កសិករដាំស្វាយនៅខេត្តកំពង់ស្ពឺ ចង់បោះបង់មុខរបរដាំស្វាយ ក្រោយតម្លៃស្វាយរបស់ពួកគាត់គ្មានទីផ្សារ និងត្រូវបានឈ្មួញឱ្យក្នុងតម្លៃថោកខ្លាំង។

តំណាងម្ចាស់ចំការស្វាយខេត្តកំពង់ស្ពឺលោក ជី សុខុម បានប្រាប់ Newsroom Cambodia ថាលោកប្រកបមុខរបរដាំដំណាំស្វាយនេះជាង​ ១០ ឆ្នាំមកហើយក្នុងទំហំដីប្រមាណ៥ហិកតាមានដំណាំស្វាយចំនួន ២០០០ដើម សម្រាប់ទុកប្រមូលផលលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកបន្តថាចាប់ពីដើមខែមេសា ដល់ខែឧសភានៃរដូវកាលផ្លែស្វាយប្រមូលផលកសិករតែងតែជួបផលលំបាកក្នុងការស្វែងរកទីផ្សារសម្រាក់លក់ និងជាពិសេសពេលដែលប្រមូលផលស្វាយឈ្មួញតែងតែទម្លាក់តម្លៃថោកធ្វើឱ្យកសិករពិបាកទទួលយកបានណាស់។

លោកថា៖«អាជីករយើងចង់បោះបង់ចោលដោយសារតែតម្លៃស្វាយយើងទូទាត់ទៅតម្លៃពលកម្មអត់រួចយើងទទួលយកអត់រួចពីព្រោះថាតម្លៃពលកម្មដឹកជញ្ជូនផ្សេង កម្មករមួយថ្ងៃ៥ម៉ឺនរៀលម្នាក់យើងក៏សម្រេចទុកចោលទៅវាទូទាត់ថ្លៃដើមអត់ទៅរួច»។

លោកបន្ថែមថា៖«រដូវប្រាំងខ្វះទឹកប្រសិនបើយើងចំណាយទៅលើការបូមទឹកហើយតម្លៃប៉ុណ្ណឹងយើងទៅរួចអត់! យើងទៅអត់រួចទេ តម្លៃនៅសល់ ២០០៛,៣០០៛ [ក្នុង១គីឡូក្រាម] បើនិយាយមិនបានដល់ទៅ២០០៛,៣០០៛ ផងតម្លៃគឺបានតែ ១០០៛ ហើយកន្លែងខ្លះបានត្រឹម ៥០រៀលខ្មែរ»។

បើតាមលោក ជី សុខុម ដែលជាអ្នកភូមិស្តៅប្រសារ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រូបនេះបាននិយាយថាតម្លៃដែលឈ្មួញដាក់ឱ្យគឺថោកខ្លាំង ប្រជាកសិករលក់ស្វាយមួយចំនួនមិនអាចទទួលយកបានទេចំពោះតម្លៃទីផ្សារបែបនេះ។ លោកបន្ថែមថាប្រជាកសិករដំណាំស្វាយនៅខេត្តកំពង់ស្ពឺចង់បានទីផ្សារស្វាយមួយដែលថេរសម្រាប់ពួកគេដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារនិងអាចបង់រំលស់បំណុលធនាគារបានខ្លះផងដែរ។

លោក ជី សុខុម និយាយថា៖«បាន១០០៛ ឬ៥០រៀល [ក្នុង១គីឡូក្រាម]គេទិញហ្នឹងចាត់ទុកថាសំណាងកសិករយើងហើយ។ និយាយឱ្យខ្លីយើងអត់មានទីផ្សារណាដែលល្អ ថេរ យើងអត់មានទីផ្សារណាសម្រាប់កសិករយើងឱ្យពិតប្រាកដគឺអត់ទេ។ ព្រោះទីផ្សារសម្រេចតែឈ្មួញអ្នកទិញ ដល់ពេលកសិករយើងទទួលផលបានគឺឈ្មួញគេក្រឡុកយើងគេធ្វើបាបយើងហ្មង»។

