ក្រុមយុវជន និងសកម្មជនស្រឡាញ់បរិស្ថាន ស្នើរដ្ឋាភិបាលបញ្ឈប់ការកាត់ដីឧទ្យានជាតិគិរីរម្យ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីមា ទៅឱ្យក្រុមហ៊ុន ឬបុគ្គលឯកជនគ្រប់គ្រង។
ការស្នើនេះ បានធ្វើឡើងតាមរយៈការដាក់ញត្តិទៅក្រសួងបរិស្ថាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
តំណាងសកម្មជនស្រឡាញ់បរិស្ថានកញ្ញា ថា សុភក្ត័ បានឱ្យដឹងថា ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិលប្រមាណ ២០នាក់ បានធ្វើដំណើរដោយថ្មើរជើងពីផ្សាររាត្រី ខណ្ឌដូនពេញ ឆ្ពោះទៅកាន់ក្រសួងបរិស្ថាន ដើម្បីដាក់ញត្តិដោយផ្ទាល់ ស្នើដល់ក្រសួងបញ្ឈប់ការកាត់ដីឧទ្យានជាតិ និងតំបន់ការពារនានា ទៅឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង។ ប្រភពដដែលបន្តថា ក្រុមយុវជន ពិតជាមិនចង់ឱ្យតំបន់នេះបាត់បង់ ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុគ្គលឯកជន ក្រុមហ៊ុនឯកជន ឬអ្នកមានអំណាចណាមួយនោះទេ ហើយក៏មិនចង់ឃើញការអភិវឌ្ឍដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារទាំងនោះផងដែរ។
កញ្ញាថា៖ «ខ្ញុំពិតជាអត់ចង់ឱ្យឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ហ្នឹង ត្រូវបាត់បង់ទេ ព្រោះកន្លែងទាំងអស់ហ្នឹងជាកន្លែងដែនជម្រកសត្វរស់នៅហើយជាកន្លែងទេសចរណ៍»។
កញ្ញា ថា សុភក្ត័ ដាក់ចេញជាសំណួរថា៖ «ខ្ញុំចង់ចោទជាសំណួរទៅកាន់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធថាតើហេតុអីគាត់សម្រេចចិត្តកាត់ដីហ្នឹង(ឧទ្យានជាតិគិរីរម្យនិងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់)ឱ្យទៅក្រុមហ៊ុនឯកជនគ្រប់គ្រងទៅវិញអញ្ចឹង»។
ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ជាតំបន់ខ្ពង់រាបមួយដែលស្ថិតនៅទិសខាងត្បូងឆៀងខាងលិចប្រទេសកម្ពុជា។ ឧទ្យានជាតិនេះ ត្រូវមានចាត់ទុកជាតំបន់ព្រៃស្រល់ធំជាងគេនៅប្រទេសកម្ពុជា។ តំបន់គិរីរម្យ ត្រូវបានកំណត់ជាតំបន់ឧទ្យានជាតិ នៅឆ្នាំ១៩៩៣ ដោយព្រះរាជក្រឹត្យរបស់សម្តេចព្រះបាទនរោត្តម សីហនុ និងត្រូវបានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដែលមានផ្ទៃដីទំហំជាង ៣០ ០០០ (៣ម៉ឺនហិកតា)។
មិនខុសគ្នានេះដែរ សកម្មជនស្រឡាញ់បរិស្ថានម្នាក់ទៀត គឺកញ្ញា ធួន ស្រីពៅ បានឱ្យដឹងដែរថាគោលបំណងញត្តិ ដែលពួកគាត់បានដាក់នៅក្រសួងបរិស្ថាននេះ គឺចង់ទាមទារឱ្យក្រសួងបរិស្ថានបញ្ឈប់ការកាត់ដីតំបន់ការពារទាំង៣នេះបន្តទៀត និងត្រូវដកសិទ្ធិគ្រប់គ្រងពីបុគ្គលឯកជនដែលមានអំណាច យកមកឱ្យរដ្ឋគ្រប់គ្រងវិញ។
កញ្ញាធួន ស្រីពៅ និយាយថា៖ «យើងសង្ឃឹមថាក្រសួងនឹងយកបញ្ហារបស់យើងទៅដាក់លើតុមូលដើម្បីដោះស្រាយនិងសង្ឃឹមថាក្រសួងនឹងបម្រើរាស្រ្តក្រសួងនឹងមិនបម្រើបុគ្គលមានអំណាចណាម្នាក់ឡើយ»។
កញ្ញាបន្ថែមថា៖ «គ្រប់ការអភិវឌ្ឍ គឺយើងអត់ចង់ឃើញការអភិវឌ្ឍន៍ណាមួយដែលស្ថិតនៅលើទឹកភ្នែករាស្រ្ត អត់ចង់ឃើញការអភិវឌ្ឍណាមួយដែលរាស្រ្តមិនមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តនោះទេ រាស្រ្តជាម្ចាស់ប្រទេស រាស្រ្តជាម្ចាស់សំឡេងឆ្នោត»។
