និស្សិតមួយចំនួនដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា បានជំរុញទៅកាន់រដ្ឋាភិបាល បញ្ចូលពួកគេជាក្រុមគោលដៅ ដើម្បីទទួលបានកិច្ចគាំពារសង្គមផ្នែកសុខាភិបាល ដូចក្រុមងាយរងគ្រោះផ្សេងៗទៀតនៅក្នុងសង្គម។
ការចង់បាននេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាមួយ ដែលរៀបចំឡើងដោយ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដែលមានការចូលរួមពីយុវជនចំនួន ៩៤នាក់ ក្នុងនោះមានស្រ្តី ៥៦នាក់ មកពីបណ្ដាសាកលវិទ្យាល័យផ្សេងគ្នាៗ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។
បុគ្គលិកគម្រោងនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) កញ្ញា ស៊ូ ម៉ាឡៃ បានប្រាប់ Newsroom Cambodiaថា កិច្ចភិភាក្សានេះ គឺដើម្បីផ្តល់ចំណេះដឹងដល់យុវជនពីប្រព័ន្ធគាំពារសង្គម ជាពិសេសទាមទារឱ្យមានការដាក់បញ្ចូលក្រុមនិស្សិត ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ទទួលបានការគាំពារផ្នែកសុខភាព ដូចក្រុមងាយរងគ្រោះផ្សេងៗទៀតដែរ។
កញ្ញាសង្កេតឃើញថា និស្សិតដែលមកពីតាមបណ្ដាខេត្តនានា ដើម្បីបន្ដការសិក្សានៅភ្នំពេញ ភាគច្រើនពួកគេត្រូវរ៉ាប់រងការចំណាយច្រើនទៅលើកន្លែងស្នាក់នៅ ការហូបចុក បង់ថ្លៃសាលា និងការចំណាយទៅលើការព្យាបាលជំងឺក្នុងពេលដែលពួកគេកំពុងសិក្សា ជាដើម។កញ្ញាថា ប្រសិនបើនិស្សិតមានបញ្ហាសុខភាព គឺជាមូលហេតុចម្បងមួយនាំឱ្យការសិក្សារបស់ពួកគេធ្លាក់ចុះ និងប្រឈមការបោះបង់ចោលការសិក្សាផងដែរ។
កញ្ញាបន្ថែមថា៖ «ពួកគាត់ត្រូវចំណាយច្រើនក្នុងមួយខែៗ តម្រូវឱ្យពួកគេត្រូវចំណាយដោយសន្សំសំចៃ ទៅលើការហូបចុកដែលមិនសូវមានជីវជាតិ បរិភោគអាហារគ្រឿងកំប៉ុងដែលទិញទុកហូបបានយូរ ដើម្បីសន្សំថវិកាទិញម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ពួកគេ ដែលធ្វើឱ្យប៉ះដល់សុខភាព និងគុណភាពការសិក្សារបស់ពួកគេ»។
រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ ប្រព័ន្ធគាំពារសង្គម សម្រាប់ក្រុមងាយរងគ្រោះដោយផ្តោតលើ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ប្រព័ន្ធជំនួយសង្គម គឺផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ រស់នៅក្រោម និងក្បែរបន្ទាត់ភាពក្រីក្រ ជាពិសេសកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ និងជនចាស់ជរាគ្មានទីពឹង។ ចំណែកប្រព័ន្ធសន្តិសុខសង្គម ផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាព ដល់ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។
