ប្រជាពលរដ្ឋចំនួន១១គ្រួសារ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងទៅក្រសួង​មហា​ផ្ទៃ ទាម​ទារ​ឱ្យ​ស្រ្តីជាមន្រ្តីពន្ធនាគារម្នាក់ប្រគល់ថវិកាឱ្យពួកគេវិញ ក្រោយមិនគោរព​​តាម​​ការ​​សន្យា​ដែលធានាឱ្យកូនៗរបស់ពួកគេ បានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ។

លោក អ៊ុន កុសល វ័យ ៤០ឆ្នាំ អះអាងថាជា​តំណាង​ពលរដ្ឋ​រង​គ្រោះ រស់នៅក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានឱ្យដឹងថា លោកបានផ្តល់លុយចំនួន ៨ ០០០ដុលា្លរ កាល​ពីខែឧសភា ឆ្នាំ២០២១ ទៅ​ឱ្យស្រ្តីម្នាក់ឈ្មោះ ស៊ឹម សុខុម ជាមន្រ្តីពន្ធនាគារខេត្តបាត់ដំបង ជាថ្នូរឱ្យកូន​ប្រុស​របស់​គាត់​ទទួលបានក្របខណ្ឌនគរបាល។ លោកបន្តថា គិត​មក​ដល់​បច្ចុប្បន្ន មានរយៈពេល​ជាង១ឆ្នាំមក​ហើយ ដែលកូន​របស់គាត់ នៅ​មិនទទួលបានក្របខណ្ឌជាមន្រ្តីរាជការនៅឡើយ ទើបគាត់សម្រេចរកការចំណាត់ការពីក្រសួងមហាផ្ទៃតែម្តង ក្រោយរក​ដំណោះស្រាយពីមន្រ្តីថ្នាក់ខេត្តជាច្រើនដងមិនបានលទ្ធផល។

លោក កុសល បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយករណីនេះឱ្យបានឆាប់ ដោយលោកចង់បានលុយដែលខាតបង់ត្រលប់មកវិញ។

លោកថា​៖ «ខ្ញុំមានតែអំពាវនាវដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ មានសម្តេចក្រឡាហោម [ស ខេង] សូមសម្តេចមេត្តាជួយ​រកដំណោះស្រាយឱ្យពួកយើងខ្ញុំបានទទួលថវិកាវិញ មានគ្នា១១នាក់ មានចំនួន ៩៤ ៧០០ដុល្លារ»

ក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី២ ខែ​ឧសភា ឆ្នាំ២០២៣ បានបញ្ជាក់​ថា មាន​ប្រជាពលរដ្ឋចំនួន ១១ គ្រួសារ​បាន​រង​គ្រោះ ដោយ​ពលរដ្ឋ​ម្នាក់ៗ​​បាន​​​ចំណាយ​លុយ ជិត១ម៉ឺនដុល្លារ​អាមេរិក ​សរុបជា​ទឹក​ប្រាក់​ទាំង​អស់​ចំនួន​ ៩៤ ៧០០​ដុល្លារ។ ពួកគេ​បាន​ប្តឹង​អ្នកស្រី ស៊ឹម សុខុន ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ការ​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង ដោយ​បុគ្គល​នោះ​បាន​សន្យា​ថា ​នឹង​ជួយ​រត់​ការ​ប្រឡង​ចូល​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ ហើយ​​ប្រសិន​បើ​មិន​បានជាប់ ​នឹង​ប្រគល់​ថវិកា​ទៅឱ្យពួកគេ​វិញ​គ្រប់​ចំនួន។ ពាក្យបណ្តឹងដដែល បញ្ជាក់​ថា ការ​ជ្រើស​រើស​ដើម្បីចូលក្របខណ្ឌមន្រ្តីនគរបាលនោះ​ នឹង​ធ្វើ​ឡើង​ក្នុងជួរ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ពលរដ្ឋរងគ្រោះម្នាក់ទៀត​ លោក លីវ ផាត វ័យ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ Newsroom Cambodia ថា លោកបានចំណាយលុយចំនួន ៩ ០០០ដុល្លារ ទៅឱ្យអ្នកស្រី ស៊ឹម សុខុន ដើម្បីបានក្របខណ្ឌជាមន្រ្តីនគរបាលជាតិឱ្យកូនរបស់គាត់​ដែលទើបប្រឡងជាប់ថ្នាក់ទី១២។ លោក​ថា លុយដែលលោកបានប្រគល់ឱ្យនោះ​ គឺបានមកពីការ​​ខ្ចីពី​ធនាគារឯកជនមួយ ដោយសង្ឃឹមថា កូនរបស់គាត់នឹងក្លាយជាមន្រ្តីរាជការ ប៉ុន្តែជាងមួយឆ្នាំ​មកនេះ គឺមិនទាន់មានដំណឹងនៅឡើយទេ។​

បើតាមលោក លីវ ផាត បច្ចុប្បន្នលោកត្រូវបង់លុយឱ្យធនាគារប្រចាំខែចំនួនជាង ២០០ដុល្លារ។ លោក​ស្នើអាជ្ញាធរអន្តរាគមន៍ជុំវិញករណីនេះ ដោយលោកសង្ឃឹមថា នឹងទទួលបានលុយមកវិញគ្រប់ចំនួន។