មិនខុសគ្នានេះដែរ តំណាងម្ចាស់ចំការស្វាយខេត្តកំពង់ស្ពឺម្នាក់ទៀតគឺលោក ឆោម កុម្ភៈ បានឱ្យដឹងដែរថាឆ្នាំនេះផលដំណាំស្វាយរបស់លោកទទួលបានផលល្អប្រសើរដែលអាចប្រមូលផលស្វាយបានជាង ១០០ តោនក្នុងទំហំដី ៣៥ ហិកតា ប៉ុន្តែគួរឱ្យសោកស្តាយតម្លៃស្វាយធ្លាក់ចុះខ្លាំងនៅសល់ត្រឹម ១០០៛ ទៅ២០០៛ ក្នុង១គីឡូក្រាមទៅវិញ។ លោកបន្តថាលោកចង់បោះបង់មុខរបរដាំដំណាំស្វាយនេះចោលតាំងពីយូរយារណាស់មកហើយ ដោយសារលោកមើលឃើញថាគ្មានទីផ្សារណាមួយស្ថិតស្ថេរសោះសម្រាប់ដំណាំស្វាយមួយនេះ។

លោកថា៖«ខ្ញុំលក់បានមួយគីឡូ ២០០រៀលលុយខ្មែរហ្នឹងធ្វើម៉េចតាមដំណើរទៅមិនដឹងត្រូវនិយាយថាម៉េច។ ចង់បោះបង់ទៅដាំអ្វីផ្សេងដែរ តែចេះតែទុកវាសិនទៅចាំមើលតទៅទៀតសិន»។

ជាអ្នកភូមិគ្រែលពង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បុរសមានវ័យ ៣៦ ឆ្នាំរូបនេះអះអាងបន្ថែមថាលោកពិតជាចង់បោះបង់អាជីពមួយនេះចោល ហើយងាកមកចាប់អាជីវកម្មមួយផ្សេងទៀតដែរ ប៉ុន្តែលោកមិនទាន់មានថវិកាគ្រប់គ្រាន់ដើម្បីបើកមុខរបរអាជីកម្មផ្សេងពីនេះបាននោះទេ។

លោក ឆោម កុម្ភៈ និយាយថា៖«តាមពិតចង់តែបោះបង់ដែរ តែចេះតែទុកវាសិនទៅ យើងវាអត់ទាន់មានលុយ​ បើយើងមានលុយកាប់ចោលដាំអ្វីផ្សេង ឥឡូវវាអត់ទាន់មានលុយនៅឡើយ»។

បន្ថែមពីនេះ តំណាងម្ចាស់ចំការស្វាយខេត្តកំពង់ស្ពឺម្នាក់ទៀតគឺលោក ទុយ វីរៈ បានលើកឡើងថាប្រជាកសិករដាំដំណាំស្វាយជាច្រើននៅខេត្តកំពង់ស្ពឺបានសម្តែងការបាក់ទឹកចិត្តជាខ្លាំងចំពោះផលដំណាំស្វាយរបស់ពួកគេ។ លោកចោទសួរថាតម្លៃថ្នាំបាញ់សម្រាប់ការពារសត្វល្អិតនិងតម្លៃជីឡើងថ្លៃរហូត តើប្រជាកសិករទៅរំពឹងអ្វី? ហើយតម្លៃស្វាយបែរជាធ្លាក់ចុះជារៀងរាល់ឆ្នាំអ៊ីចឹងទៅវិញ។

លោកថា៖«កសិករទូទៅវា(គាត់)ពិបាកអត់ទទួលយកបាន។​ សព្វថ្ងៃកសិករគាត់ធ្វើស្វាយហ្នឹងគាត់បាក់ទឹកចិត្តអស់ហើយលែងមានចំណាប់អារម្មណ៍នឹងធ្វើ(ប្រកបមុខរបរដាំស្វាយ)តទៅទៀតហើយ»។

