ក្រុមយុវជន និង​សកម្មជន​ស្រឡាញ់​​បរិស្ថាន​ ស្នើរដ្ឋាភិបាលបញ្ឈប់ការកាត់ដី​ឧទ្យានជាតិគិរីរម្យ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីមា ទៅឱ្យក្រុមហ៊ុន ឬបុគ្គល​ឯកជនគ្រប់គ្រង។

ការស្នើនេះ បានធ្វើឡើងតាមរយៈការដាក់ញត្តិទៅក្រសួងបរិស្ថាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

តំណាងសកម្មជនស្រឡាញ់បរិស្ថានកញ្ញា ថា សុភក្ត័ បានឱ្យដឹងថា ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិលប្រមាណ ២០នាក់​ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​ផ្សាររាត្រី ខណ្ឌដូនពេញ ឆ្ពោះទៅកាន់ក្រសួងបរិស្ថាន ដើម្បីដាក់ញត្តិដោយផ្ទាល់ ស្នើដល់ក្រសួងបញ្ឈប់​​ការ​កាត់​ដី​ឧទ្យាន​ជាតិ និងតំបន់ការពារ​​​នានា​ ទៅឱ្យ​ក្រុម​ហ៊ុន​ឯកជន​គ្រប់​គ្រង។ ប្រភព​ដដែល​បន្ត​ថា ក្រុម​យុវជន​ ពិត​ជា​មិន​ចង់​ឱ្យ​តំបន់​នេះ​បាត់បង់ ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុគ្គលឯកជន ក្រុមហ៊ុនឯកជន ឬអ្នកមានអំណាចណាមួយនោះទេ ហើយក៏​មិនចង់ឃើញការអភិវឌ្ឍ​ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារ​ទាំងនោះ​ផង​ដែរ។

កញ្ញាថា៖ «ខ្ញុំពិតជាអត់ចង់ឱ្យឧទ្យានជាតិ​គិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ហ្នឹង ត្រូវ​បាត់​បង់​ទេ ព្រោះក​ន្លែង​ទាំងអស់​ហ្នឹង​ជាកន្លែងដែនជម្រកសត្វរស់នៅហើយជាកន្លែងទេសចរណ៍»។

កញ្ញា ថា សុភក្ត័ ដាក់ចេញជាសំណួរថា៖ «ខ្ញុំចង់ចោទជាសំណួរទៅកាន់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធថាតើហេតុអីគាត់សម្រេចចិត្តកាត់ដីហ្នឹង(ឧទ្យានជាតិគិរីរម្យនិងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់)ឱ្យទៅក្រុមហ៊ុនឯកជនគ្រប់គ្រងទៅវិញអញ្ចឹង»។

ឧទ្យានជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរី​រម្យ ជា​តំបន់ខ្ពង់រាបមួយដែលស្ថិតនៅទិសខាងត្បូងឆៀងខាង​លិច​ប្រទេសកម្ពុជា។ ឧទ្យានជាតិនេះ ត្រូវមានចាត់ទុកជាតំបន់ព្រៃស្រល់ធំជាងគេនៅប្រទេស​កម្ពុជា។ តំបន់គិរីរម្យ ត្រូវបានកំណត់ជាតំបន់ឧទ្យានជាតិ នៅឆ្នាំ១៩៩៣ ដោយ​ព្រះរាជក្រឹត្យរបស់សម្តេចព្រះបាទនរោត្តម សីហនុ និងត្រូវ​បានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដែល​​មានផ្ទៃដីទំហំជាង ៣០ ០០០ (៣ម៉ឺនហិកតា)។

មិនខុសគ្នានេះដែរ សកម្មជនស្រឡាញ់បរិស្ថានម្នាក់ទៀត គឺកញ្ញា ធួន ស្រីពៅ បានឱ្យដឹងដែរថាគោល​បំណង​ញត្តិ​ ដែលពួកគាត់បានដាក់នៅក្រសួងបរិស្ថាននេះ គឺចង់​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​បញ្ឈប់​ការកាត់ដីតំបន់ការពារ​ទាំង៣នេះបន្តទៀត និងត្រូវដកសិទ្ធិគ្រប់គ្រងពីបុគ្គលឯកជន​ដែលមានអំណាច យកមកឱ្យរដ្ឋគ្រប់គ្រង​វិញ។

កញ្ញាធួន ស្រីពៅ និយាយថា៖ «យើងសង្ឃឹមថាក្រសួងនឹងយកបញ្ហារបស់យើងទៅដាក់លើតុមូលដើម្បីដោះស្រាយនិងសង្ឃឹមថាក្រសួងនឹងបម្រើរាស្រ្តក្រសួងនឹងមិនបម្រើបុគ្គលមានអំណាចណាម្នាក់ឡើយ»។

កញ្ញាបន្ថែមថា៖ «គ្រប់ការអភិវឌ្ឍ គឺយើងអត់ចង់ឃើញការអភិវឌ្ឍន៍ណាមួយដែលស្ថិតនៅលើទឹកភ្នែក​រាស្រ្ត អត់ចង់ឃើញការអភិវឌ្ឍ​ណាមួយដែលរាស្រ្តមិនមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តនោះទេ រាស្រ្តជាម្ចាស់ប្រទេស រាស្រ្តជាម្ចាស់សំឡេងឆ្នោត»។

