ក្រុមអង្គការសង្គមស៊ីវិល ផ្នែកលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ បានរួមគ្នាធ្វើយុទ្ធនាការថ្មីមួយតាមបណ្តាញសង្គម ដើម្បីជំរុញរដ្ឋាភិបាលដោះស្រាយវិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ ដែលជាប់គាំងជិត ២ឆ្នាំ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដាក់បន្ទុកលើក្រុមសហជីពឯករាជ្យ។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ បានប្រាប់ Newsroom Cambodia ថា ការធ្វើយុទ្ធនាការថ្មីតាមបណ្តាញសង្គមមួយនេះ ដើម្បីបង្ហាញឱ្យឃើញពីការរំលោភសិទ្ធិសហជីពយ៉ាងធ្ងន់ធ្ងរពីសំណាក់ថៅកែក្រុមហ៊ុនណាហ្គា និងទាមទារឱ្យរដ្ឋាភិបាលរកយុត្តិធម៌ដល់កូដករដែលកំពុងតស៊ូធ្វើកូដកម្មរាល់ថ្ងៃនេះ។ លោកបន្តថា ការរកយុត្តិធម៌របស់កូដករណាហ្គាវើលដ៍ បានរងការគំរាមគំហែងដោយហិង្សាពីអាជ្ញាធរ និងការចោទប្រកាន់តាមផ្លូវច្បាប់ជាបន្តបន្ទាប់។ លោកចាត់ទុកការប្រើប្រាស់វិធានការច្បាប់ចំពោះមេដឹកនាំសហជីព និងសមាជិកសហជីព នៃក្រុមហ៊ុនល្បែងមួយនេះ គឺផ្ទុយពីការធានានូវសិទ្ធិសេរីភាពជាមូលដ្ឋានដែលជាអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ។
លោកថ្លែងថា៖ «យើងចង់បង្ហាញនូវជំហររបស់អង្គការ សង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិ ការងារ សិទ្ធិមនុស្សហ្នឹង ហើយយើងបន្តនូវការគាំទ្រ ជំរុញឱ្យមានការលើកកម្ពស់សិទ្ធការងារ ករណីណាហ្គាវើលដ៍ យើងជាអង្គការសង្គមស៊ីវិល យើងមើលឃើញថា ជាការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ»។
បើតាមលោក ឃុន ថារ៉ូ វិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ បានអូសបន្លាយរយៈពេលជិត ២ឆ្នាំមកហើយ ជាជម្លោះការងារវែងជាងគេនៅកម្ពុជា ហើយថា អាជ្ញាធរតែងតែចោទទៅក្រុមកូដករថាបង្កអសន្តិសុខក្នុងសង្គមទៅវិញ។ លោកបានជំរុញទៅកាន់រដ្ឋាភិបាល ត្រូវដោះស្រាយជម្លោះការងារមួយនេះដោយតម្លាភាព ដើម្បីគោរពតាមបទដ្ឋានការងារអន្តរជាតិដែលបានចែងស្តីពីការលើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិតគ្រប់វិស័យ។
លោកថា៖ «កាតព្វកិច្ចរបស់រដ្ឋត្រូវតែអនុវត្តឱ្យបានប្រសិទ្ធភាព ផ្ទុយទៅវិញយើងឃើញថា ការខកខាន ការមិនបានដោះស្រាយវិវាទប្រកដដោយប្រសិទ្ធភាព អនុវត្តទៅតាមគោលការណ៍ច្បាប់ ហើយអនុលោមទៅតាមអនុសញ្ញាស្នូលនៃអង្គការពលកម្មអន្តរជាតិ មិនត្រូវបានអនុវត្តពេញលេញ»។
យុទ្ធនាការថ្មីតាមបណ្តាញសង្គមរបស់ក្រុមអង្គការជួរមុខផ្នែកលើកកម្ពស់សិទ្ធិមនុស្ស បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ សង្គមស៊ីវិលទាំងនេះរួមមាន អង្គការសង់ត្រាល់ សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការការពារសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជាផងដែរ។
