ព្រះសង្ឃនិងក្រុមយុវជនតាមបណ្តាសាកលវិទ្យាល័យនានាបានចូលរួមយុទ្ធនាការដាំដើមឈើនៅព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ ដើម្បីជាការរួមចំណែកការពារធនធានធម្មជាតិ។
ព្រះតេជព្រះគុណ ងន វ៉ាឃីម ជានិស្សិតឆ្នាំទី៣នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មានថេរដីកាថាកាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅព្រះអង្គនិងក្រុមយុវជនជាច្រើនបានចូលរួមចំណែកការពារធនធានធម្មជាតិតាមរយៈការចូលរួមយុទ្ធនាការដាំដើមឈើនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ។ ព្រះអង្គបន្តថានេះជាលើកទីមួយសម្រាប់ការចួលរួមដាំកូនឈើ។ ព្រះអង្គពិតជាមានមោទកភាពដែលបានរួមចំណែកជួយបង្កើតឱ្យមានបរិស្ថានថ្មីគឺការដាំកូនឈើបន្ថែមដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
ព្រះអង្គមានថេរដីកាថា៖ «អាត្មាភាពមានអារម្មណ៍សប្បាយចិត្តដែលបានចូលរូមចំណែកដាំកូនឈើនៅទីនេះ (ព្រៃសង្ឃរុក្ខវ័ន)។ ណាមួយយើងអាចជួយសង្គ្រោះធនធានធម្មជាតិដែលបានបាត់បង់ទៅ ដោយងាកមកដាំឡើងវិញដើម្បីឱ្យមានធនធានធម្មជាតិឡើងវិញនៅកម្ពុជា»។
ព្រះសង្ឃគង់នៅវត្តបទុមវតីក្នុងរាជធានីភ្នំពេញអង្គនេះលើកឡើងបន្ថែមថាក្នុងនាមព្រះអង្គជាពលរដ្ឋរស់នៅក្នុងប្រទេសនេះចាំបាច់ណាស់ត្រូវតែតបស្នងសងគុណនូវប្រទេសជាតិរបស់ខ្លួនវិញតាមរយៈការចូលរួមចំណែកដាំដើមឈើបន្តិចបន្តួចតាមដែលអាចធ្វើទៅបាន។
ព្រះតេជព្រះគុណ ងន វ៉ាឃីម មានថេរដីកាថា៖ «អាត្មាក៏ជាប្រជាជនរស់នៅក្នុងទឹកដីហ្នឹងទឹកដីខ្មែរ។ អ៊ីចឹងអាត្មាក៏រួមចំណែកជួយទៅដល់ប្រទេសវិញដោយចូលរួមដាំកូនឈើហ្នឹង មានន័យថាយើងអត់បានរួមចំណែកអ្វីធំដុំទេ យើងគ្រាន់តែបានជួយដាំដើមឈើបន្តិចបន្តួចដើម្បីតបស្នងនូវអ្វីដែលធម្មជាតិបានផ្តល់ឱ្យយើង»។
មិនខុសគ្នានេះដែរ និស្សិតឆ្នាំទី៤នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក សុខ ណារាជ បានប្រាប់ Newsroom Cambodia ថាការចូលរួមចំណែកដាំកូនឈើឡើងវិញនៅថ្ងៃទី២៧ ខែឧសភាជាកាតព្វកិច្ចនិងជាតួនាទីរបស់យុវជននិងពលរដ្ឋទាំងអស់គ្នា ព្រោះពលរដ្ឋទាំងអស់គ្នារស់នៅពឹងអាស្រ័យការដកដង្ហើមពីធម្មជាតិដូច្នេះត្រូវតែឆ្លៀតឱកាសមកចួលរួមដាំដើមឈើដើម្បីជាប្រយោជន៍ដល់សង្គមជាតិវិញ។
លោកថា៖ «យុវជននិងពលរដ្ឋទូទាំងពិភពលោកត្រូវតែចូលរួមចំណែកការពារ ថែរក្សា និងបង្កើតនូវគម្របព្រៃឈើឡើងវិញ ដោយហេតុថាឧស្សាហកម្ម និងការកាប់បំផ្លាញព្រៃឈើ និងបំពុលបរិយាកាសមានច្រើន។ ដូច្នេះយើងត្រូវចួលរួមដាំកូនឈើដើម្បីកាត់បន្ថយកម្តៅក៏ដូចជាជួយបង្កើននូវគម្របព្រៃឈើផងដែរ»។
