គណបក្ស​នយោបាយ​ទាំង​១៨ ដែល​នឹង​ចូលរួមប្រកួត​ប្រជែងការ​បោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៧ នា​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ខាងមុខ​នេះ ត្រូវ​បាន​កំណត់​លេខរៀង​​ដោយ​មាន​ការ​ចាប់​ឆ្នោត​ពី​​សម្តេច​សង្ឃនៅ​ទីស្តីការ​គណៈកម្មាធិការជាតិ​​រៀបចំការបោះឆ្នោត​ (គ.ជ.ប)​។​

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញ​​នៅ​​ថ្ងៃទី​២៩​ ខែឧសភា ឆ្នាំ​២០២៣ ស្តីអំពីលទ្ធ​ផល​នៃការចាប់​ឆ្នោតដើម្បីកំណត់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹក​ឆ្នោត ​​សម្រាប់​​ការ​បោះ​ឆ្នោត​​ជ្រើសតាំងតំណាងរាស្រ្ត បានបញ្ជាក់ថា​ សម្តេច​ព្រះអ​គ្គមហាសង្ឃរាជាធិបតី ទេព វង្ស និង​បួរ គ្រី បាន​និមន្តយាងព្រះរាជប្រទានចាប់ឆ្នោតនៅចំពោះមុខអ្នកពាក់ព័ន្ធទាំងអស់រួមមាន ប្រធាន អនុប្រធាន សមាជិក គ.ជ.ប ​តំណាងគណបក្សនយោបាយទាំង១៨​ និង​អ្នកចូលរួម​ដែល​មក​ពីស្ថា​ប័ន​ផ្សេងៗ​ជាច្រើន​ទៀត។​​

សេចក្តីប្រកាសព័ត៌មាន​ដដែល​​បន្ថែម​ថា លទ្ធផល​នៃ​ការចាប់ឆ្នោត​ ដែលបានធ្វើ​​ឡើង​​នៅទីស្តីការ គ.ជ.ប កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣​​ នោះ គណបក្សនយោបាយ​ដែល​ទទួល​បាន​លេខរៀង​ទីមួយ​គឺ​គណបក្សសម្បុកឃ្មុំសង្គមប្រជាធិតេយ្យ។​ លេខរៀងទី២បានទៅលើគណបក្សខ្មែរតែមួយ លេខរៀងទី៣ គណបក្សសញ្ជាតិកម្ពុជា លេខរៀងទី៤ គណបក្សខ្មែររួបរួមជាតិ ទី៥ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ទី៦ គណបក្សកសិករ ទី៧ គណបក្សស្ត្រីដើម្បីស្ត្រី ទី៨ គណបក្សខ្មែរឈប់ក្រ ទី៩ គណបក្សហ៊្វុនស៊ិនប៉ិច ទី១០​ គណបក្សធម្មាធិបតេយ្យ ទី១១ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី១២ គណបក្សបំណងពលរដ្ឋ ទី១៣ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ទី១៤ គណបក្សឯកភាព​ជាតិ​ខ្មែរ ទី១៥ គណបក្សខ្មែរអភិរក្ស ទី១៦ គណបក្សយុវជនកម្ពុជា ទី១៧ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​លេខរៀងទី១៨​ ចុងក្រោយគេបានទៅលើគណបក្ស​ប្រជាជន​កម្ពុជា។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្តីជូនដំណឹងមួយអំពីការពិនិត្យ​ទំហំ​សញ្ញា​សម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅ​លើ​សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣៕