ព្រះសង្ឃគង់នៅវត្ត ទួលប្រាសាទពេជ្ររង្សី ស្ថិតនៅភូមិលឹក ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងអំពាវពាវរកជំនួយពីសប្បុរសជន ដើម្បីសាងសង់វិហារថ្មីក្នុងវត្ត ក្រោយមានគ្រោះធម្មជាតិខ្យល់បក់ខ្លាំងបង្កឱ្យវិហារចាស់ដែលសង់ពីឈើបាក់រលំខ្ទេចទាំងស្រុង។
ព្រះចៅអធិការវត្ត ទួលប្រាសាទពេជ្យរង្សី (ហៅវត្តទួលប្រាសាទចាស់) ព្រះតេជព្រះគុណ លាត លៃ មានថេរដីកាថា ព្រះវិហារចាស់បានបាក់រលំខូចខាត ដោយសារមានខ្យល់បក់បោកខ្លាំង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ព្រះអង្គបន្តថា វិហារដែលបាក់រលំ គឺសង់ពីឈើ ប្រក់ក្បឿង ទំហំទទឹង៨ម៉ែត្រ និងបណ្តោយ ១០ម៉ែត្រ ដែលទទួលបានជំនួយពីពុទ្ធបរិស័ទតាមភូមិប្រគេនមកក្នុងវត្ត និងបានចំណាយថវិកាប្រមាណជាង ៣លានរៀល ក្នុងការសាងសង់បន្ថែម។ ព្រះអង្គបានឱ្យដឹងទៀតថា វិហារនេះបានតម្តល់ព្រះពុទ្ធរូបទុកជាទីសក្ការៈសម្រាប់ប្រជាពុទ្ធបរិស័ទនានា សម្រាប់គោរពបូជាក្នុងការប្រារព្ធពិធីផ្សេងៗ ប៉ុន្តែត្រូវបានបែកបាក់ព្រះពុទ្ធបដិមាអស់ចំនួន ៣ព្រះអង្គ និងខូចខាតខ្ទេចវិហារនេះទាំងស្រុង។
បើតាម ព្រះតេជព្រះគុណ លាត លៃ ក្រោយកើតហេតុមានមន្រ្តីសង្ឃ និងសប្បុរសជនមួយចំនួនបានរួមចំណែកផ្តល់ជាថវិកាដើម្បីសាងសង់វិហារថ្មី ប៉ុន្តែមិនទាន់បានគ្រប់គ្រាន់សម្រាប់ការសាងសង់នៅឡើយ។
បន្ថែមលើនេះ ព្រះអង្គបានអំពាវនាវរកជំនួយពីពុទ្ធបរិស័ទដើម្បីបានថវិកាកសាងព្រះវិហារថ្មីឡើងវិញ ខណៈដែលព្រះសង្ឃក្នុងវត្តកំពុងជួបការខ្វះខាតខ្លាំង។
ព្រះអង្គមានថេរដីកាថា៖ « អាត្មាសុំចម្រើនពរដល់ពុទ្ធបរិស័ទក្នុងប្រទេសនិងក្រៅប្រទេសក្តី ដូចជាតាមបណ្តាញសង្គមហ្វេសបុកក្តី អាត្មាចង់អំពាវនាវសប្បុរសជនដើម្បីជួយចូលរួមនូវ[ថវិកាសាងសង់] ព្រះវិហាររបស់យើង បើសិនជាពុទ្ធបរិស័ទជួយចូលរួម និងខ្នះខ្នែង យើងនឹងបន្ត សាងសង់ព្រះវិហារថ្មតែម្តង»។
បើតាមព្រះតេជព្រះគុណ លាត លៃ ក្នុងវត្តទួលប្រាសាទពេជ្ររង្សី មានព្រះសង្ឃគង់នៅចំនួន ១៤អង្គ ប៉ុន្តែមានព្រះសង្ឃមួយចំនួនបានចាកចេញទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សាក្នុងរាជធានីភ្នំពេញជាបណ្តោះអាសន្ន។ ព្រះអង្គបន្តថា គម្រោងក្នុងការសាងសង់ព្រះវិហារថ្មីនឹងធ្វើពីឈើដែលត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ២០០០ ដុល្លារ ប៉ុន្តែបើមានថវិកាគ្រប់គ្រាន់ ព្រះអង្គគ្រោងសង់ពីថ្មវិញដែលមានទំហំទទឹង៧ម៉ែត្រ និងបណ្តោយ១៧ម៉ែត្រ ដើម្បីទុកជាសម្បត្តិក្នុងវត្តសម្រាប់ពុទ្ធបរិស័ទគោរពបូជាបានយូរអង្វែង។
