គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃទី២៨ ខែឧសភា​នេះ​បញ្ជាក់ថា គ.ជ.ប បាន​ផលិត​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ ចំនួន​​ ៩.៧១០.៦៥៥ សន្លឹក​ដែល​ស្មើ​នឹង​ចំនួន​សរុប​នៃ​អ្នក​មាន​ឈ្មោះក្នុង​បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២​។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៣ ស្តីអំពី​ដំណើរការ​នៃការ​ចែក​បណ្ណព័ត៌មាន​អ្នកបោះឆ្នោត​​សម្រាប់​​បម្រើ​ឱ្យ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាលទី៧​ ឆ្នាំ២០២៣​ បញ្ជាក់ថា ក្រោយ​ការចេញ​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ជាង​៩​លាន​៧​សែនសន្លឹក​នោះរួច គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នឹង​ចាត់​តាំង​ក្រុមចែកបណ្ណនៅតាមភូមិក្នុងឃុំសង្កាត់សាមីនីមួយៗ ដោយមានរយៈពេលមួយខែ គិត​ចាប់​ពី​ថ្ងៃទី២៨ ខែ​ឧសភា ដល់ថ្ងៃ២៦ ខែ​មិថុនា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មាន​ដដែល​​បន្ថែម​ថា​ ការ​ផ្តល់បណ្ណព័ត៌មាន​អ្នកបោះឆ្នោត​នេះ មាន​គោលបំណង​ជួយ​ដល់​អ្នកបោះឆ្នោតទាំងអស់ឲ្យ​ទទួល​បានព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការបោះឆ្នោត ក៏ដូចជា​ជួយ​បង្ក​ភាពងាយស្រួលដល់ គ.ជ.ប​ ​ក្នុងការស្វែងរកឈ្មោះសាមី អ្នកបោះឆ្នោតនៅ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការបានឆាប់រហ័សផងដែរ។​ សម្រាប់អ្នកដែលមិនមានបណ្ណនេះ​ក៏អាច​ចូលរួម​បោះឆ្នោត​​បាន​ដែរ ឲ្យតែពួកគេមាន​ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែល​ជា​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕​