ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ចោទអាជ្ញាធរមូលដ្ឋានថា​គប់គិតគ្នា លក់ស្រះទឹករដ្ឋទំហំប្រមាណ ៣ហិកតា ទៅឱ្យបុគ្គលឯកជន និង​ទាមទារឱ្យរក្សាទុកស្រះទឹកនេះជាសម្បត្តិរួម ដើម្បីបំរើផលប្រយោជន៍សម្រាប់អ្នកភូមិអាស្រ័យផល។

លោក សួន វុត្ថា វ័យ​ ៣៤ឆ្នាំ អះអាងថាជា​ប្រជា​ពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាអី បានឱ្យដឹងថា ស្រះទឹក​ដែលមានបុគ្គលឯកជនបានរំលោភយកនេះ មានទំហំប្រមាណ ៣ហិកតា ដែលដំបូងឡើយតំបន់នោះគឺជាដីព្រៃ ហើយត្រូវបានអាជ្ញាធរឱ្យគ្រឿងចក្រជីកជាស្រះទឹក យកដីទៅចាក់បំពេញផ្លូវដើម្បីអភិវឌ្ឍនៅតំបន់នោះ។

លោកបន្តថា ក្នុងពេលថ្មីៗនេះ ពោលគឺអំឡុងខែឧសភា ឆ្នាំ២០២៣ ក៏មានរថយន្ត​ធំៗ បាន​ដឹក​ដី​ចាក់​លុប​ស្រះទឹក​នោះ​ជា​បន្តបន្ទាប់ ទើបមានការផ្ទុះ​តវ៉ាពីប្រជាពលរដ្ឋនៅតំបន់នោះតែម្តង។ លោកចាត់ទុក​ករណីលុបស្រះទឹកនេះ ថាជាការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់អាជ្ញាធរមូលដ្ឋាន​ ទើបគ្រឿងចក្រ​ហ៊ានចាក់ដីលុបស្រះទឹករដ្ឋដោយចំហរបែបនេះ។

លោកថា៖ «ខ្ញុំគិតថា ការលក់ដីស្រះ​ពីសំណាក់អាជ្ញាធរមុនៗ គឺមានការគប់គិត​​គ្នា ទាំង​ក្រុម​ប្រឹក្សា​ឃុំ មេភូមិ ហើយជាមួយខាងក្រុមហ៊ុន ហើយថ្មីៗនេះ មានការឈូសឆាយលុបបន្តទៀតហ្នឹង ក៏មានការឃុបឃិតគ្នាទៀតដែរ បានក្រុមហ៊ុនហ៊ានធ្វើ»

លោក សួន វុត្ថា បន្ថែមថា ពលរដ្ឋរស់នៅក្នុងឃុំត្រពាំងតាអី រាប់​រយគ្រួសារកំពុងអាស្រ័យផលលើស្រះទឹកនេះ ដូចជា ការនេសាទត្រី ជាអាងស្តុកទុកទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាជម្រកនៃមេពូជត្រីផងដែរ។ លោកបានស្នើទៅអាជ្ញាធរ ឱ្យរក្សាទុកស្រះនេះ សម្រាប់បម្រើប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

លោកបន្តថា៖ «បើសិនជាអាជ្ញាធរភូមិឃុំគាត់អត់មានគំនិតអភិវឌ្ឍន៍ទេ គួរកុំបំផ្លាញអី គាត់គួរតែរក្សាដីហ្នឹងទុកទៅ សម្រាប់​ឱ្យក្មេងជំនាន់ក្រោយ ឬអ្នកដឹកនាំឃុំ ជំនាន់ក្រោយគាត់ធ្វើ ឬក៏អ្នកអភិវឌ្ឍន៍វិញយើងគិតថា បើគាត់គ្មានគំនិតកុំ​បំផ្លាញ»។

កាល​ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ប្រមាណ ៤០នាក់ បានជួបជុំគ្នា នៅក្បែរស្រះទឹកដែលកំពុងមានវិវាទនេះ ដោយពួកគេទាមទារយកស្រះទឹកមកវិញ ក្រោយមានគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីនៅតំបន់នោះ។

ប្រជាពលរដ្ឋម្នាក់ទៀត លោក នួន កុសល វ័យ ៤២​ឆ្នាំ រស់ភូមិត្រពាំងតាអី បានប្រាប់ Newsroom Cambodia ថា លោកមិនគាំទ្រឱ្យមានការលុបស្រះទឹករដ្ឋមួយនេះទេ។ លោកថា បច្ចុប្បន្ន ឈ្មួញបានចាក់ដីលុបស្រះទឹក ដែលនាំឱ្យផ្ទៃស្រះទាំងមូលកាន់តែរួមតូច ហើយអ្នកភូមិមិនអាចអាស្រ័យផលបានដូចមុនឡើយ។ លោកចង់ឱ្យអាជ្ញាធរ​រក្សាទុកស្រះទឹកនេះ​ ដើម្បី​ជា​ប្រយោជន៍រួម។