ជាអ្នកខេត្តស្វាយរៀង យុវជនមានវ័យ ២១ ឆ្នាំរូបនេះបានរៀបរាប់ថាធនធានធម្មជាតិមានសារៈសំខាន់សំរាប់ជីវិតរបស់មនុស្សសត្វទាំងអស់នៅលើពិភពលោកទាំងមូលពីព្រោះធនធានធម្មជាតិបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់មនុស្សសត្វដូចជាជំរក ចំណីអាហារ និងខ្យល់អុកស៊ីសែនជាដើម។ ជាពិសេសធនធានធម្មជាតិអាចស្រូបយកទឹកភ្លៀង ការពារខ្យល់ព្យុះ ផ្តល់ជាខ្យល់ដងើ្ហម និងការពារមិនឱ្យកើតមានភាពរាំងស្ងួតនៅលើភពផែនដីនេះផងដែរ។
លោក សុខ ណារាជ និយាយថា៖ «ធនធានធម្មជាតិមានសារៈសំខាន់សម្រាប់ប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនជុំវិញពិភពលោកដែលជួយយើងតាមរយៈការដកដង្ហើម និងការស្រូបឧស្ម័នកខ្វក់ដែលធ្វើឱ្យប៉ះពាល់ និងបំពុលទៅលើបរិយាកាសផងដែរ»។
លោកបន្ថែមថា៖«ការចូលរួមការពារធនធានធម្មជាតិជាតួនាទីរបស់យើង។ ព្រោះព្រៃឈើបើអត់មនុស្ស ព្រៃឈើអាចរស់នៅបាន ប៉ុន្តែបើមនុស្សអត់មានព្រៃឈើ មិនអាចរស់នៅបានទេ»។
យ៉ាងណាមិញ ព្រះតេជព្រះគុណ ថូ ធូរស់ ប្រធានសហគមន៍ព្រៃសង្ឃរុក្ខាវ័ន មានថេរដីកាថាព្រះអង្គពិតជាសប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញមានក្រុមយុវជន ព្រះសង្ឃ និងបរិស័ទជាច្រើនបានមកចួលរួមខួបលើកទី២៣នៃទិវាដាំកូនឈើនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នជាច្រើនកុះករបែបនេះ។ ព្រះអង្គបន្តថាខួបលើកទី២៣នេះក្រុមការងារដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នគ្រោងដាំកូនឈើចំនួន១ ០០០ដើមក្នុងទំហំដីជិត ៣ហិចតា សម្រាប់ទុកជាប្រយោជន៍សង្គមជាតិ និងទុកជាសម្បត្តិធម្មជាតិ។
ព្រះអង្គមានថេរដីកាថា៖ «មានព្រះសង្ឃ និងក្រុមយុវជន និងបរិស័ទជាច្រើនដែរជិត ១ ០០០នាក់ អាចក្រោមហ្នឹងតិចតួចទេ ព្រោះគម្រោងខួបលើកទី២៣នេះយើងគ្រោងដាំកូនឈើ១០០០ដើមក្នុងទំហំដីជិត៣ហិចតា»។
ព្រះអង្គបន្ថែមថា៖ «ការចូលរួមចំណែកដាំកូនឈើរបស់យុវជននេះជាផ្នែកមួយនៃការបង្កើនធនធនព្រៃឈើ ឬក៏បង្កើនគម្របព្រៃឈើនៅលើផែនដី និងជាខែលមួយសម្រាប់ប្រឆាំងជាមួយនឹងការកើនឡើងកម្តៅនៅលើផែនដីនេះផងដែរ»។
លើសពីនេះ ព្រះតេជព្រះគុណ ថូ ធូរស់ ស្នើឱ្យមានការចួលរួមដាំកូនឈើពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច អង្គការសង្គមស៊ីវិល ពលរដ្ឋ និងក្រុមយុវជនច្រើនជាងនេះបន្ថែមទៀតដើម្បីបានរួមចំណែកការពារធនធានធម្មជាតិពីការបម្រែបម្រួលអាកាសធាតុ និងចូលរួមទប់ស្កាត់ការកើនឡើងនូវកម្តៅផែនដីដែលបច្ចុប្បន្ននេះអាកាសធាតុប្រែប្រួលមិនទៀងទាត់ដោយសារការបាត់បង់នូវធនធានធម្មជាតិជាច្រើនពីសំណាក់ជនល្មើសមួយចំនួន។
