គណបក្សនយោបាយទាំង១៨ ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ត្រូវបានកំណត់លេខរៀងដោយមានការចាប់ឆ្នោតពីសម្តេចសង្ឃនៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពីលទ្ធផលនៃការចាប់ឆ្នោតដើម្បីកំណត់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងបួរ គ្រី បាននិមន្តយាងព្រះរាជប្រទានចាប់ឆ្នោតនៅចំពោះមុខអ្នកពាក់ព័ន្ធទាំងអស់រួមមាន ប្រធាន អនុប្រធាន សមាជិក គ.ជ.ប តំណាងគណបក្សនយោបាយទាំង១៨ និងអ្នកចូលរួមដែលមកពីស្ថាប័នផ្សេងៗជាច្រើនទៀត។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា លទ្ធផលនៃការចាប់ឆ្នោត ដែលបានធ្វើឡើងនៅទីស្តីការ គ.ជ.ប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នោះ គណបក្សនយោបាយដែលទទួលបានលេខរៀងទីមួយគឺគណបក្សសម្បុកឃ្មុំសង្គមប្រជាធិតេយ្យ។ លេខរៀងទី២បានទៅលើគណបក្សខ្មែរតែមួយ លេខរៀងទី៣ គណបក្សសញ្ជាតិកម្ពុជា លេខរៀងទី៤ គណបក្សខ្មែររួបរួមជាតិ ទី៥ គណបក្សកម្លាំងប្រជាធិបតេយ្យ ទី៦ គណបក្សកសិករ ទី៧ គណបក្សស្ត្រីដើម្បីស្ត្រី ទី៨ គណបក្សខ្មែរឈប់ក្រ ទី៩ គណបក្សហ៊្វុនស៊ិនប៉ិច ទី១០ គណបក្សធម្មាធិបតេយ្យ ទី១១ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី១២ គណបក្សបំណងពលរដ្ឋ ទី១៣ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ទី១៤ គណបក្សឯកភាពជាតិខ្មែរ ទី១៥ គណបក្សខ្មែរអភិរក្ស ទី១៦ គណបក្សយុវជនកម្ពុជា ទី១៧ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងលេខរៀងទី១៨ ចុងក្រោយគេបានទៅលើគណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្តីជូនដំណឹងមួយអំពីការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