លោកថា៖ «ទាំងខ្ញុំទាំងប្រជាពលរដ្ឋមូលមតិគ្នាថា ស្នើទៅរដ្ឋអំណាច ធ្វើម៉េចរក្សា [ស្រះទឹក]ឱ្យបាន នៅប៉ុណ្ណឹង»

ជុំវិញករណីនេះ អ្នកស្រី សុខ សាវ៉ាន់ មេភូមិត្រពាំងតាអី  វ័យ៧០ឆ្នាំ បានច្រានចោលករណី ដែលពលរដ្ឋចោទ​​អាជ្ញាធរមូលដ្ឋានថា​គប់គិតគ្នា​លក់​ដីស្រះទឹកនេះ។ អ្នកស្រីថា ស្រះទឹករដ្ឋនេះ មានទំហំតែ ១ហិកតា ២៥អា ប៉ុណ្ណោះ ខណៈបរិវេណ​ដី​ដែល​ពលរដ្ឋថា មាន​ទំហំ ៣ហិកតា​​នោះ​ គឺ​មាន​ម្ចាស់​កម្ម​សិទ្ធិឯកជនមិនមែនដីរដ្ឋទេ។ អ្នកស្រីបន្តទៀត​ថា គ្រឿងចក្ររបស់បុគ្គលឯកជនគ្រាន់តែ​មក​ឈូស​ឆាយ​ព្រៃ​ជុំវិញ​ស្រះទឹ​ក​នេះ ដើម្បីងាយកំណត់ទំហំស្រះទឹក​តែប៉ុណ្ណោះ ដោយមិនមានការរំលោភយកនោះទេ។

អ្នកស្រីមេភូមិ និយាយថា៖ « [បច្ចុប្បន្ន] រក្សាទុកស្រះហ្នឹងក៏គ្មានពីណាប៉ះពាល់ដែរ ក្រុមហ៊ុន​ឈូស​ឆាយ​ក្រឡឹងជុំវិញ​ហ្នឹងឱ្យបរិវេណក្រឡឹងស្រះហ្នឹងឱ្យវាស្អាតហ្នឹង មិនមែនមានអ្នកយកទេ»។

យ៉ាងណាក្តី ​លោក អូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោង​នៃសមាគមបណ្ដាញយុវជន​កម្ពុជា (CYN) បានជំរុញឱ្យអាជ្ញាធរ​រក្សាទុកស្រះទឹកសាធារណៈនោះ ដើម្បីបំរើផលប្រយោជន៍ដែលជាតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា រាល់ការ​អភិវឌ្ឍនៅតំបន់ណាមួយ​ដែលមិនបានគិតគួរពីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ គឺជាការប្រាសចាកគោលការណ៍សិទ្ធិមនុស្ស ហើយការលួចលក់ដីរដ្ឋជាអំពើខុសច្បាប់។

លោកបន្ថែមថា៖ «អាជ្ញាធរមូលដ្ឋានគួរតែយកចិត្តទុកដាក់ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមស្ថានភាពជាក់ស្តែង ស្របតាមពួកគាត់ចង់បាន ហើយជាពិសេសទ្រព្យសម្បត្តិទាំងអស់នោះ​ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដូច្នេះអាជ្ញាធរមិនអាច​យកធ្វើជាផលប្រយោជន៍​របស់ខ្លួនឯងបានទេ ហើយការប្រពឹ្រត្តដូចនេះ គឺ​ប្រាសចាកគោលការណ៍អភិវឌ្ឍន៍ដែលយកសិទ្ធិមនុស្សជាមូលដ្ឋាន»។

មាត្រា៨០ ចែងថា អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈ​ដោយការបោះឆ្នោត ដែលទទួលការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបន្ទាប់ពីទទួលបានដំណឹង អំពីការរំលោភលើកម្មសិទ្ធិ និងសិទ្ធិស្របច្បាប់របស់រដ្ឋលើទ្រព្យសម្បត្តិរដ្ឋ ដែលព្រងើយកន្តើយ ដោយមិនចាត់វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេលវេលា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ (មួយ) ឆ្នាំ ដល់ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ ១ ០០០ ០០០ (មួយលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល៕