រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពិធី​បើក​ ​និងពិធី​បិទ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១២​ នៅ​ទី​តាំង​ចំនួន​០៣​ កន្លែង​ផ្សេង​គ្នា​ ក្នុង​រាជធានី​ភ្នំពេញ​ អំឡុង​ថ្ងៃ​ទី​០​៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​ និង​ថ្ងៃ​ទី​០​៩​ ខែ​មិថុនា​ ឆ្នាំ​២០២៣​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ ចេញ​នៅ​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ​ឆ្នាំ​២០​២៣ ​នេះ​​បញ្ជាក់​ថា​ ដើម្បី​អប​អរ​ពិធី​បើក​ ​និងពិធី​បិទ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​​​ ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​ផ្សាយ​បន្ត​ផ្ទាល់​ពិធី​ទាំងពី​រនេះ​ ចាប់​ពី​ម៉ោង​ ១៨.០០​ យប់​ រហូត​ដល់​ចប់​ពិធី​នៅ​តាម​ទីតាំង​ចំនួន​០៣ ​កន្លែង។

រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា​ ទី​តាំង​ទាំង​០៣ នោះរួមមាន​ សួ​នច្បារ​មុខ​វត្ត​បុទុម​វតី ស្ថិត​នៅ​ក្នុង​សង្កាត់ចតុមុខ ​ ខណ្ឌដូនពេញ​។ សួន​ច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី​ ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌជ្រោយចង្វារ​ និង​ទីលាន​ប្រជាធិ​បតេយ្យ ​ក្បែរ​ស្ពាន​អាកាស​ឬស្សី​កែវ ក្នុង​សង្កាត់​ឬស្សី​កែវ​ ខណ្ខឬស្សីកែវ។

កីឡា​អាស៊ាន​ប៉ារ៉ាហ្គេមគឺជា​កីឡា​ជន​ពិការដែល​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០០១ ដោយ​មានប្រទេស​ម៉ាឡេស៊ីជាម្ចាស់​ផ្ទះ។ ហើយ​នៅ​ឆ្នាំ​នេះ ជា​​​លើកទី១​ហើយ​សម្រាប់​កម្ពុជា​ ដែលបាន​​ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្ត​កាណ៍​ប្រកួតកីឡា​​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ដែល​នឹង​ចាប់​ផ្តើម​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៣​ ខែ​មិថុនា​ ដល់​​ថ្ងៃ​ទី​០​៩​ ខែ​មិថុនា​ ឆ្នាំ​២០២៣​៕