សកម្មភាពនៃយុទ្ធនាការនេះ រួមមានការផ្សព្វផ្សាយលើបណ្តាញសង្គមនូវសារខ្លីៗដោយសរសេរថា «កូដកម្មមិនមែនជាបទល្មើស» «គ្មានសហជីពគ្មានសិទ្ធិការងារ» ជាពិសេសគឺការផ្សាយវីដេអូស្តីពីការតស៊ូតវ៉ាទាមទារយុត្តិធម៌ពីសំណាក់ក្រុមកូដករភាគច្រើនជាស្រ្តី ដែលទទួលរងហិង្សាពីអាជ្ញាធរ និងរងការចោទប្រកាន់តាមផ្លូវតុលាការជាបន្តបន្ទាប់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលចូលរួមយុទ្ធការនេះដែរ បានលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ គឺបង្ហាញឱ្យឃើញថា សិទ្ធិក្នុងការចូលរួមជាមួយសហជីពឯករាជ្យនៅកន្លែងការងារក្នុងប្រទេសកម្ពុជាកំពុងរងការរឹតត្បិតយ៉ាងខ្លាំង។ លោកថា យុទ្ធនាការថ្មីនេះ ជាផ្នែកមួយជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកម្មករ ដែលកំពុងបំរើការងារគ្រប់វិស័យ។
លោកថា៖ «យុទ្ធនាការនេះសំខាន់បំផុតមិនមែនតែផ្តោតលើរឿងណាហ្គា គឹយើងផ្តោតទៅលើការគោរពដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិការងារ។ យើងឃើញថា មានការទាមទារតវ៉ា ពីសំណាក់បុគ្គលិកកម្មករខ្មែរ របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារ ដែលបានធ្វើរយៈពេលយូរមកហើយ មិនមានដំណោះស្រាយ»។
កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទក្រុមកូដករណាហ្គាវើលដ៍ថា មានបរទេសផ្ដល់ថវិកាធ្វើសកម្មភាពតវ៉ាខុសច្បាប់ និងបង្កចលាចលក្នុងសង្គម ក្នុងបំណងប្រឆាំងរដ្ឋាភិបាល។ លោកមិនជឿថា ក្រុមកូដករដែលបន្តធ្វើកូដកម្មនេះ មានថវិកាទិញអាហារដើម្បីចិញ្ជឹមជីវិតក្នុងពេលដែលបន្តសកម្មភាពតវ៉ានោះទេ។
លោកថ្លែងថា៖ «សញ្ញាសួរនៅត្រង់ថា ខ្លួនជាកម្មករសោះ ហេតុអីខ្លួនមានលុយ រស់បានរហូតមកដល់ពេលនេះ និងដំណើការធ្វើបាតុកម្ម សូមមិត្តភក្តិបរទេសដែលផ្តល់លុយនេះដកខ្លួនចេញ»។
ជុំវិញការចោទប្រកាន់នេះ លោក ស៊ឹង សែនករុណា ដែលឃ្លាំមើលជម្លោះការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍បង្ហាញការសោកស្តាយ ដោយថា ជាការលើកឡើងមិនគ្រប់ជ្រុងជ្រោយ និងមិនសមហេតុផល។ លោកថា សកម្មភាពដែលកូដករកំពុងតវ៉ា គឺផ្តោតទៅលើការទាមទារឱ្យមានដំណោះស្រាយពាក់ព័ន្ធទៅនឹងការគោរពសិទ្ធិការងារ ក្នុងគោលដៅឱ្យភាគីក្រុមហ៊ុនទទួលយកក្រុមសហជីពដែលបានបញ្ឈប់ និងគោរពទៅតាមច្បាប់ការងារតែប៉ុណ្ណោះ។
លោកថា៖ «មិនដូចការចោទប្រកាន់ថា ធ្វើកូដកម្មហ្នឹងទៅផ្តូលរំលំរដ្ឋាភិបាល ឬក៏បង្កភាពអសន្តិសុខ ឬក៏សណ្តាប់ធ្នាប់សង្គមអីទេ គឺគាត់មានបំណងច្បាស់លាស់ ហើយកូដកម្មគាត់ស្របទៅតាមច្បាប់ការងារទៅទៀត អ៊ីចឹងចំនុចទាំងអស់នេះ ការចោទប្រកាន់នេះ ខ្ញុំគិតថា ជារឿងអយុត្តិធម៌បន្ថែមលើអយុត្តិធម៌»។
