈរលេខរៀងទី១ នៅមណ្ឌលខេត្តកណ្ដាល, លោក ស ខេង ឈរលេខរៀងទី១ នៅមណ្ឌលខេត្តបាត់ដំបង និងលោក ហេង សំរិន ឈរលេខរៀងទី១ នៅមណ្ឌលខេត្តត្បូងឃ្មុំ។

នៅចំពោះមុខនៃអវត្តមានរបស់អតីតមេដឹកនាំគណបក្សប្រឆាំងក្នុងការឈរឈ្មោះតំណាងរាស្រ្ត លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានបង្ហើបថា ក្រោយ គជប បិទបញ្ចប់នីតិវិធីចុះបញ្ជីឈរឈ្មោះបេក្ខជន

រាល់អ្នកនយោបាយរូបណាដែលមានបំណងឈរឈ្មោះលុះត្រាតែមានការសម្របសម្រួលពិសេសកើតមានឡើង។

លោក ពុទ្ធា និយាយថា៖ «លើកលែងតែមានករណីពិសេសណាមួយអាហ្នឹងយើងដឹងមិនដល់ទេតែចំពោះមុខគឺអត់បានទេ។ ទម្រង់ ឧទាហរណ៍សម្របសម្រួលខាងនយោបាយសម្របសម្រួលលុះត្រាតែមានវិសោធនកម្មច្បាប់ដែរ ហើយវិសោធនកម្មច្បាប់ដែឆ្លងតាមសភាអ៊ីចឹងបានគជបអនុវត្តបាន។ គជបអត់អាចអនុវត្តអីខុសពីផ្លូវច្បាប់ដែលមានចែងជាធរមានទេ»។

នៅមុនការបោះឆ្នោតជាតិចំនួន៤ខែ តុលាការ​ក្រុង​ភ្នំពេញបានផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគាររយៈ​ពេល​២៧ឆ្នាំ ​និងហាមឃាត់មិន​ឱ្យ​ធ្វើនយោបាយអស់មួយជីវិត ក្រោមបទចោទ  «អំពើសន្ទិដ្ឋិភាពជាមួយបរទេស»។ លោក កឹម សុខា ក៏ត្រូវបានដកសិទ្ធិមិនឱ្យបោះឆ្នោត ដកសិទ្ធិឈរឈ្មោះ​ឱ្យគេបោះឆ្នោត និងដកសិទ្ធិធ្វើនយោបាយ ។ ដោយឡែក លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០២២ ក៏ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និង​ដក​សិទ្ធិ​ធ្វើនយោបាយ​ជាស្ថាពរ ​លើ​បទ​ចោទ «​ប្រគល់​ឱ្យរដ្ឋ​បរទេស​»ជុំវិញការចុះហត្ថ​​​លេខា​​​កាត់ទឹកដី​កម្ពុជា​ចំនួន៤​ខេត្តឱ្យ​ជន​ជាតិ​​ដើ​ម​​ភាគតិច​​ម៉ុងតាញ៉ា​ដើម្បីរស់នៅ។

លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវនិងឃ្លាំមើលការអភិវឌ្ឍសង្គម យល់ឃើញថា​ នេះជាកំហុសនយោបាយរបស់លោក កឹម សុខា និង លោក សម រង្ស៊ី ដែលដាក់ក្ដីសង្ឃឹមលើសហគមន៍អន្តរជាតិជ្រុលហួសហេតុ ក្រោយគណបក្សកាន់អំណាចព្យាយាមប្រើយុទ្ធសាស្រ្តគ្រប់ច្រកល្ហកដើម្បីបញ្ចប់ជីវិតនយោបាយនៃអតីតមេដឹកនាំបក្សប្រឆាំងទាំងពីរនាក់។

អ្នកស្រាវជ្រាវរូបនេះថា លោក សម រង្ស៊ី គួរវិលត្រឡប់មកមាតុប្រទេសវិញក្រោមមធ្យោបាយបែបណាក៏ដោយដែលអាចប្រឡូកក្នុងឆាកនយោបាយខាងមុខ ខណៈលោក កឹម​ សុខា គប្បីងើបឡើងតតាំងជាមួយគណបក្សកាន់អំណាច។

លោក សារី និយាយថា៖ «មាគ៌ានយោបាយលោក កឹម សុខា​និងលោក សម រង្ស៊ីកន្លងមក ហាក់បីដូចជាទម្លាក់ក្ដីសង្ឃឹមទាំងស្រុងលើយន្តការអន្តរជាតិ។ តែមកដល់ពេលនេះយើងមិនឃើញលទ្ធផលជាដុំកំភួនទេ។ ដូច្នេះហើយលោក សម រង្ស៊ីនិង លោក កឹម សុខា ត្រូវតែមានភាពបត់បែន បើសិនជាក្នុងករណីយន្តការអន្តរជាតិមិនអាចធ្វើអីរដ្ឋាភិបាលបាន ចឹងមានតែយន្តការក្នុងស្រុកទេ គឺត្រូវធ្វើម៉េចខ្លួនអាចត្រឡប់មកកម្ពុជា ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ហើយចូលសង្វៀននយោបាយទៅ ព្រោះកម្លាំងគាំទ្រលោក សម រង្ស៊ីនិង លោក កឹម សុខា គឺនៅមាននៅឡើយទេ»