ពាក់ព័ន្ធនឹងរឿងនេះ ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យលោក ភួង លីណា បានមានប្រសាសន៍ថាការចួលរួមចំណែកដាំកូនឈើរបស់ក្រុមយុវជន និងព្រះសង្ឃនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នជាការបំផុសគំនិតដ៏ល្អទៅដល់ពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យយកគំរូតាម និងជាការរួមចំណែកស្តារនូវធនធានធម្មជាតិឡើងវិញ តាមរយៈការដាំដើមឈើនេះផងដែរ។
លោកថា៖«នេះជាការបំផុសគំនិតមួយឱ្យមានការចូលរួមនៅក្នុងការស្តារនូវព្រៃឈើរបស់យើងឡើងវិញ»។
លោកបន្ថែមថា៖«ហើយវាមិនមែនមានសារៈសំខាន់តែនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នទេយើងគួរតែមានការបំផុសគំនិតឱ្យមានការចូលរួមដាំជាសកល ដាំជាទូទៅនូវក្នុងប្រទេសរបស់យើងដើម្បីជាភាពសម្បូរបែបនៃព្រៃឈើផងដែរ»។
ចំណែកមន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN ) លោក អូត ឡាទីន លើកឡើងថាសកម្មភាពនៃការចូលរួមចំណែកដាំកូនឈើរបស់ព្រះសង្ឃ និងក្រុមយុវជនជាការបញ្ជាក់ពីការស្រលាញ់បរិស្ថាន និងចង់ចូលរួមចំណែកការពារធនធានធម្មជាតិមិនឱ្យបាត់បង់។ លោកបន្តថាសកម្មភាពទាំងអស់នេះរបស់ក្រុមយុវជន និងព្រះសង្ឃដែលចូលរួមដាំកូនឈើនៅព្រៃសង្ឃរុក្ខវ័នបានបង្ហាញនូវគំរូល្អសម្រាប់ពលរដ្ឋ និងយុវជនដទៃទៀតឱ្យចេះឈឺឆ្អាល និងតាមដានបញ្ហាព្រៃនៅកម្ពុជាបន្តទៀត។
លោកថា៖ «ការចូលរួមដាំកូនឈើរបស់យុវជន និងព្រះសង្ឃគឺជាគំរូភាពដ៏ល្អទៅដល់យុវជនដល់កុមារដល់ប្រជាពលរដ្ឋ និងសាធារណជនឱ្យចេះឈឺឆ្អាលអំពីបញ្ហាព្រៃឈើ បញ្ហាធនធានធម្មជាតិ ជាពិសេសឱ្យចេះស្រលាញ់ ហើយចូលរួមអភិរក្ស និងលើកកម្ពស់កិច្ចការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើងផងដែរ»។
ព្រៃសង្ឃរុក្ខាវ័ន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០០ ដោយព្រះសង្ឃព្រះនាម ប៊ុន សាលួត ជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ និងទទួលបានសេចក្តីប្រកាសចេញពីក្រសួងកសិកម្ម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលមានផ្ទៃដីចំនួន ១៨ ២៦១ ហិកតា។
លុះមកដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផ្ទៃដី ព្រៃសហគមន៍សង្ឃរុក្ខាវ័ន មានទំហំជាង ៣ម៉ឺនហិកតា (៣០ ២៥៤ហិកតា) ត្រូវបានសម្រេចរក្សាទុកជាដែនជម្រកសត្វព្រៃ ឬជាតំបន់ព្រៃការពារ ដែលមានឈ្មោះថា «សង្ឃរុក្ខាវ័នដែនជម្រកសត្វព្រៃ»។ ព្រៃសហគមន៍មួយនេះ គ្របដណ្តប់លើស្រុកចំនួន៣ គឺស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ក្នុងខេត្តឧត្ដរមានជ័យ៕