បន្ថែមពីនេះ សកម្មជនស្រឡាញ់បរិស្ថានម្នាក់ទៀត គឺកញ្ញា មាន លីសា បានបង្ហាញការសោកស្តាយ ការដែលរដ្ឋាភិបាលផ្តល់ដី និងកាត់ដីឧទ្យានជាតិ និងតំបន់ការពារទាំងនេះ ឱ្យទៅក្រុមហ៊ុនឯកជនគ្រប់គ្រងបែបនេះ។ ប្រភពដដែលបន្តថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនមួយចំនួនជៀសមិនផុតពីការបំផ្លិតបំផ្លាញធនធានធម្មជាតិនោះទេ ជាក់ស្តែងដូចនៅតំបន់ឧទ្យានជាតិភ្នំតាម៉ៅជាគំរូ។
កញ្ញាថា៖ «ខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយដែលសកម្មភាព កន្លងមក រដ្ឋគ្មានការទទួលខុសត្រូវជាមួយនឹងការចាត់ចែងទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ចូលចិត្តតែយកទ្រព្យសម្បត្តិរដ្ឋកាត់ជាចំរៀកៗទៅឱ្យក្រុមហ៊ុនឯកជនរហូតដែលវាសុទ្ធតែប៉ះពាល់ដល់ធនធានធម្មជាតិ»។
យ៉ាងណាមិញ និស្សតិឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះ ស្នើទៅក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធទាំងអស់ បញ្ឈប់ការកាត់ដីឧទ្យានជាតិ និងតំបន់អភិរក្សនានា និងត្រូវដកសិទ្ធិពីក្រុមហ៊ុនឯកជនទាំងអស់ប្រគល់មកជូនរដ្ឋគ្រប់គ្រងវិញ។
កញ្ញា មាន លីសា ស្នើថា៖ «ស្នើសុំក្រសួងបរិស្ថាន ពិចារណាក្នុងការបញ្ឈប់ការកាត់ឧទ្យានជាតិនានានៅកម្ពុជានិងដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនទាំងនេះ មកឱ្យរដ្ឋគ្រប់គ្រងហើយគួរតែផ្តោតលើការអភិវឌ្ឍគម្រោងអេកូទេសចរណ៍ដែលគ្រប់គ្រងឡើង ដោយសហគមន៍មូលដ្ឋាន ដើម្បីធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធិភាព និងភាពគង់វង្សយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ»។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា មានប្រសាសន៍ថា រូបភាពដែលក្រុមយុវជន ជាសកម្មជននយោបាយធ្វើការជ្រកក្រោមស្លាកអ្នកគិតគូរពីធនធានធម្មជាតិ បាននិងកំពុងធ្វើនេះគ្រាន់តែជាយុទ្ធនាការទុច្ចរិត ដឹកនាំដោយជនបរទេសឈ្មោះ អាឡិច ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា និងប្រឆាំងនឹងដំណើរការអភិវឌ្ឍរបស់កម្ពុជាប៉ុណ្ណោះ។
លោកថ្លែងថា៖ «យុវជនដែលធ្លាប់ដើរតាម អាឡិច បានបកអាក្រាតពីល្បិចកលនេះអស់ហើយ ដូច្នេះយុទ្ធនាការពួកគេគ្មានប្រយោជន៍អ្វីឡើយ គឺគ្រាន់តែធ្វើឱ្យល្អមើល និងបានការគាំទ្រថវិកាពីក្រៅប្រទេស ចិញ្ចឹមហោប៉ៅរបស់អាឡិចប៉ុណ្ណោះ»។
ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី បានប្រាប់សារព័ត៌មាន Newsroom Cambodia យ៉ាងខ្លីថា ការដាក់ញត្តិរបស់ក្រុមយុវជនទាំងនោះ ជាជាសិទ្ធិរបស់ពួកគេ។
លោកថា៖ «ខ្ញុំធ្វើការសព្វថ្ងៃក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល រដ្ឋាភិបាលសម្រេចអីយើងធ្វើតាមហ្នឹងទៅ មានអីខុស។ បើក្រុមយុវជនចង់ប្រឆាំងជាមួយរាជរដ្ឋាភិបាលក៏ប្រឆាំងទៅ ខ្ញុំអត់មានបញ្ហាអីទេ ព្រោះខ្ញុំធ្វើការនៅក្រោមគណបក្សប្រជាជន ខ្ញុំនៅក្រោមរាជរដ្ឋាភិបាល បើរាជរដ្ឋាភិបាលសម្រេចធ្វើអី គឺខ្ញុំធ្វើតាមហ្នឹងហើយ»។
មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា អាជ្ញាធររាជរដ្ឋាភិបាល គួរតែទទួលយកបញ្ហាដែលលើកឡើងគ្រប់ភាគី មកគិតពិចារណា និងស្វែងរកដំណោះស្រាយ ជាជាងចោទសកម្មជនបរិស្ថាន និងយុវជនទាំងនោះ ថាធ្វើនយោបាយបម្រើឱ្យបរទេស។
