សុំណុំរឿងក្តីដែលតុលាការខេត្តរតនគិរី សម្រេចចោទប្រកាន់លើមេដឹកនាំ សមាគម​សម្ព័ន្ធ​សហគមន៍​​កសិករ​កម្ពុជា ពីបទ «រួមគំនិតក្បត់» បាននាំមកនូវភាពឈឺចាប់ដល់ប្រជាកសិករ ដែល​តែង​តែទទួល​បាន​ការជួយជ្រោមជ្រែងពីសមាគមដែលសកម្មក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពកសិករមួយនេះ។

ក្នុង​សម្លៀកបំពាក់ចាស់ៗ មានបង្វិចជាប់ខ្លួន និងចានឆ្នាំងមកជាមួយផងនោះ កសិករដែលមកពីតាមបណ្តាខេត្តមួយចំនួន ដូចជា កោះកុង កំពង់ស្ពឺ ក្រចេះ ព្រៃវែង ជាដើម បានមកជួបជុំគ្នា​នៅវត្តសាមគ្តីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អំឡុងពេលនៃការប្រមូលផ្តុំគ្នានេះ គឺដើម្បីធ្វើយុទ្ធនាការ ដើរថ្មើរជើងទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដោយមានកសិករខ្លះលើកបដា កាន់ឧគ្ឃោសនាស័ព្ទ ស្រែកខ្លាំងៗ កណ្តាលរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យតុលាការទម្លាក់​បទ​ចោទ​លើ លោក ថេង សាវឿន និងសហការី ២ រូបទៀតដែលប្រឈមជាប់ពន្ធនាគារចំនួន ១០ឆ្នាំ ក្រោមបទចោទ «ញុះញង់» និង«រួមគំនិតក្បត់»។

កសិករម្នាក់ អ្នកស្រី ដេត ហ៊ួ វ័យ ៣៩ឆ្នាំ បានធ្វើដំណើរមកពីភូមិតានី ឃុំជីខលើ ស្រុក​ស្រែអំបិល ខេត្តកោះកុង ដោយស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ប្រមាណ ១០ថ្ងៃមកហើយ។ អ្នកស្រីប្រាប់ Newsroom Cambodia ថា ជីវិតជាកសិករ គឺប្រឈមបញ្ហាច្រើនយ៉ាង រួមមាន ជំពាក់បំណុលធនាគារ ការចំណាកស្រុក និងមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការប្រើប្រាស់ជីដាំដំណាំ ហើយចំណូលក៏ធ្លាក់ចុះស្របពេលជី និងសាំងឡើងថ្លៃ ជាដើម។

អ្នកស្រីរៀបរាប់ថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា តែងតែបង្រៀនកសិករពីការចិញ្ចឹមសត្វមាន់ សត្វទា ការដាំដំណាំបែបធម្មជាតិ និងការប្រើប្រាស់ជីដាក់ដំណាំតាមបែបធ្មជាតិ ដើម្បីបានចំណូលទ្រទ្រង់ជីវភាព។ អ្នកស្រី ដេត ហ៊ួ និយាយថា គាត់មានក្តីតក់ស្លុត នៅពេលដែលបានទទួលដំណឹងថា លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ដាក់ពន្ធនាគារ ដោយចោទថា មានបំណងផ្តួលរំលំរដ្ឋាភិបាល ដែលកន្លងមកអ្នកស្រីថា ពួកគាត់តែងតែជួយបណ្តុះបណ្តាលកសិករពីបច្ចេកទេសធ្វើកសិកម្មតែប៉ុណ្ណោះ។

អ្នកស្រីនិយាយទាំងសំឡេង​អួល​ដើម​ក នៅពេល​រំឭក​ពី​សកម្មភាពរបស់លោក ថេង សាវឿន ដែលបានដឹកនាំក្រុមការងារ ជួយបង្រៀនកសិករនាពេលកន្លងមក។

អ្នកស្រីនិយាយថា៖ « [លោក ថេង សាវឿន] គាត់មិនដែលរើសអើងពួកយើង ហើយគាត់ដូចជាគ្រួសារយើងតែមួយ​តែ​ម្តង គាត់អត់មានកំហុសអីសោះ និយាយរួមទៅខ្ញុំមានអារម្មណ៏ថា រន្ធត់មែនទែន ដោយសារតែពួកគាត់ជាមនុស្សល្អ ពួកគាត់មិនដែលមានពាក់ព័ន្ធនឹងនយោបាយអីទេ»។

