ប្រជាពលរដ្ឋចំនួន១១គ្រួសារ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ទាមទារឱ្យស្រ្តីជាមន្រ្តីពន្ធនាគារម្នាក់ប្រគល់ថវិកាឱ្យពួកគេវិញ ក្រោយមិនគោរពតាមការសន្យាដែលធានាឱ្យកូនៗរបស់ពួកគេ បានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ។
លោក អ៊ុន កុសល វ័យ ៤០ឆ្នាំ អះអាងថាជាតំណាងពលរដ្ឋរងគ្រោះ រស់នៅក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានឱ្យដឹងថា លោកបានផ្តល់លុយចំនួន ៨ ០០០ដុលា្លរ កាលពីខែឧសភា ឆ្នាំ២០២១ ទៅឱ្យស្រ្តីម្នាក់ឈ្មោះ ស៊ឹម សុខុម ជាមន្រ្តីពន្ធនាគារខេត្តបាត់ដំបង ជាថ្នូរឱ្យកូនប្រុសរបស់គាត់ទទួលបានក្របខណ្ឌនគរបាល។ លោកបន្តថា គិតមកដល់បច្ចុប្បន្ន មានរយៈពេលជាង១ឆ្នាំមកហើយ ដែលកូនរបស់គាត់ នៅមិនទទួលបានក្របខណ្ឌជាមន្រ្តីរាជការនៅឡើយ ទើបគាត់សម្រេចរកការចំណាត់ការពីក្រសួងមហាផ្ទៃតែម្តង ក្រោយរកដំណោះស្រាយពីមន្រ្តីថ្នាក់ខេត្តជាច្រើនដងមិនបានលទ្ធផល។
លោក កុសល បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយករណីនេះឱ្យបានឆាប់ ដោយលោកចង់បានលុយដែលខាតបង់ត្រលប់មកវិញ។
លោកថា៖ «ខ្ញុំមានតែអំពាវនាវដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ មានសម្តេចក្រឡាហោម [ស ខេង] សូមសម្តេចមេត្តាជួយរកដំណោះស្រាយឱ្យពួកយើងខ្ញុំបានទទួលថវិកាវិញ មានគ្នា១១នាក់ មានចំនួន ៩៤ ៧០០ដុល្លារ»។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន ១១ គ្រួសារបានរងគ្រោះ ដោយពលរដ្ឋម្នាក់ៗបានចំណាយលុយ ជិត១ម៉ឺនដុល្លារអាមេរិក សរុបជាទឹកប្រាក់ទាំងអស់ចំនួន ៩៤ ៧០០ដុល្លារ។ ពួកគេបានប្តឹងអ្នកស្រី ស៊ឹម សុខុន ដែលបច្ចុប្បន្នកំពុងបម្រើការនៅពន្ធនាគារខេត្តបាត់ដំបង ដោយបុគ្គលនោះបានសន្យាថា នឹងជួយរត់ការប្រឡងចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ហើយប្រសិនបើមិនបានជាប់ នឹងប្រគល់ថវិកាទៅឱ្យពួកគេវិញគ្រប់ចំនួន។ ពាក្យបណ្តឹងដដែល បញ្ជាក់ថា ការជ្រើសរើសដើម្បីចូលក្របខណ្ឌមន្រ្តីនគរបាលនោះ នឹងធ្វើឡើងក្នុងជួរយុវជនរបស់គណបក្សប្រជាជនកម្ពុជា។
ពលរដ្ឋរងគ្រោះម្នាក់ទៀត លោក លីវ ផាត វ័យ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ Newsroom Cambodia ថា លោកបានចំណាយលុយចំនួន ៩ ០០០ដុល្លារ ទៅឱ្យអ្នកស្រី ស៊ឹម សុខុន ដើម្បីបានក្របខណ្ឌជាមន្រ្តីនគរបាលជាតិឱ្យកូនរបស់គាត់ដែលទើបប្រឡងជាប់ថ្នាក់ទី១២។ លោកថា លុយដែលលោកបានប្រគល់ឱ្យនោះ គឺបានមកពីការខ្ចីពីធនាគារឯកជនមួយ ដោយសង្ឃឹមថា កូនរបស់គាត់នឹងក្លាយជាមន្រ្តីរាជការ ប៉ុន្តែជាងមួយឆ្នាំមកនេះ គឺមិនទាន់មានដំណឹងនៅឡើយទេ។
បើតាមលោក លីវ ផាត បច្ចុប្បន្នលោកត្រូវបង់លុយឱ្យធនាគារប្រចាំខែចំនួនជាង ២០០ដុល្លារ។ លោកស្នើអាជ្ញាធរអន្តរាគមន៍ជុំវិញករណីនេះ ដោយលោកសង្ឃឹមថា នឹងទទួលបានលុយមកវិញគ្រប់ចំនួន។
លោកថា៖ «ចង់បានតែលុយមកវិញ ធ្វើម៉េចជួយដោះស្រាយឱ្យខាងលើ ជួយដោះស្រាយបានលុយមកវិញ ព្រោះឥលូវវ័ណ្ឌកររឿងជំពាក់អង្គការ [ធនាគារ]។ បង់គេរហូតគ្រប់តែគ្នាទាំងគេទាំងខ្ញុំ ដាក់ទាំងអស់គ្នា»។
