ព្រះសង្ឃគង់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ក្នុងខេត្តឧត្តរមានជ័យ បានរៀបចំពិធីបុណ្យខួប​លើក​ទី​២៣ នៃ​ការបង្កើ​ត​ព្រៃសហគមន៍សង្ឃរុក្ខាវ័ន ក្នុងគោលបំណងបណ្តុះទឹកចិត្តស្រឡាញ់​ធនធានធ​ម្មជាតិដ​ល់​ពលរដ្ឋ និងជំរុញឱ្យមានការទប់ស្កាត់បទល្មើសចាប់សត្វព្រៃដែល​កំពុងកើតមានក្នុងព្រៃសហគមន៍មួយនេះ។

ព្រះតេជព្រះគុណ ថូ ធូរស់ ​ប្រធាន​សហគមន៍​ព្រៃសង្ឃ​រុក្ខាវ័ន មានថេរដីកាថា ការបង្កើតពិធីបុណ្យនេះ ដើម្បីចែក​រំលែក​ចំណេះ​ដឹង​ពី​ការការ​ពារព្រៃឈើជាមួយប្រជាសហគមន៍ អាជ្ញាធរ យុវជន និងសកម្មជនការពារព្រៃឈើ ជាដើម។ មួយវិញទៀត ព្រះអង្គថា ពិធីនេះជាផ្នែកមួយ​បង្ហាញ​ពី​គុណ​តម្លៃ នៃព្រៃឈើដល់​ប្រជា​ពលរដ្ឋ ជាពិសេស​យុវជន​ជំនាន់ក្រោយ ឱ្យមានស្មារតីស្រឡាញ់ធនធានធម្មជាតិដែលមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

ព្រះអង្គមានថេរដីកាថា៖ «[គោលបំណង]ទី៣ដើម្បីទាញចំណាប់អារម្មណ៍សាធារណជនឱ្យមានការចូលរួមការពារព្រៃ​ឈើ សត្វព្រៃ ដើម្បីបង្កើតគម្របផ្ទៃដីព្រៃឈើ»

បើតាម ព្រះតេជព្រះគុណ ថូ ធូរស់ ពិធីបុណ្យលើកទី២៣ នេះបានប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយមានការរៀបចំ​ជាពិធីបែបព្រះពុទ្ធសាសនា ការបង្ហាញរូបភាពពីសកម្មភាពការពារព្រៃឈើ និងការចែករំលែកពីសារៈសំខាន់នៃធនធានធម្មជាតិដល់យុវជនជំនាន់ក្រោយ។ ព្រះអង្គបន្តថា ក្នុងថ្ងៃបិទបញ្ចប់នៃពិធីបុណ្យនេះ ក៏មានការចូលរួមដាំដើមឈើចំនួន១ ០០០ដើម ដែលរួមសហការជាមួយ សមាគមបណ្តាញយុវជនកម្ពុជា (CYN) ផងដែរ។

យ៉ាងណាក្តី ព្រះតេជព្រះគុណ ថូ ធូរស់ មានថេរដីកាថា ព្រះអង្គកំពុងព្រួយបារម្ភពីបទល្មើសដាក់អន្ទាក់ចាប់សត្វព្រៃក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ដែលកំពុងតែកើតមានជាបន្តបន្ទាប់។ ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថា ក្នុងព្រៃអភិរក្សមួយនេះ គឺមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ដូចជា សត្វខ្ទីង ទន្សោង ប្រើស ខ្លារខិន ខ្លាឃ្មុំតូច ស្វា និងទោច ជាដើម។ ប៉ុន្តែព្រះអង្គមានសង្ឃដីកាថា​ ក្នុងរយៈពេលប្រមាណជាង ១ឆ្នាំចុងក្រោយនេះ មានបទល្មើសបរបាញ់ និងដាក់អន្ទាក់ចាប់សត្វខុសច្បាប់ដែលធ្វើឱ្យសត្វព្រៃដែលជាប្រភេទសត្វកម្របានងាប់ជាហូរហែ។

ព្រះអង្គមានថេរដីកាថា៖ «ក្នុងឆ្នាំ២០២២ យើងឃើញមានវត្តមាន សត្វទន្សោងបាធំៗ ហើយមានបណ្តើរកូន ប៉ុន្តែសត្វហ្នឹង វាមានស្នាមរបួស មានពិការជើង មានស្នាមរបួសជើងខាងមុខ ខាងក្រោយ យើងឃើញមានច្រើន ប៉ុន្តែអានោះនៅដើមឆ្នាំ២០២២។ ដល់ចុងឆ្នាំ២០២២ យើងដាក់កាមេរ៉ា តាមដានពពួកប្រភេទសត្វទាំងអស់នោះទៀត បាត់វត្តមានពពួកសត្វដែលវារបួសនោះ»