អ្នកស្រី ដេត ហ៊ួ បានបន្ថែមថា ការសម្រេចចិត្តធ្វើដំណើរមកតវ៉ាក្នុងរាជធានីភ្នំពេញនេះ គឺជាការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំពីនរណាម្នាក់នោះទេ។ បន្ថែមលើនេះ អ្នកស្រីថា គាត់ស្រណោះចំពោះការលះបង់របស់កសិករដែលមកពីបណ្តាខេត្តនានា ដោយពួកគេបានក្រាញននៀលស្នាក់នៅក្នុង វត្តសាមគ្គីរង្សី ទាំងខ្វះខាតសម្លៀកបំពាក់ និងអាហារ​ហូប​ចុក។ អ្នកស្រីប្រាប់​ថា ការមកជួប​ជុំគ្នាក្នុងរាជធានីភ្នំពេញនេះ មិនមែនធ្វើដំណើរដោយចំហបានទេ ដោយមានអាជ្ញាធរមូលដ្ឋានចាំស្ទាក់​ផ្លូវមិនឱ្យមក ហើយមានអ្នកភូមិខ្លះបានលូនក្រាបកាត់វាលស្រែ ដើម្បីគេចពីអាជ្ញាធរ និងបានបំបែកគ្នា​ជិះឡានឯកជនដើម្បីគេចពីភ្នែករបស់អាជ្ញាធរ ដែលតាមឃ្លាំមើលផងដែរ។

អ្នកស្រីថា៖ «ខ្ញុំនឹកឃើញរន្ធត់ចិត្ត​អាណិត វាហួសចិត្ត កំសត់ ពេលពួកយើងទាំងអស់គ្នា [ស្នាក់នៅវត្ត] មានបងប្អូនសប្បុរសជនគាត់យកខោអាវមកស្លៀកពាក់ ចាក់ [ខោអាវ] មកដណ្តើមគ្នា បុកក្បាលគ្នាខ្ញុំនឹកឃើញ អាសូរមែន​ទែន ដោយសារតែយើងមិនមានសិទ្ធិគ្រប់គ្រាន់ ក្នុងការដើរហើរ»

អ្នកស្រីបន្ថែមថា៖ «យើងរត់គេចមកសូម្បីខោអាវក៏អត់បានយកមកគ្រប់ដែរ យើងស្រឡាញ់​បុគ្គល​ណាដែ​ល​គាត់​ល្អ ហើយយើងមកគាំទ្រគាត់ បែរជាមានសម្ពាធ អយុត្តិធម៌មែនទែ​ន សម្រាប់បងប្អូនយើងទាំងអស់គ្នា យើងទាំងអស់គ្នាមើល​ឃើញពួកគាត់ទាំង៣ជាមនុស្សល្អ»។  

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ឡានរបស់ក្រុមការងារ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករកម្ពុជា ត្រូវបានសមត្ថ​កិច្ចខេត្តក្រចេះឃាត់ទុក ក្រោយពេលពួកគេបញ្ចប់វគ្គសិក្ខាសាលាមួយដែលរៀបចំឡើងដោយសមាគមមួយនេះ នៅក្នុងខេត្តរតនគិរី។ ក្នុងថ្ងៃដដែលលោក ថេង សាវឿន និង​សហការី២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ដរតនគិរីវិញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។

លុះក្រោយមក ពោលគឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងខេត្ដរតនគិរី ក៏បានសម្រេច​ចោទប្រកាន់លើលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ពីបទ«ញុះញង់» និងបទ«រួមគំនិតក្បត់» ដែលប្រឈមការជាប់​​ពន្ធនាគារ១០ឆ្នាំ ដែលមានចែងក្នុងមាត្រា ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

មាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌចែងថា អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើត​ឡើងដោយ​មនុស្សច្រើននាក់ ដើម្បី​ប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះត្រូវបានសម្តែងចេញ​ជារូបរាងច្បាស់​លាស់ដោយអំពើជាក់ស្តែងមួយឬច្រើន។ ការរួមគំនិតក្បត់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ទៅ​១០ឆ្នាំ។

កសិករម្នាក់មានរូបរាងស្គមស្តើង សម្បុរស្រអែម អ្នកស្រី ជីព ធី វ័យ ៥៤ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រាប់ថា គាត់មិនអាចទទួលយកការចោទប្រកាន់ចំពោះ លោក ថេង សាវឿន បានទេ។ អ្នកស្រី​ថា គាត់និងអ្នកភូមិ ប្រមាណជិត២០នាក់ទៀត បានចាកចេញពីភូមិមកតវ៉ាក្នុងរាជធានីភ្នំពេញ ដោយអ្នកស្រីផ្ទាល់មានថវិកាចំនួន ១២ ០០០រៀល និងខោអាវមួយសម្រាប់ជាប់ខ្លួនតែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ការស្នាក់នៅក្នុងវត្តគឺទទួល​បានការជួយទំនុកបម្រុងការហូបចុកពីសប្បុរសជននានា​ ហើយការធ្វើដំណើរមកនេះ ជាការស្ម័គ្រចិត្ត ដោយថា​គាត់មានការអាណិតអាសូរ និងគោរពចំពោះ លោក ថេង សាវឿន

ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ (រូបភាព៖ ទួក ពិសិដ្ឋ)

ស្រ្តីវ័យ ៥៤ឆ្នាំ រូបនេះ ចាត់ទុកថាការឃាត់ខ្លួនលោក ថេង សាវឿន និងសហការី២រូបទៀត គឺបាន​បង្ហាញឱ្យឃើញថា យុត្តិធម៌ក្នុងតុលាការកម្ពុជាមិនមានឡើយ ហើយបានបន្សល់ទុកភាពឈឺចាប់សម្រាប់ជនរងគ្រោះ។

អ្នកស្រីថា៖ «មីងរន្ធត់ចិត្ត! ថាមនុស្សដែលធ្វើល្អទៅជាមានទោស អ្នកធ្វើអាក្រក់ទៅជារួចខ្លួន ប្រជាពលរដ្ឋក្នុងភូមិគាត់មានការឈឺចាប់ដែរ តែស្ទុះមិនរួច ស្រែកមិនឮ »។

ចំណែក កសិករមួយរូបទៀតលោក ស៊ុន សុខ វ័យ ៥០ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ឱ្យដឹងថា លោក ថេង សាវឿន តែងតែដឹកនាំក្រុមការងារមកជួយបណ្តុះបណ្តាលពីចំណេះ​ដឹងកសិកម្មដល់ប្រជាកសិករក្នុងតំបន់ដែលលោករស់នៅជារឿយៗផងដែរ។ លោកថា សកម្មភាពរបស់ក្រុមលោក ថេង សាវឿន គឺមិនដែលភ្ជាប់ជាមួយបក្សនយោបាយណាមួយឡើយ ដែលផ្ទុយពីអាជ្ញាធររកឃើញថា គាត់មានបំណងប្រមូលកសិករធ្វើបដិវត្តផ្តួលរំលំរដ្ឋាភិបាលទៅវិញ។ ជាមួយគ្នានេះ លោកបានស្នើឱ្យរដ្ឋាភិបាលដោះលែងលោក ថេង សាវឿន និងសហការរី២រូបទៀតដោយឥតលក្ខខណ្ឌ។

លោកថា៖ «ស្នើសុំឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយ ដោះលែងគាត់វិញ​មក ព្រោះគាត់អត់មានប្រើបក្ស ប្រើនយោ​បាយ​អី​ទេ មាន​តែគាត់ជួយប្រជាពលរដ្ឋឱ្យធ្វើដំណាំ ឬក៏ចិញ្ចឹមមាន់ ឬក៏ដាំ [ដំណាំ] អីៗហ្នឹង ជួយជាយោបល់អីទេ។ ជួយដោះលែងគាត់មក ព្រោះគាត់អត់មានធ្វើអីខុសទេ»។

ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ (រូបភាព៖ ទួក ពិសិដ្ឋ)

កាលពីថ្ងៃទី២៤ ខែ​​ឧសភា ឆ្នាំ​២០២៣ អង្គការក្រៅរដ្ឋាភិបាលចំនួន ៦១​ស្ថាប័ន បាន​​រួមគ្នាចេញ​សេចក្តីថ្លែងការណ៍មួយដោយទាមទារ​ឱ្យតុលាការ បញ្ឈប់​ការចោទ​ប្រកាន់​ទៅលើអ្នកការពារ​សិទ្ធិមនុស្ស​ទាំងអ​ស់​​​​​​នៅកម្ពុជា និង​អំពាវនាវ​ឱ្យដោះលែង​បុគ្គលិក សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាបន្ទាន់។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ​រួម​នោះមាន​ដូច​ជា​​ មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ (CCHR) សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍ​ន៍​នៅកម្ពុជា ​(ADHOC)​​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និងការពារសិទ្ធិ​មនុស្ស​លីកាដូ ​(LICADHO) ជាដើម។

