ក្នុង​រយៈពេ​ល១សប្តាហ៍​​ សត្វសុនខជាង៣ម៉ឺន​៦ពាន់​ក្បាល​នៅរា​ជ​ធានី​ភ្នំពេញ ​បាន​ទទួល​វ៉ាក់​សាំង​​ជំងឺ​ឆ្កែឆ្កួត​ដោយ​ឥតគិតថ្លៃ​។​

បើតាមទំព័រហ្វេសប៊ុក Mission Rabies Cambodia​ដែលបានចុះផ្សាយនៅថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា ការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតដល់សត្វសុនខ​​​ជា​​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ​​នេះ  ធ្វើឡើង​ដោយ​មាន​ការ​សហការ​ជាមួយ​មន្ត្រី​រាជ​រដ្ឋា​ភិបាល​ និងអង្គការអន្តរជាតិ​ចំនួន៧ដូចជា អង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia ជាដើម។ យុទ្ធនាការ​នៃ​​ការ​ចាក់វ៉ាក់សាំងនេះ​ ធ្វើ​ឡើង​ក្នុង​រយៈពេល​១០​ថ្ងៃ ពី​ថ្ងៃ​ទី២២ ឧសភា ដល់​ថ្ងៃទី​២មិថុនា ​ក្នុងគោល​បំណង​ដើម្បី​ធ្វើការ​រួមគ្នា​ឆ្ពោះ​ទៅ​រក​គោលដៅ​រួម​ដ៏​ធំមួយ គឺ​លុបបំបាត់​ការបាត់បង់​ជីវិត​របស់​មនុស្ស ដោយសារ​ជំងឺ​ឆ្កែឆ្កួត​នៅ​ប្រទេស​កម្ពុជា។

​ក្នុង​យុទ្ធនាការ​នេះ ក៏​មាន​ការ​ចុះអប់រំណែនាំ ផ្សព្វផ្សាយដល់សាធារណ​ជន​ទាំងអស់ ​ឱ្យ​​បង្កើន​​ការយល់ដឹង និង​ផ្លាស់ប្តូរឥរិយាបទប្រកប​ដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ជាក់ស្តែង និងតម្រូវការពិតប្រាកដក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា។

ក្នុង​ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ថែម​ថា ជំងឺឆ្កែឆ្កួត គឺជាជំងឺដ៏កាចសាហាវមួយ ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់​សត្វ និង​ប្រជាជន​យ៉ាងខ្លាំង ខណៈ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​គេ​ប៉ាន់ស្មាន​ថា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ខ្ពស់​ជាង​ប្រទេស​ផ្សេងៗទៀតនៅលើពិភពលោក។ ជាង​៩៩​​ភាគរយ​នៃការស្លាប់​ដោយជំងឺឆ្កែឆ្កួត គឺបណ្តាល មកពីសត្វឆ្កែ ដែល​មាន​ជំងឺឆ្កែឆ្កួត​ខាំ៕