យុវជន រ៉ា សារិន វ័យ ២២ឆ្នាំ កំពុងសិក្សាជំនាញរូបវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ Newsroom Cambodia ថា បច្ចុប្បន្នគាត់កំពុងសា្នក់នៅក្នុងអន្តេវាសិកដ្ឋានរបស់អង្គការក្រៅរដ្ឋាភិបាលមួយ ដើម្បីកាត់បន្ថយការចំណាយលើថ្លៃជួលបន្ទប់ស្នាក់នៅ។ យុវជនរូបនេះ ឱ្យដឹងថា អំឡុងពេលដែលគាត់ជួលបន្ទប់ស្នាក់នៅ គាត់ត្រូវចំណាយប្រមាណ៤៥ដុល្លារក្នុងមួយខែៗ ហើយថាបើបូកទាំងថ្លៃអាហារប្រចាំថ្ងៃត្រូវចំណាយសរុបប្រមាណ ១២០ដុល្លារក្នុងមួយខែៗ។
លោកថា៖ «ពេលខ្លះ ខែខ្លះក៏ដាច់លុយទៅ ខែខ្លះក៏គ្រប់ទៅ! វាពិបាកសម្រាប់យុវជនទូទៅរបស់យើងដែលគាត់មកហ្នឹង គឺថ្លៃស្នាក់នៅ ហើយនិងការហូបចុកគឺវាសំខាន់មែនទែន»។
និស្សិតឆ្នាំទី២ មានស្រុកកំណើតក្នុងខេត្តសៀមរាបរូបនេះ ឱ្យដឹងថា ចំពោះថវិកាទ្រទ្រង់ការចំណាយ គឺរូបគេទទួលបានការឧបត្ថម្ភមួយចំណែកពីក្រុមគ្រួសារ និងរកចំណូលតាមរយៈការបង្រៀនក្រៅម៉ោង។ យុវជនរូបនេះបន្ថែមថា ជីវិតជានិស្សិតគឺជួបការប្រឈមនឹងបញ្ហាសុខភាព ព្រោះតែរបបអាហារមិនគ្រប់គ្រាន់ និងកន្លែងរស់នៅមិនមានផាសុកភាព។
លោកថា៖ «បើសិនជារដ្ឋាភិបាលរបស់យើងយកចិត្តទុកដាក់គ្រាន់តែផ្តល់ការ Check [ពិនិត្យ]សុខភាពសម្រាប់និស្សិតនៅតាមសាកលវិទ្យាល័យឱ្យគាត់ដឹងខ្លួនមុន ត្រៀមខ្លួនមុនពេលដែលគាត់ឈឺឱ្យគាត់ទៅណា អ៊ីចឹង វាល្អមែនទែនដែលធ្វើឱ្យនិស្សិតទាំងកាត់បន្ថយចំណាយ ទាំងធ្វើឱ្យយុវជនអាចតាមដានសុខភាព ថាគាត់កើតអីប្រចាំខែ»។
ស្រដៀងគ្នានេះដែរ យុវតី គុណ នីត វ័យ ២២ឆ្នាំ និសិត្សជំនាញ គីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រាប់ Newsroom Cambodia ថា កញ្ញាត្រូវចំណាយត្បិតត្បៀតដើម្បីទិញចំណីអាហារសម្រាប់ទទួលទាន ដោយសារត្រូវជួយសន្សំថវិកាសម្រាប់ក្រុមគ្រួសារ។ ម្យ៉ាងវិញទៀតក្នុងនាមជានិស្សិតជាស្រ្តីមួយរូប យុវតីរូបនេះតែងតែមានអាការៈខ្សោយកម្លាំងផងដែរ ដោយសារទទួលទានមិនគ្រប់គ្រាន់ និងត្រូវចំណាយពេលផ្តោតលើការសិក្សាច្រើន។
កញ្ញាថា៖ «ពេលយើងចូលសាកល [សាកលវិទ្យាល័យ] អ៊ីចឹងក៏ខ្ញុំមានជំងឺដែរ ដោយសារពេលខ្លះតម្រូវឱ្យរៀនម៉ោងច្រើន ហើយពេលដែលយើងញ៉ាំអត់សូវគ្រប់គ្រាន់»។
សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី៣រូបនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ការគាំពារសង្គមផ្នែកសុខភាពសម្រាប់រូបគេ និងនិស្សិតផ្សេងៗទៀត ដើម្បីជាការគាំទ្រ និងលើកទឹកចិត្តដល់យុវជនដែលស្ថិតក្នុងវ័យសិក្សា ក្នុងគោលដៅជំរុញឱ្យវិស័យអប់រំកាន់តែមានភាពល្អប្រសើឡើង។
កញ្ញាថា៖ «បើសិនជាអត់មានសុខភាពទេ! គឺរៀនអត់បានផល។ យើងអត់មានកម្លាំងក្នុងការផ្តោត [លើការសិក្សា] គ្រាន់តែពេលខ្លះអាចទៅសាលាបាន ប៉ុន្តែសមត្ថភាពក្នុងការចាប់ចំណេះដឹងគឺខ្សោយ ខ្ញុំសូមឱ្យបញ្ចូលកិច្ចគាំពារសុខភាពសម្រាប់យុវជន»។
