អគ្គនាយកដ្ឋានពន្ធដារ​​នឹង​ចាប់​ផ្តើម​ប្រមូល​ពន្ធ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន ​និង​យាន​ជំនិះ​​គ្រប់​ប្រភេទ​​សម្រាប់​​ឆ្នាំ២០២៣​​ ចាប់​​ពី​ថ្ងៃ​ទី០១​ ​ខែមិថុនា​ រហូត​ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោង​តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដែលចេញផ្សាយកាលពីថ្ងៃទី៣០​ ខែឧសភាកន្លងទៅនេះបានឱ្យដឹងថា​ចំពោះ យានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់​យានយន្ត​ត្រូវ​ដាក់​លិខិត​ប្រកាស់​បង់​ពន្ធ​ចំនួន​​០២​​សន្លឹក ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ​ ដោយ​ភ្ជាប់​ម​ក​ជាមួយនូវប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័​ណ្ណ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

ចំណែកយានយន្តដែលធ្លាប់ចុះបញ្ជីបង់ពន្ធកន្លងមក ម្ចាស់យានយន្តគ្រាន់តែបង្ហាញ ឬ​ភ្ជាប់​មក​នូវ​ឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណ យានយន្តដូចជា​​ ប័ណ្ណ​សម្គាល់​យានយន្ត​ បង្កាន់​ដៃទទួល​ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ​ ឬ​លតាបត្រ​បង់​ពន្ធ​ឆ្នាំ​ចាស់​សម្រាប់ឱ្យមន្ត្រីពន្ធដារផ្ទៀងផ្ទាត់ទិន្នន័យជាការស្រេច។

សម្រាប់​យាន​យន្ត​ជា​កម្ម​សិទ្ធិ​របស់​ស្ថានទូត​ ស្ថានកុង​ស៊ុលបរទេស អង្គការអន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេក​ទេស​របស់​រដ្ឋាភិបាល​នានា​ត្រូវ​ស្នើ​សុំ​នូវ​លតាបត្របង់ពន្ធពីអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះយានយន្តរបស់ក្រសួង​​ស្ថាប័ន ឬអង្គភាព​ដែលពន្ធជាបន្ទុករបស់រដ្ឋ​ ឬបង់តាមអាណត្តិបើកប្រាក់​ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ជី​សារពើភណ្ឌយានយន្ត​ទ្រព្យសម្បត្តិរដ្ឋ​ ដែលបានចុះបញ្ជីនៅ​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារ​ពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​ដោយឡែកយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ពុំ​អនុញ្ញាត​ឱ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២៣​ទេ លុះត្រាតែបំ​ពេញ​កាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និង បទប្បញ្ញត្តិស្តីពីគយ និង​ចុះបញ្ជី​យានយន្ត​នៅ​ក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។

សេចក្តីជូនដំណឹងខាងលើក៏បានបញ្ជាក់ដែរ​​​​ ចំពោះមធ្យោបាយបង់ប្រាក់​​ ម្ចាស់​យានយន្ត​អាច​ជ្រើសរើស​បង់​នៅ​​អគ្គនាយកដ្ឋានពន្ធដារ​ រាជធានី-ខេត្ត ឬ​បង់​តាម​ធនាគារដែ​ល​ជា​ដៃគូ​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចជា​ធនាគារកាណាឌីយ៉ា​​ ធនាគារអេស៊ីលីដា​ និង​ធនាគារ​ផ្សេងៗ​ទៀត។​​ ក្រៅពីនេះម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី​​ «​GDT Taxpayer App»​ ដែលអាចទាញចេញពី​​ App Store ចំពោះ​ ​IOS ឬ​ Play Store ចំពោះ Android​ សម្រាប់​យានយន្ត​​ដែល​ធ្លាប់បង់ពន្ធកន្លងមក។

ក្នុងសេចក្តីជូនដំណឹងដដែលបន្ថែមថា​ ក្នុង​ករណី​ខកខាន​មិន​បាន​បង់​ពន្ធ​ទាន់​ពេល​វេលា​កំណត់​ខាង​លើ ម្ចាស់​យានយន្ត​នឹង​ត្រូវ​ទទួល​រង​នូវ​ពិន័យ តាម​ច្បាប់​ស្តីពី​សារពើ​ពន្ធ​ជា​ធរមាន។​ អគ្គនាយកដ្ឋាន​ពន្ធដារនឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចុះត្រួ​ត​ពិនិត្យ​ការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពី បិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