ព្រះសង្ឃគង់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ក្នុងខេត្តឧត្តរមានជ័យ បានរៀបចំពិធីបុណ្យខួបលើកទី២៣ នៃការបង្កើតព្រៃសហគមន៍សង្ឃរុក្ខាវ័ន ក្នុងគោលបំណងបណ្តុះទឹកចិត្តស្រឡាញ់ធនធានធម្មជាតិដល់ពលរដ្ឋ និងជំរុញឱ្យមានការទប់ស្កាត់បទល្មើសចាប់សត្វព្រៃដែលកំពុងកើតមានក្នុងព្រៃសហគមន៍មួយនេះ។
ព្រះតេជព្រះគុណ ថូ ធូរស់ ប្រធានសហគមន៍ព្រៃសង្ឃរុក្ខាវ័ន មានថេរដីកាថា ការបង្កើតពិធីបុណ្យនេះ ដើម្បីចែករំលែកចំណេះដឹងពីការការពារព្រៃឈើជាមួយប្រជាសហគមន៍ អាជ្ញាធរ យុវជន និងសកម្មជនការពារព្រៃឈើ ជាដើម។ មួយវិញទៀត ព្រះអង្គថា ពិធីនេះជាផ្នែកមួយបង្ហាញពីគុណតម្លៃ នៃព្រៃឈើដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យមានស្មារតីស្រឡាញ់ធនធានធម្មជាតិដែលមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
ព្រះអង្គមានថេរដីកាថា៖ «[គោលបំណង]ទី៣ដើម្បីទាញចំណាប់អារម្មណ៍សាធារណជនឱ្យមានការចូលរួមការពារព្រៃឈើ សត្វព្រៃ ដើម្បីបង្កើតគម្របផ្ទៃដីព្រៃឈើ»។
បើតាម ព្រះតេជព្រះគុណ ថូ ធូរស់ ពិធីបុណ្យលើកទី២៣ នេះបានប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានការរៀបចំជាពិធីបែបព្រះពុទ្ធសាសនា ការបង្ហាញរូបភាពពីសកម្មភាពការពារព្រៃឈើ និងការចែករំលែកពីសារៈសំខាន់នៃធនធានធម្មជាតិដល់យុវជនជំនាន់ក្រោយ។ ព្រះអង្គបន្តថា ក្នុងថ្ងៃបិទបញ្ចប់នៃពិធីបុណ្យនេះ ក៏មានការចូលរួមដាំដើមឈើចំនួន១ ០០០ដើម ដែលរួមសហការជាមួយ សមាគមបណ្តាញយុវជនកម្ពុជា (CYN) ផងដែរ។
យ៉ាងណាក្តី ព្រះតេជព្រះគុណ ថូ ធូរស់ មានថេរដីកាថា ព្រះអង្គកំពុងព្រួយបារម្ភពីបទល្មើសដាក់អន្ទាក់ចាប់សត្វព្រៃក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ដែលកំពុងតែកើតមានជាបន្តបន្ទាប់។ ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថា ក្នុងព្រៃអភិរក្សមួយនេះ គឺមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ដូចជា សត្វខ្ទីង ទន្សោង ប្រើស ខ្លារខិន ខ្លាឃ្មុំតូច ស្វា និងទោច ជាដើម។ ប៉ុន្តែព្រះអង្គមានសង្ឃដីកាថា ក្នុងរយៈពេលប្រមាណជាង ១ឆ្នាំចុងក្រោយនេះ មានបទល្មើសបរបាញ់ និងដាក់អន្ទាក់ចាប់សត្វខុសច្បាប់ដែលធ្វើឱ្យសត្វព្រៃដែលជាប្រភេទសត្វកម្របានងាប់ជាហូរហែ។
ព្រះអង្គមានថេរដីកាថា៖ «ក្នុងឆ្នាំ២០២២ យើងឃើញមានវត្តមាន សត្វទន្សោងបាធំៗ ហើយមានបណ្តើរកូន ប៉ុន្តែសត្វហ្នឹង វាមានស្នាមរបួស មានពិការជើង មានស្នាមរបួសជើងខាងមុខ ខាងក្រោយ យើងឃើញមានច្រើន ប៉ុន្តែអានោះនៅដើមឆ្នាំ២០២២។ ដល់ចុងឆ្នាំ២០២២ យើងដាក់កាមេរ៉ា តាមដានពពួកប្រភេទសត្វទាំងអស់នោះទៀត បាត់វត្តមានពពួកសត្វដែលវារបួសនោះ»។
ជាមួយគ្នានេះ មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN )លោក អូត ឡាទីន ថ្លែងថា សមាគមបណ្ដាញយុវជនកម្ពុជា បានដឹកនាំក្រុមយុវជនចំនួន ៣០នាក់ចូលរួមពិធីបុណ្យនេះ និងបានត្រៀមកូនឈើចំនួន ១៊០០០ដើម ប្រគេនព្រះសង្ឃដើម្បីដាំក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ននេះផងដែរ។ លោកសង្កេតឃើញថា ព្រះសង្ឃគង់នៅព្រៃសហគមន៍សង្ឃរុក្ខាវ័ន បានលះបង់ពេលវេលាផ្ទាល់ខ្លួន និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងកិច្ចការការពារព្រៃមួយនេះយ៉ាងសកម្ម។