របាយការណ៍បូកសរុបលទ្ធផលការងារ របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយក្នុងខែ មេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២០ ដល់២០២១ និស្សិតកំពុងសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា មានជិត ២០ម៉ឺននាក់ (១៩៨ ៣៦៣នាក់) ក្នុងនោះមាននិស្សិតស្រីជិត ១០ម៉ឺននាក់ (៩៨ ៥៣៥នាក់) បើប្រៀបធៀប ក្នុងឆ្នាំសិក្សា២០១៩ ដល់២០២០ និស្សិតថយចុះជាង ៣ពាន់នាក់ (៣៥ ៣៧ នាក់)។
ជុំវិញការចង់បានការថែទាំផ្នែកសុខភាពនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមដោយខ្លីថា មន្រ្តីពាក់ព័ន្ធនឹងពិចារណាបន្ថែម ក្រោយពេលទទួលបានការដាក់សំណើចង់បាននេះជាផ្លូវការ។
លោកបញ្ជាក់ថា៖ «ជាទូទៅ ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យនិងសម្រេចរាល់សំណើនានាក្រោយពីការទទួលបានសំណើពាក់ព័ន្ធតាមរយ:ចរន្តការងាររដ្ឋបាលផ្លូវការ»។
ចំណែក អនុប្រធានការិយាល័យផែនការ នៃនាយកដ្ឋានគោលនយោបាយសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ឡាយ សុវង្ស មិនអាចសុំការផ្តល់បទសម្ភាសន៍បានទេនៅថ្ងៃទី១២ ខែឧសភា ដោយលោកអះអាងថារវល់ប្រជុំ។ លុះក្រោយមក អ្នកសារព័ត៌មានបានព្យាយាមហៅទូរសព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។
យ៉ាងណាក្តី នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា ការចង់បានរបស់ក្រុមយុវជនដែលជានិស្សិតនេះ គឺជាការបន្លឺសម្លេងថ្មីមួយ ទៅកាន់រដ្ឋាភិបាលគិតគូរចំពោះបញ្ហាប្រឈមរបស់ពួកគេ ជាពិសេសគឺនិស្សិតក្រីក្រដែលមកពីបណ្តាខេត្តនានា មកបន្តការសិក្សាក្នុងរាជធានីភ្នំពេញ។
លោកថា៖ «ឱ្យតែនិស្សិតមិនមែនសុទ្ធតែមានជីវភាពធូរធារទេ! ក្រុមនិស្សិតខ្លះគាត់រស់នៅក្នុងជីវភាពលំបាកទាំងការគាំទ្រ ការឧបត្ថម្ភដល់ការរៀនសូត្ររបស់គាត់។ អ៊ីចឹងខ្ញុំលើកទឹកចិត្តឱ្យមានការពិចារណាទៅលើសំណូមពររបស់ក្រុមនិស្សិតដែលស្ថិតក្នុងស្ថានភាពក្រុមដែលមានភាពងាយរងគ្រោះនេះ»។
ទោះជាបែបណា បុគ្គលិកគម្រោងនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) កញ្ញា ស៊ូ ម៉ាឡៃ បង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលនឹងទទួលយកការចង់បានរបស់ក្រុមយុវជនជាសិស្ស និងនិស្សិត ដាក់បញ្ចូលការស្នើរបស់ពួកគេក្នុងគោលនយោបាយជាតិ ដើម្បីទទួលបានការថែទាំសុខភាព ដែលជាផ្នែកមួយជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។
កញ្ញាថា៖ «យើងរំពឹងថាភាគីពាក់ព័ន្ធនឹងនាំយកនូវសម្លេងរបស់យុវជន ដែលបានលើកឡើងអំពីបញ្ហាប្រឈមនិងតម្រូវការរបស់យុវជន ក្នុងការដាក់បញ្ចូលយុវជនទៅក្នុងប្រព័ន្ធគាំពារសង្គមជាពិសេសផ្នែកថែទាំសុខភាពនាពេលខាងមុខឆាប់ៗនេះ»៕