សុំណុំរឿងក្តីដែលតុលាការខេត្តរតនគិរី សម្រេចចោទប្រកាន់លើមេដឹកនាំ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ពីបទ «រួមគំនិតក្បត់» បាននាំមកនូវភាពឈឺចាប់ដល់ប្រជាកសិករ ដែលតែងតែទទួលបានការជួយជ្រោមជ្រែងពីសមាគមដែលសកម្មក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពកសិករមួយនេះ។
ក្នុងសម្លៀកបំពាក់ចាស់ៗ មានបង្វិចជាប់ខ្លួន និងចានឆ្នាំងមកជាមួយផងនោះ កសិករដែលមកពីតាមបណ្តាខេត្តមួយចំនួន ដូចជា កោះកុង កំពង់ស្ពឺ ក្រចេះ ព្រៃវែង ជាដើម បានមកជួបជុំគ្នានៅវត្តសាមគ្តីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អំឡុងពេលនៃការប្រមូលផ្តុំគ្នានេះ គឺដើម្បីធ្វើយុទ្ធនាការ ដើរថ្មើរជើងទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដោយមានកសិករខ្លះលើកបដា កាន់ឧគ្ឃោសនាស័ព្ទ ស្រែកខ្លាំងៗ កណ្តាលរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យតុលាការទម្លាក់បទចោទលើ លោក ថេង សាវឿន និងសហការី ២ រូបទៀតដែលប្រឈមជាប់ពន្ធនាគារចំនួន ១០ឆ្នាំ ក្រោមបទចោទ «ញុះញង់» និង«រួមគំនិតក្បត់»។
កសិករម្នាក់ អ្នកស្រី ដេត ហ៊ួ វ័យ ៣៩ឆ្នាំ បានធ្វើដំណើរមកពីភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ប្រមាណ ១០ថ្ងៃមកហើយ។ អ្នកស្រីប្រាប់ Newsroom Cambodia ថា ជីវិតជាកសិករ គឺប្រឈមបញ្ហាច្រើនយ៉ាង រួមមាន ជំពាក់បំណុលធនាគារ ការចំណាកស្រុក និងមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការប្រើប្រាស់ជីដាំដំណាំ ហើយចំណូលក៏ធ្លាក់ចុះស្របពេលជី និងសាំងឡើងថ្លៃ ជាដើម។
អ្នកស្រីរៀបរាប់ថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា តែងតែបង្រៀនកសិករពីការចិញ្ចឹមសត្វមាន់ សត្វទា ការដាំដំណាំបែបធម្មជាតិ និងការប្រើប្រាស់ជីដាក់ដំណាំតាមបែបធ្មជាតិ ដើម្បីបានចំណូលទ្រទ្រង់ជីវភាព។ អ្នកស្រី ដេត ហ៊ួ និយាយថា គាត់មានក្តីតក់ស្លុត នៅពេលដែលបានទទួលដំណឹងថា លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ដាក់ពន្ធនាគារ ដោយចោទថា មានបំណងផ្តួលរំលំរដ្ឋាភិបាល ដែលកន្លងមកអ្នកស្រីថា ពួកគាត់តែងតែជួយបណ្តុះបណ្តាលកសិករពីបច្ចេកទេសធ្វើកសិកម្មតែប៉ុណ្ណោះ។
អ្នកស្រីនិយាយទាំងសំឡេងអួលដើមក នៅពេលរំឭកពីសកម្មភាពរបស់លោក ថេង សាវឿន ដែលបានដឹកនាំក្រុមការងារ ជួយបង្រៀនកសិករនាពេលកន្លងមក។
អ្នកស្រីនិយាយថា៖ « [លោក ថេង សាវឿន] គាត់មិនដែលរើសអើងពួកយើង ហើយគាត់ដូចជាគ្រួសារយើងតែមួយតែម្តង គាត់អត់មានកំហុសអីសោះ និយាយរួមទៅខ្ញុំមានអារម្មណ៏ថា រន្ធត់មែនទែន ដោយសារតែពួកគាត់ជាមនុស្សល្អ ពួកគាត់មិនដែលមានពាក់ព័ន្ធនឹងនយោបាយអីទេ»។
