ក្រោយថ្ងៃយុទ្ធនាការសកលពីក្រុមសហជីពជាង ៣០នាក់ នៅប្រទេសកម្ពុជាដែលទាមទារឱ្យក្រុមហ៊ុនអន្តរជាតិ Adidas ផ្ដល់ការគាំពារដល់កម្មករនៅពេលដែលពួកគេជួបប្រទះវិបត្តិការងារ កម្មករបម្រើការងារនៅរោងចក្រផលិតសម្ភារឱ្យក្រុមហ៊ុនAdidasថា មានសង្ឃឹមតិចតួចដែលក្រុមហ៊ុនយក្សមួយនេះ ជួយទ្រទ្រង់ពួកគេអំឡុងពេលប្រឈមបញ្ហាការងារ និងថៅកែបិទទ្វាររោងចក្ររត់ចោលជាដើម។
លោក យី រដ្ឋា អាយុ៣៧ឆ្នាំ ធ្វើការផ្នែកបិតបាតស្បែកជើងនៅរោងចក្រម៉េងដាហ្វូតវៀរ ដែលផលិតស្បែកជើងប្រភេទ Adidas និយាយថា អំឡុងពេលជំងឺកូវីដ-១៩ផ្ទុះរាលដាលខ្លាំង លោកបានចងការប្រាក់ឯកជនដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់២០% ចំនួន ៣០០ដុល្លារ ដើម្បីដោះស្រាយជីវភាព ក្រោយរោងចក្រនេះបានឱ្យកម្មករសរុបជាង ៥ ០០០នាក់ ធ្វើការឆ្លាស់វេនគ្នារៀងរាល់២ខែម្ដងដែលមានរយៈពេល៦ខែ។
លោក រដ្ឋា បន្តថា ចំពោះកម្មករដល់វេនឈប់សម្រាក ខាងរោងចក្រផ្ដល់ប្រាក់ខែត្រឹម ៣០ដុល្លារ និងរដ្ឋាភិបាលផ្ដល់ប្រាក់ ៤០ដុល្លារប៉ុណ្ណោះ ខណៈបន្ទុកចំណាយរបស់ពួកគេទាំងថ្លៃបន្ទប់ជួល អាហារ និងថ្លៃសិក្សាកូននៅដដែល។
លោក រដ្ឋា និយាយថា៖ «តិចដែរមិនសូវសង្ឃឹមទេ[Adidasជួយ] ប៉ុន្តែអ្វីដែលយើងធ្វើគឺជាគោលដៅចង់បានឱ្យគាត់ជួយ។ ក្រុមគាត់ [ថៅកែរោងចក្រ] បង្កើតតែចំណេញដល់ពេលខាតតិចតួចគាត់រត់ចោលកម្មករបាត់»។
កម្មករមួយរូបទៀត លោក ស្រស់ វុទ្ធី វ័យ៤៥ឆ្នាំ ធ្វើការផ្នែកជាងម៉ាស៊ីនដេរនៅរោងចក្រឌីនលីនដែលផលិតអាវកីឡាប្រភេទ Adidas និយាយថា រោងចក្រដែលមានកម្មករជាង ១ ០០០នាក់នេះ ប្រឈមមុខបញ្ហារាប់មិនអស់ដោយសារប្រាក់ចំណូលតិចជាងមុន ក្រោយ
រោងចក្របានផ្អាកចង្វាក់ផលិតកម្មជិត១ខែ ក្រោមវិធានការរបស់រដ្ឋាភិបាលដែលបិទខ្ទប់ដើម្បីបង្ការជំងឺកូវីដ-១៩ ហើយកម្មករទទួលបានប្រាក់ខែត្រឹម៥០%ប៉ុណ្ណោះ។
ជាកម្មករបម្រើការងារនៅរោងចក្រឌីនលីនអស់រយៈពេល២៣ឆ្នាំ លោក វុទ្ធី បន្ថែមថា លោកកំពុងមានការព្រួយបារម្ភថារោងចក្រអាចនឹងបិទទ្វារនៅថ្ងៃខាងមុខ ដោយលោកកត់សម្គាល់ថា តាំងពីដើមឆ្នាំ២០២៣រោងចក្រនេះពុំតម្រូវឱ្យកម្មករធ្វើការថែមម៉ោងទៀតនោះទេ ហើយកម្មករមួយចំនួនបានលាឈប់ពីការងារដោយខ្លាចថារោងចក្រនឹងបិទនៅថ្ងៃខាងមុខ។
លោក វុទ្ធី និយាយថា៖ «មិនដឹងសង្ឃឹមប៉ុន្មានភាគរយដែលគេ [ក្រុមហ៊ុន Adidas] អាចជួយយើងបាន។ គ្រាន់តែយើងចង់ឱ្យអាហ្នឹង វាមានទៅដើម្បីឱ្យវានិរន្តរភាពក្នុងការងារ ដើម្បីទុកជាការពារពេលក្រោយៗទៀត ដើម្បីយើងមានការទទួលខុសត្រូវរបស់គាត់ពេលដែលរោងចក្របិទរោងចក្រអ៊ីចឹង»។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា និយាយថា នេះជាទំនួលខុសត្រូវមួយរបស់ក្រុមហ៊ុន Adidas ដែលទទួលបានប្រាក់ចំណេញរាប់សិបលានដុល្លារ ពីការលះបង់របស់កម្មករ ក្នុងការបង្កើតឱ្យមានមូលនិធិសម្រាប់ជួយពួកគេវិញ ក្រោយរោងចក្របិទទ្វារដោយមិនបានផ្ដល់សំណងតាមផ្លូវច្បាប់ និងការជួយផ្គត់ផ្គង់អំឡុងពេលវិបត្តិសកលកើតមានឡើងដូចជាករណីជំងឺកូវីដ-១៩ជាដើម។