បន្ថែមពីនេះ សកម្មជនស្រឡាញ់បរិស្ថានម្នាក់ទៀត គឺកញ្ញា មាន លីសា បាន​បង្ហាញការសោកស្តាយ ការដែលរដ្ឋាភិបាល​ផ្តល់​ដី​ និង​កាត់​ដី​ឧទ្យានជាតិ និងតំបន់ការពារ​ទាំង​នេះ ឱ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​គ្រប់​គ្រង​បែបនេះ។ ប្រភពដដែល​បន្តថា ការអភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​មួយ​ចំនួនជៀស​មិនផុតពីការបំផ្លិតបំផ្លាញធនធានធម្មជាតិនោះទេ ជាក់ស្តែងដូចនៅតំបន់ឧទ្យានជាតិភ្នំតាម៉ៅជាគំរូ។

កញ្ញាថា៖ «ខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយដែលសកម្មភាព កន្លងមក រដ្ឋគ្មានការទទួលខុសត្រូវជាមួយនឹងការចាត់ចែងទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ចូលចិត្តតែយកទ្រព្យសម្បត្តិរដ្ឋកាត់ជាចំរៀកៗទៅឱ្យក្រុមហ៊ុនឯកជនរហូតដែលវាសុទ្ធតែប៉ះពាល់ដល់ធនធានធម្មជាតិ»។

យ៉ាងណាមិញ និស្សតិឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះ ស្នើទៅក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធទាំងអស់ ​បញ្ឈប់​ការ​កាត់​ដី​ឧទ្យានជាតិ​  និងតំបន់អភិរក្ស​នានា និង​ត្រូវ​ដក​សិទ្ធិ​ពី​ក្រុម​ហ៊ុនឯ​ក​ជន​ទាំង​អស់​ប្រគល់មកជូនរដ្ឋគ្រប់គ្រងវិញ។

កញ្ញា មាន លីសា ស្នើថា៖ «ស្នើសុំក្រសួង​បរិស្ថាន ពិចារណាក្នុងការបញ្ឈប់ការកាត់ឧទ្យានជាតិនានានៅ​កម្ពុជានិង​ដក​ហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ឯក​ជន​ទាំងនេះ មកឱ្យរដ្ឋគ្រប់គ្រងហើយ​គួរ​តែ​ផ្តោតលើការអភិវឌ្ឍ​គម្រោងអេកូទេសចរណ៍ដែលគ្រប់គ្រងឡើង ដោយសហគមន៍មូលដ្ឋាន ដើម្បីធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយ​ការ​ទទួលខុស​ត្រូវ ប្រសិទ្ធិភាព និងភាពគង់វង្សយូរអង្វែង​សម្រាប់​មនុស្សជំនាន់​ក្រោយ»។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា មានប្រសាសន៍ថា រូប​ភាព​ដែល​ក្រុម​យុវជន​ ជាសកម្មជន​នយោបាយ​ធ្វើការជ្រកក្រោមស្លាកអ្នកគិតគូរពីធនធានធម្មជាតិ បាននិងកំពុងធ្វើនេះគ្រាន់តែជាយុទ្ធនាការទុច្ចរិត ដឹកនាំដោយជនបរទេសឈ្មោះ អាឡិច ដើម្បី​បំផ្លាញ​កេរ្តិ៍​ឈ្មោះកម្ពុជា​ និងប្រឆាំង​នឹង​ដំណើរការអភិវឌ្ឍរបស់កម្ពុជាប៉ុណ្ណោះ។

លោកថ្លែងថា៖ «យុវជនដែលធ្លាប់ដើរតាម អាឡិច បាន​បក​អាក្រាត​ពី​ល្បិចកលនេះអស់ហើយ ដូច្នេះយុទ្ធនាការ​ពួកគេគ្មាន​ប្រយោជន៍​អ្វី​ឡើយ គឺគ្រាន់តែធ្វើឱ្យល្អមើល និងបានការគាំទ្រថវិកាពីក្រៅប្រទេស ចិញ្ចឹមហោប៉ៅរបស់អាឡិចប៉ុណ្ណោះ»។

ចំណែក​ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ​ លោក ឱម ម៉ាក់ធារី បាន​ប្រាប់សារព័ត៌មាន Newsroom Cambodia យ៉ាងខ្លីថា ការដាក់ញត្តិរបស់ក្រុមយុវជន​ទាំងនោះ ជា​ជាសិទ្ធិរបស់ពួកគេ។

លោកថា៖ «ខ្ញុំធ្វើការសព្វថ្ងៃក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល រដ្ឋាភិបាលសម្រេចអីយើងធ្វើតាមហ្នឹងទៅ មានអីខុស។ បើក្រុមយុវជនចង់ប្រឆាំងជាមួយរាជរដ្ឋាភិបាលក៏ប្រឆាំងទៅ ខ្ញុំអត់មានបញ្ហាអីទេ ព្រោះខ្ញុំធ្វើការនៅក្រោមគណបក្សប្រជាជន ខ្ញុំនៅក្រោមរាជរដ្ឋាភិបាល បើរាជរដ្ឋាភិបាលសម្រេចធ្វើអី គឺខ្ញុំធ្វើតាមហ្នឹងហើយ»។

មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា អាជ្ញាធររាជរដ្ឋាភិបាល គួរតែទទួល​យកបញ្ហាដែលលើកឡើងគ្រប់ភាគី​ មកគិតពិចារណា និងស្វែងរកដំណោះស្រាយ ជាជាងចោទសកម្មជន​បរិស្ថាន និងយុវជនទាំងនោះ ថាធ្វើនយោបាយបម្រើឱ្យបរទេស។

លោក​ថា៖ «ខ្ញុំគិតថា ការបង្ហាញក៏ដូចជាការលើកឡើងរបស់ពួកគាត់[មន្រ្តីបរិស្ថាន]នេះ គ្រាន់តែជាផ្នែកមួយដែលមិនបានឆ្លុះបញ្ចាំងអំពីឥរិយាបទ ឬក៏ការបំពេញតួនាទីរបស់ខ្លួន ក្នុងនាមមន្រ្តីអនុវត្តច្បាប់ក្នុងកិច្ចការពារធនធានម្មជាតិឱ្យបានល្អប្រសើរនោះទេ»។

បន្ថែមពី​នេះ លោក អូត ឡាទីន យល់ឃើញដែរ​ថា សកម្មភាព​របស់​​យុវជន និងសកម្មជន​​​​បរិស្ថាននេះ បង្ហាញពីការ​​ខ្វល់ខ្វាយ តាមដាន ​និងឈឺឆ្អាលអំពីបញ្ហាសង្គម និងបរិស្ថាន ដែលជារឿងល្អមួយ ​និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។

បើតាមអនុក្រឹត្យ​ចុះ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាល បានកាត់ដីចំនួន ៦៤៩ហិកតា ស្ថិតនៅក្នុងដែន​ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ទៅឱ្យក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី សម្រាប់ធ្វើការ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ​។ តាមអនុក្រឹត្យនោះ ក្រសួងបរិស្ថាន​ដែលមានអ្នកកាន់កាប់ទ្រព្យ​សម្បត្តិ​ បន្តនិតិវិធីចាត់ចែងកិច្ចការ​ងារនេះ ដោយមានកិច្ច​សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី (One Fraternity Co, LTD) ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីរបស់សម្បតិ្តឯកជនរបស់​រដ្ឋ ទំហំជាង ៦០០ហិកតានៅ​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​នេះ ត្រូវបានគេស្គាល់ថាជា​អគ្គនាយិកាក្រុមហ៊ុនផលិតទឹក​បរិសុទ្ធ​វីតាល់ និងក្រុមហ៊ុនផលិតមីជាតិ គឺអ្នក​ឧកញ្ញ៉ា ជឹង សុគន្ធារី ដែល​ជាកូនស្រីរបស់លោក​ស្រី ជឹង សុភាព អនុប្រធានកាកបាទក្រហមកម្ពុជា និង​លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា។

លើសពីនេះ អ្នកឧកញ៉ា ជឹង សុគន្ធារីនេះ ក៏ទើបតែទទួលបានដីចំនួន ២២២ហិកតា របស់រដ្ឋស្ថិតនៅឧទ្យានជាតិ​គិរីរម្យផងដែរ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។  ដោយឡែក អនុក្រឹត្យរបស់រដ្ឋាភិបាល​មួយ​ទៀត ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក៏បានសម្រេចកាត់ផ្ទៃដីចំនួន ៧០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា សង្កាត់​រមនា ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី ទៅឱ្យក្រុមហ៊ុន​ One Prosperity ដែលជាក្រុមហ៊ុនជាប់ខ្សែស្រឡាយជាមួយលោក​​ស្រី ជឹង សុភាព យកទៅវិនិយោគជាតំបន់អេកូទេសចរណ៍ផងដែរ។

កាលពីឆ្នាំ២០១៨ ក្រសួងបរិស្ថាន បាន​ចេញសេចក្តីជូនដំណឹង (ស.ជ.ណ) មួយ ដោយស្នើបញ្ឈប់​ការ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ ស្ថិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត​កុសមៈ (គិរីរម្យ) ហើយក្រោយមក រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញលិខិតមួយស្នើដកហូតលិខិតសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងការទន្ទ្រានកាន់កាប់ដីព្រៃក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈមកវិញដែរ។

គួររំឭកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បាន​ចេញដីកាដកហូតដីព្រៃឈើចំនួន ២៦៦,៣១​ហិកតា ស្ថិតនៅ៩ទីតាំង​ផ្សេងៗគ្នា ក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោយពីមានជនខិលខូចមួយចំនួនបានទៅទន្ទ្រាន​យក​ធ្វើជាកម្មសិទ្ធិដោយ​ខុសច្បាប់៕