អ្នកស្រី ដេត ហ៊ួ បានបន្ថែមថា ការសម្រេចចិត្តធ្វើដំណើរមកតវ៉ាក្នុងរាជធានីភ្នំពេញនេះ គឺជាការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំពីនរណាម្នាក់នោះទេ។ បន្ថែមលើនេះ អ្នកស្រីថា គាត់ស្រណោះចំពោះការលះបង់របស់កសិករដែលមកពីបណ្តាខេត្តនានា ដោយពួកគេបានក្រាញននៀលស្នាក់នៅក្នុង វត្តសាមគ្គីរង្សី ទាំងខ្វះខាតសម្លៀកបំពាក់ និងអាហារហូបចុក។ អ្នកស្រីប្រាប់ថា ការមកជួបជុំគ្នាក្នុងរាជធានីភ្នំពេញនេះ មិនមែនធ្វើដំណើរដោយចំហបានទេ ដោយមានអាជ្ញាធរមូលដ្ឋានចាំស្ទាក់ផ្លូវមិនឱ្យមក ហើយមានអ្នកភូមិខ្លះបានលូនក្រាបកាត់វាលស្រែ ដើម្បីគេចពីអាជ្ញាធរ និងបានបំបែកគ្នាជិះឡានឯកជនដើម្បីគេចពីភ្នែករបស់អាជ្ញាធរ ដែលតាមឃ្លាំមើលផងដែរ។
អ្នកស្រីថា៖ «ខ្ញុំនឹកឃើញរន្ធត់ចិត្តអាណិត វាហួសចិត្ត កំសត់ ពេលពួកយើងទាំងអស់គ្នា [ស្នាក់នៅវត្ត] មានបងប្អូនសប្បុរសជនគាត់យកខោអាវមកស្លៀកពាក់ ចាក់ [ខោអាវ] មកដណ្តើមគ្នា បុកក្បាលគ្នា។ ខ្ញុំនឹកឃើញ អាសូរមែនទែន ដោយសារតែយើងមិនមានសិទ្ធិគ្រប់គ្រាន់ ក្នុងការដើរហើរ»។
អ្នកស្រីបន្ថែមថា៖ «យើងរត់គេចមកសូម្បីខោអាវក៏អត់បានយកមកគ្រប់ដែរ យើងស្រឡាញ់បុគ្គលណាដែលគាត់ល្អ ហើយយើងមកគាំទ្រគាត់ បែរជាមានសម្ពាធ អយុត្តិធម៌មែនទែន សម្រាប់បងប្អូនយើងទាំងអស់គ្នា យើងទាំងអស់គ្នាមើលឃើញពួកគាត់ទាំង៣ជាមនុស្សល្អ»។
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឡានរបស់ក្រុមការងារ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ទុក ក្រោយពេលពួកគេបញ្ចប់វគ្គសិក្ខាសាលាមួយដែលរៀបចំឡើងដោយសមាគមមួយនេះ នៅក្នុងខេត្តរតនគិរី។ ក្នុងថ្ងៃដដែលលោក ថេង សាវឿន និងសហការី២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ដរតនគិរីវិញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។
លុះក្រោយមក ពោលគឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងខេត្ដរតនគិរី ក៏បានសម្រេចចោទប្រកាន់លើលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ពីបទ«ញុះញង់» និងបទ«រួមគំនិតក្បត់» ដែលប្រឈមការជាប់ពន្ធនាគារ១០ឆ្នាំ ដែលមានចែងក្នុងមាត្រា ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
មាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌចែងថា អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះត្រូវបានសម្តែងចេញជារូបរាងច្បាស់លាស់ដោយអំពើជាក់ស្តែងមួយឬច្រើន។ ការរួមគំនិតក្បត់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ទៅ១០ឆ្នាំ។