លោកថា៖ «ខ្ញុំគិតថា ការបង្ហាញក៏ដូចជាការលើកឡើងរបស់ពួកគាត់[មន្រ្តីបរិស្ថាន]នេះ គ្រាន់តែជាផ្នែកមួយដែលមិនបានឆ្លុះបញ្ចាំងអំពីឥរិយាបទ ឬក៏ការបំពេញតួនាទីរបស់ខ្លួន ក្នុងនាមមន្រ្តីអនុវត្តច្បាប់ក្នុងកិច្ចការពារធនធានម្មជាតិឱ្យបានល្អប្រសើរនោះទេ»។
បន្ថែមពីនេះ លោក អូត ឡាទីន យល់ឃើញដែរថា សកម្មភាពរបស់យុវជន និងសកម្មជនបរិស្ថាននេះ បង្ហាញពីការខ្វល់ខ្វាយ តាមដាន និងឈឺឆ្អាលអំពីបញ្ហាសង្គម និងបរិស្ថាន ដែលជារឿងល្អមួយ និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
បើតាមអនុក្រឹត្យចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាល បានកាត់ដីចំនួន ៦៤៩ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ទៅឱ្យក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី សម្រាប់ធ្វើការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ។ តាមអនុក្រឹត្យនោះ ក្រសួងបរិស្ថានដែលមានអ្នកកាន់កាប់ទ្រព្យសម្បត្តិ បន្តនិតិវិធីចាត់ចែងកិច្ចការងារនេះ ដោយមានកិច្ចសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី (One Fraternity Co, LTD) ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីរបស់សម្បតិ្តឯកជនរបស់រដ្ឋ ទំហំជាង ៦០០ហិកតានៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះ ត្រូវបានគេស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ គឺអ្នកឧកញ្ញ៉ា ជឹង សុគន្ធារី ដែលជាកូនស្រីរបស់លោកស្រី ជឹង សុភាព អនុប្រធានកាកបាទក្រហមកម្ពុជា និងលោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា។
លើសពីនេះ អ្នកឧកញ៉ា ជឹង សុគន្ធារីនេះ ក៏ទើបតែទទួលបានដីចំនួន ២២២ហិកតា របស់រដ្ឋស្ថិតនៅឧទ្យានជាតិគិរីរម្យផងដែរ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ ដោយឡែក អនុក្រឹត្យរបស់រដ្ឋាភិបាលមួយទៀត ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក៏បានសម្រេចកាត់ផ្ទៃដីចំនួន ៧០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅឱ្យក្រុមហ៊ុន One Prosperity ដែលជាក្រុមហ៊ុនជាប់ខ្សែស្រឡាយជាមួយលោកស្រី ជឹង សុភាព យកទៅវិនិយោគជាតំបន់អេកូទេសចរណ៍ផងដែរ។
កាលពីឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) មួយ ដោយស្នើបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់ ស្ថិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ហើយក្រោយមក រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញលិខិតមួយស្នើដកហូតលិខិតសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងការទន្ទ្រានកាន់កាប់ដីព្រៃក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈមកវិញដែរ។
គួររំឭកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើចំនួន ២៦៦,៣១ហិកតា ស្ថិតនៅ៩ទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោយពីមានជនខិលខូចមួយចំនួនបានទៅទន្ទ្រានយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់៕