កម្មករជាង៧០០នាក់ ធ្វើការនៅរោងចក្រដេរស្រោមដៃដាយ៉ាបគ្លូប៊ល ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ានិងយាមនៅមុខរោងចក្រ ដើម្បីទាមទារឱ្យថៅកែរោងចក្រនិងអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងផ្សេងៗ ក្រោយរោងចក្របិទទ្វារដោយមិនដឹងមូលហេតុ។

អ្នកស្រី អ៊ុក ផល្លា អាយុ៤៤ឆ្នាំ ជាកម្មការិនីផ្នែកពិនិត្យនៅរោងចក្រដាយ៉ាបគ្លូប៊លនេះ និយាយថា ក្រុមកម្មករទាមទារប្រាក់សំណងចំនួន៥ចំណុច បន្ទាប់ពីថៅកែរត់ចោលនិងរោងចក្របិទទ្វារដោយមិនដឹងមូលហេតុ។ អ្នកស្រី បន្តថា ចំណុចទាមទារទាំងនោះរួមមាន  ប្រាក់ខែចុងក្រោយ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជូនដំណឹងទុកជាមុន ប្រាក់អតីតភាពការងារសម្រាប់ឆ្នាំ២០២៣ និងប្រាក់ដំណាច់ឆ្នាំដែលនៅសេសសល់។

បន្ទាប់ពីធ្វើការអស់រយៈពេល១១ឆ្នាំនៅរោងចក្រដាយ៉ាបគ្លូប៊ល អ្នកស្រី ផល្លា រំពឹងទុកថា ប្រសិនបើទាមទារបានទាំង៥ចំណុចនេះ អ្នកស្រីនឹងទទួលបានប្រាក់ចំនួន៤ពាន់ដុល្លារដែលអាចប្រកបរបរមួយបន្ទាប់ពីរោងចក្របិទទ្វារ។

អ្នកស្រី ផល្លា និយាយថា៖ «

និយាយលែងចេញមកដល់អត់មាន[ថៅកែ]ជនជាតិកូរ៉េនៅម្នាក់ផង កឹបសោរទាំងអស់ទៀត ពួកខ្ញុំចូលខាងក្នុង[ទីតាំងផលិត]ក៏អត់បាន ចូលបានបរិវេណរោងចក្រ»។

អ្នកស្រី ផល្លា ឱ្យដឹងថា នេះជារោងចក្រផលិតស្រោមដៃដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកនិងមានថៅកែជាជនជាតិកូរ៉េ ហើយកន្លងមកមិនធ្លាប់មានភាពរអាក់រអួលជុំវិញចង្វាក់ផលិតកម្មនោះទេ។ ប៉ុន្តែ

នៅខែមេសា ឆ្នាំ២០២៣ រោងចក្របានព្យូរការងារកម្មករអស់រយៈពេល១ខែដោយសារអត់មានការងារធ្វើ លុះដល់ថ្ងៃទី០២ ខែឧសភា នៅពេលដែលកម្មករចូលបម្រើការងារវិញ ស្រាប់តែទីតាំងផលិតកម្មត្រូវបានចាក់សោរទ្វារ ហើយក្រុមកម្មករបាននាំគ្នាតវ៉ានិងដេកយាមមុខរោងចក្រចាប់តាំងពីថ្ងៃនោះមក។

កម្មករមួយរូបទៀត លោក ព្រំ ឈាង អាយុ៣១ ឆ្នាំ និយាយថា លោកដេកយាមមុខរោងចក្រជារៀងរាល់យប់ដើម្បីការពារទ្រព្យសម្បត្តិនៅក្នុងរោចក្រដែលមានម៉ាស៊ីនដេរនិងម៉ាស៊ីនភ្លើងកុំឱ្យមានការដឹកជញ្ជូនចេញក្រៅ។ ដោយឡែក៥ចំណុចដែលទាមទារនេះលោកនឹងយកទៅដោះស្រាយជីវភាពគ្រួសារ

 និងសងបំណុលដែលខ្ចីអំឡុងពេលរោងចក្រភ្ជួរការងារ១ខែ។

លោក ឈាង និយាយថា៖ «វាមិនគួរនឹកស្មានព្រោះមិនដែលមានបញ្ហាចឹង យើងធ្វើការសុខៗដល់ពេលថ្ងៃចូល ជនជាតិកូរ៉េអត់នៅ ពីមុនមកអត់ដែលចឹង»។

លោក ជា ដាវី ប្រធានសហជីពស៊ីខាឌូប្រចាំរោងចក្រដាយ៉ាបគ្លូប៊ល និយាយថា ក្រោយរោងចក្របិទទ្វារ កម្មករនឹងប្រឈមមុខជាមួយបញ្ហារាប់មិនអស់ ដោយសារប្រាក់ចំណូលរបស់ពួកគេតិចតួចមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានយូរនោះទេ។