Newsroom Cambodia បានព្យាយាមទាក់ទងអភិបាលរងខេត្តបាត់ដំបង លោក ឆាយ ម៉ាទីណាល់ នៅថ្ងៃទី១៩ ខែឧសភាប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ក៏មិនអាចសុំការឆ្លើយតបបានដែរ ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្តែប្រព័ន្ធទូរសព្ទត្រូវបានចុចផ្តាច់ជាច្រើនលើក។
យ៉ាងណាក្តី អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងមហាផ្ទៃ លោក ម៉ែន ប៊ុនរិទ្ធ បានប្រាប់ Newsroom Cambodia ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងជាផ្លូវការពីប្រជាពលរដ្ឋទាំង១១គ្រួសារនៅឡើយទេ ដោយលោកគ្រាន់តែបានដឹងថា ពិតជាមានករណីនេះពិតមែន តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា។ លោកបន្ថែមថា ក្រសួងមហាផ្ទៃ នឹងអន្តរាគមន៍សំណុំរឿងនេះ ក្នុងករណីដែលបានទទួលឯកសារពាក់ព័ន្ធពីប្រជាពលរដ្ឋដែលរងគ្រោះ។
លោកថា៖ «ទាល់តែឃើញដំណើររឿងរបស់គាត់យ៉ាងម៉េចៗសិន អត់ទាន់បានឃើញឯកសារអីផង»។
ចំណែក អ្នកស្រី ស៊ឹម សុខុម មន្ត្រីពន្ធនាគារខេត្តបាត់ដំបង ដែលរងការចោទថា ទទួលសំណូកនេះបានចុចបិទទូរសព្ទ ក្រោយទទួលការហៅចូលជាច្រើនលើក។
យ៉ាងណាក្តី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ករណីរត់ការចូលក្របខណ្ឌរដ្ឋនេះ គឺជាអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធក្នុងជួរមន្រ្តីរដ្ឋាភិបាល។ លោកថា ក្រសួងមហាផ្ទៃត្រូវមានចំណាក់ការបន្ទាន់ក្នុងករណីនេះ ដើម្បីយកលុយដែលប្រជាពលរដ្ឋខាតបង់ ប្រគល់ឱ្យពួកគាត់វិញ ដើម្បីដោះស្រាយបញ្ហាបំណុលធនាគារដែលពួកគាត់បានខ្ចីបុលយកទៅឱ្យមន្រ្តីទទួលលុយនោះ។
លោកថា៖ «ក្រសួងគួរតែជំរុញចំណាត់ការបស់ខ្លួនឱ្យបានលឿនបន្តិចដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះ។ ពាក់ព័ន្ធបញ្ហាលុយហ្នឹងមានលក្ខណៈស្មុគស្មាញ តើលុយហ្នឹងយកទៅសូកមន្រ្តីថ្នាក់លើណាខ្លះ? ហើយលុយហ្នឹងចាយអស់យ៉ាងម៉េច តើលុយវាសល់ប៉ុន្មាន? ត្រូវបង្វិលឱ្យប្រជាពលរដ្ឋសិន ដើម្បីគាត់យកទៅបណ្តោះ [សងធនាគារ] យើងដឹងថា ប្រជាពលរដ្ឋទាំងអស់នោះ សុទ្ធតែជាអ្នកស្រែចំការ»។
ច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៥៩៨ ចែងថា ជនដែលជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ប្រព្រឹត្តអំពើកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ដែលចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានរកឃើញថា កម្ពុជាទទួលបានពិន្ទុចំនួន២៤ ស្ថិតនៅលេខរៀងទី១៥០ក្នុងចំណោមប្រទេស១៨០លើពិភពលោក។
លទ្ធផលនៃកម្រិតអំពើពុករលួយក្នុងឆ្នាំ២០២២នោះ បង្ហាញថា ប្រទេសកម្ពុជា ទទួលបានភាពប្រសើរជាងឆ្នាំ២០២១បន្តិច ប៉ុន្តែការរកឃើញនេះ នៅតែចាត់ទុកថា ស្ថិតក្នុងលេខរៀងដែលមានអំពើពុករលួយគួរឱ្យព្រួយបារម្ភដដែល។ កាលពីឆ្នាំ២០២១ កម្ពុជាទទួលបាន២៣ពិន្ទុ នៅលេខរៀងទី១៥៧ ក្នុងចំណោមប្រទេស១៨០លើពិភពលោក៕