មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា​រយៈពេល​៣០ថ្ងៃ ​ក្នុង​ឱកាស​ទិវាកុមាអន្តរជាតិ ១មិថុនា ដើម្បី​បន្ត​និរន្តរភាព​នៃការ​ព្យាបាល​កុមារ​ដោយ​ឥត​គិត​ថ្លៃ។​

យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ថ្មីម្តង​ទៀតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាស​ទិវាកុមាអន្តរជាតិ ១មិថុនា។ យុទ្ធនាការ​នេះ​នឹង​ធ្វើ​ឡើង​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​នានា​ រួមមានទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់មូលនិធិគន្ធបុប្ផាកម្ពុជា ធនាគារដៃគូ​ និង​ក្រុមហ៊ុន​ដៃគូ​សហការ ក៏ដូចជា សារព័ត៌មានជាច្រើនផងដែរ។ ​

បើតាម​សេចក្តី​ជូន​ដំណឹង យុទ្ធនាការនេះត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ​២០២២ ដោយទទួលបានការ​គាំទ្រយ៉ាងខ្លាំង​ពី​សាធារណជន និងទទួលបានថវិការ​បរិច្ចាគជាង៣០ម៉ឺន​ដុល្លារ​អាមេរិក។​

ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «​មូលនិធិគន្ធបុប្ផាកម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា សប្បុរសជននឹងចូលរួមកាន់តែច្រើន​ថែមទៀតក្នុងស្មារតី ខ្មែរជួយខ្មែរ ដើម្បីរួមគ្នា​ផ្តល់​ភាព​ញញឹម​ដល់​កុមារ​កម្ពុជាដែលជាអនាគតដ៏ភ្លឺស្វាងរបស់​កម្ពុជា តាមរយៈ​ការរក្សា​ឱ្យ​បាននូវ​និរន្តរភាព​នៃ​កិច្ចការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥ទីតាំង នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​កាល​ពី​ឆ្នាំ​១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម៤០លានដុល្លារអាមេរិក ក្នុង​១ឆ្នាំៗដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយ​ឥតគិតថ្លៃ​ប្រកប​ដោយ​គុណភាព និងមិនមានការរើសអើង៕​