លោកបន្ថែមថា៖«ភាគច្រើនអាជីករ ប្រជាកសិករនៅខាងខ្ញុំគេបោះបង់មុខរបរនេះអស់ច្រើនហើយ។មូលហេតុគាត់ខាតប៉ុន្មានឆ្នាំហ្នឹងវាអស់ទុនធ្វើហើយបញ្ហាជីនិងថ្នាំវាឡើងថ្លៃរហូតវាអត់ដែលចុះថោកទេ ហើយពលកម្មក៏ឡើងថ្លៃហើយតម្លៃស្វាយដែលយើងផលិតបានហ្នឹងវាថោកទៀត»។

យ៉ាងណាមិញ លោក ទុយ វីរៈដែលជាអ្នកភូមិដំបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រូបនេះស្នើទៅរាជរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធគួរស្វែងរកទីផ្សារសមរម្យណាមួយឱ្យស្ថិតស្ថេរសម្រាប់ប្រជាកសិករទូទាំងប្រទេសដើម្បីឱ្យពួកគាត់សប្បាយចិត្តក្នុងការប្រកបមុខរបរដាំដំណាំមួយនេះតទៅទៀត។

លោកទុយ វីរៈ ស្នើថា៖«ខ្ញុំទទួចនិងធ្វើសំណើទៅមន្រ្តីជំនាញរហូត តើឱ្យជួយរកទីផ្សារឱ្យដល់កសិករយើងឱ្យបានថ្លៃបន្តិចមកវាអាចជួយសម្រួលដល់ជីវភាពពលរដ្ឋយើងដែរ»។

ពាក់ព័ន្ធនឹងរឿងនេះ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺលោក ឆៃ ពេជ្រ បានប្រាប់គេហទំព័រសារព័ត៌មាន Newsroom Cambodia កាលពីថ្ងៃទី១១ ខែឧសភា នេះយ៉ាងខ្លីថា កសិករដាំដំណាំស្វាយមួយចំនួនខ្វះការសហការជាមួយមន្រ្តីជំនាញ ហើយស្វាយរបស់ពួកគាត់មិនទាន់ត្រូវស្តង់ដារតម្រូវការទីផ្សារនាំចេញនៅឡើយ។

លោកថា៖«រាល់កសិផលគាត់ដាំគាត់ត្រូវសហការជាមួយអ្នកជំនាញ អ្នកជំនាញគេណែនាំឱ្យដាំ ទាំងការចុះបញ្ជីទាំងការវេចខ្ចប់។ កាលណាវាត្រូវស្តង់ដារ ផ្លែខ្នាតវាត្រូវស្តង់ដារអាហ្នឹងបានស្វាយហ្នឹងវាមានតម្លៃ កាលណាគាត់ដាំវាអត់ត្រូវស្តង់ដារ ឧទាហរណ៍ថាមួយគីឡូវាមានស្វាយពីរហ្នឹងបានគេទិញ»។

លោកបន្ថែមថា៖«ការដែលធ្លាក់ថ្លៃគាត់ដាំអត់ត្រូវស្តង់ដាររបស់គាត់ដាំលក្ខណៈថាគាត់អត់ត្រូវតម្រូវការរបស់គេ អាហ្នឹងវានាំចេញវាអត់បាន»។

ចំណែកអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង Newsroom Cambodia មិនអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះបានទេថ្ងៃទី១១ ឧសភា​ នេះដោយទូរស័ទ្ទចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាមិញ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន មានប្រសាសន៍ថាជាធម្មតាទៅហើយសម្រាប់កសិករកម្ពុជាឱ្យតែដល់រដូវកាលប្រមួលផលផលិតរបស់ពួកគាត់ទីផ្សារឈ្មួញតែងតែរកគ្រប់វិធីសាស្រ្តដើម្បីទទួ​លបានផលចំណេញពីកសិករ។ បន្ថែមពីនេះ លោកបញ្ជាក់ថាអត្រានៃកាបោះបង់របរកសិកម្មរបស់ប្រជាកសិករកាន់តែមានច្រើនជាលំដាប់ ដូច្នេះមិនយូរមិនឆាប់ប្រទេសកម្ពុជានឹងលែងក្លាយជាប្រទេសនាំចេញនូវផលិតផលកសិកម្មទៅក្រៅប្រទេស វាអាចនឹងក្លាយទៅជាប្រទេសនាំចូលផលិតផលកសិកម្មពីប្រទេសក្រៅមកវិញដោយសារតែតម្រូវការកើនឡើងខ្លាំង។

លោកថា៖«ការធ្លាក់ចុះនៃទីផ្សារស្វាយនេះវាធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តនៃការខំផលិតនិងការបង្កបង្កើននូវដំណាំស្វាយរបស់បងប្អូនកសិករយើង»។

លោកបន្ថែមថា៖«អត្រានៃការបោះបង់កសិកម្មរបស់ប្រជាកសិករមានការ [កើនឡើង] កាន់តែខ្លាំង ដោយសារគ្មានទីផ្សារនាំចេញទៅក្រៅប្រទេសជាដើមហ្នឹង»។

កាលពីចុងឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តី​ប្រកាសព័ត៌មាន​មួយ​ដោយស្នើដល់​​កសិករ​ដាំ​ស្វាយ​ទាំង​អស់ ទៅចុះបញ្ជីនៅកសិដ្ឋានដាំស្វាយសម្រាប់ការនាំ​ចេញនៅ​អគ្គនា​យ​​កដ្ឋាន​កសិ​កម្ម ដើម្បីងាយ​ស្រួល​ទទួល​បាន​ព័ត៌​មាន និងសេវាបណ្តុះបណ្តាល​បច្ចេក​ទេស ក្នុងការបង្កើនផលិត​ភាព និង​​គុណភាពផ្លែស្វាយតាមស្តង់ដារ ព្រមទំាង​រៀប​ចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់​ទំនាក់ទំនង​​ជាមួ​យ​ក្រុម​ការ​ងារ​ក្នុងស្រុក និងក្រៅ​ស្រុក ដើម្បីចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃ និងនាំចេញ។

សេចក្តីប្រកាសព័ត៌មានដដែលនោះ លើកឡើងថា តម្លៃស្វាយ​ប្រែប្រួល​មិនទៀងទាត់ទៅតាមរដូវកាល ទំហំ​​ផ្គត់ផ្គង់ និងតម្រូវការទីផ្សារ។ ក្រសួង​អះអាងថា ខ្លួនបានខិតខំស្វែងរកទីផ្សារឱ្យកសិករយ៉ាងខ្លាំង​នាពេលកន្លងមក ដូចជា សាធារណរដ្ឋកូរ៉េ ចិន និងជប៉ុនជាដើម។

របាយការណ៍​របស់អគ្គនាយកដ្ឋានកសិកម្ម កាល​ពីខែធ្នូ ឆ្នាំ២០២០ បានឱ្យ​ដឹងថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហិកតា​ ក្នុងនោះផ្ទៃ​ដីប្រមូល​ផលមានចំនួន ៩១ ៣៩៨ហិកតា ដោយទទួលទិន្នផលជា​មធ្យមចំនួន​ ១៦តោនក្នុង១ហិកតា​នៅ១រដូវ ដែលមានបរិមាណផលសរុបចំនួន១ ៤៤៨ ៦៧៧​តោន។

ទោះជាយ៉ាងណា កសិករដាំស្វាយនៅខេត្តកំពង់ស្ពឺនៅតែបន្តទទូចឱ្យក្រសួងជំនាញ និងរដ្ឋាភិបាលជួយដោះស្រាយបញ្ហាស្វាយធ្លាក់ថ្លៃដែលពួកគេកំពុងប្រឈមការខាតបង់ខ្លាំងនៅពេលនេះ៕