អគ្គនាយកដ្ឋានពន្ធដារនឹងចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅនេះបានឱ្យដឹងថាចំពោះ យានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាស់បង់ពន្ធចំនួន០២សន្លឹក ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។
ចំណែកយានយន្តដែលធ្លាប់ចុះបញ្ជីបង់ពន្ធកន្លងមក ម្ចាស់យានយន្តគ្រាន់តែបង្ហាញ ឬភ្ជាប់មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណ យានយន្តដូចជា ប័ណ្ណសម្គាល់យានយន្ត បង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឬលតាបត្របង់ពន្ធឆ្នាំចាស់សម្រាប់ឱ្យមន្ត្រីពន្ធដារផ្ទៀងផ្ទាត់ទិន្នន័យជាការស្រេច។
សម្រាប់យានយន្តជាកម្មសិទ្ធិរបស់ស្ថានទូត ស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានាត្រូវស្នើសុំនូវលតាបត្របង់ពន្ធពីអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះយានយន្តរបស់ក្រសួងស្ថាប័ន ឬអង្គភាពដែលពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់ ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយឡែកយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ទេ លុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និង បទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។
សេចក្តីជូនដំណឹងខាងលើក៏បានបញ្ជាក់ដែរ ចំពោះមធ្យោបាយបង់ប្រាក់ ម្ចាស់យានយន្តអាចជ្រើសរើសបង់នៅអគ្គនាយកដ្ឋានពន្ធដារ រាជធានី-ខេត្ត ឬបង់តាមធនាគារដែលជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចជាធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា និងធនាគារផ្សេងៗទៀត។ ក្រៅពីនេះម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បង់ពន្ធកន្លងមក។
ក្នុងសេចក្តីជូនដំណឹងដដែលបន្ថែមថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពី បិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