លោក ដាវី និយាយថា៖ «បញ្ហាដែលប្រឈមគឺវាមានច្រើនចំពោះកម្មករ ដោយសារគាត់ម្នាក់ៗជំពាក់លុយធនាគារ ថ្លៃផ្ទះជួល អំឡុងពេលនេះរឹតតែប្រឈមដោយសាររោងចក្រកាលពីខែ៤បានព្យូរការងារ ដល់ពេលព្យូរការងារគាត់អត់មានប្រាក់ខែទេ។ កម្មករគឺគាត់រកប្រាក់ចំណូលមួយខែសម្រាប់មួយខែ។ ចឹងបើគាត់មានបញ្ហានៅក្នុងខែណាមួយចឹងខែបន្ទាប់គឺជួបការលំបាកមែនទែន ទាំងការហូបចុក ការផ្ញើប្រាក់ទៅស្រុក ហើយបង់ធនាគារ អ្នកខ្លះត្រូវកូនរៀនកូនអីចឹងទៀត។ [ភ្ជួរការងារ១ខែ]ខាងរោងចក្រផ្ដល់៥០ដុល្លារ [ក្នុងម្នាក់]»។

ច្បាប់ស្ដីពីការងារ មាត្រា៩១ ចែងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈ​ផ្ទាល់​នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀត​ទារសងសោហ៊ុយជម្ងឺចិត្តបាន។ មាត្រានេះបានគូសបញ្ជាក់ថា សោហ៊ុយជម្ងឺចិត្តនេះ មិនត្រូវច្រឡំគ្នាជាមួយនឹងប្រាក់បំណាច់​ទូទៅជួសការឱ្យដំណឹងមុនឬជាមួយនឹងប្រាក់បំណាច់បណ្ដេញចេញទេ។

កម្មករនិយោជិតអាចទាមទារប្រាក់បំណាច់បើកផ្ដាច់មួយ ដែលមានចំនួនស្មើនឹងប្រាក់បំណាច់​បណ្ដេញចេញ។ ក្នុងករណីនេះ កម្មករនិយោជិតត្រូវបានរួចពីកាតព្វកិច្ចដែលត្រូវផ្ដល់ភស្ដុតាង​បញ្ជាក់ពីការខូចខាតរបស់ខ្លួន។

ចំណែកមាត្រា៧៧ ឱ្យដឹងទៀតថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោជកតែ​ឯក​ឯង​គ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឱ្យដំណឹងមុន តម្រូវឱ្យនិយោជកចេញ​ប្រាក់ទូទាត់ដល់ កម្មករនិយោជិតមានចំនួនស្មើគ្នានឹងប្រាក់ឈ្នួលហើយនិងអត្ថប្រយោជន៍​គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឱ្យដំណឹងមុនដែលគេមិនបានគោរពត្រឹមត្រូវ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ថ្លែងប្រាប់សារព័ត៌មាន Newsroom Cambodia ថា ករណីរោងចក្រដាយ៉ាបគ្លូប៊លបិទទ្វារទុកចោលកម្មករនេះ ក្រសួងការងារនឹងនាំថៅកែរោងចក្រកមកដោះស្រាយជាមួយកម្មករ។

លោក លីដា​ និយាយថា៖ «គេ[អាជ្ញាធរ]បញ្ជូនទៅខាងក្រសួង ដើម្បីក្រសួងគេសម្របសម្រួលហៅម្ចាស់អីហ្នុងមកជួប»។

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក វង្ស សុវណ្ណ ថ្លែងថា លោកពុំត្រូវបានចាត់ឱ្យទទួលបន្ទុកដោះស្រាយការតវ៉ារបស់កម្មករនៅរោងចក្រដាយ៉ាបគ្លូប៊លនេះនោះទេ។

សារព័ត៌មានNewsroom Cambodia នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងលោក ខៀវ សាវុធ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ បានទេ ដោយទូរសព្ទចូលពុំមានអ្នកលើក។

យ៉ាងណា បើតាមលោក ជា ដាវី ប្រធានសហជីពស៊ីខាឌូប្រចាំរោងចក្រដាយ៉ាបគ្លូប៊ល ឱ្យដឹងថា មន្រ្តីក្រសួងការងារបានចុះមកជួបកម្មករដោយសន្យាទុករយៈពេល១សប្ដាហ៍ដើម្បីនាំថៅកែរោងចក្រមកដោះស្រាយជាមួយកម្មករ។

លោក ដាវី និយាយថា៖ «ខាងក្រសួងចុះមកប្រាប់ថាសុំរយៈពេល១អាទិត្យដើម្បីទុកខាងថៅកែរោងចក្រចុះមកដោះស្រាយឬផ្ដល់ជាព័ត៌មាន មកឱ្យក្រសួងការងារឬកម្មករ តើរោងចក្ររបស់គាត់ត្រូវបិទឬដំណើរការទៅមុខទៀត»។

ករណីតវ៉ាទាមទារសំណងបន្ទាប់ពីរោងចក្របិទទ្វារនេះដែរ នៅខែមេសា ឆ្នាំ២០២៣ កម្មករជាង៣០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ឃែនធើរេន ក្នុងខណ្ឌពោធិ៍សែនជ័យបាន​ដេកយាមមុខរោងចក្រអស់រយៈពេលជាច្រើនខែដើម្បីឱ្យ​ក្រសួង​ការងារ​​ដោះស្រាយបញ្ចប់វិវាទ។ ក្រុមកម្មកររោងចក្រឃែនធើរេន ទាមទារសំណងចំនួន៥ចំណុច ក្រោយថៅកែរត់ចោលមានដូចជា ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក, ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់អតីតភាព​ការងារថ្មី​ក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ​ដែល​មានមុនឆ្នាំ២០១៩ ប្រាក់ជូនដំណឹងជាមុន និងប្រាក់សងជំងឺចិត្ត៕