ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បន្ថែមមុខងារសំខាន់ចំនួន៣​ ដើម្បីជួយសម្រួលការចុះបញ្ជី​ពាណិជ្ជកម្ម​​របស់ធុរជន ​​ ដែលដាក់ដំណើរការចាប់ពីថ្ងៃទី៣០​ ឧសភា ២០២៣​ តទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពីមុខងារថ្មីរបស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ចេញ​ដោយ​ក្រសួង​ស្ថាប័ន​ចំនួន​១២ ​នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ និង​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក Online Business Registration Service បញ្ជាក់ថា មុខងារថ្មីចំនួន៣បានដាក់បន្ថែម ដើម្បីបន្តភាពបន្តផ្តល់ភាពងាយស្រួលដល់ធុរជន និង​បង្កើន​បទ​ពិសោធន៍​ប្រើប្រាស់​កាន់​តែ​ប្រសើរ​ជាង​មុន។ មុខងារទាំង៣នោះរួមមាន អនុញ្ញាត​ឱ្យ​សហគ្រាស​បំពេញ​នីតិវិ​ធី​ចុះបញ្ជីដែលខ្វះខាត (មិនទាន់ចុះបញ្ជីពាណិជ្ជកម្ម ឬពន្ធដារ) លើប្រព័ន្ធបាន​ ការស្នើ​សុំ​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ព័ត៌មាន និងការស្នើរសុំកែតម្រូវក្នុងដំ​ណាក់កាលបញ្ជូនត្រឡប់។

បន្ថែមលើមុខងារទាំង៣ រាល់ពាក្យស្នើសុំទាំងឡាយណា​ដែលទទួលបានការបញ្ជូនត្រឡប់ គឺដើម្បីអ្នកប្រើ​ប្រាស់អាចកែតម្រូវព័ត៌មាន ឬបកស្រាយបំភ្លឺបន្ថែម ប៉ុន្តែ​បើ​មិន​ទទួល​បាន​ការបញ្ជូន​ត្រឡប់​ក្នុងរយ:​ពេល២​១ថ្ងៃ ពាក្យស្នើ​សុំនោះត្រូវធ្វើមោឃភាព។

ក្នុង​សេចក្តីប្រកាសព័ត៌មានរួមដដែលបន្ថែម​​ថា ក្រោយដាក់ដំណើរការជាផ្លូវការការប្រើប្រាស់ថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា ​(CamDX)​​ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ប្រព័ន្ធនេះមានវិសាលភាពពី ត្រឹមការចុះបញ្ជីអាជីវកម្ម ឈានដល់ការផ្តល់អាជ្ញាបណ្ណ លិខិ​តអនុញ្ញាត និង​វិញ្ញាបនបត្រ​លើ​ការប្រកប​អាជីវកម្មនានា។

បើ​តាម​​​សេចក្តីប្រកាសព័ត៌មាន​រួម គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ មានសហគ្រាស ២៥ ៦១២ បានចុះ​បញ្ជីអាជីវកម្ម​តាម​ប្រព័ន្ធ​នេះ និងមានដើមទុនវិនិយោគប្រមាណ ៧,៥៨ប៊ី​លាន​ដុល្លារ​អាមេរិក។​ បន្ថែមលើនេះ ការផ្តល់​អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រតាមវិស័យ ដែល​អនុម័ត​លើ​ប្រព័ន្ធនេះមានចំនួន ៥៩៣ ចេញដោយ ក្រសួងនានាដូចជា ក្រសួងទេសចរណ៏​​​ ក្រសួងឧស្សាកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ក្រសួងប្រៃសណីយិ៍ និង​ទូរគមនាគមន៍​ជាដើម៕