កសិករម្នាក់មានរូបរាងស្គមស្តើង សម្បុរស្រអែម អ្នកស្រី ជីព ធី វ័យ ៥៤ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រាប់ថា គាត់មិនអាចទទួលយកការចោទប្រកាន់ចំពោះ លោក ថេង សាវឿន បានទេ។ អ្នកស្រីថា គាត់និងអ្នកភូមិ ប្រមាណជិត២០នាក់ទៀត បានចាកចេញពីភូមិមកតវ៉ាក្នុងរាជធានីភ្នំពេញ ដោយអ្នកស្រីផ្ទាល់មានថវិកាចំនួន ១២ ០០០រៀល និងខោអាវមួយសម្រាប់ជាប់ខ្លួនតែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ការស្នាក់នៅក្នុងវត្តគឺទទួលបានការជួយទំនុកបម្រុងការហូបចុកពីសប្បុរសជននានា ហើយការធ្វើដំណើរមកនេះ ជាការស្ម័គ្រចិត្ត ដោយថាគាត់មានការអាណិតអាសូរ និងគោរពចំពោះ លោក ថេង សាវឿន។
ស្រ្តីវ័យ ៥៤ឆ្នាំ រូបនេះ ចាត់ទុកថាការឃាត់ខ្លួនលោក ថេង សាវឿន និងសហការី២រូបទៀត គឺបានបង្ហាញឱ្យឃើញថា យុត្តិធម៌ក្នុងតុលាការកម្ពុជាមិនមានឡើយ ហើយបានបន្សល់ទុកភាពឈឺចាប់សម្រាប់ជនរងគ្រោះ។
អ្នកស្រីថា៖ «មីងរន្ធត់ចិត្ត! ថាមនុស្សដែលធ្វើល្អទៅជាមានទោស អ្នកធ្វើអាក្រក់ទៅជារួចខ្លួន ប្រជាពលរដ្ឋក្នុងភូមិគាត់មានការឈឺចាប់ដែរ តែស្ទុះមិនរួច ស្រែកមិនឮ »។
ចំណែក កសិករមួយរូបទៀតលោក ស៊ុន សុខ វ័យ ៥០ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ឱ្យដឹងថា លោក ថេង សាវឿន តែងតែដឹកនាំក្រុមការងារមកជួយបណ្តុះបណ្តាលពីចំណេះដឹងកសិកម្មដល់ប្រជាកសិករក្នុងតំបន់ដែលលោករស់នៅជារឿយៗផងដែរ។ លោកថា សកម្មភាពរបស់ក្រុមលោក ថេង សាវឿន គឺមិនដែលភ្ជាប់ជាមួយបក្សនយោបាយណាមួយឡើយ ដែលផ្ទុយពីអាជ្ញាធររកឃើញថា គាត់មានបំណងប្រមូលកសិករធ្វើបដិវត្តផ្តួលរំលំរដ្ឋាភិបាលទៅវិញ។ ជាមួយគ្នានេះ លោកបានស្នើឱ្យរដ្ឋាភិបាលដោះលែងលោក ថេង សាវឿន និងសហការរី២រូបទៀតដោយឥតលក្ខខណ្ឌ។
លោកថា៖ «ស្នើសុំឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយ ដោះលែងគាត់វិញមក ព្រោះគាត់អត់មានប្រើបក្ស ប្រើនយោបាយអីទេ មានតែគាត់ជួយប្រជាពលរដ្ឋឱ្យធ្វើដំណាំ ឬក៏ចិញ្ចឹមមាន់ ឬក៏ដាំ [ដំណាំ] អីៗហ្នឹង ជួយជាយោបល់អីទេ។ ជួយដោះលែងគាត់មក ព្រោះគាត់អត់មានធ្វើអីខុសទេ»។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អង្គការក្រៅរដ្ឋាភិបាលចំនួន ៦១ស្ថាប័ន បានរួមគ្នាចេញសេចក្តីថ្លែងការណ៍មួយដោយទាមទារឱ្យតុលាការ បញ្ឈប់ការចោទប្រកាន់ទៅលើអ្នកការពារសិទ្ធិមនុស្សទាំងអស់នៅកម្ពុជា និងអំពាវនាវឱ្យដោះលែងបុគ្គលិក សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាបន្ទាន់។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ រួមនោះមានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ជាដើម។