​ក្នុងសេចក្តីថ្លែងការណ៍ បានលើកឡើងថា ការចោទ​ប្រកាន់​ចំពោះ​​ប្រធាន និងបុគ្គលិក​​សមាគមសម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា គឺជាការចោទប្រកាន់​ដែលគ្មាន​មូលដ្ឋានច្បាប់​​ត្រឹមត្រូ​វ។ ប្រភពដដែល​បន្ថែម​ថា ​សមាគមមួយ​នេះ គឹគ្រាន់តែ​មានសកម្មភាព​ជួយគាំទ្រដល់​កសិករឱ្យ​យល់​ដឹងអំពី​សិទ្ធិ​របស់ពួកគេ ​និង​ការតស៊ូ​មតិ​ដើម្បី​​ឱ្យ​ការរស់នៅមានភាព​​​ល្អ​ប្រសើរតែប៉ុណ្ណោះ​។

សេចក្តីថ្លែងការណ៍ បានសរសេរថា៖ «ការងាររបស់សកម្មជនសិទ្ធិមនុស្ស មិនត្រូវប្រដូចនឹងសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដូចជាការញុះញង់ ឬរួមគំនិតក្បត់ប្រឆាំងនឹងជាតិឡើយ»

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ករណីចាប់ខ្លួននេះ គឺជារូបភាព​មួយ​បង្ហាញ​ថា តុលាការគ្មានមូលដ្ឋានច្បាស់លាស់ និងបង្ហាញពីចេតនារបស់អាជ្ញាធរគំរាម​គំហែង​ទៅ​លើ​ប្រជាពលរដ្ឋ ដែលមានបំណងតស៊ូមតិក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា តុលាការ​គួរ​តែ​ស៊ើប​អង្កេត​ឱ្យ​បាន​ជាក់​លាក់ មុននឹងសម្រេចចិត្ដលើការផ្ដន្ទាទោសលើលោក ថេង សាវឿន និងសហការី២នាក់ទៀត ដើម្បីជៀសវាងការចោទប្រកាន់ខុសលើមនុស្សដែលគ្មានកំហុសអ្វីទាល់តែសោះ។

លោកថា៖ «ការចោទថាគាត់ពាក់ព័ន្ធនឹង​បដិវត្ដន៍កសិករ​អី ខ្ញុំគិតថា អានេះវាជារឿងមួយដែលធ្ងន់ធ្ងរ​ណាស់​សម្រាប់ការ​ចោទ​ប្រកាន់​ហ្នឹង។ យើងដឹងហើយថាដើម្បីចាប់ខ្លួនជនណាមួយបាន វាទាល់តែមានពាក់ព័ន្ធនឹងប្រព្រឹត្ដបទល្មើស។ វាមានតែបទល្មើសជាក់ស្ដែង និងបទល្មើសចាប់ទៅតាមដីកាតុលាការ»

ជុំវិញករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បានប្រាប់Newsroom Cambodiaខ្លីថា មន្រ្តីជំនាញបានស៊ើបអង្កេតច្បាស់លាស់លើសុំណុំរឿងលោក ថេង សាវឿន និងសហការី២រូបទៀតរួចហើយ ទើបមានការសម្រេចឃុំខ្លួនបែបនេះ។ លោកថា ករណីនេះអាចនឹងមានការសម្របសម្រួល បើជនដែលត្រូវចោទព្រមទទួលស្គាល់កំហុសរបស់ខ្លួន។

លោកថា៖ «ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ចៅក្រមតាមជាក់ស្តែង បើមនុស្សយល់ពីកំហុស តុលាការក៏អាចពិចារណាតាមផ្លូវច្បាប់ដែរ»។

ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មិន​អាច​សុំ​ការ​អត្ថាធិប្បាយបានទេ ជុំវិញ​ករណី​នេះ ដោយទូរសព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

​កាល​ពី​​​ខែ​មករា ឆ្នាំ​២០១៤ លោក ថេង សាវឿន ត្រូវ​បាន​ជាប់​ពន្ធនាគារ​​ម្តង​រួច​មក​ហើយ ក្នុងពេល​លោក​ឃ្លាំ​មើល​ការ​តវ៉ា​ដំឡើង​​ប្រាក់​ឈ្នួល​របស់​កម្មករក្នុង​រាជធានី​ភ្នំពេញ។ លោកត្រូវបានអាជ្ញាធរបញ្ជូនខ្លួនដាក់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ អស់រយៈពេលជិត៥ខែ។​

​លុះក្រោយចេញពីពន្ធនាគារ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៤ លោក ថេង សាវឿន បានក្លាយជាប្រធាន សមាគមសម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ដែលបានធ្វើសកម្មភាពការពារសិទ្ធិកសិករ និងបណ្តុះបណ្តាលជំនាញធ្វើកសិកម្មដល់​ប្រជា​ពលរដ្ឋ ជាង១០ឆ្នាំមកហើយ រហូតដល់រូបលោកបានជាប់ពន្ធនាគារលើកទី២ ក្នុងឆ្នាំ​​​២០២៣នេះ៕