យ៉ាងណាក្តី កូដករណាហ្គាវើលដ៍ម្នាក់ កញ្ញា សៀក បញ្ញា វ័យ ៣៤ឆ្នាំ ប្រាប់ Newsroom Cambodia ថា គាត់ធ្វើការជិត១០ឆ្នាំមកហើយ នៅក្នុងក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ ប៉ុន្តែមិនមានឈ្មោះត្រូវបញ្ឈប់ពីការងារនោះទេ។ កញ្ញាប្រាប់ថា មូលហេតុដែលខ្លួនសុខចិត្តលាឈប់ពីការងារ មកចូលរួមធ្វើកូដកម្មនេះ គឺដើម្បីទាមទារឱ្យមានសហជីពឯករាជ្យក្នុងក្រុមហ៊ុនឡើងវិញ។ កញ្ញាថា ក្រុមសហជីពឯករាជ្យតែងតែការពារបុគ្គលិកពីការរំលោភបំពានផ្សេងៗ ក្នុងពេលបំពេញការងារ។
កញ្ញាថា៖ «ពួកខ្ញុំអត់អាចអត់មានសហជីពឯករាជ្យ LRSU [សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍] បានទេ ព្រោះគាត់ជាសហជីពឯករាជ្យដែលហ៊ាននិយាយការពិត និយាយអ្វីដែលកម្មករចង់បាន»។
បន្ថែមលើនេះ កញ្ញា សៀក បញ្ញា បានច្រានចោលការចោទប្រកាន់ថា ក្រុមកូដករបានទទួលជំនួយខុសច្បាប់ពីបរទេសដើម្បីមកធ្វើសកម្មភាពតវ៉ានេះ។ ប្រភពដដែលឱ្យដឹងថា គាត់ត្រូវចាយប្រាក់សន្សំដែលបានធ្វើការពីមុនមក និងទទួលបានជំនួយពីក្រុមគ្រួសារ ក្នុងអំឡុងពេលធ្វើកូដកម្ម និងបានដើរស៊ីឈ្នួលគេយកថវិកាទ្រទ្រង់ជីវភាព។
កញ្ញាបន្តថា៖ «ពួកខ្ញុំខ្លះស៊ីឈ្នួល បោសម្អាតផ្ទះគេ លាងចានឱ្យគេបាន ២ម៉ឺន [ទៅ] ៣ម៉ឺន ដើម្បីយកមកផ្គត់ផ្គង់ជីវភាពគាត់ប្រចាំថ្ងៃ អ្នកខ្លះទៀតគាត់ធ្វើការងារ part time [ការងារក្រៅម៉ោង] ពេលទំនេរគាត់មកចូលរួមធ្វើកូដកម្ម»។
ជុំវិញករណីនេះ Newsroom Cambodia បានព្យាយាមទំនាក់ទំនងទៅអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅថ្ងៃទី១០ ខែឧសភា ប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។
ចំណែកអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទួរសព្ទចូលជាច្រើនដងមិនមានអ្នកទទួល ខណៈ សំនួរតាមប្រព័ន្ទតេឡេក្រាមមិនមានការឆ្លើយតប។
ក្រុមហ៊ុនណាហ្គាវើលដ៍បានប្រកាសបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំចំនួន១ ៣២៩នាក់ កាលពីចុងខែមេសា ឆ្នាំ២០២១ ក្នុងនោះមានចំនួន ៣៦៥នាក់ជាមេដឹកនាំសហជីព និងជាសមាជិកសហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)។
ការកាត់បន្ថយបុគ្គលិកនេះ ក្រោមហេតុផល ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩ប៉ុន្តែក្រុមនិយោជិតវិញ មើលឃើញថា គម្រោងបញ្ឈប់បុគ្គលិកដ៏ច្រើននេះជាចេតនារបស់ថៅកែដើម្បីបំបិទមិនឱ្យមានសហជីពឯករាជ្យនៅក្នុងក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្តាលរាជធានីភ្នំពេញមួយនេះ។
ពាក់ព័ន្ធវិវាទការងារ អាជ្ញាធរបានចាប់ឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាការចាប់ឃុំខ្លួនកញ្ញាជាលើកទី២៕