ក្នុងសេចក្តីថ្លែងការណ៍ បានលើកឡើងថា ការចោទប្រកាន់ចំពោះប្រធាន និងបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ។ ប្រភពដដែលបន្ថែមថា សមាគមមួយនេះ គឹគ្រាន់តែមានសកម្មភាពជួយគាំទ្រដល់កសិករឱ្យយល់ដឹងអំពីសិទ្ធិរបស់ពួកគេ និងការតស៊ូមតិដើម្បីឱ្យការរស់នៅមានភាពល្អប្រសើរតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍ បានសរសេរថា៖ «ការងាររបស់សកម្មជនសិទ្ធិមនុស្ស មិនត្រូវប្រដូចនឹងសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដូចជាការញុះញង់ ឬរួមគំនិតក្បត់ប្រឆាំងនឹងជាតិឡើយ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ករណីចាប់ខ្លួននេះ គឺជារូបភាពមួយបង្ហាញថា តុលាការគ្មានមូលដ្ឋានច្បាស់លាស់ និងបង្ហាញពីចេតនារបស់អាជ្ញាធរគំរាមគំហែងទៅលើប្រជាពលរដ្ឋ ដែលមានបំណងតស៊ូមតិក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា តុលាការគួរតែស៊ើបអង្កេតឱ្យបានជាក់លាក់ មុននឹងសម្រេចចិត្ដលើការផ្ដន្ទាទោសលើលោក ថេង សាវឿន និងសហការី២នាក់ទៀត ដើម្បីជៀសវាងការចោទប្រកាន់ខុសលើមនុស្សដែលគ្មានកំហុសអ្វីទាល់តែសោះ។
លោកថា៖ «ការចោទថាគាត់ពាក់ព័ន្ធនឹងបដិវត្ដន៍កសិករអី ខ្ញុំគិតថា អានេះវាជារឿងមួយដែលធ្ងន់ធ្ងរណាស់សម្រាប់ការចោទប្រកាន់ហ្នឹង។ យើងដឹងហើយថាដើម្បីចាប់ខ្លួនជនណាមួយបាន វាទាល់តែមានពាក់ព័ន្ធនឹងប្រព្រឹត្ដបទល្មើស។ វាមានតែបទល្មើសជាក់ស្ដែង និងបទល្មើសចាប់ទៅតាមដីកាតុលាការ»។
ជុំវិញករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បានប្រាប់Newsroom Cambodiaខ្លីថា មន្រ្តីជំនាញបានស៊ើបអង្កេតច្បាស់លាស់លើសុំណុំរឿងលោក ថេង សាវឿន និងសហការី២រូបទៀតរួចហើយ ទើបមានការសម្រេចឃុំខ្លួនបែបនេះ។ លោកថា ករណីនេះអាចនឹងមានការសម្របសម្រួល បើជនដែលត្រូវចោទព្រមទទួលស្គាល់កំហុសរបស់ខ្លួន។
លោកថា៖ «ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ចៅក្រមតាមជាក់ស្តែង បើមនុស្សយល់ពីកំហុស តុលាការក៏អាចពិចារណាតាមផ្លូវច្បាប់ដែរ»។
ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មិនអាចសុំការអត្ថាធិប្បាយបានទេ ជុំវិញករណីនេះ ដោយទូរសព្ទចូលជាច្រើនដងមិនមានអ្នកទទួល។
កាលពីខែមករា ឆ្នាំ២០១៤ លោក ថេង សាវឿន ត្រូវបានជាប់ពន្ធនាគារម្តងរួចមកហើយ ក្នុងពេលលោកឃ្លាំមើលការតវ៉ាដំឡើងប្រាក់ឈ្នួលរបស់កម្មករក្នុងរាជធានីភ្នំពេញ។ លោកត្រូវបានអាជ្ញាធរបញ្ជូនខ្លួនដាក់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ អស់រយៈពេលជិត៥ខែ។
លុះក្រោយចេញពីពន្ធនាគារ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៤ លោក ថេង សាវឿន បានក្លាយជាប្រធាន សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដែលបានធ្វើសកម្មភាពការពារសិទ្ធិកសិករ និងបណ្តុះបណ្តាលជំនាញធ្វើកសិកម្មដល់ប្រជាពលរដ្ឋ ជាង១០ឆ្នាំមកហើយ រហូតដល់រូបលោកបានជាប់ពន្ធនាគារលើកទី២ ក្នុងឆ្នាំ២០២៣នេះ៕