លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានចេញលិខិត និងវីដេអូទទួលកំហុសពីក្នុងពន្ធនាគារខេត្តរតនៈគិរី និងសន្យាដកខ្លួនចេញពីផ្ទះសាមគ្គី និងសកម្មភាពនយោបាយនានា។
យោងតាមលិខិតរបស់លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដែលសរសេរកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា លោកទទួលកំហុសដែលបានប្រព្រឹត្តកន្លងមក ដោយសារលង់ជឿការញុះញង់ និងការចង្អុលបង្ហាញរបស់ជនបរទេស ធ្វើឱ្យខ្លួនឈានដល់ការប្រឆាំងនឹងរដ្ឋាភិបាលដោយមិនដឹងខ្លួន។
នៅក្នុងលិខិតនោះសរសេរតាមន័យដើមថា៖ «ខ្ញុំបានលង់ជឿតាមការចង្អុលបង្ហាញរបស់ជនបរទេស មួយចំនួន និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឱ្យបាត់បង់ និងប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងសាធារណៈ ប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករ ឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលដោយមិនដឹងខ្លួន»។
ទន្ទឹមនឹងការចេញលិខិតទទួលកំហុស ក៏មានវីដេអូដែលឃើញលោក ថេង សាវឿន សុំទោសពីក្នុងពន្ធនាគារខេត្តរតនៈគិរីផងដែរ។
ទាំងក្នុងលិខិត និងក្នុងវីដេអូ លោក ថេង សាវឿន ក៏បានសុំទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេងព្រមទាំងស្នើសុំឱ្យអ្នកទាំង២ជួយអន្តរាគមន៍ឱ្យខ្លួនរួចពីពន្ធនាគារ និងសន្យាប្រតិបត្តិការងារនៅក្នុងសមាគមតាមច្បាប់ដែលនៅជាធរមាននៅកម្ពុជាផងដែរ។
បើតាមវីដេអូដែលចេញផ្សាយដោយសារព័ត៌មានហ្វ្រេសញូវស៍ លោក ថេង សាវឿន បាននិយាយថា៖ «សូមសម្តេច ជួយធ្វើការសណ្តោសប្រណីដល់រូបខ្ញុំបាទរាល់កំហុសឆ្គងដែលបានប្រតិបត្តិនៅក្នុងសហគមន៍ ហើយខ្ញុំសូមសន្យាថានឹងធ្វើប្រតិបត្តិការងារនៅក្នុងសមាគមដែលតម្កល់នៅក្រសួងមហាផ្ទៃតាមច្បាប់សមាគមអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា»។
លោក ថេង សាវឿន និងក្រុមការងារ២រូបត្រូវបានឃាត់ខ្លួននៅខេត្តក្រចេះ កាលពីថ្ងៃទី១៧ ខែឧសភា ខណៈពេលដែលខ្លួននិងក្រុមការងារធ្វើដំណើរចេញពីខេត្តរតនៈគិរី ទៅភ្នំពេញវិញ ក្រោយបញ្ចប់វគ្គឆ្លុះបញ្ចាំងកសាងសមត្ថភាពក្រុមការងារនៅខេត្តរតនៈគិរី។
ថ្ងៃទី២២ ខែឧសភា តុលាការខេត្តរតនៈគិរីក៏បានសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការី ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលអាចឈានដល់ការជាប់ពន្ធនាគារ១០ឆ្នាំប្រសិនបើរកឃើញថាមានទោស។
ទោះបីជាមានការចេញលិខិតទទួលកំហុសកាលពីថ្ងៃ២៧ ខែឧសភានេះក៏ដោយ សំណុំរឿងរបស់លោក ថេង សាវឿន ហាក់បីដូចជាមិនទាន់មាន ការជូនដំណឹង ឬព័ត៌មានអ្វីថ្មីទាក់ទងនឹងសំណុំរឿងនេះនៅឡើយ គិតមកដល់ត្រឹមថ្ងៃទី២៩ ខែឧសភានេះ៕