ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ចោទអាជ្ញាធរមូលដ្ឋានថាគប់គិតគ្នា លក់ស្រះទឹករដ្ឋទំហំប្រមាណ ៣ហិកតា ទៅឱ្យបុគ្គលឯកជន និងទាមទារឱ្យរក្សាទុកស្រះទឹកនេះជាសម្បត្តិរួម ដើម្បីបំរើផលប្រយោជន៍សម្រាប់អ្នកភូមិអាស្រ័យផល។
លោក សួន វុត្ថា វ័យ ៣៤ឆ្នាំ អះអាងថាជាប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាអី បានឱ្យដឹងថា ស្រះទឹកដែលមានបុគ្គលឯកជនបានរំលោភយកនេះ មានទំហំប្រមាណ ៣ហិកតា ដែលដំបូងឡើយតំបន់នោះគឺជាដីព្រៃ ហើយត្រូវបានអាជ្ញាធរឱ្យគ្រឿងចក្រជីកជាស្រះទឹក យកដីទៅចាក់បំពេញផ្លូវដើម្បីអភិវឌ្ឍនៅតំបន់នោះ។
លោកបន្តថា ក្នុងពេលថ្មីៗនេះ ពោលគឺអំឡុងខែឧសភា ឆ្នាំ២០២៣ ក៏មានរថយន្តធំៗ បានដឹកដីចាក់លុបស្រះទឹកនោះជាបន្តបន្ទាប់ ទើបមានការផ្ទុះតវ៉ាពីប្រជាពលរដ្ឋនៅតំបន់នោះតែម្តង។ លោកចាត់ទុកករណីលុបស្រះទឹកនេះ ថាជាការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់អាជ្ញាធរមូលដ្ឋាន ទើបគ្រឿងចក្រហ៊ានចាក់ដីលុបស្រះទឹករដ្ឋដោយចំហរបែបនេះ។
លោកថា៖ «ខ្ញុំគិតថា ការលក់ដីស្រះពីសំណាក់អាជ្ញាធរមុនៗ គឺមានការគប់គិតគ្នា ទាំងក្រុមប្រឹក្សាឃុំ មេភូមិ ហើយជាមួយខាងក្រុមហ៊ុន ហើយថ្មីៗនេះ មានការឈូសឆាយលុបបន្តទៀតហ្នឹង ក៏មានការឃុបឃិតគ្នាទៀតដែរ បានក្រុមហ៊ុនហ៊ានធ្វើ»។
លោក សួន វុត្ថា បន្ថែមថា ពលរដ្ឋរស់នៅក្នុងឃុំត្រពាំងតាអី រាប់រយគ្រួសារកំពុងអាស្រ័យផលលើស្រះទឹកនេះ ដូចជា ការនេសាទត្រី ជាអាងស្តុកទុកទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាជម្រកនៃមេពូជត្រីផងដែរ។ លោកបានស្នើទៅអាជ្ញាធរ ឱ្យរក្សាទុកស្រះនេះ សម្រាប់បម្រើប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋនៅតំបន់នោះ។
លោកបន្តថា៖ «បើសិនជាអាជ្ញាធរភូមិឃុំគាត់អត់មានគំនិតអភិវឌ្ឍន៍ទេ គួរកុំបំផ្លាញអី គាត់គួរតែរក្សាដីហ្នឹងទុកទៅ សម្រាប់ឱ្យក្មេងជំនាន់ក្រោយ ឬអ្នកដឹកនាំឃុំ ជំនាន់ក្រោយគាត់ធ្វើ ឬក៏អ្នកអភិវឌ្ឍន៍វិញ។ យើងគិតថា បើគាត់គ្មានគំនិតកុំបំផ្លាញ»។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ប្រមាណ ៤០នាក់ បានជួបជុំគ្នា នៅក្បែរស្រះទឹកដែលកំពុងមានវិវាទនេះ ដោយពួកគេទាមទារយកស្រះទឹកមកវិញ ក្រោយមានគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីនៅតំបន់នោះ។
ប្រជាពលរដ្ឋម្នាក់ទៀត លោក នួន កុសល វ័យ ៤២ឆ្នាំ រស់ភូមិត្រពាំងតាអី បានប្រាប់ Newsroom Cambodia ថា លោកមិនគាំទ្រឱ្យមានការលុបស្រះទឹករដ្ឋមួយនេះទេ។ លោកថា បច្ចុប្បន្ន ឈ្មួញបានចាក់ដីលុបស្រះទឹក ដែលនាំឱ្យផ្ទៃស្រះទាំងមូលកាន់តែរួមតូច ហើយអ្នកភូមិមិនអាចអាស្រ័យផលបានដូចមុនឡើយ។ លោកចង់ឱ្យអាជ្ញាធររក្សាទុកស្រះទឹកនេះ ដើម្បីជាប្រយោជន៍រួម។