លោក ស៊ីណា បានអះអាងថា រោងចក្រជាច្រើនបានគេចវេសក្នុងការផ្ដល់សំណងតាមច្បាប់ដល់កម្មករ ក្រោយរោងចក្របិទទ្វារនិងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩។
លោក ស៊ីណា និយាយថា៖ «យើងឃើញថាក្រុមហ៊ុនដែលផ្គត់ផ្គង់ឱ្ស Adidas មិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៍របស់កម្មករ។ ដូច្នេះក្រុមហ៊ុន Adidas ដែលជាក្រុមហ៊ុនបញ្ជាទិញ ហើយក៏ជាក្រុមហ៊ុនទទួលបានប្រាក់ចំណេញយ៉ាងច្រើនជាសន្ធឹកសន្ធាប់ពីកម្លាំងញើសឈាមកម្មករខ្មែរយើងដែលជាអ្នកដេរឱ្យខ្លួននោះ ត្រូវមានកាតព្វកិច្ចនៅក្នុងការជួយ ចេញថ្លៃខាតបង់របស់បងប្អូនកម្មករ»។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣ តំណាងសម្ព័ន្ធសហជីពឯករាជ្យនៅកម្ពុជាប្រមាណ ៣០នាក់ បានធ្វើការតវ៉ានៅមុខក្រុមហ៊ុន Adidas រាជធានីភ្នំពេញ ដោយជំរុញឱ្យក្រុមហ៊ុនអន្តរជាតិមួយនេះទទួលខុសត្រូវលើការបាត់បង់ប្រយោជន៍កម្មករអំឡុងពេលការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ និងបង្កើតឱ្យមានមូលនិធិជួយដល់កម្មករពេលរោងចក្របិទទ្វារដោយមិនផ្ដល់សំណង ឬមានវិបត្តិសកលកើតឡើង។
យោងតាមរបាយការណ៍មួយដែលសារព័ត៌មាន Newsroom Cambodia ទទួលបានពី ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ ឱ្យដឹងថា មាន ៨៦រោងចក្រ នៅប្រទេសកម្ពុជា ដែលផលិតសម្ភារផ្គត់ផ្គង់ឱ្យក្រុមហ៊ុនលំដាប់អន្តរជាតិ Adidas។
សារព័ត៌មាន Newsroom Cambodia នៅពុំទាន់ទទួលបានការឆ្លើយតបតាមរយៈសារអេឡិចត្រូនិក (Email) ពីលោក ធីម ម៉ាងហាំ (Tim Mangham) អនុប្រធានជាន់ខ្ពស់នៃការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Adidas បាននៅឡើយទេគិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ។
ជុំវិញករណីនេះ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក វង្ស សុវណ្ណ បានប្រាប់ឱ្យអ្នកសារព័ត៌មាន Newsroom Cambodia សួរទៅកាន់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារវិញ ដោយលើកឡើងថា ហួសកម្រិតនៃការឆ្លើយតបរបស់លោក។
យ៉ាងណា អ្នកសារព័ត៌មាន Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ ដោយទូរសព្ទចូលពុំមានអ្នកទទួល។
យោងតាមក្រសួងការងារ នៅក្នុងឆ្នាំ២០២២ មានរោងចក្រសរុបចំនួន៤៩១ បានបិទទ្វារ ឬផ្អាកដំណើរការ ដែលបានប៉ះពាល់ដល់កម្មករជិត៦ម៉ឺននាក់៕