លោកថា៖ «ចង់បានតែលុយមកវិញ ធ្វើម៉េចជួយដោះស្រាយឱ្យខាងលើ ជួយដោះស្រាយបានលុយមកវិញ ព្រោះឥលូវវ័ណ្ឌកររឿង​ជំពាក់អង្គការ [ធនាគារ]។ បង់គេរហូតគ្រប់តែគ្នាទាំងគេទាំងខ្ញុំ ដាក់ទាំងអស់គ្នា»

Newsroom Cambodia បានព្យាយាមទាក់ទងអភិបាលរងខេត្តបាត់ដំបង លោក ឆាយ ម៉ាទីណាល់ នៅថ្ងៃទី១៩ ខែឧសភាប៉ុន្តែមិនមានអ្នកទទួលទូរសព្ទ។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ក៏មិនអាចសុំការឆ្លើយតបបានដែរ ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្តែប្រព័ន្ធទូរសព្ទត្រូវបានចុចផ្តាច់ជាច្រើនលើក។

យ៉ាងណាក្តី​ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងមហាផ្ទៃ លោក ម៉ែន ប៊ុនរិទ្ធ បានប្រាប់ Newsroom Cambodia ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងជាផ្លូវការពីប្រជាពលរដ្ឋទាំង១១គ្រួសារនៅឡើយទេ ដោយលោកគ្រាន់តែបានដឹងថា ពិតជាមានករណីនេះពិតមែន តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា។ លោកបន្ថែមថា ក្រសួងមហាផ្ទៃ នឹងអន្តរាគមន៍សំណុំរឿងនេះ ក្នុងករណីដែលបានទទួលឯកសារពាក់ព័ន្ធពីប្រជាពលរដ្ឋដែលរងគ្រោះ។

លោកថា៖ «ទាល់តែឃើញដំណើររឿងរបស់គាត់យ៉ាងម៉េចៗសិន អត់ទាន់បានឃើញឯកសារអីផង»

ចំណែក អ្នកស្រី ស៊ឹម សុខុម មន្ត្រីពន្ធនាគារខេត្តបាត់ដំបង ដែល​រងការចោទថា ទទួលសំណូកនេះបានចុចបិទទូរសព្ទ ក្រោយទទួលការហៅចូលជាច្រើនលើក។

យ៉ាងណាក្តី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ករណីរត់ការចូលក្របខណ្ឌរដ្ឋនេះ គឺជាអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធក្នុងជួរមន្រ្តីរដ្ឋាភិបាល។ លោកថា ក្រសួងមហាផ្ទៃត្រូវមានចំណាក់ការបន្ទាន់ក្នុងករណីនេះ ដើម្បីយកលុយដែលប្រជាពលរដ្ឋខាតបង់ ប្រគល់ឱ្យពួកគាត់វិញ ដើម្បីដោះស្រាយបញ្ហាបំណុលធនាគារ​ដែល​ពួក​គាត់​បាន​ខ្ចីបុលយកទៅឱ្យមន្រ្តីទទួលលុយនោះ។

លោកថា៖ «ក្រសួងគួរតែជំរុញចំណាត់ការបស់ខ្លួនឱ្យបានលឿនបន្តិចដើម្បីរកយុត្តិធម៌ឱ្យ​ជនរងគ្រោះ។ ពាក់ព័ន្ធបញ្ហាលុយហ្នឹងមានលក្ខណៈស្មុគស្មាញ តើលុយហ្នឹងយកទៅសូកមន្រ្តីថ្នាក់លើណាខ្លះ? ហើយលុយហ្នឹងចាយអស់យ៉ាងម៉េច តើលុយវាសល់ប៉ុន្មាន? ត្រូវបង្វិលឱ្យប្រជាពលរដ្ឋសិន ដើម្បីគាត់យកទៅបណ្តោះ [សងធនាគារ] យើងដឹងថា ប្រជាពលរដ្ឋទាំងអស់នោះ សុទ្ធតែជាអ្នកស្រែចំការ»

ច្បាប់ក្រម​ព្រហ្មទណ្ឌ មាត្រា៥៩៨ ចែងថា ជនដែលជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ប្រព្រឹត្តអំពើកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ​១០លាន​រៀល។

​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២២ ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លា​ភាព​អន្តរជាតិកម្ពុជា ​នៅថ្ងៃទី​៣១ ​ខែ​មករា ​ឆ្នាំ​២០២៣​​ ​បានរកឃើញថា កម្ពុជា​ទទួល​បាន​ពិន្ទុ​ចំនួន​២៤ ​ស្ថិត​នៅ​លេខ​រៀង​ទី​១៥០ក្នុង​ចំណោម​ប្រទេស​១៨០​លើពិភពលោក។

លទ្ធផល​​នៃ​កម្រិតអំពើ​ពុក​រលួយក្នុង​ឆ្នាំ​២០២២នោះ​ ​បង្ហាញ​​ថា ប្រទេសកម្ពុជា ទទួលបា​ន​ភាព​​ប្រសើរ​​ជា​ង​​ឆ្នាំ២០២១បន្តិច ​ប៉ុន្តែ​ការរកឃើញនេះ នៅតែចាត់ទុកថា ​​ស្ថិត​ក្នុង​លេខ​រៀង​ដែល​មាន​អំពើ​ពុក​រលួយ​គួរ​ឱ្យ​ព្រួយបារម្ភ​ដដែល។ កាលពីឆ្នាំ២០២១ កម្ពុជាទទួលបាន២៣ពិន្ទុ នៅលេខរៀងទី១៥៧ ក្នុងចំណោមប្រទេស១៨០លើពិភពលោក៕