លោក ថេង​ សាវឿន ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) បានចេញ​​លិខិត និង​វីដេអូ​​​​ទទួល​កំហុស​ពី​ក្នុង​ព​ន្ធនាគារ​ខេត្តរតនៈគិរី និង​សន្យាដកខ្លួនចេញពីផ្ទះសាមគ្គី​ និង​សកម្មភាព​នយោបាយ​​​នានា​​​​។

យោងតាមលិខិត​​របស់​លោក ថេង​ សាវឿន ប្រធាន​​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​ដែល​​សរសេរ​កាល​ពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២៣ ដោយ​បញ្ជាក់​ថា លោក​ទទួល​កំហុស​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក ដោយសារ​លង់ជឿ​ការញុះញង់​ និងការចង្អុលបង្ហាញរបស់ជន​បរទេស​ ធ្វើឱ្យ​ខ្លួនឈានដល់​ការប្រឆាំងនឹងរដ្ឋាភិបាលដោយ​មិនដឹង​ខ្លួន​។

នៅក្នុ​ងលិខិ​ត​នោះ​សរសេរ​តាម​ន័យ​ដើម​​ថា​​៖ «ខ្ញុំបានល​ង់ជឿ​តា​ម​ការចង្អុ​ល​បង្ហាញ​រ​បស់ជន​បរទេស​ មួយ​ចំនួ​ន និងក្រុម​​អ្នក​នយោបាយ​ប្រឆាំង​មួ​​យចំនួន​ក្នុង​រូបភាព​​ញុះ​ញង់​បង្ក​​​ចលាចល​​​ធ្វើឱ្យបាត់​បង់ និង​​ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម​ និងសាធារណៈ​ ប្រមូល​ផ្តុំ​សមាជិក​សហគមន៍​ជាកសិករ ឈានដល់​ការប្រឆាំង​ក្នុងគោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដោយ​មិនដឹងខ្លួន​​​​​»។​

ទន្ទឹម​នឹងការ​ចេញ​លិខិត​ទទួល​កំហុស​ ក៏​មាន​វីដេអូ​ដែល​ឃើញ​លោក ថេង សាវឿន សុំ​ទោស​ពី​ក្នុង​ពន្ធនាគារ​ខេត្ត​រតនៈគិរី​ផងដែរ។​

ទាំង​ក្នុង​លិខិត និង​ក្នុង​​វីដេអូ លោក ថេង សាវឿន ក៏បានសុំទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេងព្រមទាំងស្នើសុំឱ្យអ្នកទាំង២​ជួយ​អន្តរាគមន៍ឱ្យខ្លួនរួចពី​ពន្ធ​នាគារ​ និងសន្យាប្រតិបត្តិ​ការងារ​នៅក្នុងសមាគម​តាមច្បាប់​ដែលនៅជាធរមាននៅកម្ពុជាផងដែរ។

បើតាមវីដេអូដែលចេញផ្សាយដោយសារព័ត៌មានហ្វ្រេសញូវស៍ លោក​ ថេង សាវឿន បាន​និយាយ​ថា៖ «​សូមសម្តេច ជួយ​ធ្វើការ​សណ្តោស​ប្រណី​ដល់​រូប​ខ្ញុំបាទ​​រាល់កំហុស​ឆ្គងដែល​បានប្រតិបត្តិ​នៅ​ក្នុង​សហគមន៍ ហើយខ្ញុំសូមសន្យាថានឹងធ្វើ​ប្រតិបត្តិ​ការងារ​នៅ​ក្នុងសមាគមដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​​តាម​ច្បាប់​សមាគមអង្គការមិនមែន​រដ្ឋាភិបាល​ និងលិខិតបទដ្ឋានគតិយុត្តនានា​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

លោក​ ថេង សាវឿន និងក្រុមការងារ២រូប​ត្រូវបានឃាត់ខ្លួន​នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃទី១៧ ខែឧសភា ខណៈពេលដែលខ្លួន​និ​ងក្រុម​ការងារធ្វើដំណើរ​ចេញពីខេត្តរតនៈគិរី  ទៅភ្នំពេញវិញ​​​ ក្រោយបញ្ចប់វគ្គ​ឆ្លុះ​បញ្ចាំង​កសាង​សមត្ថភាព​ក្រុមការងារនៅខេត្តរតនៈគិរី​។

ថ្ងៃទី២២ ខែឧសភា តុលាការខេត្តរតនៈគិរីក៏បានសម្រេចចោទ​ប្រកាន់​លោក​ ថេង សាវឿន និង​សហការី ពីបទរួមគំនិតក្បត់ ​និងញុះញង់ឱ្យប្រព្រឹត្តអំពើ​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ​ដែលអាចឈានដល់ការជាប់ពន្ធនាគារ១០ឆ្នាំ​ប្រសិនបើរកឃើញថាមានទោស។

ទោះបីជាមាន​ការចេញលិខិត​ទទួលកំហុស​កាលពីថ្ងៃ២៧​ ខែឧសភា​នេះក៏ដោយ​​​ សំណុំរឿង​រប​ស់​លោក​ ថេង សាវឿន​ ហាក់បីដូចជាមិនទាន់មាន ការជូនដំណឹង ឬ​ព័ត៌មាន​អ្វី​ថ្មី​ទាក់ទង​នឹង​សំណុំ​រឿង​នេះ​នៅ​ឡើយ គិត​មក​ដល់​ត្រឹម​ថ្ងៃទី​២៩ ខែឧសភានេះ៕