មេធាវីការពារក្ដីឱ្យលោក កឹម សុខា ឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញ ពុំទាន់​ជូន​ដំណឹង​ជុំវិញការ​បើកសវនាការក្នុងសំណុំរឿងកូនក្តីរបស់ខ្លួន ដែល​ប្ដឹងជំទាស់​​ទៅនឹងសាលក្រមសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅឡើយទេ ក្រោយ​ដាក់ពាក្យបណ្ដឹងអស់រយៈពេលជាង១ខែមក​នេះ។ 

​កាល​​ពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០២៣​​​ ចៅក្រមនៃសាលាដំបូងរាជធានី​ភ្នំពេញ បានកាត់​ទោស ​​ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបាន​រំលាយ ​ឱ្យជាប់​​​​​ពន្ធនាគារចំនួន ២៧ឆ្នាំ ដោយ​ដាក់​​ឱ្យ​​​​ស្ថិត​ក្រោម​ការ​​​ឃុំ​ខ្លួន​ក្នុង​​ផ្ទះ និងហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយ​ជីវិត ក្រោមបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស»។

បន្ទាប់​ពីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការ​ជាន់ទាប កាល​ពី​ចុងខែមីនា ឆ្នាំ២០២៣ មេធាវី​ការ​ពារ​ក្ដីឱ្យ​​លោក កឹម សុខា គឺលោកស្រី ម៉េង សុភារី មាន​ប្រសាសន៍​ប្រាប់​សារ​ព័ត៌​មាន Newsroom Cambodia​ ថា សាលាឧទ្ធរណ៍ នៅមិនទាន់មានការជូនដំណឹងពាក់ព័ន្ធនឹងថ្ងៃបើកសវនាការលើ​បណ្តឹង​​ជំទាស់របស់​លោក កឹម​ សុខា ដែលប្ដឹងឱ្យទម្លាក់បទចោទក្នុងសំណុំ​រឿង​ក្បត់​ជាតិនេះនោះទេ។ 

លោកស្រី សុភាវី បានបញ្ជាក់ថា៖ «ខាងយើងខ្ញុំសហមេធាវី អត់ទាន់ទទួលបានព័ត៌មានអី ពីខាងតុលាការឧទ្ធរណ៍ផង»។

លោកស្រី ស្រេង សូយ៉េត អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ មានប្រសាសន៍ថា សាលាឧទ្ធរណ៍​ ទើបតែទទួលបានបណ្ដឹងសាទុក្ខរបស់លោក កឹម សុខា នៅថ្ងៃទី០៥ ខែឧសភា និងគ្រោងរៀបចំការជំនុំជម្រះនៅថ្ងៃខាងមុខ តែមិនទាន់កំណត់ថេរវេលានោះទេ។ លោកស្រី បន្តថា សាលា​ឧទ្ធរណ៍​ អាច​បើក​សវនាការ​ឆាប់រហ័ស ឬទុករយៈពេលយូរ គឺពឹងអាស្រ័យលើប្រភេទសំណុំរឿងនោះ​។

លោកស្រី សូយ៉េត និយាយថា៖ «បន្ទាប់ទៀត គឺសាលាឧទ្ធរណ៍នឹង​រៀបចំ​ឯកសារ​បញ្ជូន​និងរក​កម្មវិធីដាក់ឱ្យនៅពេលដាក់កម្មវិធី នឹងមានការជូនដំណឹងតាមផេក[ហ្វេសបុក]របស់សាលាឧទ្ធរណ៍»។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា​ ច្បាប់ពុំមានការកំណត់រយៈពេលនៃថ្ងៃបើកសវនាការ បន្ទាប់ពីប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍នោះទេ។ 

ជុំវិញការចន្លោះប្រហោងនៃច្បាប់ដែលអំណោយផលឱ្យសាលាឧទ្ធរណ៍ អាចទុកចោលសំណុំរឿងប្ដឹងជំទាស់រាប់ខែនេះ ត្រូវបានមន្រ្តីការពារសិទ្ធិមនុស្សចាត់ទុកថា ករណីនេះប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទដែលត្រូវការយុត្តិធម៌។

លោក ស៊ឹង សែនករុណា មន្រ្តីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក ជំរុញឱ្យមានការ​ធ្វើវិសោធនកម្មច្បាប់ ដើម្បីកំណត់ពេលវេលាជាក់លាក់មួយ ដោយដាក់កំហិតឱ្យសាលាឧទ្ធរណ៍បើកការជំនុំជម្រះ ក្រោយមានការប្ដឹងជំទាស់សាលក្រមតុលាការជាន់ទាប។ លោក បន្តថា​ គោលការណ៍សិទ្ធិមនុស្សតម្រូវឱ្យមានការកាត់ក្ដីឆាប់រហ័ស ដើម្បីផ្ដល់យុត្តិធម៌ជូនភាគីពាក់ព័ន្ធ។ 

លោក ករុណា អះអាងថា ការអូសបន្លាយ​ពេល​ក្នុងការបើកសវនាការ ជនជាប់ចោទ​នឹង​ខាតបង់​ពេលវេលា រួមទាំងប៉ះពាល់ដល់សិទ្ធិទទួលបាននូវយុត្តិធម៌ផងដែរ។

លោក ស៊ឹង សែនករុណា និយាយថា៖ «ព្រោះជនជាប់ចោទ គាត់ទន្ទឹងរងចាំពេលវេលា ចឹង​វាប៉ះពាល់ដល់សិទ្ធិគាត់ ចឹងបើសិនជាអត់មានថេរវេលា ចេះតែទុកអូសបន្លាយចោល វាធ្វើឱ្យរឿងហ្នឹងបាត់ឱកាស និងខាតបង់ពេលវេលាច្រើនសម្រាប់រឿងរ៉ាវរបស់ខ្លួន»។ 

លោក កឹម សុខា ​ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ ត្រូវ​បាន​ចាប់​ខ្លួនកាល​ពីថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២០១៧ និង​ត្រូវ​បាន​ចោទប្រកាន់ពីបទ «គប់គិតជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល» បន្ទាប់ពីប្រើពេលកាត់ក្ដី​ជាង៣ឆ្នាំ ដោយបើក​សវនាការចំនួន៦៦លើក។

តុលាការថែមទាំងបានដកសិទ្ធិបោះឆ្នោត ដកសិទ្ធិឈរឈ្មោះ​ឱ្យគេបោះឆ្នោត និងដកសិទ្ធិធ្វើនយោបាយ។ ទន្ទឹមនេះ លក្ខខណ្ឌកំឡុងពេលឃុំខ្លួននៅក្នុងផ្ទះ តុលាការហាមជនជាតិខ្មែរ ឬជនបរទេស​ទៅសួរសុខទុក្ខលោកដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា លើកលែងតែសាច់ញាតិ ឬមានការអនុញ្ញាតពីអយ្យការ៕