ជាមួយគ្នានេះ មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN )លោក អូត ឡាទីន ថ្លែងថា សមាគមបណ្ដាញយុវជនកម្ពុជា បានដឹកនាំក្រុមយុវជនចំនួន ៣០នាក់ចូលរួមពិធីបុណ្យនេះ និងបានត្រៀមកូនឈើចំនួន ១៊​០០០ដើម ប្រគេនព្រះសង្ឃដើម្បីដាំក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ននេះផងដែរ។ លោកសង្កេតឃើញថា ព្រះ​សង្ឃគង់នៅព្រៃសហគមន៍សង្ឃរុក្ខាវ័ន បានលះបង់ពេលវេលាផ្ទាល់ខ្លួន និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងកិច្ចការការពារព្រៃមួយនេះយ៉ាងសកម្ម។

លោកបន្តថា៖ «ខ្ញុំធា្លប់ធ្វើការងារជាមួយព្រះសង្ឃ គឺឆន្ទៈមុតមាំ ហើយលះបង់ធំធេងមែនទែន ការពារព្រៃយ៉ាងសកម្មទាំងយប់ទាំងថ្ងៃមានព្រះសង្ឃ និងគណៈកម្មការមួយចំនួនអត់សូវបានទៅផ្ទះទេ»។

យ៉ាងណាក្តី លោក អូត ឡាទីន បន្ថែមថា អាជ្ញាធរមូលដ្ឋាននៅតំបន់នោះ ហាក់មិនមានឆន្ទៈក្នុងការទប់ស្កាត់ប​ទល្មើស​ដែល​កំពុងកើតមាននៅក្នុងព្រៃអភិរក្សនោះទេ។ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនសកម្មភាពរបស់ខ្លួន ការពារបទល្មើសដែលកំពុងកើតមាន ក្នុងនាមជាមន្រ្តីសាធារណៈដែលស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋតាមរយៈការបង់ពន្ធ ដើម្បីបង្ហាញភាពជាគំរូដល់យុវជនជំនាន់ក្រោយ។

លោកថា៖ «បើជ្រុលធ្វើការងារទៅលើកិច្ចការងារការពាព្រៃឈើហើយ ឱ្យប្រើប្រាស់ឆន្ទៈ ហើយ និងវិជ្ជាជីវៈក្នុងនាម មន្រ្តីអនុវត្តច្បាប់ គឺបំពេញការងារឱ្យម៉ត់ចត់ឱ្យបានតឹងតែង ហើយធ្វើឱ្យមានគុណភាព ដើម្បីផ្តល់ជាគំរូភាពទៅដល់ប្រជាពលរដ្ឋ ជាគំរូភាពដល់ក្រុមយុវជន និងប្រទេសផ្សេងៗទៀត»។

ជុំវិញករណីនេះ ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ​លោក ភួង លីណា បានសាទរ​ចំពោះការរៀបចំពិធីបុណ្យក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ននេះឡើង ដោយលោកថា ជាផ្នែកមួយស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិ។ លោកទទួលស្គាល់ថា បទល្មើសដាក់អន្ទាក់យកសត្វក្នុងតំបន់អភិរក្សមួយនេះ នៅតែបន្តកើតមានពិតមែន ដោយសារមានពលរដ្ឋខ្លះនៅតំបន់នោះមិនទាន់បានយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ និងអំពើល្មើសច្បាប់ក្នុងការជួញដូរសត្វព្រៃនៅឡើយទេ។

លោកបន្តទៀតថា ក្នុងនាមមន្ទីរបរិស្ថានខេត្ត គឺបានដាក់ចេញយន្តការជាបន្តបន្ទាប់ដើម្បីអភិរក្សព្រៃឈើ និងសត្វព្រៃ ដូចជា ការបណ្តុះកូនឈើ ការអប់រំពលរដ្ឋពីកិច្ចការពារធនធានធម្មជាតិ និង​មានមន្រ្តីចុះល្បាតព្រៃជាប្រចាំ ជាដើម។

លោកថា៖ «យើងមានផែនការ និងអនុវត្តនូវសកម្មភាព ជាច្រើន នៅទីនោះសម្រាប់ការទប់ស្កាត់ផងដែរ។ ក្រៅពីការពង្រឹងលើការអនុវត្តច្បាប់ គឺ​យើងមានការងារអប់រំផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់សហគមន៍»។

ព្រៃសង្ឃរុក្ខាវ័ន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០០ ដោយព្រះសង្ឃព្រះនាម ប៊ុន សាលួត ជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ និងទទួលបានសេចក្តីប្រកាសចេញពីក្រសួងកសិកម្ម កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ដែលមានផ្ទៃដីចំនួន ១៨ ២៦១ ហិកតា។

លុះមកដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផ្ទៃដី ព្រៃសហគមន៍សង្ឃរុក្ខាវ័ន មានទំហំជាង ៣ម៉ឺនហិកតា (៣០ ២៥៤ហិកតា) ត្រូវបានសម្រេចរក្សាទុកជាដែនជម្រកសត្វព្រៃ ឬជាតំបន់ព្រៃការពារ ដែលមានឈ្មោះថា «សង្ឃរុក្ខាវ័នដែនជម្រកសត្វព្រៃ»។ ព្រៃសហគមន៍មួយនេះ គ្របដណ្តប់លើស្រុកចំនួន៣ គឺស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ក្នុងខេត្តឧត្ដរមានជ័យ៕