លោកថា៖ «ទាំងខ្ញុំទាំងប្រជាពលរដ្ឋមូលមតិគ្នាថា ស្នើទៅរដ្ឋអំណាច ធ្វើម៉េចរក្សា [ស្រះទឹក]ឱ្យបាន នៅប៉ុណ្ណឹង»។
ជុំវិញករណីនេះ អ្នកស្រី សុខ សាវ៉ាន់ មេភូមិត្រពាំងតាអី វ័យ៧០ឆ្នាំ បានច្រានចោលករណី ដែលពលរដ្ឋចោទអាជ្ញាធរមូលដ្ឋានថាគប់គិតគ្នាលក់ដីស្រះទឹកនេះ។ អ្នកស្រីថា ស្រះទឹករដ្ឋនេះ មានទំហំតែ ១ហិកតា ២៥អា ប៉ុណ្ណោះ ខណៈបរិវេណដីដែលពលរដ្ឋថា មានទំហំ ៣ហិកតានោះ គឺមានម្ចាស់កម្មសិទ្ធិឯកជនមិនមែនដីរដ្ឋទេ។ អ្នកស្រីបន្តទៀតថា គ្រឿងចក្ររបស់បុគ្គលឯកជនគ្រាន់តែមកឈូសឆាយព្រៃជុំវិញស្រះទឹកនេះ ដើម្បីងាយកំណត់ទំហំស្រះទឹកតែប៉ុណ្ណោះ ដោយមិនមានការរំលោភយកនោះទេ។
អ្នកស្រីមេភូមិ និយាយថា៖ « [បច្ចុប្បន្ន] រក្សាទុកស្រះហ្នឹងក៏គ្មានពីណាប៉ះពាល់ដែរ ក្រុមហ៊ុនឈូសឆាយក្រឡឹងជុំវិញហ្នឹងឱ្យបរិវេណក្រឡឹងស្រះហ្នឹងឱ្យវាស្អាតហ្នឹង មិនមែនមានអ្នកយកទេ»។
យ៉ាងណាក្តី លោក អូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានជំរុញឱ្យអាជ្ញាធររក្សាទុកស្រះទឹកសាធារណៈនោះ ដើម្បីបំរើផលប្រយោជន៍ដែលជាតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា រាល់ការអភិវឌ្ឍនៅតំបន់ណាមួយដែលមិនបានគិតគួរពីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ គឺជាការប្រាសចាកគោលការណ៍សិទ្ធិមនុស្ស ហើយការលួចលក់ដីរដ្ឋជាអំពើខុសច្បាប់។
លោកបន្ថែមថា៖ «អាជ្ញាធរមូលដ្ឋានគួរតែយកចិត្តទុកដាក់ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមស្ថានភាពជាក់ស្តែង ស្របតាមពួកគាត់ចង់បាន ហើយជាពិសេសទ្រព្យសម្បត្តិទាំងអស់នោះជាទ្រព្យសម្បត្តិរបស់រដ្ឋ ដូច្នេះអាជ្ញាធរមិនអាចយកធ្វើជាផលប្រយោជន៍របស់ខ្លួនឯងបានទេ ហើយការប្រពឹ្រត្តដូចនេះ គឺប្រាសចាកគោលការណ៍អភិវឌ្ឍន៍ដែលយកសិទ្ធិមនុស្សជាមូលដ្ឋាន»។
មាត្រា៨០ ចែងថា អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទួលការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបន្ទាប់ពីទទួលបានដំណឹង អំពីការរំលោភលើកម្មសិទ្ធិ និងសិទ្ធិស្របច្បាប់របស់រដ្ឋលើទ្រព្យសម្បត្តិរដ្ឋ ដែលព្រងើយកន្តើយ ដោយមិនចាត់វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេលវេលា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ (មួយ) ឆ្នាំ ដល់ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ ១ ០០០ ០០០ (មួយលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល៕