មេធាវីការពារក្ដីឱ្យលោក កឹម សុខា ឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញ ពុំទាន់ជូនដំណឹងជុំវិញការបើកសវនាការក្នុងសំណុំរឿងកូនក្តីរបស់ខ្លួន ដែលប្ដឹងជំទាស់ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ ក្រោយដាក់ពាក្យបណ្ដឹងអស់រយៈពេលជាង១ខែមកនេះ។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ឱ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ ដោយដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ និងហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយជីវិត ក្រោមបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស»។
បន្ទាប់ពីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការជាន់ទាប កាលពីចុងខែមីនា ឆ្នាំ២០២៣ មេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោកស្រី ម៉េង សុភារី មានប្រសាសន៍ប្រាប់សារព័ត៌មាន Newsroom Cambodia ថា សាលាឧទ្ធរណ៍ នៅមិនទាន់មានការជូនដំណឹងពាក់ព័ន្ធនឹងថ្ងៃបើកសវនាការលើបណ្តឹងជំទាស់របស់លោក កឹម សុខា ដែលប្ដឹងឱ្យទម្លាក់បទចោទក្នុងសំណុំរឿងក្បត់ជាតិនេះនោះទេ។
លោកស្រី សុភាវី បានបញ្ជាក់ថា៖ «ខាងយើងខ្ញុំសហមេធាវី អត់ទាន់ទទួលបានព័ត៌មានអី ពីខាងតុលាការឧទ្ធរណ៍ផង»។
លោកស្រី ស្រេង សូយ៉េត អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ មានប្រសាសន៍ថា សាលាឧទ្ធរណ៍ ទើបតែទទួលបានបណ្ដឹងសាទុក្ខរបស់លោក កឹម សុខា នៅថ្ងៃទី០៥ ខែឧសភា និងគ្រោងរៀបចំការជំនុំជម្រះនៅថ្ងៃខាងមុខ តែមិនទាន់កំណត់ថេរវេលានោះទេ។ លោកស្រី បន្តថា សាលាឧទ្ធរណ៍ អាចបើកសវនាការឆាប់រហ័ស ឬទុករយៈពេលយូរ គឺពឹងអាស្រ័យលើប្រភេទសំណុំរឿងនោះ។
លោកស្រី សូយ៉េត និយាយថា៖ «បន្ទាប់ទៀត គឺសាលាឧទ្ធរណ៍នឹងរៀបចំឯកសារបញ្ជូននិងរកកម្មវិធីដាក់ឱ្យនៅពេលដាក់កម្មវិធី នឹងមានការជូនដំណឹងតាមផេក[ហ្វេសបុក]របស់សាលាឧទ្ធរណ៍»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ច្បាប់ពុំមានការកំណត់រយៈពេលនៃថ្ងៃបើកសវនាការ បន្ទាប់ពីប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍នោះទេ។
ជុំវិញការចន្លោះប្រហោងនៃច្បាប់ដែលអំណោយផលឱ្យសាលាឧទ្ធរណ៍ អាចទុកចោលសំណុំរឿងប្ដឹងជំទាស់រាប់ខែនេះ ត្រូវបានមន្រ្តីការពារសិទ្ធិមនុស្សចាត់ទុកថា ករណីនេះប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទដែលត្រូវការយុត្តិធម៌។
លោក ស៊ឹង សែនករុណា មន្រ្តីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក ជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកំណត់ពេលវេលាជាក់លាក់មួយ ដោយដាក់កំហិតឱ្យសាលាឧទ្ធរណ៍បើកការជំនុំជម្រះ ក្រោយមានការប្ដឹងជំទាស់សាលក្រមតុលាការជាន់ទាប។ លោក បន្តថា គោលការណ៍សិទ្ធិមនុស្សតម្រូវឱ្យមានការកាត់ក្ដីឆាប់រហ័ស ដើម្បីផ្ដល់យុត្តិធម៌ជូនភាគីពាក់ព័ន្ធ។
លោក ករុណា អះអាងថា ការអូសបន្លាយពេលក្នុងការបើកសវនាការ ជនជាប់ចោទនឹងខាតបង់ពេលវេលា រួមទាំងប៉ះពាល់ដល់សិទ្ធិទទួលបាននូវយុត្តិធម៌ផងដែរ។
លោក ស៊ឹង សែនករុណា និយាយថា៖ «ព្រោះជនជាប់ចោទ គាត់ទន្ទឹងរងចាំពេលវេលា ចឹងវាប៉ះពាល់ដល់សិទ្ធិគាត់ ចឹងបើសិនជាអត់មានថេរវេលា ចេះតែទុកអូសបន្លាយចោល វាធ្វើឱ្យរឿងហ្នឹងបាត់ឱកាស និងខាតបង់ពេលវេលាច្រើនសម្រាប់រឿងរ៉ាវរបស់ខ្លួន»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពីបទ «គប់គិតជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» បន្ទាប់ពីប្រើពេលកាត់ក្ដីជាង៣ឆ្នាំ ដោយបើកសវនាការចំនួន៦៦លើក។
តុលាការថែមទាំងបានដកសិទ្ធិបោះឆ្នោត ដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងដកសិទ្ធិធ្វើនយោបាយ។ ទន្ទឹមនេះ លក្ខខណ្ឌកំឡុងពេលឃុំខ្លួននៅក្នុងផ្ទះ តុលាការហាមជនជាតិខ្មែរ ឬជនបរទេសទៅសួរសុខទុក្ខលោកដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា លើកលែងតែសាច់ញាតិ ឬមានការអនុញ្ញាតពីអយ្យការ៕