លោកបន្តថា៖ «ខ្ញុំធា្លប់ធ្វើការងារជាមួយព្រះសង្ឃ គឺឆន្ទៈមុតមាំ ហើយលះបង់ធំធេងមែនទែន ការពារព្រៃយ៉ាងសកម្មទាំងយប់ទាំងថ្ងៃមានព្រះសង្ឃ និងគណៈកម្មការមួយចំនួនអត់សូវបានទៅផ្ទះទេ»។
យ៉ាងណាក្តី លោក អូត ឡាទីន បន្ថែមថា អាជ្ញាធរមូលដ្ឋាននៅតំបន់នោះ ហាក់មិនមានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសដែលកំពុងកើតមាននៅក្នុងព្រៃអភិរក្សនោះទេ។ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនសកម្មភាពរបស់ខ្លួន ការពារបទល្មើសដែលកំពុងកើតមាន ក្នុងនាមជាមន្រ្តីសាធារណៈដែលស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋតាមរយៈការបង់ពន្ធ ដើម្បីបង្ហាញភាពជាគំរូដល់យុវជនជំនាន់ក្រោយ។
លោកថា៖ «បើជ្រុលធ្វើការងារទៅលើកិច្ចការងារការពាព្រៃឈើហើយ ឱ្យប្រើប្រាស់ឆន្ទៈ ហើយ និងវិជ្ជាជីវៈក្នុងនាម មន្រ្តីអនុវត្តច្បាប់ គឺបំពេញការងារឱ្យម៉ត់ចត់ឱ្យបានតឹងតែង ហើយធ្វើឱ្យមានគុណភាព ដើម្បីផ្តល់ជាគំរូភាពទៅដល់ប្រជាពលរដ្ឋ ជាគំរូភាពដល់ក្រុមយុវជន និងប្រទេសផ្សេងៗទៀត»។
ជុំវិញករណីនេះ ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ លោក ភួង លីណា បានសាទរចំពោះការរៀបចំពិធីបុណ្យក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ននេះឡើង ដោយលោកថា ជាផ្នែកមួយស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិ។ លោកទទួលស្គាល់ថា បទល្មើសដាក់អន្ទាក់យកសត្វក្នុងតំបន់អភិរក្សមួយនេះ នៅតែបន្តកើតមានពិតមែន ដោយសារមានពលរដ្ឋខ្លះនៅតំបន់នោះមិនទាន់បានយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ និងអំពើល្មើសច្បាប់ក្នុងការជួញដូរសត្វព្រៃនៅឡើយទេ។
លោកបន្តទៀតថា ក្នុងនាមមន្ទីរបរិស្ថានខេត្ត គឺបានដាក់ចេញយន្តការជាបន្តបន្ទាប់ដើម្បីអភិរក្សព្រៃឈើ និងសត្វព្រៃ ដូចជា ការបណ្តុះកូនឈើ ការអប់រំពលរដ្ឋពីកិច្ចការពារធនធានធម្មជាតិ និងមានមន្រ្តីចុះល្បាតព្រៃជាប្រចាំ ជាដើម។
លោកថា៖ «យើងមានផែនការ និងអនុវត្តនូវសកម្មភាព ជាច្រើន នៅទីនោះសម្រាប់ការទប់ស្កាត់ផងដែរ។ ក្រៅពីការពង្រឹងលើការអនុវត្តច្បាប់ គឺយើងមានការងារអប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់សហគមន៍»។
ព្រៃសង្ឃរុក្ខាវ័ន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០០ ដោយព្រះសង្ឃព្រះនាម ប៊ុន សាលួត ជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ និងទទួលបានសេចក្តីប្រកាសចេញពីក្រសួងកសិកម្ម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលមានផ្ទៃដីចំនួន ១៨ ២៦១ ហិកតា។
លុះមកដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផ្ទៃដី ព្រៃសហគមន៍សង្ឃរុក្ខាវ័ន មានទំហំជាង ៣ម៉ឺនហិកតា (៣០ ២៥៤ហិកតា) ត្រូវបានសម្រេចរក្សាទុកជាដែនជម្រកសត្វព្រៃ ឬជាតំបន់ព្រៃការពារ ដែលមានឈ្មោះថា «សង្ឃរុក្ខាវ័នដែនជម្រកសត្វព្រៃ»។ ព្រៃសហគមន៍មួយនេះ គ្របដណ្តប់លើស្រុកចំនួន៣ គឺស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ក្នុងខេត្តឧត្ដរមានជ័យ៕