ជុំវិញករណីនេះ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ មានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មានពីការខ្វះខាតរបស់ព្រះសង្ឃក្នុងវត្តទួលប្រាសាទពេជ្យរង្សី នៅឡើយទេ។ ប៉ុន្តែលោកថា ព្រះសង្ឃអាចដាក់សំណើជាផ្លូវការមកកាន់អាជ្ញាធរថ្នាក់ខេត្ត ដើម្បីអាជ្ញាធរបានផ្តល់ជំនួយផ្សេងៗ ដែលជាតម្រូវការចំបាច់ក្នុងវត្ត។
លោកមានប្រសាសន៍ថា៖ «លោក [ព្រះសង្ឃ] អាច [ដាក់] មានសំណើតាមត្រឹមត្រូវ ក្របខណ្ឌខេត្តនឹងជួយតាមលទ្ធភាពតាមដែលអាចធ្វើទៅបាន»។
បើតាមគេហទំព័រ រដ្ឋបាលខេត្តកំពង់ធំ វត្តនៅទូទាំងខេត្តនេះមានចំនួនសរុប ២៦៩វត្ត។
យ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្ដិភាព លោក យង់ គិមអេង មានប្រសាសន៍ថា វត្តអារាមគឺជាទីកន្លែងសំខាន់សម្រាប់បង្ហាញអត្តសញ្ញាណជាតិខ្មែរមួយ និងមានតួនាទីសំខាន់ក្នុងការអប់រំសីលធម៌របស់មនុស្ស។ បន្ថែមលើនេះ លោកថា ព្រះសង្ឃ គឺពឹងផ្អែកទាំងស្រុងលើពុទ្ធបរិស័ទដែលជួយទំនុកបម្រុង ដូចនេះលោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធគិតគូរបន្ថែមទៀតដើម្បីរកដំណោះស្រាយ ដល់វត្តដែលកំពុងជួបការលំបាកមួយនេះ។
លោកបន្ថែមថា៖ «តែកាលណា ឧបាសក ឧបាសិកាអត់ចូលរួម អត់អីទេ គឺព្រះសង្ឃ [គង់ក្នុង]វត្តមានការលំបាក ហើយជាទូទៅយើងឃើញ។ ជាទូទៅខ្ញុំគិតថា ដោយសារជំនឿសាសនាហ្នឹង ជំនឿការកៀរគរ ថវិកាអីផ្សេងៗ [ព្រះសង្ឃទទួលបាន] ពីសប្បុរសជនចូលរួម ជាជាងលុយពីរដ្ឋាភិបាល»។
ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយមាត្រា ៣៥ ចែងថា បុគ្គលគ្រប់រូប មានសិទ្ធិទទួលបានការការពារអាយុជីវិត សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងជំនួយសង្រ្គោះ នៅក្នុងពេលជួបគ្រោះមហន្តរាយ។ បុគ្គលគ្រប់រូបមានសិទ្ធិទទួលបាននូវពត៌មាន ស្តីពីមុខសញ្ញាគ្រោះថ្នាក់ ភាពងាយរងគ្រោះហានិភ័យ វិធីសាស្រ្ត បច្ចេកទេសសម្រាប់ការពារខ្លួន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការត្រៀមបង្ការ ការឆ្លើយតប សង្រ្គោះបន្ទាន់ និងស្តារឡើងវិញ៕